
មន្ត្រីគណបក្សប្រជាជនកម្ពុជា អះអាងថា ក្រុមអ្នកច្បាប់គណបក្សខ្លួននឹងពិនិត្យលើសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់កែប្រែច្បាប់ស្ដីពីគណបក្សនយោបាយនៅដើមសប្ដាហ៍ក្រោយនេះ។ សម្រាប់អ្នកវិភាគនយោបាយវិញយល់ថា ដើម្បីបម្រើផលប្រយោជន៍ទៅដល់ប្រទេសជាតិឲ្យបានពិតប្រាកដមែន គឺមានច្បាប់ជាច្រើនដែលត្រូវកែប្រែ តែមិនមែនជាច្បាប់ស្ដីពីគណបក្សនយោបាយនេះឡើយ។
បើទោះជាធ្លាប់រងការរិះគន់ខ្លាំងៗពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិម្ដងរួចទៅហើយជុំវិញការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយទាំងតក់ក្រហល់ ដើម្បីអាចរំលាយគណបក្សណាមួយដែលមានប្រធានបក្សជាអ្នកទោសនោះ ក៏ប៉ុន្តែមកដល់ពេលនេះ ក្រុមសមាជិករដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា កំពុងត្រៀមរៀបចំធ្វើវិសោធនកម្មច្បាប់នេះបន្ថែមទៀត ដើម្បីអាចរារាំងមិនឲ្យលោក សម រង្ស៊ី ដែលកំពុងជាប់បណ្ដឹងជាច្រើននៅតុលាការ អាចចេញធ្វើសកម្មភាពស្វែងរកការគាំទ្រទៅដល់គណបក្សប្រឆាំងតទៅទៀត។
លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី២ កក្កដា នេះថា ដើម្បីបំពេញតាមនីតិវិធីច្បាប់ឲ្យគ្រប់ជ្រុងជ្រោយ គឺក្រុមអ្នកច្បាប់នឹងប្រជុំពិភាក្សាគ្នានៅសប្ដាហ៍ក្រោយនេះជាមុនសិន ដើម្បីពិនិត្យលើសំណើរបស់លោក ហ៊ុន សែន ដែលចង់ធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មុននឹងសម្រេចបញ្ជូនសំណើនោះទៅគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីអាចកំណត់ថ្ងៃបើកកិច្ចប្រជុំពេញអង្គបាន៖ «មុនកែប្រែអី គេឲ្យក្រុមអ្នកច្បាប់ពិនិត្យសម្រេចសិន»។
កាលពីថ្ងៃទី២៨ មិថុនា កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើដល់ក្រុមតំណាងរាស្ត្ររបស់លោកទាំងអស់ នាំគ្នាពិនិត្យមើលច្បាប់ស្ដីពីគណបក្សនយោបាយជាថ្មីម្ដងទៀត ដើម្បីធ្វើវិសោធនកម្មច្បាប់នេះ ដោយកំណត់កុំឲ្យទណ្ឌិតអាចលូកលាន់ក្នុងកិច្ចការគណបក្សនយោបាយតទៅទៀត។ ថ្វីត្បិតតែលោក ហ៊ុន សែន ប្រកាសមិនចំឈ្មោះជាទណ្ឌិតរូបណា ក៏ប៉ុន្តែគេគ្រប់គ្នាដឹងថា សំណើរបស់លោកនាយករដ្ឋមន្ត្រីបែបនេះ គឺសំដៅតែមួយគត់ទៅរកអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងជាប់ពាក្យបណ្ដឹងជាច្រើនស្ទើររាប់មិនអស់នៅក្នុងតុលាការខ្មែរ។
នេះជាលើកទីពីរហើយដែលក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាចចង់កែប្រែច្បាប់ស្ដីពីគណបក្សនយោបាយបន្ថែមទៀត តាមការចង់បានរបស់លោក ហ៊ុន សែន។ កាលពីថ្ងៃទី២០ កុម្ភៈ កន្លងទៅនេះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ធ្លាប់នាំគ្នាអនុម័តវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយទាំងប្រញាប់ប្រញាល់ ក្រោយពីមានសំណើភ្លាមៗពីលោក ហ៊ុន សែន។
ការចង់ធ្វើវិសោធនកម្មច្បាប់នេះក្នុងរយៈពេលដ៏ខ្លីបំផុត ត្រូវមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើននាំគ្នារិះគន់មកលើលោក ហ៊ុន សែន ថា គឺកំពុងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើរថយក្រោយ និងធ្វើឲ្យកម្ពុជា ធ្លាក់ខ្លួនជាប្រទេសផ្ដាច់ការគ្រប់គ្រងដោយគណបក្សនយោបាយតែមួយ។
ជាក់ស្ដែង នៅត្រង់មាត្រា១៨ថ្មី នៃច្បាប់គណបក្សនយោបាយនេះ ចែងថា ប្រធាន អនុប្រធានគណបក្សនយោបាយ និងសមាសភាពនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូល និងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនយោបាយ មិនត្រូវជាបុគ្គលដែលជាទណ្ឌិតពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដោយគ្មានការព្យួរទោសឡើយ។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក ចាន់ វិបុល យល់ឃើញថា ប្រសិនបើច្បាប់ស្ដីពីគណបក្សនយោបាយត្រូវបានកែប្រែបន្ថែមទៀតមែន ហើយមានបំណងបម្រើផលប្រយោជន៍ឲ្យតែបុគ្គល និងបក្សពួកណាមួយ ដូច្នោះមានន័យថា អ្នកទាំងនោះមិនមានចរិតខ្វល់ខ្វាយអំពីជាតិ និងសង្គមឡើយ ស្របពេលលោកថាការធ្វើវិសោធនកម្មច្បាប់នេះកន្លងទៅ ភាគច្រើនគឺមានបំណងបំបែកបំបាក់គណបក្សមួយផ្សេងទៀតប៉ុណ្ណោះ៖ «ប្រសិនបើការធ្វើវិសោធនកម្មច្បាប់ថ្មីនេះ បម្រើផលប្រយោជន៍ពិតប្រាកដទៅដល់ប្រទេសជាតិ។ ខ្ញុំគិតថា មិនមានអ្វីជាបញ្ហាចោទទេ ព្រោះរដ្ឋសភាមានកាតព្វកិច្ចក្នុងការធានាដល់សេចក្ដីសុខសាន្ត និងការរីកចម្រើនរបស់សង្គមជាតិ»។
អ្នកតាមដាននយោបាយរូបនេះបញ្ជាក់ថា ផ្ទុយទៅវិញមានច្បាប់ជាច្រើនដែលតម្រូវឲ្យមានការពិនិត្យឡើងវិញ ដូចជាច្បាប់ស្ដីពីការបោះឆ្នោត ច្បាប់ស្ដីពីការរៀបចំថវិកាជាតិ និងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការអភិវឌ្ឍនៅតាមសហគមន៍ជនបទជាដើម គឺមានមាត្រាខ្លះនៃច្បាប់ទាំងនេះនៅមានចំណុចខ្វះខាត និងហាក់មិនបានខ្វល់ខ្វាយច្រើនអំពីផលប្រយោជន៍ជាតិនោះទេ។
រីឯអ្នកច្បាប់ គឺលោកមេធាវី ហុង គឹមសួន ធ្លាប់ពន្យល់ថា គម្រោងចង់ធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយម្ដងទៀតនេះ គឺជារឿងផ្ទុយពីរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។ លោកមេធាវីបញ្ជាក់ថា ទណ្ឌិតគ្រាន់តែជាអ្នកមានទោសដែលត្រូវគេឃុំឃាំង ឬរត់គេចពីការឃុំឃាំង តែមិនមែនមានន័យថា គាត់គ្មានសិទ្ធិបញ្ចេញយោបល់ពាក់ព័ន្ធនឹងគណបក្សណាមួយនោះទេ។
រដ្ឋធម្មនុញ្ញមាត្រា៣១ ចែងថា ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ឯមាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
ច្បាប់ស្ដីពីគណបក្សនយោបាយក៏បានចែងទៀតថា គ្រប់គណបក្សនយោបាយមានសិទ្ធិស្មើៗគ្នាក្នុងការទទួលបុព្វសិទ្ធិ និងការយកចិត្តទុកដាក់ដោយស្មើភាពគ្នាពីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕