Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តុលាការ​ខេត្ត​តាកែវ​កោះ​ហៅ​សកម្មជន​បក្ស​ប្រឆាំង​៦​នាក់​ឲ្យ​ចូល​បំភ្លឺ​ពី​បទ​បរិហារ​កេរ្តិ៍

$
0
0

អយ្យការ​អម​សាលា​ដំបូង​ខេត្ត​តាកែវ បាន​ចេញ​ដីកា​កោះ​ហៅ​សកម្មជន បេក្ខជន​ជំទប់​ឃុំ និង​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៦​នាក់ នៅ​ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្ដែត ជា​លើក​ទី​២ ដើម្បី​ឲ្យ​ចូល​ខ្លួន​សាកសួរ​ពី​បទ​បរិហារ​កេរ្តិ៍ ជេរ​ប្រមាថ​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្នាក់​ឃុំ និង​ខេត្ត ហៅ​ដីកា​កោះ​នោះ​ថា​ជា​រឿង​នយោបាយ។ ឯ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​ឃុំ ចាប់​ដៃ​គ្នា​ធ្វើ​ការ ដើម្បី​អភិវឌ្ឍ​ឃុំ​ព្រៃខ្លា ជាជាង​គុំកួន​ប្ដឹង​ផ្ដល់​គ្នា​បែប​នេះ។

សកម្មជន​ទាំង ៦​នាក់​នៅ​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា ពួក​គាត់​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​៣ កក្កដា តាម​ដីកា​កោះ​របស់​តំណាង​អយ្យការ។

បេក្ខជន​ជំទប់​ឃុំ​ទី​២ ជាប់​ឆ្នោត​ឃុំ​ព្រៃខ្លា និង​ជា​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម ៦​នាក់ ដែល​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​តាកែវ កោះ​ហៅ គឺ​លោក កែវ អ៊ាត ចាត់​ទុក​ករណី​នេះ​ជា​រឿង​នយោបាយ និង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​នោះ​ទេ៖ «ភ័យ​បារម្ភ វា​ភ័យៗ​ពេក​ហើយ ក៏ប៉ុន្ដែ​ឥឡូវ​នេះ​បើ​យើង​ភ័យ​បារម្ភ អា​ម៉េច​មួយ អា​ម៉េច​ពីរ​ទៀត ក៏​មិន​ដឹង​ធ្វើ​ម៉េច​ទេ ទៅ​តាម​ដំណើរ​ទៅ ទៅ​តាម​តែ​មេ​ទៅ (គណបក្ស​សង្គ្រោះ​ជាតិ ថ្នាក់​លើ) បើ​មេ​អាច​ជួយ​បាន​ក៏​ជួយ បើ​មិន​អាច​ជួយ​បាន​ទេ អា​ហ្នឹង​ជា​រឿង​របស់​ជាតិ ធ្វើ​ម៉េច​ទៅ​តាម​ដំណើរ បើ​ទៅ​ដល់​ណា​ក៏​ចេះ​តែ​ទៅៗ... បើ​ថា​ទៅ​ដល់​គេ​សម្រួល​ឲ្យ​យើង​ចប់​ត្រឹម​ហ្នឹង អា​ហ្នឹង​គឺ​វា​ជោគជ័យ​របស់​យើង​ត្រឡប់​មក​វិញ​មក បើ​ថា​គេ (អយ្យការ​អម​សាលា​ដំបូង​ខេត្ត​តាកែវ) មិន​ឲ្យ​ចប់​ទេ គេ​ដាក់​ទៅ​ណា​ទៀត ចេះ​តែ​ទៅ​ទៀត​ទៅ»

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៦​នាក់​នោះ​មាន ៥​នាក់​ធ្លាប់​បាន​ព្រះរាជអាជ្ញា​ចេញ​ដីកា​កោះ​ឲ្យ​ទៅ​បំភ្លឺ​ម្ដង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា តែ​ត្រូវ​បាន​លើក​ពេល ដោយសារ​អ្នក​ទាំង ៥​នាក់​សុំ​ពន្យារ​ពេល ដោយសារ​រក​មេធាវី​ការពារ​ខ្លួន​មិន​បាន។ ចំណែក​មួយ​រូប​ទៀត គឺ​ជា​មនុស្ស​ទី​៦ ដែល​តំណាង​អយ្យការ​ទើប​ចេញ​ដីកា​កោះ​ឲ្យ​ចូល​បំភ្លឺ​ជា​លើក​ទី​១ នៅ​ថ្ងៃ​ទី​៣ កក្កដា ដែរ​នោះ គឺ​អ្នកស្រី សុខ រឿន។

ករណី​ដែល​នាំ​ឲ្យ​មាន​ការ​ប្ដឹង​សកម្មជន​ទាំង ៦​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ព្រៃខ្លា គឺ​ក្រោយ​ពេល​មាន​ជម្លោះ​កើត​ឡើង​ក្នុង​អំឡុង​ពេល​ហែ​ក្បួន​ឃោសនា​បក្ស​កាល​ពី​ថ្ងៃ​ទី​២០ ឧសភា។ គណៈកម្មការ​ឃុំ​ព្រៃខ្លា​រៀបចំ​ការ​បោះឆ្នោត ធ្លាប់​ហៅ​ភាគី​ទាំង​ពីរ​ទៅ​សម្របសម្រួល​គ្នា​ម្ដង​រួច​ហើយ ប៉ុន្តែ​លទ្ធផល​នៃ​ការ​សម្របសម្រួល​ភាគី​ទាំង​ពីរ គឺ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ព្រៃខ្លា មិន​ព្រម​ទទួល​យក​ទាំង​ពីរ​ភាគី ហើយ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ដំបូង​ខែត្រ​តាកែវ តែ​ម្ដង។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​តាកែវ លោក ម៉ៅ សុផល ប្រាប់​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀម​មេធាវី​ម្នាក់​ដើម្បី​ការពារ​ក្ដី​ឲ្យ​សកម្មជន​ទាំង ៦​នាក់ ហើយ​មក​ដល់​ពេល​នេះ ខាង​លោក​នៅ​តែ​ខ្វះ​មេធាវី​សម្រាប់​ជួយ​អ្នក​ទាំង ៦​រូប។ ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ខេត្ត​តាកែវ រូប​នេះ​នៅ​តែ​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ គឺ​ជា​រឿង​នយោបាយ និង​សង្ឃឹម​ថា​តុលាការ​ទម្លាក់​បទ​ចោទ​លើ​សកម្មជន​ទាំង ៦​នាក់៖ «នៅ​ក្នុង​ការ​ចោទ​ប្រកាន់​ហ្នឹង វា​ទៅ​លើ​ការ​ញុះញង់​អី​ណា ប៉ុន្តែ​យើង​មើល​ទៅ​វា​អត់​មាន​ការ​ញុះញង់​អី​ទេ អត់​មាន​បញ្ហា​អី​នៅ​ពេល​យុទ្ធនាការ​រហូត​មក​ដល់​ម៉ោង​នេះ ដូច​អត់​មាន​អី​ទេ។ ចឹង​ខ្ញុំ​យល់​ថា​ជា​រឿង​នយោបាយ ប៉ុន្តែ​យើង​ចាំ​មើល​ស្អែក​ទៀត បើ​សភាពការណ៍​វា​យ៉ាង​ម៉េច ខ្ញុំ​នៅ​សង្ឃឹម​ថា​ពួក​គាត់​នឹង​បាន​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់»

លោក ម៉ៅ សុផល នៅ​តែ​ងឿងឆ្ងល់​ថា គ..ប បាន​បិទ​បញ្ចប់​លទ្ធផល​ជា​ផ្លូវការ​រួច​ហើយ ប៉ុន្តែ​តុលាការ​នៅ​តែ​កោះ​ហៅ​សកម្មជន​បក្ស​លោក​ទៅ​សាកសួរ​ទៀត។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ គ..ប លោក​បណ្ឌិត ហង្ស ពុទ្ធា ធ្លាប់​បញ្ជាក់​ថា ក្រោយ​ការ​បិទ​បញ្ចប់​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត គ..ប បង្វែរ​បណ្ដឹង​ទាក់ទង​រឿង​ក្ដី​ព្រហ្មទណ្ឌ​ឲ្យ​ទៅ​ម្ចាស់​បណ្ដឹង​វិញ។

មន្ត្រី​ផ្នែក​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក យឿង សុធារ៉ា មើល​ឃើញ​វីដេអូ​ឃ្លីប​ដែល​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ថា​មាន​ព្យសនកម្ម ឬ​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​ជម្លោះ​តិចតួច។ លោក​ផ្ដល់​យោបល់​ថា គួរ​តែ​សម្របសម្រួល​គ្នា ឬ​រក​យន្តការ​ផ្សះផ្សា​គ្នា ជៀសវាង​ការ​ប្ដឹង​ទៅ​តុលាការ​នាំ​ឲ្យ​មាន​រឿង​វែង​ឆ្ងាយ។ លោក យឿង សុធារ៉ា យល់​ថា ការ​ប្ដឹង​នេះ​មិន​បាន​ចំណេញ​សម្រាប់​គណបក្ស​កាន់​អំណាច​នោះ​ទេ ព្រោះ​អាច​រង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ពី​សាធារណជន​លើ​ប្រព័ន្ធ​តុលាការ៖ «កុំ​ឲ្យ​តែ​រឿង​ហ្នឹង​មាន​វា​ព្យសនកម្ម​កើត​មក​វា​មហន្តរាយ​ដល់​សង្គម ដល់​សន្តិសុខ​ជាតិ ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ធ្ងន់ធ្ងរ អា​ហ្នឹង​បង្ក​មហន្តរាយ​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​អី​ធ្ងន់ធ្ងរ អា​ហ្នឹង​វា​គួរ​ខ្លះ ដើម្បី​ចាត់​តាម​ផ្លូវ​តុលាការ។ តែ​យ៉ាង​ណា យើង​លើក​ទឹក​ចិត្ត​ឲ្យ​ភាគី​ដោះស្រាយ​គ្នា​តាម​វិធានការ​ណា​មួយ​អាច​ដោះស្រាយ​បាន បើ​សិន​ជា​រឿង​ហ្នឹង​អាច​ត្រូវ​បាន​បញ្ចប់ ហើយ​ភាគី​ណា​មួយ​អាច​ទទួល​សុំ​អភ័យ​ទោស​ជា​សាធារណៈ អាច​ជា​ជម្រើស​ល្អ​ដែរ»

សង្គម​ស៊ីវិល​យល់​ថា តំណាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​កំពុង​ប្ដឹង​គ្នា​ទៅ​តុលាការ សុទ្ធតែ​បាន​ឈ្នះ​តំណែង​ថ្នាក់​ដឹកនាំ​ឃុំ​ព្រៃខ្លា នៃ​ស្រុក​កោះអណ្ដែត ដូច្នេះ​គួរ​តែ​កុំ​បង្ហាញ​ពី​រូបភាព​ប្ដឹង​គ្នា តែ​គួរ​បង្ហាញ​ពី​ភាព​ល្អូកល្អើន​ចាប់​ដៃ​ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​ធ្វើ​ការ​រួម​គ្នា​អភិវឌ្ឍ​ឃុំ​ព្រៃខ្លា។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​តាកែវ លោក ម៉ៅ សុផល ឲ្យ​ដឹង​ថា ដើម​បណ្ដឹង​ដែល​ប្ដឹង​បេក្ខជន​ជំទប់​ទី​២ ជាប់​ឆ្នោត និង​ក្រុម​ប្រឹក្សា​ឃុំ​ព្រៃខ្លា គឺ​ជា​ក្រុម​ប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នឹង​ត្រូវ​ចូល​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ពេល​ខាង​មុខ។

បេក្ខជន​ជំទប់​ទី​២ ជាប់​ឆ្នោត​ឃុំ​ព្រៃខ្លា លោក កែវ អ៊ាត ធ្លាប់​ប្រាប់​ថា វីដេអូ​ដែល​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឃើញ​រូប​លោក​ប្រកែក​គ្នា​ជាមួយ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ខាង​គណបក្ស​កាន់​អំណាច​ថត​តែ​ឈុត​អវិជ្ជមាន​របស់​លោក មិន​បាន​ថត​នៅ​ពេល​ដែល​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ឈ្លោះ​ប្រកែក ឬ​ជេរ​តប​វិញ​ទេ។ លោក កែវ អ៊ាត សង្ឃឹម​ថា តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដក​ពាក្យ​បណ្ដឹង​វិញ ដើម្បី​បញ្ចប់​រឿង​ទំនាស់​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles