
ពលរដ្ឋដែលមិនព្រមទទួលសំណងផលប៉ះពាល់វារីអគ្គិសនីសេសានក្រោមពីរ ជាង ១០០គ្រួសារក្នុងឃុំស្រែគរ និងឃុំក្បាលរមាស នៃស្រុកសេសាន ខែត្រស្ទឹងត្រែង បានត្រៀមទីទួលសុវត្ថិភាពសម្រាប់សង់លំនៅឋាន ធ្វើកសិកម្ម និងចិញ្ចឹមសត្វ បើក្រុមហ៊ុនបិទទ្វារទឹកសាកល្បងនៅពេលឆាប់ៗនេះ ក៏ប៉ុន្តែពួកគេបារម្ភថា ផលដំណាំអ្នកភូមិច្រើនហិកតារប្រឈមទឹកលិចលង់ឆ្នាំនេះ។
ពលរដ្ឋរស់នៅឃុំស្រែគរចាស់ ឲ្យដឹងនៅថ្ងៃទី២ កក្កដា ថា អ្នកភូមិស្រែគរ ៩១គ្រួសារបានទទួលព័ត៌មានពីអាជ្ញាធរខែត្រ និងក្រុមហ៊ុនរួចហើយស្ដីពីការបិទទ្វារទឹកសាកល្បងនៅថ្ងៃទី១៥ កក្កដា នេះ ហើយពួកគេភាគច្រើនបានត្រៀមខ្លួនផ្លាស់ទីលំនៅដោយខ្លួនឯងទៅកាន់ទីទួលរួចរាល់ហើយ។
ពលរដ្ឋដែលមិនព្រមទទួលសំណង រស់នៅឃុំស្រែគរ លោក ឌី ម៉ៃ ប្ដេជ្ញាថានឹងមិនចាកចេញពីភូមិកំណើតដាច់ខាត បើទោះបីជាភូមិកំណើតរបស់ពួកគេក្លាយជាផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរក្តី។ លោកថា អ្នកភូមិមិនអាចបោះបង់សម្បត្តិធម្មជាតិ ដូចជាព្រៃឈើ និងទន្លេ ដែលផ្តល់ប្រភពទឹក និងសន្តិសុខស្បៀងមិនចេះរីងស្ងួតដែលទ្រទ្រង់ជីវភាពគ្រួសារពួកគេច្រើនទសវត្សរ៍មកហើយ។ លោកបារម្ភថា ទីតាំងថ្មីដែលក្រុមហ៊ុនផ្តល់សំណង ប្រឈមខ្វះទឹកប្រើប្រាស់ និងមិនអាចរកត្រីសាច់បរិភោគបាន ហើយដីកសិកម្មនៅកន្លែងខ្លះក៏មិនអាចដាំដុះបានដែរ៖ «អ្នកមានលុយទើបទៅនៅទីតាំងថ្មីបាន ទឹកក៏ទិញ ស្អីក៏ទិញដែរ តែអ្នកក្រដូចខ្ញុំទៅអត់បានទេក្មួយអើយ! អ្នកគេចេញទៅបានម្នាក់ ១០ពាន់ទៅ ២០ពាន់ដុល្លារធ្វើអីគ្រាន់ក្មួយអើយ»។
ចំណែកពលរដ្ឋរស់នៅឃុំក្បាលរមាស លោក ដាំ សំណាង ឲ្យដឹងនៅថ្ងៃទី២ កក្កដា ថា អ្នកភូមិខ្លះបានត្រៀមទូក និងក្បូនសម្រាប់អន្តរាគមន៍សង្គ្រោះ បើក្រុមហ៊ុនបិទទ្វារទឹក។ ចំណែកទីទួលសុវត្ថិភាពរបស់ពួកគេនៅមិនឆ្ងាយពីភូមិនោះទេ ហើយទីទួលសុវត្ថិភាពនោះទំហំច្រើនហិកតារ អាចផ្តល់លទ្ធភាពឲ្យអ្នកភូមិធ្វើកសិកម្ម ចិញ្ចឹមសត្វ និងសង់លំនៅឋានបណ្ដោះអាសន្នបានគ្រប់គ្រាន់។ លោកថា អ្នកភូមិមួយចំនួនបានសាងសង់លំនៅឋានលើទីទួលសុវត្ថិភាពបានបណ្ដើរៗហើយ និងបានសង់លំនៅឋានរួមមួយសម្រាប់ប្រជុំពិភាក្សាគ្នា ក៏ប៉ុន្តែលោកបារម្ភថា ទ្រព្យសម្បត្តិមួយចំនួនដែលពួកគេមិនអាចជម្លៀសបាន រួមមានដីកសិកម្ម ផ្ទះ ផលដំណាំ ផ្នូរកប់សព និងព្រៃឈើ៖ «បើសិនជាលិចទឹកនៅទំនប់វារីអគ្គិសនីហ្នឹង ហើយអំពាវនាវឲ្យសាធារណជនដឹងថា ការអភិវឌ្ឍដោយមិនបានឆ្លុះបញ្ចាំងពីផលប៉ះពាល់ដល់ពួកគាត់»។
លិខិតចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ឲ្យដឹងថា បើក្រុមហ៊ុនបិទទ្វារទឹកសាកល្បងនៅពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៧ កម្រិតទឹកនឹងឡើងដល់ ៧២ម៉ែត្រ បណ្ដាលឲ្យលិចលង់ភូមិក្បាលរមាស និងភូមិស្រែគរចាស់។ ក្រុមហ៊ុនចាត់ទុកការបិទទ្វារទឹកសាកល្បង គឺជាទិសដៅនៃការអនុវត្តគម្រោង ហេតុនេះដើម្បីបញ្ចៀសចលាចលណាមួយ ទាមទារឲ្យពលរដ្ឋចាកចេញឲ្យបានមុនខែកក្កដា ឆ្នាំ២០១៧។
អាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ លោក អ៊ុំ រ៉េត ដើម្បីសុំការបំភ្លឺករណីនេះបានទេនៅថ្ងៃទី២ កក្កដា ព្រោះទូរស័ព្ទមិនអាចទាក់ទងបាន។
មេឃុំស្រែគរ លោក សៀក មេគង្គ ឲ្យដឹងថា អាជ្ញាធរនឹងមិនផ្តល់សំណងការខូចខាតផលដំណាំដាំដុះនៅឆ្នាំនេះដល់ពលរដ្ឋដែលមិនព្រមចាកចេញ ឬមិនព្រមទទួលយកសំណងដោះដូរនោះទេ ហើយអាជ្ញាធរខែត្របានផ្សព្វផ្សាយ និងណែនាំឲ្យពលរដ្ឋសហការវាស់វែងច្រើនសាមកហើយ និងបានជូនដំណឹងដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្ន បើក្រុមហ៊ុនបិទទ្វារទឹកសាកល្បង៖ «យើងចុះដោះស្រាយបញ្ហាហ្នឹងសិន មិនមែនចេះតែបិទៗបានទេ ហ្នឹងទស្សនៈរបស់ខ្ញុំ»។
អ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង ធ្លាប់បញ្ជាក់ថា អាជ្ញាធរខែត្របានណែនាំឲ្យក្រុមហ៊ុនត្រៀមទុកជាមុននូវមធ្យោបាយនានា ដើម្បីអន្តរាគមន៍ជាបន្ទាន់ក្នុងករណីចាំបាច់នៅគ្រាដែលក្រុមហ៊ុនបិទទ្វារទឹកសាកល្បង។ លើសពីនេះ អាជ្ញាធរខែត្របានជំរុញឲ្យក្រុមហ៊ុនរៀបចំលំនៅឋានត្រៀមសម្រាប់ពលរដ្ឋដែលមិនទាន់យល់ព្រមទទួលយកសំណងជាង ១០០គ្រួសារ ហើយក្នុងករណីពលរដ្ឋបំបែកគ្រួសារ អាជ្ញាធរខែត្របានរៀបចំគោលនយោបាយផ្តល់សំណងរួចហើយ៖ «ផ្សព្វផ្សាយ សាកល្បងដើម្បីបិទទ្វារទំនប់ទឹកហ្នឹង និងការផ្សព្វផ្សាយដើម្បីឲ្យពលរដ្ឋចូលរួម ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោមពីរ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល ផ្តល់ទស្សនៈថា ក្រុមហ៊ុន និងអាជ្ញាធរ គួរតែបន្ទន់ឥរិយាបថទទួលយកសំណូមពររបស់ពលរដ្ឋមកជជែកពិភាក្សារកដំណោះស្រាយបន្តទៀត មុនពេលបើកទ្វារទឹកសាកល្បង។ យ៉ាងណាក៏ដោយ លោកមានជំនឿថា ការដោះស្រាយបញ្ហានេះទាល់តែមានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះផ្ទាល់ ទើបអាចមានតម្រុយពន្លឺលទ្ធផល តែបើអាជ្ញាធរថ្នាក់ក្រោមជាតិវិញ បើទោះបីបង្ខំពលរដ្ឋយ៉ាងណា ក៏ពួកគេមិនស្តាប់ដែរ៖ «ការផ្តល់សំណងពីក្រុមហ៊ុនទៅគាត់តិចពេក មិនអាចស្មើនឹងទំហំដែលគាត់បាត់បង់លំនៅឋានចាស់ ហើយអ្នកដែលចាកចេញ គាត់ឃើញមានការលំបាក មុខរបរ ហើយការអាស្រ័យផលរបស់ពួកគាត់»។
រហូតមកទល់ពេលនេះ ទំនប់វារីអគ្គិសនីត្រូវបានក្រុមហ៊ុនសាងសង់ជិតរួចរាល់ហើយ នឹងបើកឲ្យដំណើរការតួប៊ីនទី១ នៅពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៧ ក៏ប៉ុន្តែពលរដ្ឋរស់នៅឃុំស្រែគរ ៩១គ្រួសារ និងឃុំក្បាលរមាស ៣០គ្រួសារ មិនទាន់យល់ព្រមទទួលសំណង និងចាកចេញពីភូមិចាស់ទៅតាំងទីលំនៅថ្មីនៅឡើយទេ៕