Quantcast
Viewing all articles
Browse latest Browse all 11174

សមត្ថកិច្ច​ថៃ​បន្ត​បញ្ជូន​ពលករ​ខ្មែរ​ធ្វើ​ការ​ខុស​ច្បាប់​មក​កម្ពុជា​វិញ​តាម​ច្រក​ប៉ោយប៉ែត

Image may be NSFW.
Clik here to view.

សមត្ថកិច្ច​ថៃ បន្ត​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដែល​ធ្វើ​ការងារ​ខុស​ច្បាប់​រាប់​រយ​នាក់ ត្រឡប់​មក​កម្ពុជា តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ បញ្ជូន​មក​វិញ​នេះ ភាគច្រើន​ជា​ពលករ​ខុស​ច្បាប់ ដែល​ថៅកែ​របស់​ពួក​គេ​ឲ្យ​ត្រឡប់​មក​ធ្វើ​លិខិត​ឆ្លង​ដែន​ដើម្បី​ទៅ​ធ្វើ​ការងារ​ស្រប​ច្បាប់​វិញ។ ទន្ទឹម​គ្នា​នេះ​ដែរ ពលករ​អះអាង​ថា មុន​នឹង​សមត្ថកិច្ច​ថៃ បញ្ជូន​មក​ប្រទេស​កម្ពុជា នៅ​ស្រុក​អារញ្ញ ប្រទេស​ថៃ មាន​មនុស្ស​និយាយ​ភាសា​ខ្មែរ​បាន​ទារ​ប្រាក់​ពី​ពួក​គាត់​ម្នាក់​ជិត ៥​ម៉ឺន​រៀល ដើម្បី​ជា​ថ្នូរ​បាន​ត្រឡប់​មក​កម្ពុជា វិញ។

ក្រុម​ពលករ​ដែល​ត្រឡប់​មក​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ភាគច្រើន​ជា​យុវជន​មាន​អាយុ​ចន្លោះ​ពី ១៨​ឆ្នាំ​ទៅ ៣០​ឆ្នាំ ដោយ​ខ្លះ​មាន​អីវ៉ាន់​សំពីងសំពោង​ជាប់​មក​ជាមួយ​ផង ត្រូវ​បាន​ប៉ូលិស​ថៃ ដឹក​តាម​រថយន្ត​ទ្រុង ហើយ​ឈរ​តម្រៀប​គ្នា​យ៉ាង​ណែន​ដើម្បី​យក​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​ខ្មែរ​នៅ​ក្រុង​ប៉ោយប៉ែត។

រថយន្ត​ប៉ូលិស​ខេត្ត​ស្រះកែវ របស់​ថៃ ដឹក​ពលករ​ប្រមាណ​ពី ៤០​នាក់​ទៅ ៦០​នាក់​ក្នុង​មួយ​ឡាន​នៅ​ថ្ងៃ​ទី​២ កក្កដា មក​ដល់​ដី​ខ្មែរ​នៅ​ជើង​ដំបូង​ប្រហែល​ម៉ោង ១២​ថ្ងៃ​ត្រង់ ហើយ​នៅ​ពេល​រថយន្ត​មក​ដល់​សង្កាត់​ប៉ោយប៉ែត មាន​អាជ្ញាធរ​ខ្មែរ​ចាំ​ទទួល។ ចំណែក​រថយន្ត​ក៏​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ វិញ​ភ្លាមៗ។

ពលការិនី​ម្នាក់​រស់នៅ​ខេត្ត​កំពង់ចាម កញ្ញា ហួរ ស្រីខូច ក្នុង​វ័យ ២៣​ឆ្នាំ ថ្លែង​ថា កញ្ញា​ធ្វើ​ការ​ជា​កម្មករ​លក់​នំ​នៅ​ខេត្ត​ប្រាក់ធំធានី ប្រទេស​ថៃ ដោយ​ពុំ​មាន​លិខិត​ឆ្លង​ដែន​ទេ។ កញ្ញា​អះអាង​ថា មូលហេតុ​ដែល​ត្រឡប់​មក​ខ្មែរ គឺ​ដើម្បី​ប្រញាប់​មក​ធ្វើ​លិខិត​ឆ្លង​ដែន​ទៅ​ធ្វើ​ការងារ​នៅ​កន្លែង​ដើម​វិញ។ កញ្ញា​ឲ្យ​ដឹង​ទៀត​ថា ប៉ូលិស​ថៃ ចាប់​នៅ​ពេល​ត្រឡប់​មក​ដល់​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ កៀក​នឹង​ព្រំដែន​ខ្មែរ តែ​ពុំ​បាន​វាយ​ធ្វើ​បាប​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា កញ្ញា​អះអាង​ថា មុន​ពេល​សមត្ថកិច្ច​ថៃ ចាប់​បញ្ជូន​មក​ព្រំដែន មាន​បុរស​ម្នាក់​និយាយ​ភាសា​ខ្មែរ​ច្បាស់ តម្រូវ​ឲ្យ​ពួក​គាត់​បង់​លុយ​ចំនួន ៤០០​បាត (លុយ​ថៃ) ឬ​ប្រហែល ៥​ម៉ឺន​រៀល​ក្នុង​ម្នាក់ ដើម្បី​ជា​ថ្នូរ​បាន​ត្រឡប់​ទៅ​ដល់​ទឹក​ដី​ខ្មែរ៖ «ខ្ញុំ​មក​តាម​ផ្លូវ​អត់​លំបាក​អី​ផង ព្រោះ​ខ្ញុំ​ស្គាល់​ផ្លូវ តែ​ខ្ញុំ​អស់​លុយ​នៅ​ឲ្យ​មន្ត្រី​ខ្មែរ​នៅ​ស្រុក​អារញ្ញ ម្នាក់ ៤០០​បាត​ប្រាក់​ថៃ។ ខ្ញុំ​អត់​ដឹង​ថា​គេ​យក​លុយ​ហ្នឹង​ទៅ​ធ្វើ​អី​ផង»

ពលករ​ម្នាក់​រស់នៅ​ខេត្ត​បន្ទាយមានជ័យ លោក លី រ័ត្ន ផ្ដល់​សម្ភាស​នៅ​ពេល​ត្រៀម​ឡើង​ម៉ូតូ​ឌុប​ត្រឡប់​ទៅ​ផ្ទះ​ថា លោក​ធ្វើ​ការងារ​ជា​កម្មករ​លក់ដូរ​ក្នុង​ផ្សារ​នៅ​ខេត្ត​ប្រាក់ធំធានី ប្រទេស​ថៃ ប្រមាណ ៣​ខែ បាន​ប្រាក់​ឈ្នួល​ប្រមាណ ៥​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ បុរស​វ័យ ២៧​ឆ្នាំ​រូប​នេះ​និយាយ​ថា លោក​ត្រឡប់​មក​ខ្មែរ​ដោយ​ខ្លួន​ឯង គឺ​ដោយសារ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ខុស​ច្បាប់​ពិបាក​រស់នៅ។ លោក​អះអាង​ថា ថៅកែ​ជនជាតិ​ថៃ ឲ្យ​លោក​ត្រឡប់​មក​ធ្វើ​លិខិត​ឆ្លង​ដែន​ដើម្បី​បាន​ធ្វើ​ការងារ​ស្រប​ច្បាប់៖ «ខ្ញុំ​ទៅ​ធ្វើ​ការ​ប្រទេស​ថៃ ដំបូង​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ដល់​តែ​គេ​ចាប់ ខ្ញុំ​ក៏​ប្រញាប់​ត្រឡប់​មក​វិញ។ ខ្ញុំ​ស្គាល់​ផ្លូវ​មក​ខ្មែរ​ខ្លួន​ឯង ហើយ​ខ្ញុំ​មិន​ព្រួយ​បារម្ភ​ខ្លាច​សមត្ថកិច្ច​ថៃ ទេ ព្រោះ​ខ្ញុំ​ចេញ​ចូល​ប្រទេស​ថៃ ញឹកញាប់»

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​គណៈកម្មការ​ទទួល​បន្ទុក​ពលករ​ដែល​ថៃ បញ្ជូន​មក​ខ្មែរ​តាម​ច្រក​ប៉ោយប៉ែត អ្នកស្រី ស៊ិន ណាំយ៉ុង ផ្ដល់​សម្ភាស​នៅ​ទីស្នាក់ការ​មុន​ពេល​រថយន្ត​សមត្ថកិច្ច​ថៃ ដឹក​ពលករ​មក​ដល់​នៅ​ព្រឹក​ថ្ងៃ​ទី​២ កក្កដា ថា អ្នក​ដែល​យក​ប្រាក់​ពី​ពលករ​ខ្មែរ​នោះ​មិន​មែន​ជា​សមត្ថកិច្ច​កម្ពុជា នោះ​ទេ តែ​អាច​ជា​សមត្ថកិច្ច​ថៃ ច្រើន​ជាង។ អ្នកស្រី​បន្ថែម​ថា សមត្ថកិច្ច​ថៃ សម្រុក​បញ្ជូន​ពលករ​មក​កម្ពុជា តាម​ច្រក​មួយ​នេះ​ចាប់​ពី​ថ្ងៃ​ទី​២៨ មិថុនា មក ដើម្បី​ឲ្យ​ពលករ​ទាំងនោះ​ត្រឡប់​មក​ធ្វើ​លិខិត​ស្នាម ហើយ​ចូល​ទៅ​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់​វិញ៖ «ពលករ​ថៃ បញ្ជូន​មក​មាន​មក​ពី​គ្រប់​ខេត្ត​ទូទាំង​ប្រទេស ជួន​ថ្ងៃ​ណា​មក​ពី​កំពង់ចាម មួយ​ថ្ងៃ​ជាង ២០០​នាក់​ទៅ។ ថ្ងៃ​ខ្លះ​ខេត្ត​បន្ទាយមានជ័យ ជាង ១០០​នាក់​ទៅ។ វា​អត់​ទៀង​ទេ។ ពលករ​ដែល​ចូល​មក ខ្ញុំ​កត់​ចំនួន​មនុស្ស​ប្រចាំ​ថ្ងៃ​ច្បាស់លាស់ មក​ពី​តាម​ខេត្ត​នីមួយៗ ដើម្បី​ងាយស្រួល​ខ្ញុំ​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់​លើ»Image may be NSFW.
Clik here to view.

ទោះ​ជា​យ៉ាង​ណា មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អះអាង​ថា ការ​ត្រឡប់​មក​វិញ​នេះ​ជា​រឿង​ដ៏​លំបាក​មួយ​សម្រាប់​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​ខុស​ច្បាប់។ លោក​បន្ថែម​ថា អ្វី​ដែល​លំបាក​ជាង​នេះ គឺ​មាន​មនុស្ស​មួយ​ក្រុម​និយាយ​ភាសា​ខ្មែរ​ឆ្លៀត​ឱកាស​ចាំ​យក​ប្រាក់​ពី​ពលករ​ក្នុង​ទឹក​ដី​ថៃ។ លោក​ហៅ​ទង្វើ​នេះ​ថា​ជា​ទង្វើ​អាក្រក់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ ហើយ​សមត្ថកិច្ច​ខ្មែរ ត្រូវ​តែ​អន្តរាគមន៍​ទៅ​ខាង​ភាគី​ថៃ ជា​បន្ទាន់៖ «ហើយ​យើង​ឃើញ​ថា​រហូត​មក​ដល់​ថ្ងៃ​នេះ មាន​ពលករ​រាប់​ពាន់​ហើយ។ អ៊ីចឹង​ទេ ពួក​គាត់​បង់​លុយ​ម្នាក់ ៤០០​បាត​មាន​ចំនួន​ច្រើន​ណាស់ ដែល​ខ្ពស់​ជាង​តម្លៃ​ប្រាក់​ឈ្នួល​ពលករ​ធ្វើ​ការ​មួយ​ថ្ងៃ​ផង»

របាយការណ៍​គណៈកម្មការ​ទទួល​បន្ទុក​ពលករ​ដែល​ថៃ បញ្ជូន​មក​ខ្មែរ​តាម​ច្រក​ប៉ោយប៉ែត ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​១ កក្កដា អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ពលករ​មក​ខ្មែរ​តាម​ច្រក​មួយ​នេះ​មាន​ជិត ៣​ពាន់​នាក់។ ដោយឡែក​នៅ​ថ្ងៃ​ទី​២ កក្កដា គិត​ត្រឹម​ម៉ោង ៦​រសៀល ថៃ បញ្ជូន​ពលករ​មក​ចំនួន​ជាង ៤០០​នាក់ ហើយ​ចំនួន​នេះ​អាច​នឹង​កើន​ឡើង​ថែម​ទៀត ដោយសារ​រថយន្ត​របស់​ថៃ បន្ត​ដឹក​ពលករ​រហូត​ដល់​ម៉ោង​ជាង ៨​យប់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​រសៀល​ថ្ងៃ​ទី​១ កក្កដា ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ថៃ បាន​កែ​សម្រួល​ព្រះរាជក្រឹត្យ​អំពី​ការ​គ្រប់គ្រង​ការ​ធ្វើ​ការ​របស់​ពលករ​បរទេស​ឆ្នាំ​២០១៧ ក្នុង​គោល​បំណង​បន្ថែម​ទំនាក់ទំនង​ដល់​និយោជក​ដែល​ប្រើប្រាស់​ពលករ​បរទេស ដែល​ពុំ​ទាន់​មាន​ឯកសារ​ស្រប​ច្បាប់ និង​ក្រុមហ៊ុន​ដែល​នាំ​ពលករ​មក​ធ្វើ​ការ​ខុស​ច្បាប់​ប៉ុណ្ណោះ។

សេចក្ដី​ប្រកាស​ដដែល អំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា ទាំងអស់​រក្សា​ភាព​ស្ងៀមស្ងាត់ ព្រោះ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា កំពុង​តែ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ថៃ ជួយ​សម្រួល​កុំ​ឲ្យ​មាន​ការ​ចុះ​ត្រួត​ពិនិត្យ​ពលករ​ខ្មែរ​ដែល​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ ក្នុង​ការ​ស្នាក់នៅ​ធ្វើ​ការ​ប្រទេស​ថៃ។ ប្រសិន​បើ​ពលរដ្ឋ​ចង់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដើម្បី​កុំ​ឲ្យ​ចាញ់​បោក​គេ ត្រូវ​រក​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​ពី​ក្រសួង​ការងារ ហើយ​ក្នុង​ករណី​ពលករ​ដែល​ជួប​បញ្ហា សូម​ទាក់ទង​ទៅ​កាន់​លេខ​ទូរស័ព្ទ​របស់​មន្ត្រី​ស្ថានទូត​កម្ពុជា ប្រចាំ​ទីក្រុង​បាងកក៖ លេខ ០៩២ ៨០៥០ ៥៦១ លេខ ០៩៤ ០៩២៥ ៩០៥ និង​លេខ ០៨៦ ៧៩៩៩ ៩៥៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles