Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​នៅ​ខេត្ត​ព្រះវិហារ​ធ្វើ​ពិធី​សែនព្រេន​ដាក់​បណ្ដាសា​ដល់​អ្នក​រំលោភ​យក​ដី

$
0
0

តាំង​តែ​ពី ៤​ឆ្នាំ​មុន រហូត​មក​ដល់​ពេល​នេះ ពលរដ្ឋ​ប្រហែល ៨០០​គ្រួសារ នៅ​ស្រុក​ចំនួន​៣ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ បាន​ប៉ះពាល់ និង​បាត់បង់​ដីស្រែ​ចម្ការ​ជា​បន្តបន្ទាប់។ ការ​បាត់បង់​នោះ បាន​ចាប់​ផ្ដើម​ឡើង នៅ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​ចិន ឡាន ហ្វេង (Lan Feng) និង រួយ ហ្វេង (Rui Feng) បាន ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​ដាំ​អំពៅ​នៅ​ទី​នោះ​មក។

ក្រុម​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ស្រុក​ត្បែងមានជ័យ និង​សហគមន៍​ទំនាស់​ដីធ្លី​នៅ​ស្រុក​ចំនួន​២ ទៀត បាន​រួមគ្នា​ប្រារព្ធ​ពិធី​សែន​អ្នក​តា​ទៅ​តាម​ប្រពៃណី ព្រមទាំង​នាំគ្នា​ធ្វើ​ជា​រូប​ទីងមោង ហើយ​ដាក់​បណ្ដាសា​ចំពោះ​ក្រុមហ៊ុន​កំពុង​រំលោភ​ដីស្រែ​ចម្ការ​របស់​ពួកគេ​ផង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​កុម្ភៈ។

ពិធី​សែន​អ្នក​តា​នេះ ធ្វើ​ឡើង​ចាប់​តាំងតែ​ពី​វេលា​ម៉ោង​ជាង ៩​ព្រឹក រហូត​ដល់​រសៀល​ម៉ោង​៣ ដោយ​មាន​ប្រគំ​ភ្លេង ព្រម​ទាំង​បញ្ចូល​រូប​ផង នៅ​តំបន់​ព្រៃ​មួយ​កន្លែង​ឈ្មោះ​ទួលកន្សែង ជិត​កន្លែង​ដែល​ក្រុមហ៊ុន​ចិន ឡាន ហ្វេង ឈូស​ឆាយ​ដី​ដាំ​អំពៅ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ គឺ​អ្នកស្រី ស៊ិន សាំ។ អ្នកស្រី​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ថា​ប្រជាពលរដ្ឋ​ឃុំ​ប្រមេរ ជាង ១០០​នាក់ បាន​រួម​គ្នា​ធ្វើ​ពិធី​សែន​អ្នកតា​ទៅ​តាម​ប្រពៃណី ព្រមទាំង​ដាក់​បណ្ដាសា​ដល់​អ្នក​ដែល​រំលោភ​យក​ដី​ស្រែ​ចម្ការ​របស់​ពួកគេ។

អ្នកស្រី ស៊ិន សាំ បញ្ជាក់​ថា ក្នុង​ពិធី​សែន​អ្នកតា​ជាង ៥​ម៉ោង​នោះ គឺ​ពួកគាត់​បាន​យក​មាន់​ស្ងោរ និង​ជ្រូក​ទៅ​ថ្វាយ​អ្នកតា ឱ្យ​ថែរក្សា​ព្រៃ ថែរក្សា​ប្រាសាទ​បុរាណ ឱ្យ​លោក​សេពសោយ ព្រមទាំង​សំបូងសង្រូង​សុំ​ឱ្យ​អ្នកតា​ផ្ដន្ទា​​ទៅ​លើ​អ្នក​ឃុបឃិត​គ្នា​យក​ដីស្រែ​ចម្ការ​របស់​ពួកគេ​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន ផង៖ «សែនព្រេន​រួច​យើង​បញ្ចូល​រូប សុំ​ឱ្យ​អ្នក​តា​ផ្ដន្ទា​ចិន ដែល​មក​រំលោភ​យក​ដី​ស្រែ​ចម្ការ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ គឺ​សូម​ឱ្យ​អ្នក​តា​កាច់»

សហគមន៍​ជនជាតិ​ដើម​ភាគតិច ឃុំ​ប្រមេរ ឱ្យ​ដឹង​ថា ពិធី​សែន​អ្នក​តា​នេះ គឺ​ពួកគេ​បាន​ស្រុះស្រួល​ជាមួយ​សហគមន៍​ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រើស​ក្អក ឃុំ​ម្លូព្រៃ២​ នៃ​ស្រុក​ឆែប និង​សហគមន៍​ស្រុក​ជ័យសែន ដើម្បី​ធ្វើ​ដំណាលគ្នា ប៉ុន្តែ​នៅ​ទីកន្លែង​ផ្សេងៗ​ពី​គ្នា។

ទោះជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​សហគមន៍​ស្រុក​ជ័យសែន អ្នកស្រី ហួត ម៉ាលី ដើម្បី​សាកសួរ​អំពី​ពិធី​នោះ​បាន​ថា យ៉ាង​ណា​នៅ​ឡើយ ដោយសារ​តែ​ប្រព័ន្ធ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​គ្នា​បាន។

ចំណែក​សហគមន៍​ទំនាស់​ដីធ្លី នៅ​ភូមិ​ប្រើសក្អក ស្រុក​ឆែប វិញ​មិន​បាន​ធ្វើ​ពិធី​សែន​អ្នក​តា​នៅ​ឯ​កន្លែង​របស់​ពួកគេ​ទេ ដោយ​គេ​អះអាង​ថា ចាស់​ទុំ​ដែល​ជា​អ្នក​រៀបចំ​មិន​នៅ ហើយ​ពួកគេ​ចំនួន ១៦​នាក់ ក៏​បាន​មក​ចូលរួម​ជាមួយ​នឹង​សហគមន៍​ឃុំ​ប្រមេរ។

តំណាង​សហគមន៍​នៃ​ភូមិ​ប្រើសក្អក ម្នាក់ លោក អ៊ាម អ៊ន មាន​ប្រសាសន៍​ថា នៅ​ក្នុង​ពិធី​សែន​អ្នក​តា គឺ​អ្នក​ភូមិ​បាន​នាំ​គ្នា​ធ្វើ​ជា​រូប​ទីងមោង​ចំបើង​ចំនួន​៥ ដែល​តំណាង​ឱ្យ​អ្នក​ប្រគល់​ដី​តំណាង​ឱ្យ​អ្នកលក់​ដី​ឱ្យ​ក្រុមហ៊ុន តំណាង​ឱ្យ​អាជ្ញាធរ​ដែល​លំអៀង​ទៅ​រក​ក្រុមហ៊ុន ទី​៤ គឺ​តំណាង​អ្នក​ស៊ីញ៉េ​ដី​ឱ្យ​ក្រុមហ៊ុន និង​ទី​៥ តំណាង​ឱ្យ​ក្រុមហ៊ុន​ចិន ដែល​កំពុង​តែ​រំលោភបំពាន​ដីធ្លី​ជាដើម។ បន្ទាប់​ពី​សែនព្រេន​ថ្វាយ​អ្នក​តា​រួច​ហើយ សហគមន៍​នាំ​គ្នា​ដាក់​បណ្ដាសា​ដល់​រូប​ទីងមោង​តំណាង​ទាំង​៥​នោះ៖ «សហគមន៍​ជាង ១០០​នាក់ បាន​យក​រូប​ទាំង​៥​នោះ ទៅ​ដាក់​អំបិលម្ទេស ដាក់​បាយ​ស​ខ្មៅ ហើយ​សែន​ដាក់​បណ្ដាសា»

អាជ្ញាធរ​មួយ​ចំនួន​មិន​មាន​ប្រតិកម្ម​អ្វី​ចំពោះ​សហគមន៍​ទំនាស់​ដីធ្លី ដែល​ធ្វើ​ពិធី​សែន​អ្នកតា ព្រម​ទាំង​ដាក់​បណ្ដាសា​ទៅ​លើ​ក្រុមហ៊ុន​ចិន នោះ​ទេ។

អភិបាល​ស្រុក​ឆែប លោក សុខ សានដារា មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ថា អ្នក​ភូមិ​ធ្វើ​ពិធី​នោះ​នៅ​ទី​ណា​ទេ។ លោក​បញ្ជាក់​ថា ការ​សែនព្រេន​អ្នកតា ហើយ​ដាក់​បណ្ដាសា គឺ​ជា​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​តិច ហើយ​លោក​មិន​យល់​ទេ ប៉ុន្តែ​ទំនាស់​ដីធ្លី​នៅ​ក្នុង​ស្រុក​របស់​លោក​គឺ​អាជ្ញាធរ​បាន​ប្រឹងប្រែង​ដោះស្រាយ​យ៉ាង​ខ្លាំង៖ «វា​ពិបាក​ដែរ បងប្អូន​កួយ ប្រពៃណី​របស់​គាត់​យើង​មិន​អាច​ហាមឃាត់​បាន​ទេ។ ខ្ញុំ​ក៏​មិន​ដែល​ឮ​ដែរ នេះ​ជា​លើក​ទី​១​ហើយ ដែល​ខ្ញុំ​ឮ​ថា គេ​ធ្វើ​ពិធី​ដាក់​បណ្ដាសា»

អភិបាល​ស្រុក​ឆែប ដដែល​ទទួល​ស្គាល់​ថា រយៈពេល ៤​ឆ្នាំ​មក​នេះ គឺ​ប្រជាពលរដ្ឋ​ក្នុងស្រុក​របស់​លោក​ពិត​ជា​មាន​ការ​ប៉ះពាល់ និង​បាត់បង់​ដីធ្លី ដោយសារ​តែ​ក្រុមហ៊ុន​ចិន ឈូស​ឆាយ​ដាំ​អំពៅ​ខ្លះ​មែន ក៏ប៉ុន្តែ​លោក​មិន​ដឹង​ពី​ទំហំ​ផ្ទៃដី​ដែល​ប៉ះពាល់​នោះ​ពិត​ប្រាកដ​ថា ប៉ុន្មាន​ហិកតារ​ឡើយ។

ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ឃុំ​ម្លូព្រៃ២ ស្រុក​ឆែប និង​ស្រុក​ជ័យសែន ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ចិន ឡាន ហ្វេង និង រួយ ហ្វេង បាន​កើត​មាន​យ៉ាង​ជូរចត់​រយៈពេល​ជាង ៣​ឆ្នាំ​មក​នេះ ដោយពេល​ខ្លះ​ក្រុម​អ្នក​ភូមិ​បាន​លើកគ្នា​ទៅ​ដេកចាំ​នៅ​តាម​ព្រៃ​រយៈ​ពេល​រាប់​ខែ ដើម្បី​រារាំង​ក្រុមហ៊ុន​កុំ​ឱ្យ​ឈូស​រំលោភ​យក​ដីស្រែ និង​ចម្ការ​របស់​ពួកគេ។

មន្ត្រី​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ធ្លាប់​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ថា ប្រហែល​ជា​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង​នោះ​គ្មាន​ភាព​កក់​ក្ដៅ​ក្នុង​ការ​ដោះស្រាយ​តាម​ផ្លូវ​អាជ្ញាធរ និង​ប្រព័ន្ធ​ច្បាប់​ត​ទៅ​ទៀត ទើប​ពួកគេ​បង្ខំចិត្ត​យក​ពិធី​ជំនឿ​អរូបិយ​មក​បែរបន់​ដូច្នេះ។

អង្គការ​ពន្លក​ខ្មែរ បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៤​ឆ្នាំ​មក​នេះ គេ​បាន​ស្រាវជ្រាវ​រក​ឃើញ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជ័យសែន ជាង ៨០០​គ្រួសារ បាន​រង​ការ​ប៉ះពាល់ និង​បាត់បង់​ដីស្រែ​ចម្ការ​ប្រមាណ​ជាង ៦.០០០​ហិកតារ ដោយសារ​តែ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ចិន ឈូស​ឆាយ​យក​ទៅ​ដាំ​អំពៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles