ប្រជាពលរដ្ឋរស់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម បារម្ភពីការបាត់បង់ដីស្រែ និងដីលំនៅឋានដោយគ្មានសំណងផលប៉ះពាល់ត្រឹមត្រូវ។ ក្តីបារម្ភនេះ ដោយសារអាជ្ញាធរបន្តសាងសង់បង្គោលអគ្គិសនី និងរាយខ្សែភ្លើងកាត់ដីរបស់ពលរដ្ឋដោយមិនបានគិតគូរសំណងផលប៉ះពាល់ជូនពលរដ្ឋជាមុន។
តំណាងប្រជាពលរដ្ឋរងផលប៉ះពាល់ដោយការសាងសង់បង្គោលអគ្គិសនី នៅស្រុកកំពង់សៀម និងក្រុងកំពង់ចាម គ្រោងនឹងឡើងទៅជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើឱ្យជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់។ ការលើកឡើងនេះ គឺបន្ទាប់ពីអាជ្ញាធរខេត្តមិនមានដំណោះស្រាយផលប៉ះពាល់ឱ្យបានសមរម្យ និងយុត្តិធម៌ជូនពលរដ្ឋ ហើយចេះតែភូតភរពួកគាត់រហូតមក។
តំណាងពលរដ្ឋរងផលប៉ះពាល់រស់នៅក្រុងកំពង់ចាម មួយរូប លោក អាន សុភ័ក្រ ឱ្យដឹងថា ដីលំនៅឋានរបស់ពួកគាត់ទំហំជាង ១ពាន់ម៉ែត្រការ៉េ (១ .៣៨៨) គឺប៉ះពាល់ស្ទើរតែទាំងស្រុង។ លោកបន្តថា ប្រជាពលរដ្ឋនាំគ្នាសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន រហូតដល់អាជ្ញាធរខេត្តតាំងពីឆ្នាំ២០១៦ ប៉ុន្តែបានត្រឹមសន្យាខ្យល់ និងផ្ដល់សំណងផលប៉ះពាល់ជូនពួកគាត់ក្នុងកម្រិតដែលមិនអាចរស់បាន។
ជាក់ស្ដែងដីលំនៅឋានរបស់ពលរដ្ឋបច្ចុប្បន្នក្នុង១ម៉ែត្រការ៉េតម្លៃប្រមាណ ៣០ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែអាជ្ញាធរគិតជូនពលរដ្ឋក្នុង១ម៉ែត្រការ៉េ តម្លៃជិត ២ដុល្លារប៉ុណ្ណោះ។ ប្រភពដដែលយល់ថា រាជរដ្ឋាភិបាលនឹងបាត់បង់ប្រជាប្រិយភាព ឬការគាំទ្រ ប្រសិនបើស្ថាប័នពាក់ព័ន្ធមិនអាចផ្ដល់យុត្តិធម៌ជូនពលរដ្ឋបាន៖ «ប្រសិនបើគាត់មិនបានដោះស្រាយឱ្យយើងទេ សួរថា ប្រជាពលរដ្ឋទាំងអស់មានជំនឿអីទៅលើអាជ្ញាធរទៀត»។
ការលើកឡើងនេះ ក្រោយពេលតំណាងពលរដ្ឋជាង ១០នាក់ នាំគ្នាមកសុំកិច្ចអន្តរាគមន៍ពីសមាគមអាដហុក (ADHOC) ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ។
ពលរដ្ឋអះអាងថា អ្នកភូមិដែលរងផលប៉ះពាល់គឺមានប្រមាណ ៥០គ្រួសារ នៅក្រុងកំពង់ចាម និងនៅស្រុកកំពង់សៀម។ ក្នុងចំណោមពលរដ្ឋប៉ះពាល់គឺមានមួយចំនួនទទួលយកសំណងពីអាជ្ញាធរ ប៉ុន្តែមានពួកគាត់ខ្លះបញ្ជាក់ថា មូលហេតុព្រមទទួលយកសំណងគឺមានការបង្ខិតបង្ខំ និងចាញ់បោកមន្ត្រីអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីអគ្គិសនីប៉ុណ្ណោះ។
ជាក់ស្ដែង អ្នកស្រី ខៀវ ស្រេង មានប្រសាសន៍ថា សំណងដែលគាត់ទទួលបានកាលពីឆ្នាំ២០១៦ ជាង ១លានរៀល គឺដោយសារខាងមន្ត្រីអគ្គិសនីថា ប៉ះពាល់តិចតួច ប៉ុន្តែការពិតស្រែមួយប្លង់ដែលអ្នកស្រីមិនចាំទំហំ គឺប៉ះពាល់ទាំងអស់៖ «ខ្ញុំបានទទួលលុយមែន ប៉ុន្តែខ្ញុំបានសួរថា លោកគ្រូដីហ្នឹងបង្គោលភ្លើងហ្នឹងប៉ុន្មានម៉ែត្រ? គាត់ប្រាប់ថា អ៊ំឯងមួយម៉ែត្រ គេមួយម៉ែត្រ ដល់ឥឡូវយកអស់រលីងហើយស្រែខ្ញុំ»។
តាមផែនការរាជរដ្ឋាភិបាលនឹងតភ្ជាប់បណ្ដាញភ្លើងប្រើប្រាស់ពីអនុស្ថានីយអគ្គិសនីក្នុងឃុំក្រឡា ស្រុកកំពង់សៀម ឆ្ពោះទៅកាន់តំបន់ភូមិភាគឦសាន រួមមានខេត្តក្រចេះ ស្ទឹងត្រែង ជាដើម។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្តកំពង់ចាម លោក ជឹម លាវ និងភាគីអគ្គិសនីបានទេនៅថ្ងៃទី២៣ ខែកុម្ភៈ។
យ៉ាងនេះក្តី កាលពីឆ្នាំ២០១៦ លោក ជឹម លាវ ធ្លាប់មានប្រសាសន៍ថា ការអភិវឌ្ឍន៍តែងបណ្តាលឱ្យប៉ះពាល់ដល់ពលរដ្ឋមួយចំនួនតូច ប៉ុន្តែវាជួយឱ្យប្រជាពលរដ្ឋភាគច្រើនមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ និងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទៀតផង។
លោកបញ្ជាក់ពេលនោះថា គណៈកម្មការវាយតម្លៃផលប៉ះពាល់ថ្នាក់ជាតិ បានដោះស្រាយជូនពលរដ្ឋស្ទើរតែអស់ទៅហើយ គឺនៅសល់ប្រមាណ ៥ ឬ ៦គ្រួសារប៉ុណ្ណោះ ពោលគឺក្នុងចំណោមបង្គោលអគ្គិសនីឆ្លងកាត់ខេត្តកំពង់ចាម ចំនួន ៣២ ដែលប៉ះពាល់ដីប្រជាពលរដ្ឋគឺដោះស្រាយបាន ២៦បង្គោល ហើយនឹងឈានទៅដោះស្រាយបញ្ចប់នៅពេលខាងមុខ។ ចំណែកចំនួនលើសពីនេះលោកថា ជាការបំផុសបំផុលពីសំណាក់ពលរដ្ឋមួយក្ដាប់តូច ហើយរាល់ការដោះស្រាយគឺធ្វើឡើងដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំទេ។
ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋមួយរូបទៀត អ្នកស្រី មិត្ត គីមថា អះអាងថា ពួកគាត់មួយចំនួននៅតែមិនទាន់ទទួលបានការដោះស្រាយសមស្របណាមួយឡើយ ក្រៅតែពីការបំបិទសិទ្ធិសេរីភាពមិនពួកគាត់តវ៉ាទៅនឹងគម្រោងអភិវឌ្ឍន៍ដែលគ្មានសំណងសមរម្យជូនពលរដ្ឋជាមុននោះ។ អ្នកស្រីស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវជួយពួកគាត់ដែលកំពុងរងគ្រោះ និងពិនិត្យមើលការអនុវត្តច្បាប់របស់មន្ត្រីថ្នាក់ក្រោម ពីព្រោះចេះតែភូតភរ និងបោកប្រាស់ពលរដ្ឋរហូតមក៖ «ខ្ញុំបានលុយពីណាទៅចិញ្ចឹមប្រពន្ធកូន ប្រសិនបើអស់លោករំលោភសិទ្ធិរបស់ខ្ញុំហើយ។ ទីពីរទៀត មិនទាន់បានផ្ដិតមេដៃ មិនទាន់ឱ្យលុយផងស្រាប់តែមកអូសខ្សែភ្លើងកាត់»។
មន្ត្រីអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តកំពង់ចាម លោក មាន ព្រហ្មមុនី មើលឃើញថា អាជ្ញាធរខេត្តមិនបានដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋឱ្យបានសមស្របទៅតាមច្បាប់ទេ ប៉ុន្តែជាការរំលោភទៅលើសិទ្ធិរស់នៅដែលជាសិទ្ធិមូលដ្ឋានរបស់ពួកគាត់ទៅវិញ៖ «យើងឃើញថា ពិតជាប៉ះពាល់សិទ្ធិរស់នៅរបស់ពួកគាត់ធ្ងន់ធ្ងរណាស់ ព្រោះថា មិនទាន់ទូទាត់សំណងផង មកបោះបង្គោល និងអូសខ្សែនៅលើដីរបស់ពួកគាត់ហើយ ព្រោះនៅក្នុងច្បាប់ធានាទូទាត់សំណងដោយសមរម្យ និងយុត្តិធម៌»។
មន្ត្រីអង្កេតដដែលបញ្ជាក់ថា នឹងបញ្ជូនសំណើរបស់ពលរដ្ឋទៅក្រសួងពាក់ព័ន្ធ និងដាក់ទៅគណៈកម្មការផលប៉ះពាល់ថ្នាក់ជាតិឱ្យជួយដោះស្រាយតែម្ដង។ លោកបារម្ភខ្លាចពលរដ្ឋនាំគ្នាតវ៉ាដល់ថ្នាក់ជាតិ ឬដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសិនបើយុត្តិធម៌ក្នុងការដោះស្រាយនៅតែគ្មានជូនពួកគាត់ទៀតនោះ៕