រដ្ឋាភិបាលកាណាដា កាលពីថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ សម្ដែងក្តីបារម្ភចំពោះវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលត្រូវបានរដ្ឋសភាអនុម័ត ហើយព្រឹទ្ធសភាគ្រោងនឹងពិភាក្សាអនុម័តនៅថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខនេះ។ កាណាដា ក៏អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ត្រូវធានាឲ្យមានការបោះឆ្នោតដោយសេរី ចំហ និងតម្លាភាពនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងបោះឆ្នោតជាតិ នៅពេលខាងមុខ។
ឯកអគ្គរាជទូតកាណាដា ប្រចាំប្រទេសកម្ពុជា អ្នកស្រី ដូនីកា ប៉ូទី (Donica Pottie) កាលពីថ្ងៃសុក្រ បញ្ជាក់ក្នុងសារអេឡិចត្រូនិក មកអាស៊ីសេរីថា រដ្ឋាភិបាលកាណាដា មានការព្រួយបារម្ភចំពោះវិសោធនកម្មច្បាប់មួយនេះ ដែលកើតឡើងជាង ៣ខែ មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតសកលនៅឆ្នាំ២០១៨ ខាងមុខ។
អ្នកស្រីបន្តថា វិសោធនកម្មច្បាប់នេះ គឺផ្ដល់អំណាចថ្មីមួយដល់រដ្ឋាភិបាលកម្ពុជា ដើម្បីបង្កបញ្ហាលំបាកដល់គណបក្សនយោបាយ និងឈានដល់ការរំលាយគណបក្សទាំងនោះ។
អ្នកស្រី ដូនី កាប៉ូទី គូសបញ្ជាក់បន្ថែមទៀតថា ដើម្បីឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យទទួលបានជោគជ័យ គ្រប់គណបក្សនយោបាយត្រូវមានសេរីភាពធ្វើយុទ្ធនាការដោយពុំមានការភ័យខ្លាច និងអាចជួបអ្នកបោះឆ្នោតដើម្បីពន្យល់អំពីទស្សនវិស័យ និងគោលការណ៍របស់បក្ស។ អ្នកស្រីថា វិសោធនកម្មច្បាប់គណបក្សនយោបាយនេះ គឺជាដំណើរការថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕