Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​បក្ស​កាន់​អំណាច​ហៅ​អ្នក​វិភាគ​បរទេស​ដែល​រិះគន់​លោក ហ៊ុន សែន ថា​ជា​បណ្ឌិត​អគតិ

$
0
0

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ហៅ​អ្នក​វិភាគ​បរទេស​ដែល​សរសេរ​អត្ថបទ​ស្រាវជ្រាវ​រិះគន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជា​ជន​ផ្ដាច់ការ​នោះ គឺ​ជា​បណ្ឌិត​អគតិ។ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ អ្នក​ស្រាវជ្រាវ​នយោបាយ​ជនជាតិ​អូស្ត្រាលី ឈ្មោះ លី ម័រហ្គែនប៊ែហ្សើ (Lee Morgenbesser) បាន​បញ្ចេញ​អត្ថបទ​របស់​ខ្លួន ដែល​ក្នុង​អត្ថបទ​នោះ​លើក​ឡើង​ពី​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន។

​នៅ​ក្នុង​អត្ថបទ​ស្រាវជ្រាវ​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា «ការ​ដាក់​ចំណាត់ថ្នាក់​ខុស​នៅ​មេគង្គ ដើម​កំណើត​នៃ​ការ​ដឹកនាំ​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន»។ លោក លី ម័រហ្គែនប៊ែហ្សើ បាន​សរសេរ​រៀបរាប់​ពី​លក្ខណៈ​នៃ​ភាព​ផ្ដាច់ការ​របស់​បុគ្គល ដែល​ក្នុង​នោះ​លោក​បាន​លើក​ឡើង​នូវ​ឧទាហរណ៍​នៃ​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក។

​បន្ទាប់​ពី​នោះ លោក លី ម័រហ្គែនប៊ែហ្សើ បាន​រៀបរាប់​ជា​សង្ខេប​ពី​ការ​ចូល​ប្រឡូក​ក្នុង​ជីវិត​នយោបាយ​របស់​លោក ហ៊ុន សែន និង​ពី​ការ​ឡើង​កាន់​ដំណែង​របស់​លោក​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​ផ្ដួល​រំលំ​នៅ​ឆ្នាំ​១៩៧៩ ជាពិសេស​ចាប់​ពី​លោក​បាន​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៨៥ ក្រោយ​ពី​មរណភាព​របស់​លោក ចាន់ ស៊ី។

ចាប់​តាំង​ពី​ឆ្នាំ​១៩៨៥ នោះ​មក លោក លី ម័រហ្គែនប៊ែហ្សើ បាន​បង្ហាញ​នូវ​ចំណុច​មួយ​ចំនួន​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​ដើម្បី​ថែរក្សា​ការពារ​អំណាច​របស់​លោក។ ចំណុច​ទាំង​នោះ​រួម​មាន​ការ​គ្រប់គ្រង​ការ​តែងតាំង​តំណែង​ខ្ពស់ៗ ការ​តែងតាំង​សាច់ញាតិ​របស់​លោក​ក្នុង​តំណែង​ខ្ពស់ ការ​បង្កើត និង​គ្រប់គ្រង​លើ​កង​កម្លាំង​យោធា ការ​សម្រេចចិត្ត​តែ​ឯង​ក្នុង​ការ​ដឹកនាំ​បក្ស និង​ការ​គ្រប់គ្រង​ទៅ​លើ​សមាជិក​បក្ស​ជាដើម។

សុខ ឥសាន ៨៥៥
មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA Photo: RFA

អត្ថបទ​ស្រាវជ្រាវ​លើក​ឡើង​ថា ក្រៅ​ពី​តែងតាំង​អ្នក​ដែល​ស្មោះត្រង់​នឹង​លោក ហ៊ុន សែន ឲ្យ​កាន់​តំណែង​ក្នុង​ជួរ​យោធា និង​នគរបាល លោក ហ៊ុន សែន ក៏​បាន​តែងតាំង​សាច់ញាតិ​របស់​លោក​ក្នុង​តួនាទី​សំខាន់ៗ​ផង​ដែរ ក្នុង​នោះ​មាន​តាំង​ពី​បង​ប្រុស​លោក គឺ​លោក ហ៊ុន ណេង និង​កូនៗ​គឺ​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត ដែល​សុទ្ធ​តែ​មាន​មុខ​នាទី​ខ្ពង់ខ្ពស់​ក្នុង​ជួរ​យោធា និង​លោក ហ៊ុន ម៉ានី ដែល​ជា​តំណាងរាស្ត្រ។ លោក លី ម័រហ្គែនប៊ែហ្សើ វិភាគ​ថា ការ​ផ្ដល់​តំណែង​ខ្ពស់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​យោធា​ឲ្យ​កូនៗ​ដោយ​លោក ហ៊ុន សែន ដូច​នេះ គឺ​ជា​ការ​ផ្ដល់​ឱកាស​ដែល​អាច​អោយ​ពួកគេ​ឡើង​កាន់​អំណាច​បន្ត​ពី​លោក ហ៊ុន សែន។

​ចំពោះ​ការ​បង្កើត​កម្លាំង​យោធា​វិញ អត្ថបទ​ស្រាវជ្រាវ​បង្ហាញ​ថា លោក ហ៊ុន សែន បាន​បង្កើត​កម្លាំង​អង្គរក្ស​ផ្ទាល់​ខ្លួន​ប្រមាណ ៣​ពាន់​នាក់ បង្កើត​កម្លាំង​អាវុធហត្ថ​ប្រមាណ ៨​ពាន់​នាក់​ទូទាំង​ប្រទេស បង្កើត​កងពល ង៧០ និង​កងឆ័ត្រ​យោង​៩១១ ដែល​មាន​កម្លាំង​សរុប​ប្រមាណ ៦.៥០០​នាក់​ទៀត។ កម្លាំង​ទាំង​អស់​នេះ ត្រូវ​បាន​គេ​ដឹង​ថា លោក ហ៊ុន សែន តែង​បញ្ចេញ​ប្រើប្រាស់​បង្ក្រាប​ទៅ​លើ​អ្នក​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក។

ការ​បញ្ចេញ​អត្ថបទ​ស្រាវជ្រាវ​របស់​លោក លី ម័រហ្គែនប៊ែហ្សើ នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​បាន​បោះឆ្នោត​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​បក្ស​ប្រឆាំង និង​សហគមន៍​អន្តរជាតិ​យល់​ឃើញ​ថា គឺ​ជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សេរី​ពហុបក្ស​នៅ​កម្ពុជា។

ចំពោះ​ការ​ចាត់​ទុក​លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់​ការ​នៅ​ពេល​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រតិកម្ម​ថា អ្នក​ស្រាវជ្រាវ​បរទេស លោក លី ម័រហ្គែនប៊ែហ្សើ ក្ដាប់​សភាពការណ៍​កម្ពុជា ពុំ​បាន​គ្រប់​ជ្រុងជ្រោយ​ឡើយ។

លោក សុខ ឥសាន ថ្លែង​ការពារ​ថា លោក ហ៊ុន សែន មិន​មែន​ជា​ជន​ផ្ដាច់ការ​នោះ​ទេ ប៉ុន្តែ​ជា​អ្នក​អនុវត្ត​ច្បាប់ និង​ជា​មេដឹកនាំ​ម៉ឺងម៉ាត់។

ទាក់ទង​នឹង​ការ​តែងតាំង​សាច់ញាតិ ឬ​កូនៗ​លោក ហ៊ុន សែន ឲ្យ​ឡើង​កាន់​តួនាទី​ធំៗ​វិញ លោក សុខ ឥសាន ឆ្លើយ​ថា ដោយសារ​កូនៗ​លោក ហ៊ុន សែន ជា​មនុស្ស​មាន​សមត្ថភាព៖ «ដូច​ខ្ញុំ​ថា អ៊ីចឹង​វា​ស្របតាម​លក្ខណៈ​វា​ស្រប​ទៅ​សំណូមពរ​ការងារ វា​ស្រប​ទៅ​តាម​សមត្ថភាព​របស់​ម្នាក់ៗ ហើយ​បើ​អត់​សមត្ថភាព​ទៅ​ដាក់​កន្លែង​ខ្ពស់​ម៉េច​កើត បើ​គ្មាន​សមត្ថភាព​ហើយ​ឲ្យ​ទៅ​ធ្វើ​កន្លែង​ខ្ពស់ រួច​ធ្វើ​មិន​កើត​ទើប​ចោទ​ថា បក្សពួក​គ្រួសារ​និយម ប៉ុន្តែ​គេ​ធ្វើ​កើត គេ​មាន​សមត្ថភាព គេ​មាន​សុខភាព​ល្អ គេ​មាន​សីលធម៌​ល្អ គិត​ថា​ម៉េច​ឥឡូវ ឲ្យ​តែ​កូន​នាយករដ្ឋមន្ត្រី កូន​ប្រធានាធិបតី​ធ្វើ​អី​មិន​បាន​តែម្ដង​ម៉េច?»

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) ក៏​បាន​ចេញ​របាយការណ៍​វាយ​ប្រហារ​ទៅ​លើ​គ្រួសារ​ត្រកូល "ហ៊ុន" លាតត្រដាង​ពី​ការ​កាន់​កាប់​តំណែង​ធំៗ​របស់​ត្រកូល "ហ៊ុន" ទាំង​ក្នុង​ជួរ​យោធា នគរបាល រដ្ឋាភិបាល និង​មុខ​ជំនួញ។ ចំណែក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ក៏​ធ្លាប់​ចេញ​របាយការណ៍​ស្ដីពី​ការ​ក្ដោបក្ដាប់​អំណាច​របស់​លោក ហ៊ុន សែន តាំង​ពី​ឆ្នាំ​១៩៨៥។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លើក​ឡើង​ថា ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​លោក ហ៊ុន សែន បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ រួម​មាន​ការ​កាប់​សម្លាប់​ក្រៅ​ច្បាប់ ការ​ធ្វើ​ទារុណកម្ម ការ​ចាប់​ឃុំ​ខ្លួន ការ​រារាំង​សេរីភាព​សមាគម ឬ​ការ​ជួប​ប្រជុំ និង​ការ​បង្កើត​បណ្ដាញ​ស៊ើបការណ៍​នៅ​ពេញ​ប្រទេស ក្នុង​គោលបំណង​បំភិតបំភ័យ និង​ការ​ប្រើប្រាស់​យោធា​គំរាមកំហែង​អ្នក​ប្រឆាំង​លោក​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles