អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា និងថៃ បានឯកភាពគ្នាលើការកំណត់តម្លៃពន្ធនាំត្រីចូលពីកម្ពុជា ទៅលក់នៅផ្សាររ៉ុងក្លឿ ប្រទេសថៃ រយៈពេលយូរអង្វែង។ អាជ្ញាធរខ្មែរសង្ឃឹមថា សេចក្ដីសម្រេចរួមគ្នារវាងភាគីទាំងពីរ នឹងធ្វើឲ្យកម្មករអូសរទេះ ឬអាជីវករលក់ត្រីស្ងប់ចិត្តលែងនាំគ្នាតវ៉ាបិទផ្លូវ ព្រោះតម្លៃពន្ធបានបញ្ចុះមកត្រឹម ១.២០០បាត ហើយអាចដឹកថែមគីឡូបាន។ អាជីវករនាំត្រីចូលទៅលក់ក្នុងទឹកដីថៃ បានតវ៉ា ២ព្រឹកជាប់ៗគ្នាតាំងពីថ្ងៃទី២៣ ខែកុម្ភៈ មក ដើម្បីជំទាស់នឹងការដំឡើងពន្ធដោយអាជ្ញាធរថៃ។
អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឲ្យដឹងនៅព្រលប់ថ្ងៃទី២៤ ខែកុម្ភៈ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយជាមួយភាគីថៃ នៅទីស្នាក់ការគយរបស់ថៃ ឋិតនៅខេត្តស្រះកែវ ប្រទេសថៃ ថា សេចក្ដីសម្រេចនឹងត្រូវអនុវត្ត ក្រោយមានកិច្ចព្រមព្រៀង ហើយបើមានការកែប្រែលើការបង់ពន្ធនេះ ភាគីថៃ នឹងផ្ដល់ដំណឹងជាមុនដើម្បីដោះស្រាយកុំឲ្យមានភាពចម្រូងចម្រាសបន្តទៀត។
ប្រធានទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក វួច អូន បញ្ជាក់យ៉ាងខ្លីថា ក្នុងជំនួបចរចាស្ទើរពេញមួយថ្ងៃនេះ ភាគីថៃ បានឯកភាពតាមសំណើរបស់កម្ពុជា ដែលស្នើឲ្យបញ្ចុះមកត្រឹម ១.២០០បាត ឬស្មើជាង ១២ម៉ឺនរៀលក្នុង១រទេះ ហើយក្នុងរទេះមួយអាចផ្ទុកត្រីលើសពី ១០០គីឡូក្រាម។
លោកថា ពីមុនរទេះ១ ផ្ទុកត្រី ១០០គីឡូត្រូវបង់ ៥០០បាត ប៉ុន្តែលើកនេះមានការបន្ធូរបន្ថយជាងមុន៖ «១.២០០បាតជារៀងរហូត! ប៉ុន្តែឲ្យថែមគីឡូ ធ្លាប់រាល់ដងដឹក ១០០គីឡូ ឥឡូវឲ្យថែម ២០០គីឡូ ឬ ២២០គីឡូ។ អត់អីទេ ប៉ុណ្ណឹងមានន័យថា ឯកភាពហើយ បើយើងគេឲ្យថែមគីឡូហើយ បើកាត់ទៅកាត់មកស្មើនឹង ៥០០បាតដដែល»។
កម្មករអូសរទេះដឹកត្រី និងអាជីវករដឹកត្រីពីកម្ពុជា ទៅលក់នៅទឹកដីថៃ បានផ្ទុះការតវ៉ាបិទផ្លូវរយៈពេលខ្លី នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ចំនួនពីរថ្ងៃជាប់ៗគ្នា នៅព្រឹកថ្ងៃទី២៣ និង២៤ ខែកុម្ភៈ។ ការតវ៉ានេះ ដោយសារតែពួកគេខឹងសម្បានឹងអាជ្ញាធរថៃ ដំឡើងថ្លៃពន្ធត្រីនាំចូលខ្ពស់ហួសហេតុ គឺក្នុង១រទេះតម្រូវឲ្យបង់រហូតដល់ ១.៥០០បាត ដែលខុសរាល់ដងបង់ត្រឹម ៥០០បាត ឬស្មើជាង ៥ម៉ឺនរៀល។
ការតវ៉ាឈានដល់ការចាក់ត្រីលើផ្លូវ និងបង្កឲ្យកកស្ទះចរាចរណ៍ ប៉ុន្តែអាជ្ញាធរកម្ពុជា បានចេញមុខភ្លាមៗជួបជាមួយភាគីថៃ ដើម្បីសុំបញ្ចុះតម្លៃពន្ធបណ្ដោះអាសន្នជាបន្តបន្ទាប់ តាំងពីថ្ងៃទី២៣ ខែកុម្ភៈ មក។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា សង្កេតឃើញថា ការតវ៉ាបិទផ្លូវលើកនេះ សមត្ថកិច្ចមិនបានចាប់ទោសអូសដំណើរអ្នកតវ៉ានោះទេ ហើយខ្នះខ្នែងជួយដោះស្រាយជូនអាជីវករដែលខុសពីការតវ៉ារបស់ក្រុមលោក ឌិន ពុទ្ធី និងសហគមន៍ក្រីក្រផ្សេងទៀត។
លោកថា បញ្ហានេះគួរតែក្រសួង ឬមន្ទីរពាណិជ្ជកម្មចេញមុខដោះស្រាយដែរ៖ «គាត់អាចពិនិត្យទៅលើវិវាទទាំងអស់ហ្នឹង តើត្រូវដោះស្រាយវិធីណា ត្រូវធ្វើវិធីដើម្បីឲ្យមាននិរន្តរភាព ឲ្យការលក់ដូររបស់ប្រជាពលរដ្ឋមានស្ថិរភាពយូរអង្វែង ប៉ុន្តែហាក់ដូចជាសភាពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មគេងលក់អស់ទៅ ឃើញតែអ្នកដែលមិនមែនជាអ្នកមានសមត្ថកិច្ចក្នុងការដោះស្រាយទៅចេញមុខ ទៅពើងទ្រូងថា ខ្លួនជាអ្នកអស្ចារ្យ ពេលខ្លះឃើញអភិបាលខេត្ត អភិបាលរងខេត្តចូលធ្វើការពិនិត្យមើលអ៊ីចឹងដែរ ប៉ុន្តែមិនមែនជាតួនាទី និងកាតព្វកិច្ចរបស់ខ្លួន»។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដើម្បីសុំការអត្ថាធិប្បាយបញ្ហានេះបានទេ នៅថ្ងៃទី២៤ ខែកុម្ភៈ។ តែមន្ត្រីច្រកទ្វារថា ដោះស្រាយបញ្ហានេះបានហើយ។
គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ដោយស្រង់សម្ដីរបស់នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក ស៊ឹម សំអាត ថា ក្រុមអាជីវករលក់ត្រីតវ៉ាបិទផ្លូវលើស្ពានមិត្តភាពកម្ពុជា-ថៃ រយៈពេលពីរព្រឹកនេះមិនប៉ះពាល់ដល់ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា តាមច្រកទ្វារអន្តជាតិប៉ោយប៉ែត ឡើយ។ ព្រោះអាជីវករបិទផ្លូវធំកណ្ដាលស្ពាន តែភ្ញៀវអាចចេញ-ចូលតាមច្រកសងខាងស្ពានដែលមានផ្លូវចេញ-ចូល ប៉ុន្តែបានប៉ះពាល់សណ្ដាប់ធ្នាប់ចរាចរណ៍ដឹកទំនិញចេញ-ចូលរវាងប្រទេសកម្ពុជា និងប្រទេសថៃ៕