Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ហ៊ុន សែន ណែនាំ​មន្ត្រី​ឲ្យ​រក្សា​ភ្លុក​ដំរី​ដែល​ចាប់​បាន​សម្រាប់​ការ​ដាក់​តាំង

$
0
0

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ណែនាំ​អោយ​មន្ត្រី​រក្សា​ភ្លុក​ដំរី និង​សត្វ​កម្រ​ដទៃ​ទៀត ដែល​អាជ្ញាធរ​កម្ពុជា ចាប់​បាន​នៅ​ពេល​កន្លង​ទៅ ដើម្បី​ដាក់​តាំង​បង្ហាញ​សាធារណជន។

ថ្លែង​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​​ប្រចាំ​ឆ្នាំ​នៅ​ក្រសួង​មហាផ្ទៃ លោក ហ៊ុន សែន ដែល​សរសើរ​មន្ត្រី​សមត្ថកិច្ច​តាម​ច្រក​ព្រំដែន​ថា បាន​ប្រឹងប្រែង​បំពេញ​ការងារ​នោះ​បញ្ជាក់​ថា ផ្នែក​នៃ​សរីរាង្គ​សត្វ​ទាំង​នោះ​ជា​វត្ថុ​កម្រ​ដែល​គួរ​រក្សា​ទុក។ លោក ហ៊ុន សែន រំលឹក​ថា មាន​បរទេស​ចង់​អោយ​លោក​កម្ទេច​វត្ថុ​ដែល​ចាប់​បាន​ទាំង​នោះ តែ​លោក​ថា​គួរ​រក្សា​ទុក៖ «ប៉ុន្តែ​ឥឡូវ​ខ្ញុំ​មិន​ដឹង​ថា អាមេរិក​មួយ​ណា​ទេ តែ​អាមេរិក ស្នើ​អោយ​បំផ្លាញ​ចោល ខ្ញុំ​ថា​អត់! ឃើញ​សំណើ​មក​តែ​ថា សុំ​រក្សា​ទុក​តាំង​ពិព័រណ៍​​​​​ដើម្បី​អោយ​ឃើញ ព្រោះ​នេះ​គឺ​ជា​របស់​កម្រ ​​ហើយ​វា​ជា​របស់​ដែល​វា​ជិត​ដាច់​ពូជ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក ទៀត​ផង។ ប្រទេស​នានា​ដែល​ចង់​ខ្ចី​យក​ទៅ​តាំង​ពិព័រណ៍​អាច​ដែរ ផ្ដល់​អោយ​គេ​យក​ទៅ​ដែរ​ ដើម្បី​អោយ​គេ​ឃើញ​ថា កុយរមាស មក​ពី​ប្រទេស​នេះ​​ ភ្លុក​ដំរី​មក​ពី​ប្រទេស​នោះ។ ដល់​តែ​សួរ​ពី​ប្រភព​ម៉េច​បាន​នៅ​កម្ពុជា គឺ​មក​ពី​ចាប់​បាន​នៅ​កម្ពុជា?»

មន្ត្រី​គយ និង​រដ្ឋាករ​ប្រចាំ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ កាល​ពី​ឆ្នាំ​២០១៤ ចាប់​បាន​ភ្លុក​ដំរី​ជាង ៣​តោន​នៅ​ក្នុង​កុងតឺន័រ​សណ្ដែក។ នៅ​ចុង​ឆ្នាំ​២០១៦ មាន​ភ្លុក​ដំរី​ចំនួន​ជាង​កន្លះ​តោន (៦១៣​គីឡូក្រាម) បន្ថែម​ទៀត​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​កុងតឺន័រ​ពោត ដែល​គេ​បាន​នាំ​ចូល​មក​តាម​កំពង់ផែ​នេះ​កាល​ពី​ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles