រដ្ឋបាលក្រុងព្រះសីហនុ ព្រមានដាក់ពិន័យចំពោះប្រតិបត្តិការទេសចរណ៍ ឬម្ចាស់យន្តយានគ្រប់ប្រភេទដែលមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរដែលហាមមិនឲ្យយកយានយន្តរបស់ខ្លួនទៅចតអចិន្ត្រៃយ៍អនាធិបតេយ្យនៅលើចិញ្ចើម និងទ្រូងផ្លូវសាធារណៈតាមបណ្ដោយផ្លូវ៥០២ ជាផ្លូវចេញចូលផែកប៉ាល់ ដឹកភ្ញៀវទេសចរចេញទៅកម្សាន្តតាមកោះជាប់ឆ្នេរអូរឈើទាល ដែលតែងបង្កឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃទៀតនោះ។
អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង ផ្ដល់សម្ភាសន៍ឲ្យអាស៊ីសេរី តាមទូរស័ព្ទ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ថា ផ្លូវចុះទៅផែកប៉ាល់ ឬផែទូកអូប័រដឹកភ្ញៀវទេសចរចេញទៅកម្សាន្តតាមកោះ ឬហៅថា ផ្លូវ៥០២ ដែលកន្លងមកផ្លូវនេះ នម៉ូតូកង់បីរថយន្តតាក់ស៊ី រថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្តប្រជាពលរដ្ឋប្រកបអាជីវកម្មផ្សេងៗ តាមផ្លូវនេះរាប់រយគ្រឿងបានចូលចតលើចិញ្ចើម និងទ្រូងផ្លូវនេះជាអចិន្ត្រៃយ៍រាល់ថ្ងៃ។ លោកបន្តថា ចាប់ពីពេលនេះតទៅអាជ្ញាធរក្រុងមិនអនុញ្ញាតឲ្យយានយន្តគ្រប់ប្រភេទចូលចតនៅលើទ្រូងផ្លូវសាធារណៈនេះទៀតទេ ព្រោះតែងបង្កឲ្យកកស្ទះ និងរងការរិះគន់ពីសាធារណជនរាល់ថ្ងៃ។
លោក អ៊ី សុខឡេង ឲ្យដឹងថា ចំពោះមុខសម្រាប់អ្នករត់ម៉ូតូកង់បី និងរត់តាក់ស៊ី គឺរដ្ឋបាលក្រុងអនុញ្ញាតឲ្យម៉ូតូកង់បីចំនួន ១០គ្រឿង និងរថយន្តតាក់ស៊ី ១គ្រឿង ឲ្យចូលទៅដឹកភ្ញៀវទេសចរពីផែកប៉ាល់ដឹកភ្ញៀវទេសចរ ដោយចែកវេនគ្នាចូលដឹកភ្ញៀវតាមរបៀបចូលវិលជុំ ហើយសល់ពីនោះ គឺត្រូវរង់ចាំនៅខាងក្រៅ៖ «អ្នកប្រកបរបរត់ម៉ូតូកង់បី ដែលគាត់សំណូមពរចង់ចូលម៉ូតូរបស់ពួកគាត់ចំនួន ១០គ្រឿងៗ វិលជុំចូលទៅផែកប៉ាល់ហ្នឹង គឺអាជ្ញាធរក្រុងបានយល់ព្រមតាមអស់ហើយ។ តទៅនេះ គឺយើងបានឲ្យអ្នករត់ម៉ូតូ និងអ្នករត់តាក់ស៊ី នៅផែកប៉ាល់តាមផ្លូវ ៥០២ នេះ បំពេញប្រវត្តិរូបដាក់មករដ្ឋបាលក្រុង ដើម្បីយើងងាយគ្រប់គ្រងពួកគាត់»។
ជារៀងរាល់ថ្ងៃនេះ នៅតាមបណ្ដោយផ្លូវ៥០២ មានប្រវែង ៨០០ម៉ែត្រ មានអ្នកប្រកបរបររត់ម៉ូតូកង់បី និងរថយន្តតាក់ស៊ីជាង ៧០គ្រឿង បានមកប្រកបរបរដឹកភ្ញៀវចេញចូលនៅកំពង់ផែកប៉ាល់ នៅជាប់ឆ្នេរអូរឈើទាល។ ជារៀងរាល់ថ្ងៃពួកគេតែងបានយកចិញ្ចើម និងទ្រូងផ្លូវសម្រាប់ចតរង់ចាំដឹកអ្នកដំណើរ។ ក្នុងនោះក៏មានរថយន្តដឹកភ្ញៀវទេសចរធំៗ និងរថយន្តរបស់ប្រជាពលរដ្ឋដែលបើកធ្វើអាជីវកម្មនៅអមសងខាងផ្លូវ៥០២ រាប់សិបគ្រឿងទៀតក៏បានយកចិញ្ចើម និងទ្រូងផ្លូវនេះ សម្រាប់ចតយានយន្តរបស់ពួកគេជាអចិន្ត្រៃយ៍។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី រិះគន់ថា រដ្ឋបាលខេត្តនេះ កន្លងមកបានអនុញ្ញាតឲ្យមានសំណង់រឹងមាំសង់រំលោភលើចំណីផ្លូវ៥០២ ដោយគ្មានការហាមឃាត់ និងអនុញ្ញាតឲ្យយានយន្តគ្រប់ប្រភេទចតចោលអនាធិបតេយ្យនៅលើទ្រូងផ្លូវគ្មានការហាមឃាត់ទេ។ ជាងនេះទៀត ក៏មានប្រជាពលរដ្ឋខ្លះបានដាក់តាំងស្លាកយីហោ ឬដាក់លក់ទំនិញផ្សេងៗ មកលើចិញ្ចើមផ្លូវធ្វើដំណើរអនាធិបតេយ្យជាយូរឆ្នាំមកហើយ។
អ្នកស្រី សុធារី ហាក់មិនទាន់មានជំនឿថា រដ្ឋបាលក្រុងព្រះសីហនុ អាចរៀបចំសណ្ដាប់ធ្នាប់យានយន្តគ្រប់ប្រភេទដែលតែងចតអនាធិបតេយ្យនៅតាមផ្លូវ ៥០២ ផ្លូវចេញចូលទៅផែកប៉ាល់ដឹកទេសចរនៅកម្សាន្តតាមកោះនេះមានប្រសិទ្ធភាពទេ៖ «អាជ្ញាធរគួរតែរៀបចំចំណតជាក់លាក់ណាមួយសម្រាប់ភ្ញៀវទេសចរ ពេលដែលពួកគាត់ធ្វើដំណើរមកដល់កន្លែងចំណតហ្នឹង គឺគាត់អាចចុះទៅផែកប៉ាល់ ឬពេលគាត់ឡើងពីផែកប៉ាល់មក គាត់ធ្វើដំណើរបានបន្តិចមក គាត់អាចរកចំណតសាធារណៈនេះ ដើម្បីធ្វើដំណើរបន្ត។ ប៉ុន្តែជាយូរណាស់មកហើយ យើងអត់ឃើញអាជ្ញាធរខេត្តរៀបចំចំណតនៅកន្លែងទីតាំងណាមួយដែលមនឆ្ងាយពេកពីកន្លែងអ្នកដំណើរទៅ ឬវិលពីជិះទូកវិញនោះទេ»។
ទោះជាបែបនេះក្តី លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ព្រមានថា ក្នុងករណីម្ចាស់យានយន្តទាំងអស់មិនគោរព ឬមិនចូលរួមអនុវត្តតាមការសម្រេចរបស់រដ្ឋបាលក្រុងព្រះសីហនុទេ រដ្ឋបាលក្រុងនឹងចាប់ម៉ូតូ និងរថយន្តដែលចតអនាធិបតេយ្យទាំងនោះមករក្សាទុកនៅសាលាក្រុងចំនួន ១៥ថ្ងៃ ដើម្បីជាការព្រមាន៕