
ប្រជាពលរដ្ឋចំនួន ៤គ្រួសាររស់នៅតំបន់ពយជប៉ុន ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ចោទក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន គ្រុប ហៅកាត់ថា យូ.ឌី.ជី (Union Development Group Co.,Ltd) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ ថាបានបិទផ្លូវធ្វើដំណើររបស់ពលរដ្ឋមិនឲ្យចេញចូលទៅលំនៅឋាន។
បញ្ហានេះ អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដែលទើបទទួលតំណែងថ្មីមានប្រសាសន៍ថា នឹងឲ្យមន្ត្រីក្រោមឱវាទពិនិត្យលើកង្វល់ប្រជាពលរដ្ឋ ៤គ្រួសារមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន យូ.ឌី.ជី ដើម្បីឈានដល់ជួយសម្របសម្រួលដោះស្រាយបញ្ចប់ជម្លោះដីធ្លីនេះដោយសន្តិវិធីនាថ្ងៃខាងមុខ។
ស្ត្រីវ័យចំណាស់ឈ្មោះ ងិន ម៉ុន ជាភរិយាសពលោក ប្រាក់ ថន អតីតតំណាងពលរដ្ឋមានទំនាស់ដីធ្លីនៅចំណុចពយជប៉ុន មានលំនៅឋានក្នុងភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ បានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយពិនិត្យសកម្មភាពរបស់ក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន ដែលធ្វើរបងហ៊ុមព័ទ្ធផ្លូវចេញចូលផ្ទះពលរដ្ឋ ៤គ្រួសារ មិនឲ្យធ្វើដំណើរឆ្លងកាត់នៅពេលនេះ។
ស្ត្រីរូបនេះបានចោទអាជ្ញាធរឃុំកោះស្ដេច អភិបាលស្រុកគិរីសាគរ ថាមិនបានជួយឈឺឆ្អាលដោះស្រាយកង្វល់ដែលត្រូវក្រុមហ៊ុនបិទផ្លូវចេញចូលភូមិ និងលំនៅឋាននេះទេ ហើយការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទាល់តែមានការអនុញ្ញាតពីកងសន្តិសុខក្រុមហ៊ុន និងកម្លាំងសមត្ថកិច្ចដែលក្រុមហ៊ុនជួលឲ្យប្រចាំការយាមរបងទើបហ៊ុមព័ទ្ធថ្មី ទើបអាចឆ្លងកាត់បាន។
ស្ត្រីឈ្មោះ ងិន ម៉ុន ឲ្យដឹងថា ចាប់តាំងពីក្រុមហ៊ុន យូ.ឌី.ជី បង្ហាញវត្តមាននៅឃុំកោះស្ដេច មក មានវត្តអារាមមួយនៅចំណុចពយជប៉ុន ឬហៅថាវត្តពយជប៉ុន ត្រូវបិទទ្វារ ដោយសារក្រុមហ៊ុនបញ្ជាឲ្យសមត្ថកិច្ចមូលដ្ឋាននេះបង្ខំបណ្ដេញព្រះសង្ឃឲ្យចាកចេញមិនឲ្យគង់ក្នុងវត្តកាលពីប៉ុន្មានឆ្នាំកន្លងទៅ ហើយបច្ចុប្បន្ន វត្តពយជប៉ុន ត្រូវបិទទ្វារគ្មានព្រះសង្ឃគង់ដូចកាលពីជំនាន់ ប៉ុល ពត អ៊ីចឹងដែរ៖ «»។
ស្ត្រីវ័យចំណាស់ម្នាក់ទៀតឈ្មោះ អ៊ុក សាវន មានផ្ទះរស់នៅតំបន់ពយជប៉ុន ភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ស្ថិតក្នុងចំណោមពលរដ្ឋ ៤គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន យូ.ឌី.ជី។ ស្ត្រីរូបនេះបានសំណូមពរដល់អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ដែលទើបទទួលបានតំណែងថ្មី ជួយសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីជាមួយក្រុមហ៊ុន យូ.ឌី.ជី ជូនពួកគាត់ដែលនៅសេសសល់ចំនួន ៤គ្រួសារ ឲ្យមានយុត្តិធម៌ផង។
ពលរដ្ឋរងគ្រោះដីធ្លីរូបនេះ ឲ្យដឹងថា កន្លងទៅ ពលរដ្ឋពួកគាត់បានទាមទារឲ្យក្រុមហ៊ុនចិន យូ.ឌី.ជី ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍វិស័យទេសចរណ៍ពីរដ្ឋាភិបាល ឲ្យកាត់ឆ្វៀលដីចម្ការ និងលំនៅឋានជូនពលរដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគាត់សុខចិត្តទទួលយកសំណងជាលុយកាក់ជំនួសឲ្យការកាត់ឆ្វៀលដី បើក្រុមហ៊ុនផ្តល់សំណងជូនពួកគាត់ទាំង ៤គ្រួសារឲ្យបានសមរម្យ៖ «»។
អ្នកសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តកោះកុង លោក អ៊ិន គង់ជិត ដែលបានចុះអង្កេតផ្ទាល់ដល់ចំណុចពយជប៉ុន ឃុំកោះស្ដេច ស្រុកគិរីសាគរ ទទួលស្គាល់ថា ពលរដ្ឋទាំង ៤គ្រួសារពិតជាត្រូវក្រុមហ៊ុន យូ.ឌី.ជី ធ្វើរបងហ៊ុមព័ទ្ធផ្លូវចេញចូលទៅលំនៅឋានរបស់ប្រជាពលរដ្ឋទាំង ៤គ្រួសារពិតមែន។ លោកថា ពលរដ្ឋនៅសល់ ៤គ្រួសារនេះ គឺជាប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន យូ.ឌី.ជី នៅសល់ចុងក្រោយដែលមិនទាន់មានដំណោះស្រាយពីក្រុមហ៊ុន ជាថ្នូរចាកចេញពីលំនៅឋាន។
អ្នកឃ្លាំមើលការគោរពសិទ្ធិមនុស្សរូបនេះ ចាត់ទុកសកម្មភាពធ្វើរបងហ៊ុមព័ទ្ធមិនឲ្យប្រជាពលរដ្ឋ ៤គ្រួសារធ្វើដំណើរឆ្លងកាត់ចូលលំនៅឋានធ្លាប់រស់នៅជាយូរឆ្នាំ ថាបានរំលោភដល់សិទ្ធិប្រជាពលរដ្ឋទាំង ៤គ្រួសារ ដែលបានរស់នៅជាអចិន្ត្រៃយ៍នាមូលដ្ឋាននេះយូរឆ្នាំមកហើយ។
បន្ថែមលើនេះ លោក អ៊ិន គង់ជិត បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ចាប់ពីថ្នាក់មូលដ្ឋានឃុំ ស្រុក រហូតដល់អភិបាលខេត្តកោះកុង គួរបញ្ឈប់សកម្មភាពគំរាមកំហែងប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនតទៅទៀត ហើយត្រូវងាកមកជួយរកដំណោះស្រាយសម្របសម្រួលជាមួយក្រុមហ៊ុន ឈានដល់ផ្តល់សំណងសមរម្យជូនពលរដ្ឋទាំង ៤គ្រួសារ ដើម្បីឲ្យពួកគាត់ព្រមចាកចេញពីដីលំនៅឋានដោយមានការឯកភាព និងដោយសន្តិវិធី។
ជម្លោះនេះដែរ លោក គង់ជិត បានស្នើដល់អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ដែលទើបទទួលបានតំណែងថ្មី លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយសម្របសម្រួលដោះស្រាយបញ្ចប់វិវាទដីធ្លីជូនពលរដ្ឋនៅសល់ ៤គ្រួសារចុងក្រោយដែលមានទំនាស់ជាមួយក្រុមហ៊ុនចិន យូ.ឌី.ជី ឲ្យបានឆាប់។ ជាងនេះ ក៏ត្រូវអន្តរាគមន៍បើករបងសំណាញ់ហ៊ុមព័ទ្ធលំនៅឋានពលរដ្ឋ ដែលក្រុមហ៊ុន យូ.ឌី.ជី បានបិទផ្លូវចេញចូល ដើម្បីអាចឲ្យពលរដ្ឋអាចធ្វើដំណើរបានទូលំទូលាយដូចពេលមុនវិញ៖ «»។
ចំណែកលោក ញៀប សំអឿន អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តកោះកុង ដែលបានតាមដានជម្លោះដីធ្លីរវាងពលរដ្ឋនៅចំណុចពយជប៉ុន ឃុំកោះស្ដេច ស្រុកគិរីសាគរ ជាមួយក្រុមហ៊ុនចិន យូ.ឌី.ជី យូរឆ្នាំ ក៏បានស្នើដល់ប្រមុខដឹកនាំរដ្ឋាភិបាល ជួយអន្តរាគមន៍ជំរុញទៅក្រុមហ៊ុន ឲ្យងាកមកដោះស្រាយសំណងឲ្យបានសមរម្យជូនពលរដ្ឋនៅសល់ ៤គ្រួសារនេះផង។
អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ក៏សំណូមដល់កម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន គួរលះបង់សកម្មភាពគំរាមកំហែងតាមគ្រប់រូបភាពរបស់ខ្លួន ដែលធ្លាប់បង្ខំបណ្ដេញពលរដ្ឋឲ្យចាកចេញពីដីធ្លីធ្លាប់រស់នៅកន្លងទៅដើម្បីផ្គាប់ចិត្តក្រុមហ៊ុន ត្រូវតែបញ្ឈប់ទង្វើនេះកុំឲ្យកើតមានតទៅទៀត៖ «»។
អាស៊ីសេរី មិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន ហៅកាត់ថា យូ.ឌី.ជី ដើម្បីបំភ្លឺលើករណីដែលប្រជាពលរដ្ឋ ៤គ្រួសារ ចោទធ្វើរបងបិទផ្លូវចេញចូលលំនៅឋាននៅចំណុចពយជប៉ុន ឃុំកោះស្ដេច ស្រុកគិរីសាគរ នេះទេ នៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា។
ចំណែកអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ដែលទើបចូលកាន់តំណែងថ្មី ផ្តល់សម្ភាសតាមទូរស័ព្ទឲ្យអាស៊ីសេរីដឹងនៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ថា នឹងឲ្យមន្ត្រីពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលខេត្តនេះ ចុះពិនិត្យជាក់ស្តែង ដែលក្រុមហ៊ុនចិន យូ.ឌី.ជី ត្រូវប្រជាពលរដ្ឋ ៤គ្រួសាររស់នៅចំណុចពយជប៉ុន ភូមិព្រែកស្មាច់ ស្រុកកោះស្ដេច បានលើកពីកង្វល់ដើម្បីឈានទៅរកដំណោះស្រាយ។
អ្នកស្រីអភិបាលខេត្តកោះកុង ស្នើសុំពេលវេលាដើម្បីទុកឱកាសឲ្យអ្នកស្រីមានពេលវេលាពិនិត្យទៅលើឯកសារនៃវិវាទដីធ្លីរវាងប្រជាពលរដ្ឋនៅសល់ ៤គ្រួសារ មានទំនាស់ជាមួយក្រុមហ៊ុន យូ.ឌី.ជី នៅឃុំកោះស្ដេច ស្រុកគិរីសាគរ ឲ្យបានត្រឹមត្រូវជាមុនសិន ព្រោះអ្នកស្រីទើបមកទទួលតួនាទីជាអភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៣ ខែមិថុនា ប៉ុណ្ណោះ៖ «»។
ក្រុមហ៊ុន យូញៀន ឌីវីឡុបមែន គ្រុប ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន លើផ្ទៃដីឧទ្យានជាតិបុទុមសាគរ មានទំហំ ៣ម៉ឺន ៦ពាន់ហិកតារ ដើម្បីអនុវត្តគម្រោងទីក្រុងទេសចរណ៍តំបន់ឆ្នេរនាមូលដ្ឋាននេះកាលពីឆ្នាំ២០០៨៕