
មន្ត្រីរាជការ អង្គការសង្គមស៊ីវិល សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង ៤០០នាក់ នៅខេត្តរតនគិរី បាននាំគ្នាប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក នៅមាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី រួមជាមួយការរត់ម៉ារ៉ាតុង និងចែកចាយកូនឈើសម្រាប់ដាំ ដែលជាការរឹតចំណងសាមគ្គីភាពគ្នាបន្ថែមដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិឲ្យបានកាន់តែប្រសើរ។
មន្ទីរបរិស្ថានខេត្តរតនគិរី បានរៀបចំកូនឈើ ធុងសំរាម និងបង្កើតក្រុមកីឡារត់ប្រណាំងម៉ារ៉ាតុងជុំវិញមាត់បឹងកន្សែង នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ដើម្បីបង្ហាញសាធារណជននៅក្រុងបានលុង ឲ្យយកចិត្តទុកសាមគ្គីគ្នាលុបបំបាត់ការបំពុលបរិស្ថាន ដូចជាការកាប់បំផ្លាញដើមឈើ បញ្ហាសំរាម កាកសំណល់រឹង មានថង់ និងដបប្លាស្ទិកជាដើម។
ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី លោក ផុន ខេមរិន្ទ កត់សំគាល់ថា ថ្វីត្បិតអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធខិតខំជំរុញឲ្យប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការបង្កើនស្មារតីការពារបរិស្ថានយ៉ាងណាក្តី រហូតបច្ចុប្បន្នផលប៉ះពាល់ផ្នែកបរិស្ថាននៅតែបន្តកើតមាន ដូចជាការថយចុះនៃព្រៃឈើ ការបំពុលដោយសំរាមនៅតាមទីប្រជុំជន ទីផ្សារ និងកន្លែងកម្សាន្តសាធារណៈ ជាពិសេសការបន្សល់កាកសំណល់រឹងមានថង់ ឬដបប្លាស្ទិកជាដើម។
លោកថា ការចូលរួមរបស់មនុស្សគ្រប់រូប គឺជាកត្តាសំខាន់អាចកាត់បន្ថយផលប៉ះពាល់បរិស្ថានបានកាន់តែប្រសើរ៖ «សព្វថ្ងៃយើងកំពុងដោះស្រាយព្យាយាមជាជំហានៗឲ្យមានការគាំទ្រពីអាជ្ញាធរខេត្ត ក៏ដូចជំនាញពាក់ព័ន្ធនាំគ្នាទប់ស្កាត់ការកើនឡើងថង់ប្លាស្ទិកនៅក្នុងខេត្ត និងតំបន់រមណីយដ្ឋាន»។
ប្រធានបទសម្រាប់ចូលរួមទិវាបរិស្ថានជាតិ និងពិភពលោកឆ្នាំនេះ ផ្ដោតទៅលើការផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិធ្វើឡើងក្នុងគោលបំណងឲ្យមនុស្សចេញស្រឡាញ់ធម្មជាតិ និងឈប់បំផ្លាញធម្មជាតិដែលជាផ្នែកមួយនៃកិច្ចការពារបរិស្ថានសម្រាប់ជីវិតមនុស្សពេលបច្ចុប្បន្ន។
សមាជិកសហភាពសហព័ន្ធយុវជនសង្កាត់បឹងកន្សែង លោក គង់ ខាន កត់សំគាល់ថា សំរាមនិងសារធាតុប្លាស្ទិក រួមទាំងការកាប់បំផ្លាញព្រៃឈើនៅតែជាកង្វល់សម្រាប់ការរស់នៅរបស់ពលរដ្ឋ។ លោកថា កន្លងទៅនេះចលនានាំគ្នារើសសំរាមនៅតាមទីសាធារណៈ គឺជាគំរូ និងបង្ហាញឲ្យទាំងអស់គ្នាយកចិត្តទុកដាក់លុបបំបាត់បញ្ហានេះ៖ «មូលសំរាម ជាពិសេសតាមបឹងកន្លងទៅយើងចូលរួមបានយ៉ាងច្រើន ហើយក្រៅពីនោះយើងបានដាំកូនឈើនៅវត្តកំពូលភ្នំស្វាយ និងតាមផ្លូវ»។
ប្រធានកម្មវិធីអង្គការសង្គ្រោះសត្វព្រៃកម្ពុជា ប្រចាំខេត្តរតនគិរី លោក វណ្ណ និមល បញ្ជាក់ថា ល្បឿននៃការកាត់បន្ថយការបំផ្លាញបរិស្ថាននៅមិនទាន់មានលទ្ធផលជាដុំកំភួនទេ ជាពិសេសបញ្ហាថង់ និងដបប្លាស្ទិក លោកថា សារធាតុប្លាស្ទិកបង្កផលប៉ះពាល់គុណភាពដី និងបំពុលបរិស្ថានទាំងក្នុងទឹក និងដីគោកទៀតផង៖ «យើងមើលឃើញថា ការអប់រំទៅដល់ប្រជាពលរដ្ឋ ការអប់រំទៅដល់អាជ្ញាធរពាក់ព័ន្ធ ឬការធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ គឺជាផ្នែកមួយសំខាន់ក្នុងកិច្ចគាំពារបរិស្ថាន»។
ចំណែកអភិបាលក្រុងបានលុង លោក ងិន ណែល បញ្ជាក់ថា កាលពីឆ្នាំ២០១៦ អាជ្ញាធរក្រុងបានអនុវត្តយុទ្ធសាស្ត្រឲ្យប្រជាពលរដ្ឋប្រមូលថង់ និងដបប្លាស្ទិកនៅតាមទីសាធារណៈមកដូរពងមាន់ ដើម្បីរួមចំណែកកាត់បន្ថយការបំពុលដោយសារធាតុប្លាស្ទិក។ លោកថា នឹងរៀបចំការអប់រំ និងយុទ្ធសាស្ត្រថ្មីនៅឆ្នាំក្រោយនេះ ដើម្បីកាត់បន្ថយការបំពុលដោយសារធាតុប្លាស្ទិក ឲ្យបានកាន់តែច្រើន៖ «យើងដូរពងមាន់មួយគ្រាប់ ថង់ប្លាស្ទិក ៣០ ហើយពងមាន់មួយគ្រាប់ក៏ដូចដបប្លាស្ទិក បាន១០។ យើងយកកាកសំណល់នេះទុកដើម្បីកែច្នៃទេ»។
តួលេខរបស់អាជ្ញាធរក្រុងបានលុង ឲ្យដឹងថា យ៉ាងហោចណាស់មានសំរាម និងជាតិប្លាស្ទិក មានដប និងថង់ដែលអាជីវករប្រើប្រាស់សម្រាប់វេចខ្ចប់មានបរិមាណជាង ៣០តោនក្នុងមួយថ្ងៃ ត្រូវបានបន្សល់ចោលក្នុងធុងសំរាម ឬទីសាធារណៈ៕