
សាសនិកឥស្លាមនៅទូទាំងពិភពលោកបានបំពេញកាតព្វកិច្ចបួសនៅក្នុងខែដ៏ពិសិដ្ឋ គឺខែរ៉ាម៉ាដន (Ramadan) ដែលជាខែតមចំណីអាហារ ឬហៅថា បួស។ ការតមចំណីអាហាររបស់សាសនិកឥស្លាម ឬបួស គឺធ្វើពេញមួយថ្ងៃក្នុងរយៈពេលមួយខែ។ សម្រាប់នៅកម្ពុជា ជនជាតិចាម ឬអ្នកកាន់សាសនាឥស្លាម បានចាប់ផ្ដើមបួសតាំងពីថ្ងៃសៅរ៍ ទី២៧ ខែឧសភា មក។
នៅក្នុងខែបួសនេះ សាសនិកឥស្លាមមិនត្រឹមតែបួសមួយមុខប៉ុណ្ណោះទេ ពួកគាត់បានបំពេញភារកិច្ចផ្សេងៗទៀត ដោយមានជំនឿថា ទង្វើល្អនៅក្នុងខែនេះ នឹងទទួលបានការតបស្នងផលបុណ្យដ៏ច្រើនលើសលប់ពីព្រះអល់ឡោះ។
តើសាសនិកឥស្លាមធ្វើអ្វីខ្លះនៅក្នុងខែរ៉ាម៉ាដន ឬខែបួសនេះ?
ការតមចំណីអាហារ ឬបួសនៅពេលថ្ងៃ គឺជាកាតព្វកិច្ចរបស់សាសនិកឥស្លាមនៅទូទាំងពិភពលោកដែលបួសមានលក្ខណៈដូចគ្នាទាំងអស់ ពីព្រោះថា ការបួសនេះជាកាតព្វកិច្ចទី៤ នៅក្នុងមូលដ្ឋានគ្រឹះទាំង៥ របស់សាសនាឥស្លាម។ សម្រាប់នៅកម្ពុជា សាសនិកឥស្លាមបានបំពេញកាតព្វកិច្ចបួសមានរយៈពេលជិត ៣០ថ្ងៃហើយមកទល់ពេលនេះ។
មនុស្សទូទៅ នៅពេលឮថាបួសតាមក្បួនច្បាប់ឥស្លាម ប្រាកដជាពោលពាក្យថា លំបាក ឬមិនអាចធ្វើបានចំពោះការតមចំណីអាហារពេលថ្ងៃសូម្បីតែទឹក។ ក៏ប៉ុន្តែចំពោះអ្នកប្រកាន់សាសនាឥស្លាមវិញ ពួកគាត់មានក្ដីរំភើបទទួលស្វាគមន៍ខែនេះមកដល់យ៉ាងសប្បាយរីករាយឥតរួញរា ដោយសារតែគេយល់ថា ខែនេះជាខែដ៏ពិសិដ្ឋក្នុងមួយឆ្នាំមានតែម្ដង ដែលជាខែទី៩ នៃមហាម៉ាត់សករាជ។ ការតមអាហារក្នុងខែរ៉ាម៉ាដន ត្រូវបានច្បាប់ឥស្លាម បង្គាប់ប្រើដល់អ្នកកាន់សាសនាឥស្លាម គ្រប់ស្រទាប់វណ្ណៈ ត្រូវតែអនុវត្តមិនគិតអំពីអ្នកមាន ឬអ្នកក្រនោះទេ។
ការតមចំណីអាហារ ឬបួសនេះ ដើម្បីបង្ហាញពីភាពស្មោះស្ម័គ្ររបស់សាសនិកឥស្លាមចំពោះព្រះអល់ឡោះ ជាម្ចាស់ ហើយព្រះអល់ឡោះ បានដាក់កាតព្វកិច្ចបួសដល់អ្នកកាន់សាសនាឥស្លាមទាំងអស់ ដើម្បីជាការដាស់តឿនដល់មនុស្សគ្រប់រូបឲ្យដឹងអំពីរសជាតិនៃការអត់ឃ្លាន និងជាការផ្សារភ្ជាប់សុខទុក្ខគ្នារវាងអ្នកមាន និងអ្នកក្រ ហើយរបៀបរបបនៃការតមចំណីអាហាររបស់សាសនិកឥស្លាម ក្នុងខែរ៉ាម៉ាដន នេះ គឺតមអាហារនៅពេលថ្ងៃ ចាប់ពីពេលសេតារុណរះរហូតទល់ថ្ងៃលិច។
អល់ឡោះ បានដាក់លក្ខខណ្ឌមួយចំនួនចំពោះអ្នកដែលបួសនោះ គឺទី១ អ្នកកាន់សាសនាឥស្លាម ហើយបើសិនជាអ្នកមិនមែនឥស្លាមទេ សូម្បីគាត់សុំបួសក៏សាសនាមិនទទួលស្គាល់ដែរ។ ទី២ អ្នកដែលមានកម្លាំងពេញ ពិសេសអ្នកដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង។ ទី៣ មានបញ្ញាញាណគ្រប់គ្រាន់គេហៅថា មិនមែនអ្នកវិកលចរិត ឬក៏អ្នកឆ្កួតទេ និងទី៤ អ្នកដែលមានលទ្ធភាព។ លទ្ធភាពបានន័យថា មិនមែនអ្នកឈឺ មិនមែនអ្នករបួស មិនមែនអ្នកកំពុងមានឈាមរដូវ មិនមែនអ្នកឆ្លងទន្លេ មិនមែនអ្នកបំបៅកូន ពោលគឺអ្នកដែលអាចអត់ទ្រាំ ឬបួសបានដល់ល្ងាច ឬថ្ងៃលិច។ ចំពោះអ្នកនោះធ្វើដំណើរឆ្ងាយមិនអាចបួសបានទេ ព្រះអនុគ្រោះឲ្យដាច់បួសបាន តែត្រូវបំពេញវិញនៅខែបន្ទាប់ ឬនៅពេលមានលទ្ធភាព។
ព្យាការី ឬអ្នកនាំសារមហាម៉ាត់មានប្រសាសន៍ថា “នរណាបួសខែរ៉ាម៉ាដន ដោយយកចិត្ត មានជំនឿប្រាថ្នាចង់បានផលបុណ្យ គឺអល់ឡោះ នឹងអភ័យទោសដល់អ្នកនោះនូវទោសកំហុសដែលបានប្រព្រឹត្តកន្លងមកហួស”។
ម្យ៉ាងវិញទៀត ព្រះអល់ឡោះ មានបន្ទូលនៅក្នុងគម្ពីរអាល់គួរអានថា (Al Quran) (សំឡេងសូត្រ គួរអាន...) មានន័យថា “ឱ! ពួកអ្នកមានជំនឿទាំងឡាយ គេបានដាក់កាតព្វកិច្ចបួសទៅលើពួកអ្នកដូចដែលគេបានដាក់កាតព្វកិច្ចនេះទៅលើមនុស្សជំនាន់មុនដែរសង្ឃឹមថា ពួកអ្នកនឹងកោតខ្លាច”។
នៅក្នុងខែរ៉ាម៉ាដននេះ ឋានសួគ៌ទាំងឡាយត្រូវបានបើកចំហ និងឋាននរកត្រូវបានបិទជិត ថែមទាំងព្រាយបិសាចត្រូវបានឃុំឃាំងទាំងអស់។ រីឯអំពើល្អដែលគេបានសាងនៅក្នុងខែនេះ ត្រូវបានអល់ឡោះប្រទានជូនទ្វេដង បាបកម្មទាំងឡាយក៏ត្រូវបានលើកលែងដែរ។ លើសពីនេះទៀត រាល់ទង្វើល្អទាំងឡាយដែលសាសនិកឥស្លាមបានធ្វើ គេនឹងទទួលបានផលប្រយោជន៍ក្រោយពីគេស្លាប់ និងនៅថ្ងៃបរលោក។ ចំពោះអ្នកដែលបដិសេធក្នុងការបួសនោះ គឺជាប្រការដែលខុសឆ្គងជាទីបំផុត។
លើសពីនេះទៀត សាសនិកឥស្លាមតាំងពីជំនាន់មិត្ត ភក្ដិរបស់អ្នកនាំសាររបស់អល់ឡោះ គឺមហាម៉ាត់ និងអ្នកដែលបន្ទាប់ពីមិត្ត ភក្ដិរបស់មហាម៉ាត់នោះ ពួកគេទាំងអស់គ្នាយកចិត្តទុកដាក់បំផុតចំពោះខែរ៉ាម៉ាដន និងសប្បាយរីករាយនៅពេលដែលខែនេះបានចូលមកដល់។ ពួកគេទាំងនោះបានបួងសួងចំពោះអល់ឡោះ សុំទ្រង់ប្រទានឲ្យពួកគេបានជួបខែដ៏ប្រពៃនេះ។ ម្យ៉ាងទៀតពួកគេក៏បួងសួងសុំចំពោះអល់ឡោះ សូមឲ្យទ្រង់ទទួលយកនូវអំពើល្អរបស់ពួកគេ។ ពួកគេបានបំពេញកាតព្វកិច្ចបួសរៀងរាល់ថ្ងៃក្នុងខែនេះ និងខំរក្សាអំណត់បួសដោយចៀសវាងពីប្រការដែលនាំឲ្យខូចបួស ដែលច្បាប់ឥស្លាមហាមឃាត់ ដូចជាការនិយាយដើមគេ ការចាក់រុក ការភូតកុហក ការកេងប្រវ័ញ្ចគេ ការរួមមេត្រីភាពរវាងប្ដីប្រពន្ធក្នុងពេលថ្ងៃ និងហាមមិនឲ្យបង្កជម្លោះជាមួយអ្នកដទៃជាដាច់ខាត។ បើសិនជាអ្នកណាមិនអាចហាមខ្លួនឯងបានទេ ការតមអាហារនោះត្រូវបានចាត់ទុកជាអសារបង់ ឬមិនបានផលបុណ្យអ្វីពីព្រះអល់ឡោះ ទេ។
ព្យាការីមហាម៉ាត់ ឬអ្នកនាំសាររបស់ព្រះអល់ឡោះ បញ្ជាក់ថា បួសគឺជារបាំងមួយដែលការពារអំពីភ្លើងនរក ដូចជារបាំងរបស់ពួកអ្នកដែលការពារពួកអ្នកអំពីសង្គ្រាម ហើយនៅក្នុងឋានសួគ៌មានទ្វារមួយដែលមានឈ្មោះថា រ៉យ្យ៉ាន នាថ្ងៃបរលោកពួកអ្នកដែលបានបួសគឺចូលឋានសួគ៌តាមច្រកទ្វារនោះ គ្មាននរណាម្នាក់ក្រៅពីពួកអ្នកបួសចូលឡើយ។ ពេលនោះគេបានអំពាវនាវរកអ្នកដែលបានបួស ហើយអ្នកដែលបានបួសនាំគ្នាក្រោកឈរឡើងនៅពេលដែលពួកគេបានចូលរួច គេបានបិទទ្វារនោះជិត គេមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ក្រៅពីពួកអ្នកបួសចូលទេនៅទ្វារនោះ។
ដោយសារតែខែរ៉ាម៉ាដន ជាខែពិសិដ្ឋដែលមានចែងនៅក្នុងគម្ពីរអាល់គួរអាន ហើយសាសនិកឥស្លាមទូទាំងពិភពលោកបានប្រតិបត្តិនោះ សម្រាប់នៅកម្ពុជាវិញ មេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរនៅក្នុងរដ្ឋសភា ក៏បានយកចិត្តទុកដាក់លើជនជាតិចាមកាន់សាសនាឥស្លាមដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារជូនពរដល់សាសនិកឥស្លាមនៅកម្ពុជា និងនៅទូទាំងពិភពលោកនៅក្នុងឱកាសបួសនៅខែរ៉ាម៉ាដន ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ត្រូវនឹងឆ្នាំ១៤៣៨ មហាម៉ាត់សករាជ។ លោក ហ៊ុន សែន ជូនពរឲ្យសាសនិកឥស្លាមទាំងអស់ទទួលបានសេចក្ដីសុខសប្បាយ ក្ដីមេត្តា ករុណាពីព្រះអល់ឡោះ ជាម្ចាស់គ្រប់ៗគ្នា ដោយទទួលយកនូវកុសលទាំងអស់ដែលសាសនិកឥស្លាមបានសាង។ ក្រៅពីនេះទៀត លោក ហ៊ុន សែន ក៏រៀបចំពិធីស្រាយបួសដល់សាសនិកឥស្លាមដែលជាសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា របស់លោកដែរ កាលពីថ្ងៃទី១៥ ខែមិថុនា។
រីឯប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា វិញ ក៏បានចេញសារជូនពរសាសនិកឥស្លាមដែរ។ សារលិខិតរបស់លោក កឹម សុខា សរសេរថា ពេលនេះគឺជាខែរ៉ាម៉ាដន ដែលខែមួយមហាវិសេសវិសាលបំផុតក្នុងចំណោមខែទាំង ១២ របស់សាសនិកឥស្លាមនៅទូទាំងពិភពលោកតាំងពីសម័យព្យាការី មហាម៉ាត់មក។ នៅក្នុងឱកាសដ៏ពិសិដ្ឋនៃខែរ៉ាម៉ាដននេះ តាងនាមឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានជូនពរ និងបួងសួងដល់ព្រះអល់ឡោះ សូមទ្រង់ប្រទាននូវសេចក្ដីសុខសប្បាយ សេចក្ដីល្អប្រកបដោយធម៌ សេចក្ដីអាណិតស្រលាញ់ និងសុខភាពបរិបូរណ៍ (សេចក្ដី សាឡាម៉ាត់ ពើរ៉កាត់ រ៉ោះម៉ាត់ និងអាហ្វីយ៉ាត់) ជូនដល់សាសនិកឥស្លាមទូទាំងពិភពលោក ជាពិសេសអ្នកកាន់សាសនាឥស្លាមនៅកម្ពុជា ទាំងអស់។ គណបក្សសង្គ្រោះជាតិ ក៏រៀបចំពិធីស្រាយបួសនេះ ដល់សាសនិកឥស្លាមនៅទីស្នាក់ការបក្សរបស់ខ្លួនដែរ កាលពីថ្ងៃទី២០ ខែមិថុនា។
ក្រៅពីបួសនេះ ព្រះអល់ឡោះ បានតម្រូវឲ្យអ្នកមានលទ្ធភាពបរិច្ចាគទាន ឬការផ្ដល់ចំណីអាហារឲ្យបួស ឬអ្នកក្រីក្រនោះ ការសូត្រគម្ពីរអាល់គួរអាន និងការថ្វាយបង្គំតារ៉វែស នៅពេលយប់ ព្រោះថា អំពើល្អទាំងឡាយដែលបានធ្វើនៅក្នុងខែនេះ មានផលបុណ្យច្រើនជាងខែដទៃទៀត។
អ្នកជំនាញខាងច្បាប់ឥស្លាមដែលបញ្ចប់ការសិក្សាមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត លោក ហ្គោសាលី សឡេះ បានពន្យល់នៅក្នុងកិច្ចសម្ភាសន៍មួយនៃមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាថា នៅក្នុងខែរ៉ាម៉ាដន នេះ សាសនិកឥស្លាមទាំងឡាយត្រូវតែសូត្រគម្ពីរអាល់គួរអាន នៅឲ្យបានកាន់តែច្រើន ព្រោះអ្នកដែលសូត្រអាល់គួរអាន អ្នកនោះនឹងមិនវង្វេងទេនៅថ្ងៃបរលោក៖ «ពីព្រោះការសូត្រគួរអាននេះផ្ដល់នូវពន្លឺរស្មីមួយនៅលើពិភពផែនដីនេះ ហើយគេនឹងរក្សាទុកឲ្យអ្នកនូវផលបុណ្យទៅថ្ងៃក្រោយ (បរលោក) អ៊ីចឹងមានន័យថា អ្នកចងចាំគួរអាន អ្នកសូត្រគួរអាន គឺនឹងទទួលពន្លឺរស្មីពីអល់ឡោះជាម្ចាស់»។
ចំពោះការសឡាត ឬថ្វាយបង្គំតារ៉វែស នៅពេលយប់រយៈពេលពេញមួយខែបួសនេះវិញ គឺអ្នកកាន់សាសនាឥស្លាម ទាំងអស់ចង់ជួបយប់មួយឈ្មោះថា Layla Tul-Qadar ជាយប់មួយដ៏វិសេសវិសាលបំផុត គ្មានយប់ណាល្អដូចយប់នេះទេ ព្រោះអល់ឡោះ បានបញ្ជាក់ថា នរណាហើយបានគោរពសក្ការទៅចំពោះទ្រង់ចំនឹងយប់ Layla Tul-Qadar មួយយប់នោះ ស្មើនឹងការគោរពសក្ការចំនួន ១ពាន់ខែ បើគិតជាឆ្នាំ គឺជាង ៨៣ឆ្នាំ ហើយយប់នេះជាយប់ដែលអល់ឡោះ បានបញ្ចុះគម្ពីរអាល់គួរអាន នៅក្នុងខែបួសនេះដែ។
សំឡេងសូត្រគួរអាន ដែលមានន័យថា ពិតប្រាកដណាស់យើងបានបញ្ចុះគម្ពីរអាល់គួរអាន នៅក្នុងយប់អាល់កឌើរ៍ ហើយតើអ្វីដែលធ្វើឲ្យអ្នកដឹងថា អាល់កឌើរ៍ជាអ្វីនោះ? យប់អាល់កឌើរ៍នោះ គឺប្រសើរជាង ១ពាន់ខែ ម៉ាឡាអ៊ីកាត់ជាច្រើន និងជីព្រអេល ចុះមកក្នុងយប់នោះដែលមានការអនុញ្ញាតពីម្ចាស់របស់ពួកគេដើម្បីអនុវត្តរាល់បទបញ្ជានៅក្នុងយប់នោះដែរ ពោរពេញទៅដោយសេចក្ដីសុខសន្តិភាពរហូតដល់ហ្វាជើរលិចឡើង។
គិតត្រឹមថ្ងៃទី២២ ខែមិថុនានេះ សាសនិកឥស្លាមនៅកម្ពុជា បួសបានចំនួន ២៧ថ្ងៃហើយ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពីកាត្រៀមមើលខ្នើតខែស្ហាវ៉ាល់ ដើម្បីកំណត់ថ្ងៃចេញបួសរ៉ាម៉ាដន ឆ្នាំ២០១៧។ លិខិតនេះបានជូនដំណឹងដល់អ៊ីមាំគ្រប់ជាន់ថ្នាក់ ត្រូវចាត់តាំងគណៈកម្មការសម្រាប់ត្រៀមមើលខ្នើតខែសា្ហវ៉ាល់ នៅសៅរ៍ ទី២៤ ខែមិថុនា បើមើលឃើញត្រូវកំណត់យកថ្ងៃអាទិត្យ ជាថ្ងៃចេញបួស តែបើមើលមិនឃើញត្រូវកំណត់យកថ្ងៃច័ន្ទទី២៦ ខែមិថុនា ជាថ្ងៃបញ្ចប់បួសខែរ៉ាមាដន៕