Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អង្គការ​តម្លាភាព​កម្ពុជា​បង្ហាញ​ការ​ស្រាវជ្រាវ​ពី​ចំនួន​សន្លឹក​ឆ្នោត​ដែល​បក្ស​ធំ​ទាំង​២​ទទួល​បាន

$
0
0

អង្គការ​តម្លាភាព​កម្ពុជា (Transparency international Cambodia) បង្ហាញ​លទ្ធផល​បឋម​អំពី​ចំនួន​តួលេខ​អ្នក​មក​បោះឆ្នោត និង​ចំនួន​សន្លឹក​ឆ្នោត​នៃ​គណបក្ស​នយោបាយ​ធំៗ​ចំនួន​ពីរ ដែល​ទទួល​បាន​ទូទាំង​ប្រទេស តាម​រយៈ​ការ​សង្កេតការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ ដោយ​ផ្អែក​ទៅ​លើ​សំណាក​គំរូ​វិទ្យាសាស្ត្រ​ស្ថិតិ។ ការ​រក​ឃើញ​របស់​អង្គការ​នេះ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សន្លឹក​ឆ្នោត​ប្រកៀកប្រកិត​គ្នា។

អង្គការ​តម្លាភាព​កម្ពុជា ប៉ាន់​ប្រមាណ​ថា អត្រា​សន្លឹក​ឆ្នោត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ទូទាំង​ប្រទេស​គឺ​ស្ថិត​នៅ​ចន្លោះ​ពី ៤៧,៩% ទៅ ៥០,៩% រី​ឯ​ចំនួន​សន្លឹក​ឆ្នោត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​គឺ​ស្ថិត​អត្រា​នៅ​ចន្លោះ​ពី ៤១,៨% ទៅ ៤៤,៦%។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា ហៅ​កាត់​ថា ធី.អាយ (TI) លោក ព្រាប កុល មាន​ប្រសាសន៍​ថា  អង្គការ​នេះ​បាន​ជ្រើសរើស​យក​គណបក្ស​ទាំង​២ មក​ធ្វើ​វិភាគ​ដោយសារ​តែ​ពួកគេ​បាន​ដាក់​បេក្ខជន​ទូទាំង​ប្រទេស។ លោក​ថា ក្នុង​ចំណោម​ការិយាល័យ​តាម​ឃុំ-​សង្កាត់ សរុប​ចំនួន ២២.១៤៨ ក្នុង ២៥​ខេត្ត រាជធានី មាន​គំរូ​សំណាក​ចំនួន ៤១១​ការិយាល័យ​ដែល​ជ្រើស​មក​វិភាគ។

លោក​ថា អង្គការ​តម្លាភាព​ចូល​រួម​លើក​កម្ពស់​តម្លាភាព សុចរិតភាព នៅ​ក្នុង​ដំណើរការ​បោះឆ្នោត ដូច្នេះ​បើ​សិន​អ្វីៗ​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ និង​រលូន លោក​សង្ឃឹម​ថា តួលេខ​លទ្ធផល​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​សាធារណជន​អាច​ស្ងប់​ចិត្ត អាច​បង្កើន​ការ​ជឿ​ទុក​ចិត្ត និង​បង្កើត​ការ​ជឿជាក់​ថែម​ទៀត៖ «តួលេខ​នេះ​គឺ​យើង​និយាយ​តែ​ចំនួន​ភាគរយ​នៃ​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​ទាំង​២។ យើង​អត់​បង្ហាញ​ពី​ការ​ឈ្នះ​ចាញ់​ទេ ទុក​ការងារ​នេះ​ឲ្យ គ.ជ.ប គាត់​អ្នក​ប្រកាស​ជា​ផ្លូវការ។ ចង់​និយាយ​ថា សន្លឹក​ឆ្នោត​មាន​ប៉ុណ្ណឹង បោះ​ឲ្យ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​ដទៃ​មូលហេតុ​ដែល​អត់​បាន​ដោយសារ​គាត់​អត់​បាន​ដាក់​គ្រប់​ចំនួន​ឃុំ​ទាំង​អស់​ទេ»

លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​ចេញ​ផ្សាយ​លទ្ធផល​ជា​បឋម​នៃ​ភាគរយ​របស់​គណបក្ស​នយោបាយ និង​ចំនួន​អ្នក​បោះឆ្នោត​ដែល​បាន​រក​ឃើញ​តាម​រយៈ​ការ​សង្កេតការណ៍​ដោយ​ផ្អែក​លើ​សំណាក​វិទ្យាសាស្ត្រ​ស្ថិតិ នៅ​ថ្ងៃ​ទី​២២ មិថុនា របស់​អង្គការ​តម្លាភាព​កម្ពុជា។

ឆ្លើយតប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា យល់​ឃើញ​ថា ការ​ធ្វើ​ការ​ស្រាវជ្រាវ​គឺ​មិន​ប្រាកដ​ថា ត្រឹមត្រូវ ១០០% នោះ​ទេ។ លោក​ថា គ.ជ.ប មិន​អាច​បញ្ជាក់​បាន​ឡើយ​ចំពោះ​តួលេខ​ជាក់លាក់​ផ្លូវការ គ.ជ.ប នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៥ មិថុនា ខាង​មុខ៖ «ការ​ចូល​រួម​ក្នុង​វិស័យ​បោះ​ឆ្នោត​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​ក៏​ស្ថាប័ន​ផ្សេងៗ នោះ​គឺ​ជា​ស្មារតី​មួយ​ល្អ​សម្រាប់​ការ​ចូលរួម ក៏​សម្រាប់​ឲ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ​ដែរ»

ការ​ស្រាវជ្រាវ​របស់ ធី.អាយ ក៏​បង្ហាញ​ពី​អត្រា​នៃ​ពលរដ្ឋ​ទូទាំង​ប្រទេស​បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ កាល​ពី​ថ្ងៃ​ទី​៤ មិថុនា មាន​ចំនួន​ចន្លោះ​ពី ៨៩,៧% ទៅ ៩០,៧% អត្រា​នេះ​គឺ​ស្រដៀង​គ្នា លទ្ធផល​បឋម​ដែល​ប្រកាស​ដោយ​គ.ជ.ប ថា មាន​អត្រា​នៃ​ពលរដ្ឋ​បាន​ទៅ​បោះឆ្នោត​ចំនួន ៨៩.៥២% នោះ។

មួយ​វិញ​ទៀត អង្គការ​តម្លាភាព​ក៏​បាន​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ចំនួន ២០០​នាក់ នៅ​ការិយាល័យ​បោះឆ្នោត​ចំនួន ១០០​ការិយាល័យ នៅ​ក្នុង​ឃុំ​សង្កាត់​ចំនួន ៣ មាន​សង្កាត់​ចោមចៅ៣ រាជធានី​ភ្នំពេញ សង្កាត់​បាវិត ខេត្ត​ស្វាយរៀង និង​ឃុំ​ដំដែក ខេត្ត​សៀមរាប។ ចំនួន​សន្លឹក​ឆ្នោត​ដែល​អ្នក​សង្កេតការណ៍​បាន​ផ្ទៀងផ្ទាត់​ក្នុង​ឃុំ​សង្កាត់​ចំនួន ៣ នេះ គឺ​ត្រូវ​គ្នា​នឹង​លទ្ធផល​របស់ គ.ជ.ប ដែល​ឆ្លុះ​បញ្ចាំង​អំពី​ចំនួន​សន្លឹក​ឆ្នោត​ពិត​ប្រាកដ​ដូច​ដែល​បាន​រាប់​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត។

លោក ព្រាប កុល បញ្ជាក់​ថា ការ​ជ្រើស​យក​ឃុំ-​សង្កាត់​ចំនួន​៣​នេះ គឺ​ដោយសារ​ឃុំ-សង្កាត់​នេះ មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ការ​ប្រកួតប្រជែង​គ្នា និង​មាន​ភាព​ប្រទាញប្រទង់​គ្នា​កាល​ពី​អាណត្តិ​មុនៗ។ ក្រៅ​ពី​នេះ ក៏​ចង់​ផ្ទៀងផ្ទាត់​ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​សង្កេតការណ៍​តួលេខ​រវាង​អង្គការ​នេះ និង​គ.ជ.ប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles