Quantcast
Viewing all articles
Browse latest Browse all 11174

តុលាការ​ខេត្ត​បាត់ដំបង​​ឃុំ​​ព្រះកាយ​​សមាជិក​ព្រះសង្ឃ​ឯករាជ្យ​ពី​បទ​កាន់​អាវុធ​និង​ញុះញង់

Image may be NSFW.
Clik here to view.

មន្ត្រី​តុលាការ​ខេត្ត​បាត់ដំបង​ សម្រេច​បញ្ជូន​សមាជិក​ព្រះសង្ឃ​ឯករាជ្យ​មួយ​អង្គ​​ទៅ​ឃុំ​នៅ​ពន្ធនាគារ​កាល​ពី​រសៀល​ថ្ងៃ​ទី​២២ ខែ​មិថុនា ដោយ​ចោទ​ប្រកាន់​ពីរ​ករណី គឺ​ពី​បទ​ដឹក​ជញ្ជូន​​អាវុធ កាន់កាប់​ដោយ​ខុស​ច្បាប់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។

ស្របគ្នា​នេះ​ព្រះសង្ឃ​ប្រមាណ ៣០​អង្គ បាន​ប្រមូល​ផ្ដុំ​គ្នា​​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង តាំង​ពី​ព្រឹក​រហូត​ដល់​​រសៀល​ថ្ងៃ​ទី​២២ ខែ​មិថុនា ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​អង្គ​នេះ។

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​បាន​ប្រតិកម្ម​នឹង​ការ​ចាប់​ព្រះ​កាយ​របស់​ព្រះសង្ឃ​បញ្ជូន​ទៅ​ពន្ធនាគារ​នេះ​ ថា ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន។

​​ស្ថាបនិក​​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​នៅ​ខាង​មុខ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ថា សមាជិក​ព្រះសង្ឃ​ឯករាជ្យ​ដែល​មន្ត្រី​តុលាការ​ចាប់​ឃុំ​ព្រះ​កាយ​​នោះ​ មិន​ដល់​ថ្នាក់​មាន​​ទោស​កំហុស​ដាក់​ពន្ធនាគារ​ទេ ព្រោះ​វត្ថុ​តាង​ដែល​ព្រះអង្គ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាល​ពី​ខែ​មីនា កន្លង ទៅ​ គឺ​ជា​កាំភ្លើង​ជ័រ​របស់​ក្មេង​លេង ដែល​​​ពុំ​មែន​ជា​អាវុធ​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ«តុលាការ​ខ្លួន​ឯង​ហ្នឹង​ល្មើស​ច្បាប់! ហេតុ​អី​បាន​មក​ចោទ​គេ ព្រោះ​ទៅ​មនុស្ស​គ្មាន​ភស្តុតាង គ្មាន​កាំភ្លើង​ជ័រ ព្រោះ​ខ្លាច​គេ​សើច​ចំអក ហើយ​ខុស​ច្បាប់​មួយ​ទៀត ចាប់​មនុស្ស​មុន​ថ្ងៃ​កំណត់ ហើយ​ចាប់​គ្មាន​ការ​ស៊ើប​អង្កេត គឺ​ជា​រឿង​ស្មោកគ្រោក»

​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ខេត្ត​បាត់ដំបង​ ព្រះនាម ហន សុផាន្នី ព្រះជន្ម ២៤​ព្រះវស្សា គង់​នៅ​វត្ត​ដំរីស​ ក្រុង​បាត់ដំបង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ព្រះ​កាយ ហើយ​បញ្ជូន​ទៅ​ផ្សឹក​កាល​រសៀល​ថ្ងៃ​ទី​២១ មិថុនា។

Image may be NSFW.
Clik here to view.

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ លោក សេង ផានិត​ មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ចាប់​ខ្លួន​ ដោយសារ​ព្រះសង្ឃ​ ហន សុផាន្នី​ កាន់កាប់​អាវុធ​ខុស​ច្បាប់។ លោក​អះអាង​ថា​ ករណី​ព្រះអង្គ ប៊ុត ប៊ុនតិញ នាំ​​យក​កាំភ្លើង​ជ័រ​មក​បង្ហាញ​តុលាការ​នោះ​ លោក​ពុំ​ដឹង​នៅ​ឡើយ«បាទ! ខុស​ច្បាប់ មួយ​ពី​បទ​កាន់​កាប់​អាវុធ ហើយ​មួយ​ទៀត​ពី​បទ​ញុះញង់​តាម​មាត្រា​៤៩០ និង​មាត្រា​៤៩៥»

​​​​​​​មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង​ អ្នកស្រី​ ប្រាក់ សុភីមា លើក​ឡើង​ថា​ ករណី​ចោទ​ប្រកាន់​ គឺ​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ធ្វើ​ឲ្យ​​​ប៉ះពាល់​ដល់​ការងារ​សង្គម​ព្រះសង្ឃ«ព្រះរាជអាជ្ញា​គួរ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​មុន​ចោទ​ប្រកាន់ ហើយ​ឆែកឆេរ​រក​វត្ថុ​តាង​ឲ្យ​បាន​គ្រប់គ្រាន់​សិន មុន​នឹង​ធ្វើ​ការ​ដាក់​បន្ទុក ព្រោះ​យើង​ថា​ការ​ចោទ​ប្រកាន់ និង​បញ្ជូន​មនុស្ស​ទៅ​ពន្ធនាគារ​នេះ​ដូច​អត់​មាន​ភស្តុតាង​ណា​សម្រាប់​ដាក់​បន្ទុក ដើម្បី​ចោទ​ប្រកាន់​សោះ»

ក្រោយ​ពី​រង់ចាំ​នៅ​មុខ​សាលា​ដំបូង​គ្មាន​ដំណោះ​ស្រាយ នៅ​រសៀល​ថ្ងៃ​ទី​២២ មិថុនា ដដែល​ ក្រុម​ព្រះសង្ឃ​បាន​និមន្ត​ធ្វើ​ធម្មយាត្រា​តាម​ផ្លូវ​លេខ​៣ ក្រុង​បាត់ដំបង ទៅ​ប្រមូលផ្ដុំ​មុខ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ប៉ុន្តែ​គ្មាន​មន្ត្រី​ណា​ជួប​ព្រះអង្គ​នោះ​ទេ។ បណ្ដាញ​ព្រះសង្ឃ​អះអាង​ថា​ នឹង​និមន្ត​ស្វែង​រក​យុត្តិធម៌​ផ្លូវ​ច្បាប់​នៅ​ថ្ងៃ​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles