Quantcast
Viewing all articles
Browse latest Browse all 11174

មេ​ឃុំ​សំអាង​ខេត្ត​ស្ទឹងត្រែង​រង​ការ​ចោទ​ថា​ចុះ​ហត្ថលេខា​ឲ្យ​ឈ្មួញ​កាប់​ព្រៃ​សហគមន៍

Image may be NSFW.
Clik here to view.

មេ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង រង​ការ​ចោទ​ថា​ចុះ​ហត្ថលេខា​ឲ្យ​ឈ្មួញ​កាប់​ព្រៃ​សហគមន៍​បំពាន​ច្បាប់​ព្រៃឈើ។ ការ​ចោទ​ប្រកាន់​នេះ ក្រោយ​ពី​ជនជាតិ​ដើម​ភាគតិច​កួយ កាល​ពី​ពេល​ថ្មីៗ​នេះ​រក​ឃើញ​លិខិត​មួយ​ច្បាប់ បង្ហាញ​ថា​មេ​ឃុំ​សំអាង និង​មេ​ប៉ុស្តិ៍​រដ្ឋបាល ឃុបឃិត​ចុះ​ហត្ថលេខា​អនុញ្ញាត​ឲ្យ​ឈ្មួញ​កាប់​ព្រៃ​សហគមន៍​ចំនួន ៨​ម៉ែត្រ​គូប​ជា​ឈើ​គ្រឿង​ផ្ទះ។ តែ​ការ​អនុវត្ត​ជាក់ស្តែង​វិញ ក្រុម​ឈ្មួញ​បាន​សម្រុក​កាប់​ព្រៃ​សហគមន៍​អស់​រាប់​រយ​ម៉ែត្រ​គូប​តាម​អំពើ​ចិត្ត រួម​ទាំង​ដើម​ឈើ​ផលិត​ជ័រ​ទឹក​ផង។

ជនជាតិ​ដើម​ភាគតិច​កួយ និង​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​លិខិត​របស់​មេ​ឃុំ​សំអាង លោក ញឿន ផុន ដែល​អនុញ្ញាត​ឲ្យ​ឈ្មួញ​កាប់​ព្រៃ​សហគមន៍​ដោយ​មិន​បាន​ឆ្លង​កាត់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​គណៈកម្មការ​សហគមន៍​នោះ ថា​ជា​ទង្វើ​ល្មើស​នីតិវិធី​រដ្ឋបាល​សាធារណៈ និង​ល្មើស​ច្បាប់​ស្ដីពី​ព្រៃឈើ ហេតុ​នេះ​ពួក​គេ​ទាមទារ​ឲ្យ​មេ​ឃុំ និង​អ្នក​ពាក់ព័ន្ធ​ទទួល​ខុស​ត្រូវ។

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ លោក អ៊ុក ម៉ៅ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ មិថុនា ថា នៅ​ពេល​ដែល​ឈ្មួញ​បាន​ទទួល​លិខិត​អនុញ្ញាត​ពី​មេ​ឃុំ និង​មេ​ប៉ុស្តិ៍​ឲ្យ​កាប់​ព្រៃ​សហគមន៍​ចំនួន ៨​ម៉ែត្រ​គូប ក្រុម​ឈ្មួញ​បាន​សម្រុក​កាប់​ឈើ​ធំៗ​ក្នុង​ព្រៃ​សហគមន៍​តាម​អំពើ​ចិត្ត​អស់​រាប់​រយ​ម៉ែត្រ​គូប រួម​ទាំង​ដើម​ឈើ​ផលិត​ជ័រ​ទឹក​អស់​រាប់​រយ​ដើម។ លោក​ថា អ្នក​ភូមិ​គ្រោង​ប្ដឹង​អ្នក​កាប់​បំផ្លាញ​ដើម​ឈើ​ផលិត​ជ័រ​ទឹក ទៅ​ស្ថាប័ន​អយ្យការ៖ «មេ​ឃុំ​ស៊ីញេ​ឲ្យ និង​មេ​ប៉ុស្តិ៍​ស៊ីញេ​ឲ្យ​គាត់​កាប់​ឈើ មិន​មែន​អារ​ឈើ​ធ្វើ​គ្រឿង​ផ្ទះ​ទេ។ ឈ្មួញ​ហ្នឹង​ទៅ​កាប់​ឈើ​លក់​តែ​ម្តង ហើយ​ទន្ទ្រាន​ហ្នឹង​ក្នុង​ដី​សហគមន៍​ទៀត ហើយ​ឈើ​មិន​មែន ៨​ម៉ែត្រ​គូប​ទេ គឺ​រាប់​ម៉ឺន​ម៉ែត្រ​គូប ដឹង​មុន​បោះឆ្នោត​មួយ​យប់ រថយន្ត​សាំយ៉ុង​ដឹក ១០​គ្រឿង យ៉ាង​ទាប​បំផុត ៥​គ្រឿង។ និយាយ​រួម ម្ខាង​ព្រៃ​សហគមន៍​កាប់​អស់​រលីង​ម៉ង»

ជនជាតិ​ដើម​ភាគតិច​ម្នាក់​ទៀត​រស់នៅ​ឃុំ​សំអាង លោកស្រី ចាន់ គីម ត្អូញ​ថា គ្រួសារ​លោកស្រី​មាន​ដើម​ឈើ​ផលិត​ជ័រ​ទឹក​ជាង ៣០០​ដើម​ឋិត​ក្នុង​ព្រៃ​សហគមន៍ ត្រូវ​បាន​គេ​កាប់​បំផ្លាញ​អស់​ស្ទើរ​ទាំងស្រុង​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ការ​កាប់​បំផ្លាញ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​ធ្ងន់ធ្ងរ ត្បិត​គ្រួសារ​លោកស្រី​នៅ​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​លាន​រៀល។ លោកស្រី​រំឭក​ថា កន្លង​ទៅ គ្រួសារ​លោកស្រី​ពឹង​ផ្អែក​លើ​ការ​ដង​ជ័រ​ទឹក​ដែល​ក្នុង​មួយ​ខែ​ដង​បាន ១៦​កាន ហើយ​ក្នុង​មួយ​កាន​អាច​លក់​បាន​ប្រាក់ ១០​ម៉ឺន​រៀល៖ «កាប់​ព្រៃ​ច្បោះ​ខ្ញុំ​អស់​រលីង អត់​មាន​សល់​ទេ សង្ឃឹម​បាន​ចិញ្ចឹម​ជីវិត​ទិញ​ប៊ីចេង និង​ទិញ​អំបិល បាន​ច្បោះ​ហ្នឹង​ឯង។ ដល់​តែ​ឥឡូវ​គេ​កាប់​អស់​ហើយ អត់​មាន​សល់​ទេ មិន​ដឹង​រក​អ៊ី​ដាក់​អី​ទេ​ខ្ញុំ! ចុង​ក្រោយ​គេ​កាប់​អស់​មិន​ដឹង​ធ្វើ​ម៉េច»

ឆ្លើយតប​បញ្ហា​នេះ មេ​ឃុំ​សំអាង លោក ញៀន ផុន បដិសេធ​ថា ការ​ចោទ​ប្រកាន់​នេះ​ដោយ​លើក​ហេតុផល​ថា អាជ្ញាធរ​ឃុំ​មិន​ដែល​ចុះ​ហត្ថលេខា​ឲ្យ​គេ​កាប់​ព្រៃ​សហគមន៍​នោះ​ទេ។ តែ​យ៉ាង​ណា លោក​ទទួល​ស្គាល់​ថា អាជ្ញាធរ​ឃុំ​ធ្លាប់​ទទួល​សំណើ​ពី​ពលរដ្ឋ​ចំនួន ៣​គ្រួសារ​កាល​ពី​ឆ្នាំ​២០១៦ ដោយ​ស្នើសុំ​កាប់​ឈើ​ធ្វើ​ផ្ទះ​តិចតួច ហើយ​លោក​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ដាក់​ពាក្យ​ស្នើសុំ​តាម​ឋានានុក្រម ដោយ​មាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ពិនិត្យ​សម្រេច។ លោក​បញ្ជាក់​ថា សំណើ​នោះ​គឺ​ឋិត​នៅ​ក្រៅ​បរិវេណ​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ទេ៖ «ឥឡូវ​ខ្ញុំ​បាន​ឃើញ​ហើយ និង​បាន​បញ្ជូន​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ តែ​គាត់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​អត់? ខ្ញុំ​អត់​ដឹង​ទេ! ខ្ញុំ​មើល​លិខិត​ផ្ទាល់ មិន​មែន​ឲ្យ​ទៅ​កាប់​ព្រៃ​សហគមន៍​ទេ ដាច់ខាត​ហើយ​អា​ហ្នឹង»

ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​មាន​ផ្ទៃដី​ចំនួន​ជាង ៤​ពាន់​ហិកតារ (.៤៤៦,១៦​ហិកតារ) ត្រូវ​បាន​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំ​២០១៥ ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​កសិកម្ម ដែល​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ជា​ស្ថាប័ន​ស្នូល។ អ្នក​ភូមិ​ថា​រហូត​មក​ទល់​ពេល​នេះ ព្រៃ​នៅ​តំបន់​នោះ​ត្រូវ​បាន​គេ​កាប់​អស់​ជាង​ពាក់​កណ្ដាល និង​មាន​ផ្នែក​ខ្លះ​បាន​ក្លាយ​ជា​ដី​កម្មសិទ្ធិ​ឯកជន​មាន​ដាំ​ដំណាំ​ស្វាយចន្ទី និង​ដំឡូងមី ជាដើម។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ពន្យល់​ថា មេ​ឃុំ និង​មេ​ប៉ុស្តិ៍​រដ្ឋបាល ពុំ​មាន​សិទ្ធិ​ចេញ​លិខិត​ស្នាម​អនុញ្ញាត​ឲ្យ​កាប់​ព្រៃ​សហគមន៍​នោះ​ទេ គឺ​មាន​សិទ្ធិ​ត្រឹម​បញ្ជូន​សំណើ​របស់​ពលរដ្ឋ​ទៅ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ពិនិត្យ​សម្រេច និង​មាន​ការ​សម្របសម្រួល​ពី​គណៈកម្មការ​សហគមន៍​ផង។ លោក​ថា ពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង​មេ​ឃុំ និង​អ្នក​ពាក់ព័ន្ធ​ទៅ​ស្ថាប័ន​អយ្យការ​ពី​បទ​ចេញ​លិខិត​អនុញ្ញាត​ខុស​នីតិវិធី​រដ្ឋបាល និង​បំពាន​ច្បាប់​ព្រៃឈើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles