Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​ខ្មែរ​ក្រោម​នឹង​ពិភាក្សា​ពី​ជំហរ​ហែ​ញត្តិ​រំឭក​ខួប​៦៨​ឆ្នាំ​នៃ​ការ​បាត់បង់​ទឹក​ដី

$
0
0

សហគមន៍​ខ្មែរ​ក្រោម នឹង​ពិភាក្សា​គ្នា​អំពី​ជំហរ​របស់​ខ្លួន​ជុំវិញ​ករណី​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ក្នុង​ពិធី​រំឭក​ខួប ៦៨​ឆ្នាំ​នៃ​ការ​បាត់បង់​ទឹក​ដី។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី​២២ មិថុនា លោក និង​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ នឹង​ពិភាក្សា​គ្នា​ចំពោះ​ការ​បដិសេធ​នេះ។ លោក​ថា នៅ​ថ្ងៃ​ទី​២៦ មិថុនា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ប្រមាណ ២០០​នាក់ គ្រោង​ដង្ហែ​ក្បួន​ដាក់​ញត្តិ​ដោយ​អហិង្សា​ពី​វត្ត​ចាស់​ត្រើយ​ខាង​កើត​ទល់​មុខ​ព្រះបរមរាជវាំង ទៅ​កាន់​រដ្ឋសភា ដើម្បី​ស្នើសុំ​បញ្ចូល​ថ្ងៃ​ទី​៤ មិថុនា ជា​ទិវា​កាន់​ទុក្ខ​ជាតិ​ខ្មែរ៖ «យើង​បាន​ដាក់​ពាក្យ​ស្នើសុំ​ហែ​ទៅ​សភា​តែ ២០០​នាក់​ទេ ក៏​លោក​មិន​ឲ្យ​ហែ​ដែរ។ អ្វី​ជា​ហេតុផល​សណ្ដាប់ធ្នាប់​សាធារណៈ ខ្ញុំ​ឃើញ​អ៊ីចឹង​វា​ភ្ញាក់​ផ្អើល​ដែរ សាលា​ក្រុង​អសមត្ថភាព​អ៊ីចឹង​បាន​ជា​គ្រឿង​ញៀន​ច្រើន ហើយ​ចោរ​ច្រើន បាន​ជា​ពលរដ្ឋ​មួយ​រយ​ពីរ​រយ​នាក់​ហែ​ញត្តិ​ដោយ​សន្តិវិធី ការពារ​មិន​បាន​ផង​ហ្នឹង។ យើង​សោកស្ដាយ​ដែរ ជា​សមត្ថកិច្ច​របស់​ដែល​មិន​អាច​ផ្ដល់​ការ​ការពារ​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន ក្នុង​ការ​ធ្វើ​បាតុកម្ម ជា​ការ​សោកស្ដាយ​ដែរ​សម្រាប់​អាជ្ញាធរ​ក្រុង​ភ្នំពេញ»

លោក ថាច់ សេដ្ឋា បញ្ជាក់​ថា ញត្តិ​នេះ​មាន​បំណង​ឲ្យ​រដ្ឋសភា​ពិចារណា​ចំពោះ​សំណើ​សុំ​បញ្ចូល​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ជា​ទិវា​កាន់​ទុក្ខ​ជាតិ​ខ្មែរ ពីព្រោះ​វា​ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ និង​ក្មេង​ជំនាន់​ក្រោយ​គួរ​តែ​ចងចាំ​អំពី​ប្រវត្តិសាស្ត្រ​ដ៏​ឈឺ​ចាប់ ជូរចត់ និង​ទុក្ខ​ក្រៀមក្រំ​បំផុត​ដែល​បារាំង បាន​កាត់​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម និង​ជា​ការ​រំឭក​ដឹង​គុណ​ចំពោះ​វីរបុរស​ខ្មែរ​ដែល​បាន​តស៊ូ​ពលី​ជីវិត​នៅ​ក្នុង​បុព្វហេតុ​ការពារ​ទឹក​ដី និង​ប្រទេស​ជាតិ។

នៅ​ថ្ងៃ​មុន​ការ​ហែ​ញត្តិ​នេះ នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ក៏​នឹង​ប្រារព្ធ​ពិធី​រំឭក​ខួប ៦៨​ឆ្នាំ​នៃ​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នៅ​វត្ត​ចាស់ ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឫស្សីកែវ ដោយ​រៀបចំ​ពិធី​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ១.៩៤៩​អង្គ។

ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម តែងតែ​ប្រារព្ធ​ពិធី​រំឭក​ខួប​នៃ​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម ប៉ុន្តែ​ដោយឡែក​ឆ្នាំ​២០១៧ នេះ ប្រទេស​កម្ពុជា មាន​ការ​រៀបចំ​បោះឆ្នោត​ឃុំ-សង្កាត់​ចំ​ថ្ងៃ​ទី​៤ មិថុនា ដូច្នេះ​ហើយ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម សម្រេច​លើក​ពេល និង​យក​ថ្ងៃ​ទី​២៤ មិថុនា ជំនួស​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles