
អង្គការសកម្មភាពដើម្បីកុមារ ហៅជាភាសាអង់គ្លេសថា អេបផល ខេមបូឌា (APLE Cambodia) សាទរចំពោះចំណាត់ការរបស់សមត្ថកិច្ចខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការសកម្មភាពដើម្បីកុមារ បានចេញផ្សាយថ្ងៃទី២១ មិថុនា ឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្សក្នុងខេត្តនេះ តាមបណ្ដឹងរបស់ម្ដាយកុមារីរងគ្រោះ ដែលបានស្វែងរកជំនួយបន្ទាប់ពីដឹងថា កូនស្រីរងការរំលោភផ្លូវភេទពីជនបរទេសមួយរូប។
តុលាការខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែមិថុនា ចោទប្រកាន់បុរសជនជាតិហូល្លង់ដ៍ មួយរូប អាយុ ៤២ឆ្នាំ ពីបទបៀតបៀនកេរ្តិ៍ខ្មាសប្រព្រឹត្តលើកុមារីខ្មែរអាយុ ៦ឆ្នាំម្នាក់។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា កុមារីរូបនោះប្រាប់សមត្ថកិច្ចថា ជនជាតិហូល្លង់ដ៍ (Netherlands) នោះ បំពានផ្លូវភេទខ្លួនជាច្រើនលើក។ បច្ចុប្បន្ន ជនសង្ស័យរូបនេះស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តព្រះសីហនុ រង់ចាំតុលាការបន្តនីតិវិធី៕