អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រកាសថា ការប្រឆាំងការសម្អាតប្រាក់ ឬការលាងលុយកខ្វក់ គឺជាភារកិច្ចបន្ទាន់មួយរបស់អង្គភាពមួយនេះ។ ការលើកឡើងនេះ ធ្វើឡើងក្នុងសិក្ខាសាលាមួយស្ដីពី “ការប្រើប្រាស់ឧបករណ៍ប្រឆាំងការសម្អាតប្រាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ” ដែលត្រូវបានរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ សហការជាមួយធនាគារពិភពលោក (World Bank) ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ មីនា នៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ (Raffle Le Royal) រាជធានីភ្នំពេញ។
ការសិក្សាដើម្បីស្វែងរកឧបករណ៍នានាដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងសម្អាតប្រាក់នេះ មានការចូលរួមពីមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីនៃស្ថាប័នតុលាការចំនួន ៣៧នាក់។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងថា ការប្រឆាំងនឹងការសម្អាតប្រាក់ ឬលាងលុយកខ្វក់ គឺជាកិច្ចការបន្ទាន់មួយរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ លោកទទួលស្គាល់ថា មានករណីលាងសម្អាតប្រាក់នៅកម្ពុជា ហើយវានៅតែត្រូវបានធ្វើដោយងាយស្រួល៖ «យើងមិនបានឃើញដោយជាក់ស្តែងថា បញ្ហានេះកើតឡើងយ៉ាងម៉េចទេ ប៉ុន្តែយើងចាប់ផ្ដើមពីវគ្គសិក្សានេះ យើងបំពាក់បំប៉នចំនួន ៣៧នាក់នៅថ្ងៃនេះ ក្លាយទៅជាគ្រូបង្គោល ក្លាយទៅជាគ្រាប់ពូជមួយ។ ហើយផ្ដើមពីនេះ ដល់ចុងឆ្នាំយ៉ាងយូរ យើងត្រូវតែមើលឲ្យឃើញឡើងវិញ ថាតើកម្ពុជា យើងនេះ ការសម្អាតប្រាក់មានយ៉ាងម៉េច? ហើយត្រូវបង្ក្រាបឲ្យមានផលយ៉ាងដូចម៉េច? អ៊ីចឹងបើប្អូនសួរខ្ញុំថា តើការសម្អាតប្រាក់នៅកម្ពុជា វាមានទេ? អ្នកណា? ក្រសួង ឬស្ថាប័នណា? យើងខ្ញុំថាទុកឲ្យចុងឆ្នាំ យើងខ្ញុំនឹងឆ្លើយជូន។ យើងត្រូវការទទួលសិល្ប៍សិន ហើយថ្ងៃនេះ គឺមកបញ្ចូលសិល្ប៍ហើយ»។
លោកបន្តថា ក្រៅពីស៊ើបអង្កេតរកការសម្អាតប្រាក់តាមវិស័យធនាគារ មន្ត្រីនគរបាលយុត្តិធម៌ក៏ត្រូវស្វែងរកបទល្មើសនេះនៅក្នុងវិស័យអចលនវត្ថុ ការនាំទំនិញចេញចូល ការរត់ពន្ធ ការកាប់ព្រៃឈើ បទល្មើសនេសាទ បទល្មើសសត្វព្រៃ ការជួញដូរផ្លូវភេទ និងការជួញដូរគ្រឿងញៀន ជាដើម។
លោក ឱម យ៉ិនទៀង រំពឹងថា តាមរយៈការសិក្សានេះ មន្ត្រីនគរបាលយុត្តិធម៌ និងតុលាការ នឹងក្លាយជាអ្នកជំនាញខាងស៊ើបអង្កេត និងកាត់ទោសបទល្មើសពាក់ព័ន្ធនឹងការសម្អាតប្រាក់នេះ។
នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ គាំទ្រគំនិតផ្ដួចផ្ដើមនេះ។ លោកថា ការប្រឆាំងនឹងការលាងលុយកខ្វក់ គឺជាតម្រូវការរបស់កម្ពុជា និងប្រទេសជាមិត្តមួយចំនួន ដែលធ្វើកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៖ «ការលាងលុយកខ្វក់នេះ វាគឺជាមធ្យោបាយសម្រាប់ឧក្រិដ្ឋជន ពេលនោះហើយ សន្តិសុខសង្គមវាអាចជាក្តីបារម្ភមួយ ហើយវានាំឲ្យមានការប៉ះពាល់ទៅដល់ការវិនិយោគរបស់វិនិយោគិនដែលល្អៗ ដែលត្រឹមត្រូវ។ អ៊ីចឹងវាប៉ះពាល់ដល់ផលប្រយោជន៍កម្ពុជា ទាំងផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម ហើយក៏វាអាចប៉ះពាល់ធ្ងន់ធ្ងរដល់មុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិដែរ បើសិនជាបញ្ហាហ្នឹងវាមិនត្រូវបានរៀបចំឲ្យមានរបៀបរៀបរយ ហើយនិងការអនុវត្តច្បាប់ត្រួតពិនិត្យការលាងលុយ»។
ក្រុមអ្នកជំនាញនៃធនាគារពិភពលោក បានឲ្យនិយមន័យការលាងសម្អាតប្រាក់ ឬលាងលុយកខ្វក់ថា ជាទង្វើក្លែងប្រភពខុសច្បាប់នៃប្រាក់ដើម ដែលបានពីបទល្មើស។ វាកើតឡើងក្នុងរូបភាពនៃ “ការបម្លែង ឬការផ្ទេរទ្រព្យសម្បត្តិដោយដឹងថា ទ្រព្យសម្បត្តិនោះ គឺជាផលនៃបទល្មើស ក្នុងគោលបំណងបិទបាំង ឬក្លែងប្រភពដើមមិនស្របច្បាប់នៃទ្រព្យសម្បត្តិនោះ ឬជួយបុគ្គលដែលបានពាក់ព័ន្ធក្នុងបទល្មើស ដើម្បីឲ្យបុគ្គលនោះគេចផុតពីផលវិបាកតាមផ្លូវច្បាប់នូវសកម្មភាពរបស់ខ្លួន”។
ក្រៅពីនេះ ការលាងលុយកខ្វក់ ក៏កើតឡើងដោយសារ “ការបិទបាំង ឬការក្លែងសភាវៈពិត ប្រភព ទីតាំង សិទ្ធិចាត់ចែង ចលនា ឬកម្មសិទ្ធិ ឬសិទ្ធិលើទ្រព្យសម្បត្តិ ដោយដឹងថា ទ្រព្យសម្បត្តិទាំងនោះបានមកពីបទល្មើស។ វាក៏កើតឡើងដោយសារ "ការធ្វើលទ្ធកម្ម ការកាន់កាប់ ឬការប្រើប្រាស់ទ្រព្យសម្បត្តិ ដោយដឹងពេលទទួលបានទ្រព្យសម្បត្តិនោះថា ទ្រព្យសម្បត្តិទាំងនោះបានមកពីបទល្មើស”។
ការសម្អាតប្រាក់ ឬការលាងលុយកខ្វក់ គឺជាប់ទាក់ទងនឹងអំពើពុករលួយនៅត្រង់ថា អំពើពុករលួយជាប្រភេទបទល្មើសដែលត្រូវបានប្រព្រឹត្តដោយសារហេតុផលចង់ចំណេញផ្នែកហិរញ្ញវត្ថុ ឬអត្ថប្រយោជន៍ផ្សេងទៀត។ ក្នុងបរិបទនេះ អ្វីដែលមន្ត្រីពុករលួយចង់បាន គឺសប្បាយចិត្តជាមួយនឹងផលនៃអំពើពុករលួយនេះ ដោយមិនបង្កឲ្យមានការសង្ស័យលើប្រភពនៃទ្រព្យសម្បត្តិរបស់ខ្លួន ហើយគេនឹងប្រើប្រាស់យន្តការលាក់បាំងប្រភពទ្រព្យសម្បត្តិដែលបានមកដោយមិនត្រឹមត្រូវ និងបង្វែរប្រាក់ទាំងនោះចូលមកក្នុងសេដ្ឋកិច្ចស្របច្បាប់វិញ ដូច្នេះធ្វើឲ្យទ្រព្យសម្បត្តិនោះហាក់បីដូចជាមានភាពស្របច្បាប់។
នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ឃើញថា ដើម្បីឲ្យការប្រឆាំងនឹងការលាងលុយកខ្វក់នេះមានប្រសិទ្ធភាព លុះត្រាតែអង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការមានឆន្ទៈពិតប្រាកដ ក្នុងការអនុវត្តច្បាប់លើបុគ្គលមានលុយ និងមានអំណាចដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋនេះ។ ម្យ៉ាងវិញទៀត លោកថាកិច្ចការនេះ ទាមទារឲ្យមានកិច្ចសហការល្អទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ទើបទទួលបានជោគជ័យ៕