Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ឃុំ​ពាមប្រធ្នោះ​ខេត្ត​កំពង់ចាម​ថា​ល្បែង​ស៊ី​សង​កើត​ឡើង​ខ្លាំង​ជាង​មុន

$
0
0

ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម អះអាង​ថា កន្លែង​លេង​ល្បែង​ស៊ី​សង​មួយ​កន្លែង​នៅ​ក្រោយ​សាលា​បឋម​សិក្សា​មហាលាភ គឺ​លេង​កាន់​តែ​ខ្លាំង​ជាង​មុន​ទៀត។ សកម្មភាព​នេះ ធ្វើ​ឲ្យ​អ្នក​ភូមិ​មួយ​ចំនួន​កាន់​តែ​បារម្ភ​ថា វា​បង្ក​ជា​រឿង​អសន្តិសុខ​សង្គម​ផ្សេងៗ ព្រម​ទាំង​ជា​គំរូ​មិន​ល្អ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ។

ពលរដ្ឋ​នៅ​ឃុំ​ពាមប្រធ្នោះ បញ្ជាក់​ថា សកម្មភាព​លេង​ល្បែង​ស៊ី​សង​នៅ​មូលដ្ឋាន​របស់​ពួក​គេ​កាន់​តែ​ច្រើន​ជាង​មុន។ ការ​កើន​ឡើង​នេះ ក្រោយ​ពេល​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ហើយ​ក្រុម​អ្នក​លេង​ល្បែង​កាន់​តែ​សកម្ម​ជាង​មុន​ទៀត។

ពលរដ្ឋ​នៅ​ឃុំ​ពាមប្រធ្នោះ សុំ​មិន​បញ្ចេញ​ឈ្មោះ និយាយ​ថា កាល​ពី​មុន​ពេល​បោះឆ្នោត ល្បែង​ស៊ី​សង​នៅ​ក្នុង​ភូមិ ពិសេស​នៅ​ក្រោយ​សាលា​បឋម​សិក្សា​មហាលាភ ក្នុង​ព្រៃ​ឫស្សី​មួយ​កន្លែង គឺ​គេ​លេង​មួយ​សប្ដាហ៍ ៣ ឬ ៤​ថ្ងៃ និង​ជា​លក្ខណៈ​លួចលាក់ ប៉ុន្តែ​ថ្មីៗ​នេះ ពួក​គេ​លេង​រាល់​ថ្ងៃ​តែ​ម្តង និង​បើក​ចំហ​ទៀត​ផង៖ «អត់​មាន​ការ​បង្ក្រាប អត់​មាន​ការ​ចាប់​អី​ផង ព្រោះ​នៅ​ហ្នឹង​ការ​លេង​របស់​ប្រជាពលរដ្ឋ ហ៊ាន​ធានា​ថា​មាន​ការ​គាំទ្រ​ពី​សមត្ថកិច្ច​តែ​ម្តង»

ល្បែង​ស៊ី​សង​នៅ​មូលដ្ឋាន​ឃុំ​មួយ​នេះ​ដូចជា ជល់​មាន់ ចាក់​អាប៉ោង បៀ ចាក់​ប្រដាល់​នៅ​តាម​រោង​កាហ្វេ និង​ឆ្នោត​កន្ទុយលេខ ជាដើម។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា កន្លែង​លេង​ល្បែង​នៅ​ក្រោយ​សាលា​បឋម​សិក្សា​មហាលាភ គឺ​ធ្លាប់​មាន​ទាំង​មន្ត្រី​អាជ្ញាធរ​មួយ​ចំនួន​ចូលរួម​លេង​ទៀត​ផង ហើយ​រាល់​សេចក្តី​រាយការណ៍​នៅ​ថ្នាក់​ខេត្ត គឺ​គ្មាន​ប្រសិទ្ធភាព​ឡើយ ដោយសារ​អាច​មាន​មន្ត្រី​ថ្នាក់​ក្រោម​ផ្តល់​ព័ត៌មាន​ទៅ​ក្រុម​អ្នក​លេង​ល្បែង​ទាំងនោះ​ឲ្យ​ដឹង​មុន​ជានិច្ច ព្រោះ​សមត្ថកិច្ច​អាច​ទទួល​បាន​លាភសក្ការៈ​ពី​អ្នក​បើក​ល្បែង​ទាំងនោះ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អធិការ​ស្រុក​កោះសូទិន លោក ព្រេង ហ៊ីន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល ចុច​បិទ​ទៅ​វិញ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​ធ្លាប់​បញ្ជាក់​ថា កន្លង​ទៅ សមត្ថកិច្ច​តែង​ចុះ​បង្ក្រាប​ល្បែង​ស៊ី​សង​ទាំងនោះ​ជានិច្ច ប៉ុន្តែ​ករណី​ខ្លះ​ពិបាក​បង្ក្រាប ពីព្រោះ​អ្នក​លេង​តែង​ដឹង​មុន និង​ពេល​ខ្លះ​ពួក​គេ​ធ្វើ​សកម្មភាព​លួចលាក់​មិន​ឲ្យ​អាជ្ញាធរ​ដឹង​ឡើយ។ លោក​ថែម​ទាំង​បដិសេធ​ថា​គ្មាន​សមត្ថកិច្ច​ណា​ពាក់ព័ន្ធ ឬ​នៅ​ពី​ក្រោយ​ខ្នង​ក្រុម​ជនល្មើស​នោះ​ទេ។

គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជ​រដ្ឋាភិបាល គឺ​មាន ៩​ចំណុច ដូចជា៖

  • ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ជួញដូរ ការ​ចែកចាយ ឬ​ការ​ប្រើប្រាស់​គ្រឿង​ញៀន

  • គ្មាន​ចោរកម្ម ឆក់​ប្លន់ ឬ​ក្មេង​ទំនើង

  • លុប​បំបាត់​ល្បែង​ស៊ី​សង និង​បទល្មើស​គ្រប់​ប្រភេទ

  • គ្មាន​ការ​ជួញដូរ​ស្ត្រី ឬ​កុមារ

  • គ្មាន​អំពើ​ហិង្សា និង​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ ជាដើម។

 

យ៉ាង​នេះ​ក្តី ពលរដ្ឋ​មើល​ឃើញ​ថា បទល្មើស​ល្បែង​ស៊ី​សង​នៅ​តែ​កើត​ឡើង ហើយ​បង្ក​ជា​ភាព​អសន្តិសុខ​សង្គម​ដូចជា លួច ឆក់ ជាដើម គឺ​បង្ហាញ​ថា​អាជ្ញាធរ​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជ​រដ្ឋាភិបាល។

មន្ត្រី​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ចាម លោក មាន ព្រហ្មមុនី មាន​ប្រសាសន៍​ថា ករណី​បង្ក្រាប​ល្បែង​ស៊ី​សង​គ្មាន​ប្រសិទ្ធភាព គឺ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ទាំងមូល ម្យ៉ាង បង្ហាញ​ថា​ការ​អនុវត្ត​ច្បាប់​មាន​ភាព​ទន់​ខ្សោយ និង​អាច​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ផង៖ «ការ​បង្ក្រាប​អត់​មាន​ប្រសិទ្ធភាព​ទេ ដោយសារ​អី? គឺ​ដោយសារ​មាន​ការ​បណ្តែតបណ្តោយ និង​អ្នក​បើក​ល្បែង​ហ្នឹង ហាក់បីដូចជា​មាន​បង្អែក​ពឹង​យ៉ាង​រឹងមាំ​អ៊ីចឹង»

លោក​យល់​ថា ប្រសិន​បើ​កិច្ចការ​បង្ក្រាប​ភាព​អសកម្ម​ទាំងនេះ​នៅ​តែ​គ្មាន​ប្រសិទ្ធភាព​ទៀត ពលរដ្ឋ​កាន់​តែ​បាត់បង់​ជំនឿ​ទៅ​លើ​អាជ្ញាធរ។ លោក​ថា ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព អាជ្ញាធរ​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ត្រូវ​ចាប់​ខ្លួន​មេខ្លោង ឬ​អ្នក​បើក​ល្បែង​ស៊ី​សង​ទាំងនោះ ព្រម​ទាំង​ស៊ើប​អង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ពួក​គេ​ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles