Clik here to view.

ទីភ្នាក់ងារព័ត៌មានកម្ពុជា អាកាប៉េ (AKP) បានរាយការណ៍ដោយស្រង់សម្ដីរបស់អភិបាលរងរាជធានីភ្នំពេញ លោក អៀង អូនី ដែលថ្លែងកាលពីថ្ងៃទី១៦ ខែមិថុនា ថា គម្រោងសាងសង់ស្ពានដែកថ្មីមួយដើម្បីឆ្លងកាត់ទន្លេសាប នឹងចាប់ផ្ដើមនៅអំឡុងខែកក្កដា ខាងមុខ។
ស្ពានដែកថ្មីនេះ នឹងត្រូវចំណាយពេល ៦ខែក្នុងការសាងសង់ គឺជាស្ពានបណ្ដោះអាសន្នក្នុងបំណងសម្រួលចរាចរណ៍នៅពេលដែលអាជ្ញាធរបិទចរាចរណ៍នៅលើស្ពានជ្រោយចង្វារចាស់ ដើម្បីជួសជុលរយៈពេល ២ឆ្នាំ។
ប្រភពដដែលឲ្យដឹងថា ស្ពាននោះនឹងត្រូវប្រើប្រាស់សម្រាប់ឆ្លងពីតំបន់ជ្រោយចង្វារ មកតំបន់ឃ្លាំងប្រេងឥន្ធនៈក្នុងសង្កាត់ឫស្សីកែវ។ ថវិកាដើម្បីសាងសង់ ជាការចំណាយទាំងស្រុងរបស់ក្រុមហ៊ុនអូ.ស៊ី.អាយ.ស៊ី (OCIC) ដែលអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារ។
លើសពីនេះ លោក អៀង អូនី បញ្ជាក់ថា នៅក្រោយពេលស្ពានជ្រោយចង្វារចាស់ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន ស្ថាបនារួចរាល់ ស្ពានដែកនេះនឹងត្រូវរុះរើចេញវិញ ហើយជំនួសដោយស្ពានថ្មខ្សែកាប ដែលអាជ្ញាធររាជធានី និងក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី បានសិក្សាពីបច្ចេកទេសសាងសង់រួចរាល់ហើយដែរនោះ៕