Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​ជម្លោះ​ដីធ្លី​ខេត្ត​ព្រះវិហារ​ប្រមូល​ផ្ដុំ​គ្នា​ដេក​យាម​មិន​ឲ្យ​ក្រុមហ៊ុន​ចិន​ឈូស​ឆាយ​ដី

$
0
0

ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ជាមួយ​នឹង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​តែ​បន្ត​រហូត​មក​ដល់​ពេល​នេះ។ អ្នក​ឃ្លាំ​មើល​របស់​អង្គការ​សិទ្ធិ​មនុស្ស​យល់​ថា បញ្ហា​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​ជាច្រើន​ក្នុង​ខេត្ត​ព្រះវិហារ គឺ​ដោយសារ​តែ​អាជ្ញាធរ​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​មិន​ឆាប់​រហ័ស ព្រម​ទាំង​គ្មាន​ឆន្ទៈ​ដោះស្រាយ​ឲ្យ​ចំ​គោលដៅ​តែ​ម្ដង។

សហគមន៍​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​ឆែប និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ជាច្រើន​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​ទៅ​បោះ​ជំរំ​នៅ​តាម​ព្រៃ ដើម្បី​ដើរ​ល្បាត ព្រម​ទាំង​រារាំង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ចិន មិន​ឲ្យ​ឈូស​រំលោភ​យក​ដី​ស្រែ​ចម្ការ ព្រម​ទាំង​ដី​ព្រៃ​រយៈពេល ៣​ថ្ងៃ​ជាប់ៗ​គ្នា​មក​ហើយ។

ក្រុម​អ្នក​ភូមិ​ទាំងនោះ​មាន​គ្នា​ពី ២០​នាក់​ទៅ​ជិត ៤០​នាក់​ក្នុង​មួយ​ក្រុមៗ ហើយ​បាន​បណ្ដាក់​គ្នា​ដើរ​ល្បាត​នៅ​តាម​ក្បាល​ដី​ស្រែ​ចម្ការ និង​ព្រៃ​សហគមន៍ ហើយ​បើ​ជួប​ជាមួយ​នឹង​ក្រុមហ៊ុន​ឈូស​ឆាយ​ដី ឬ​ព្រៃ​ឈើ​ពេល​ណា ពួក​គេ​នឹង​ចូល​ទៅ​តវ៉ា ព្រម​ទាំង​រារាំង​សកម្មភាព​ភ្លាម។

សមាជិក​បណ្ដាញ​ការងារ​សហគមន៍​ប្រចាំ​ស្រុក​ឆែប និង​ស្រុក​ជ័យសែន គឺ​លោក វង្ស សុខេងលី។ លោក​អះអាង​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មីនា ថា ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី​៣ ខែ​មីនា មក ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាច្រើន​នាក់​មក​ពី​ឃុំ​សង្កែ២ នៃ​ស្រុក​ឆែប និង​ឃុំ​ពុទ្រា នៃ​ស្រុក​ជ័យសែន កំពុង​លើក​គ្នា​ដើរ​ល្បាត​រារាំង​ក្រុមហ៊ុន​ចិន ឈ្មោះ ហេង រួយ (Heng Rouy) និង ហេង ណុង (Heng Nung) មិន​ឲ្យ​ឈូស​រំលោភ​លើ​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ ព្រម​ទាំង​ដី​ព្រៃ​សហគមន៍​ទេ៖ «ឥឡូវ​ហ្នឹង​ពួក​គាត់​កំពុង​ធ្វើ​សកម្មភាព​ដើរ​ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន ជា​បណ្ដើរៗ ប៉ុន្តែ​គ្រាន់​តែ​ថា​ក្នុង​រូបភាព​តូចៗ មិន​មាន​ធំ​ដុំ​ទេ»

កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ក្រុម​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​សំបូរ ភូមិ​ជោគជ័យ និង​ភូមិ​ក្រឡោត នៃ​ស្រុក​ឆែប បាន​រួម​គ្នា​ឃាត់​គ្រឿងចក្រ ១​គ្រឿង​របស់​ក្រុមហ៊ុន​ចិន ហេង រួយ នៅ​ពេល​ដែល​ក្រុមហ៊ុន​យក​គ្រឿងចក្រ​នោះ​ទៅ​ឈូស​ឆាយ​នៅ​តំបន់​ព្រៃ​សហគមន៍។

ក្រុម​អ្នក​ភូមិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ និង​អាជ្ញាធរ​ស្រុក​ឆែប ស្រុក​ជ័យសែន ត្រូវ​តែ​ចេញ​មុខ​ដោះស្រាយ​ដើម្បី​បញ្ឈប់​ក្រុមហ៊ុន​ចិន កុំ​ឲ្យ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ត​ទៅ​ទៀត។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​ឆែប លោក សុខ សានដារា និង​អភិបាល​ស្រុក​ជ័យសែន លោក ជុំ ពុយ ដើម្បី​ឆ្លើយតប​នឹង​ការ​ទាមទារ​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ដោយសារ​តែ​លោក​ទាំង​ពីរ​មិន​ទទួល​ទូរស័ព្ទ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មើល​ឃើញ​ថា បញ្ហា​ជម្លោះ​ដីធ្លី​រវាង​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ស្រុក​ត្បែងមានជ័យ និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជ័យសែន ព្រម​ទាំង​ស្រុក​ឆែប ជាមួយ​ក្រុមហ៊ុន​ចិន បាន​កើត​មាន​ឡើង​រយៈពេល ៤​ឆ្នាំ​មក​ហើយ។ ជម្លោះ​រ៉ាំរ៉ៃ​នេះ ដោយសារ​តែ​ក្រុមហ៊ុន​បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ ព្រម​ទាំង​រំលោភ​ដីធ្លី​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​អាជ្ញាធរ​មាន​ការ​ដោះស្រាយ​យឺតយ៉ាវ៖ «តំបន់​ខ្លះ​អាជ្ញាធរ​គាត់​ដោះស្រាយ ប៉ុន្តែ​មិន​ទាន់​បាន​ចប់​សព្វគ្រប់។ មាន​ន័យ​ថា ដោះស្រាយ​មិន​ដាច់ស្រេច ភាគី​នីមួយៗ​មិន​អាច​ទទួល​យក​បាន»

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ចិន ដែល​នៅ​តែ​រ៉ាំរ៉ៃ​នេះ។ លោក​យល់​ថា បញ្ហា​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ គឺ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដី​ស្រែ​ចម្ការ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​រំខាន​ដល់​ពេលវេលា​របស់​ប្រជាពលរដ្ឋ​មិន​បាន​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ផង គឺ​រវល់​តែ​លើក​គ្នា​ដើរ​តវ៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles