អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយដែលកំពុងជាប់ឃុំនៅគុកព្រៃស ដោយសារបណ្ដឹងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យលោក ហ៊ុន សែន ឈប់បញ្ជូនមនុស្សទៅបញ្ចុះបញ្ចូលលោកនៅក្នុងពន្ធនាគារ និងគំរាមលោកដាក់ក្នុងគុកងងឹតជាថ្នូរបាននៅក្រៅឃុំ។ ប៉ុន្តែការលើកឡើងនេះ ត្រូវបានមេធាវីការពារក្ដីឲ្យលោក ហ៊ុន សែន បដិសេធ។
លោក គឹម សុខ ស្រែកប្រាប់អ្នកសារព័ត៌មានដូច្នេះ គឺក្រោយសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បិទបញ្ចប់សវនាការអសាធារណៈ ដោយច្រានចោលបណ្ដឹងរបស់លោកមេធាវី ជូង ជូងី ដែលស្នើសុំឲ្យកូនក្តីរបស់លោក គឺលោក គឹម សុខ បាននៅក្រៅឃុំបណ្ដោះអាសន្ន។
ការសម្រេចតម្កល់ដីកាសម្រេចឃុំខ្លួនរបស់តុលាការក្រុងភ្នំពេញទុកជាបានការនេះ ប្រធានចៅក្រមជំនុំជម្រះ លោក ឃុន លាងម៉េង សំអាងថា ដើម្បីបញ្ចប់បទល្មើសកុំឲ្យកើតជាថ្មី រក្សាជនជាប់ចោទទុកជូនតុលាការចាត់ការតាមនីតិវិធី និងដើម្បីធានាសណ្ដាប់ធ្នាប់កុំឲ្យមានភាពច្របូកច្របល់ក្នុងសង្គម។ ខណៈមន្ត្រីពន្ធនាគារនាំលោក គឹម សុខ ទៅឃុំខ្លួនវិញ លោក គឹម សុខ ថាមានគេឲ្យលោកសរសេរលិខិតទៅលោក ហ៊ុន សែន ដើម្បីជាថ្នូរបាននៅក្រៅឃុំ ប៉ុន្តែលោកថាលោកមិនក្បត់មនសិការរបស់ខ្លួននោះទេ៖ «សូមឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹង បញ្ចុះបញ្ចូលខ្ញុំហើយ គំរាមកំហែងខ្ញុំដាក់គុកងងឹត ហើយម្យ៉ាងវិញទៀតដាក់គុកងងឹត តំណាងលោកនាយករដ្ឋមន្ត្រី ជាថ្នូរ … គេឲ្យខ្ញុំសរសេរលិខិតសុំទោសជាថ្នូរឲ្យខ្ញុំហ្នឹងនៅក្រៅឃុំ។ ដូច្នេះ ស្នើលោកនាយករដ្ឋមន្ត្រីកុំធ្វើថោកទាបបាទ!»។
ទាក់ទងនឹងការលើកឡើងរបស់លោក គឹម សុខ លោក គី តិច ជាមេធាវីតំណាងដោយអាណត្តិឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលចំពោះការចោទប្រកាន់នេះ។ លោក គី តិច យល់ថា ការនិយាយរបស់លោក គឹម សុខ នេះ គឺមិនមានភស្តុតាងនោះទេ៖ «អាហ្នឹងជាសិទ្ធិរបស់គាត់ទេ គាត់សរសេរជាសិទ្ធិរបស់គាត់ ប៉ុន្តែត្រង់ថា គាត់ប្រើពាក្យថា កុំឲ្យសម្ដេចហ្នឹងបញ្ជូនមនុស្សទៅបញ្ចុះបញ្ចូលគាត់។ អត់មានការបញ្ចុះបញ្ចូលទេ សូមបញ្ជាក់ជូនអ្នកសារព័ត៌មាន អានេះជាមូលហេតុដែលគាត់មកប្រឌិតរឿងថែមទៀតហើយ។ កន្លងមកអត់មានទេ ពីព្រោះលោក គឹម សុខ នៅក្នុងពន្ធនាគារហើយ តើរឿងអីមកចោទអ៊ីចឹង?»។
ចំណែកលោក ជូង ជូងី មេធាវីការពារក្ដីឲ្យលោក គឹម សុខ ថាការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ គឺមិនសមហេតុផលនោះទេ៖ «ខ្ញុំសង្កេតឃើញថា ហេតុផលទាំងអស់ហ្នឹង គឺអត់ត្រឹមត្រូវទេ ពីព្រោះថា ការដែលសំអាងថា ដើម្បីបញ្ចប់បទល្មើស ឬក៏បង្កើតបទល្មើសសាជាទីថ្មីទៀត។ នោះមានន័យថា តុលាការសន្មតថា មានបទល្មើសតាំងពីដើមទីទៅហើយ ហើយថា គាត់រក្សាខ្លួនគាត់ទុកជូនតុលាការហ្នឹង មែនទែនទៅ គឺគាត់អត់បានគេចខ្លួនទេ រាល់ពេលតុលាការកោះគាត់ចូលខ្លួនទៅរហូតហ្នឹង។ និយាយពីសណ្ដាប់ធ្នាប់សាធារណៈវិញ តាំងពីលោក គឹម សុខ វិភាគក្នុងវិទ្យុអាស៊ីសេរី មកដល់ឥឡូវហ្នឹង អត់មានសញ្ញា ឬអត់មានហេតុការណ៍ដែលកើតឡើងភាពច្របូកច្របល់ដែលកើតចេញពីការវិភាគរបស់គាត់ដែរ»។
លោក គឹម សុខ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៧ ខែកុម្ភៈ ធ្វើឡើងតាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្ដឹងទារសំណងជំងឺចិត្តជាងកន្លះលានដុល្លារអាមេរិក។
លោក គឹម សុខ ត្រូវបានលោក ហ៊ុន សែន ចោទថា បាននិយាយថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី។ លោកត្រូវបានតុលាការចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
ទោះបីជាយ៉ាងណា លោកមេធាវី ជូង ជូងី ឲ្យដឹងថា លោកនឹងពិភាក្សាជាមួយលោក គឹម សុខ បន្តទៀត ដើម្បីប្ដឹងសារទុក្ខទៅតុលាការកំពូលទៀតឬយ៉ាងណា?៕