Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ហ៊ុន សែន ព្រមាន​បញ្ចេញ​សារ​សន្ទនា​ជាមួយ​លោក កឹម សុខា បន្ថែម​ទៀត

$
0
0

ការ​ប្រកាន់​ជំហរ​មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចំពោះ​ការ​ទម្លាយ​សារ​សំឡេង​ទូរស័ព្ទ​ឆ្លើយឆ្លង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​កំពុង​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ក្តៅ​ស្លឹក​ត្រចៀក​កាន់​តែ​ខ្លាំង។ លោក ហ៊ុន សែន ព្រមាន​នៅ​ថ្ងៃ​ទី​៦ មីនា ថា នឹង​ទម្លាយ​សារ​ឆ្លើយឆ្លង​រវាង​លោក​ជាមួយ​លោក កឹម សុខា បន្ត​ទៀត បើ​លោក កឹម សុខា មិន​ព្រម​ទទួល​ស្គាល់​ការពិត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹម​តែ​មិន​បង្ហាញ​ពី​បំណង​ចាត់​វិធានការ​ទប់ស្កាត់ ឬ​បើក​ការ​ស៊ើប​អង្កេត​តាម​ចាប់​ខ្លួន​ម្ចាស់​គណនី​ហ្វេសប៊ុក (Facebook) ឈ្មោះ សីហា ដែល​ហ៊ាន​បញ្ចេញ​សារ​ឆ្លើយឆ្លង​របស់​លោក និង​លោក កឹម សុខា ប៉ុណ្ណោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ លោក​បាន​ចេញ​មុខ​ទទួល​ស្គាល់​សំឡេង​របស់​លោក ហើយ​បែរ​ជា​ខឹង​លោក កឹម សុខា ដែល​ប្រកាន់​ជំហរ​មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង ចំពោះ​ការ​លេច​ធ្លាយ​សារ​នេះ។

ការ​ប្រកាស​គំរាម​ទម្លាយ​សារ​ឆ្លើយឆ្លង​ជាមួយ​លោក កឹម សុខា នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​បក្ស​ប្រឆាំង​ថ្លែង​ថា គណបក្ស​មិន​ចាប់​អារម្មណ៍​នឹង​ការ​បែក​ធ្លាយ​សារ​សំឡេង​សម្ងាត់ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ជា​សំឡេង​សន្ទនា​រវាង​លោក និង​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​ពេល​ជាមួយ​គ្នា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក៏​បាន​សរសេរ​របៀប​ឌឺដង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក កុំ​ឲ្យ​ពលរដ្ឋ​ឲ្យ​តម្លៃ​ទៅ​លើ​សារ​ដែល​គេ​បាន​ទម្លាយ​នោះ ហើយ​ដែល​លោក សម រង្ស៊ី ចាត់​ទុក​ថា​ជា​ការ​កាត់​ត​យក​មក​ផ្សព្វផ្សាយ ដើម្បី​បំបែក​បំបាក់​ផ្ទៃ​ក្នុង​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា លោក ហ៊ុន សែន វិញ​បាន​ចេញ​មុខ​ទទួល​ស្គាល់​ថា សំឡេង​ដែល​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ សីហា បាន​បញ្ចេញ​នោះ គឺ​ពិត​ជា​សំឡេង​របស់​លោក ១០០%។ លោក​ថែម​ទាំង​បបួល​លោក កឹម សុខា ទៅ​ស្បថ​នៅ​ព្រះអង្គ​ដងកើ មុខ​ព្រះបរមរាជវាំង​ទៀត​ផង បើ​លោក កឹម សុខា មិន​ទទួល​ស្គាល់​សំឡេង​របស់​ខ្លួន។

ប្រហែល​ជា​ដោយសារ​ភាព​ព្រងើយ​កន្តើយ និង​ការ​ឌឺដង​របៀប​បញ្ឈឺ​ចិត្ត​នេះ​ហើយ ទើប​លោក ហ៊ុន សែន មិន​អាច​ទប់​កំហឹង ហើយ​ចាប់​ផ្ដើម​ព្រមាន​ទម្លាយ​សារ​ឆ្លើយឆ្លង​ជាមួយ​លោក កឹម សុខា ឲ្យ​អស់៖ «»

ក្រៅ​ពី​ថ្លែង​គំរាម​ទម្លាយ​សារ​ឆ្លើយឆ្លង​ទាំងអស់​ជាមួយ​លោក កឹម សុខា លោក ហ៊ុន សែន ក៏​និយាយ​ឌឺដង​ទៅ​ឲ្យ​លោក សម រង្ស៊ី ដែល​លោក​ថា​បាន​ចេញ​មុខ​និយាយ​ជំនួស​លោក កឹម សុខា និង​ចោទ​ថា​សារ​សំឡេង​ឆ្លើយឆ្លង​ទាំងនោះ​ជា​ការ​កាត់​ត។

ក្នុង​ពេល​ដែល​លោក ហ៊ុន សែន ថ្លែង​គំរាម​ទម្លាយ​សារ​ឆ្លើយឆ្លង​របស់​លោក កឹម សុខា នៅ​ភ្នំពេញ នៅ​ឯ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ឯណោះ​វិញ ក្នុង​ពេល​ថ្លែង​ទៅ​កាន់​មន្ត្រី​សកម្មជន និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង លោក កឹម សុខា មិន​បាន​លើក​ឡើង​ពី​ការ​បែក​ធ្លាយ​សារ​សំឡេង​ឆ្លើយឆ្លង​ជាមួយ​លោក ហ៊ុន សែន នោះ​ទេ។ ប្រធាន​ថ្មី​បក្ស​ប្រឆាំង​រូប​នេះ ថ្លែង​តែ​ពី​ការ​ពង្រឹង​គណបក្ស ដើម្បី​ឈាន​ដល់​ការ​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ប៉ុណ្ណោះ។

រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា លោក​មិន​មាន​អ្វី​ត្រូវ​ឆ្លើយតប​ចំពោះ​ការ​គំរាម​របស់​លោក ហ៊ុន សែន នោះ​ទេ។ លោក​បញ្ជាក់​ថា កិច្ចការ​ដែល​បក្ស​ប្រឆាំង​ត្រូវ​ធ្វើ​ចំពោះ​មុខ គឺ​រៀបចំ​បេក្ខជន រៀបចំ​សារ​នយោបាយ និង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ពេល​ខាង​មុខ។ លោក យឹម សុវណ្ណ សង្កត់​ធ្ងន់​ដែរ​ថា បក្ស​ប្រឆាំង​មិន​មាន​ការ​បារម្ភ​ពី​ការ​បែកបាក់​ផ្ទៃ​ក្នុង ដោយសារ​ការ​ទម្លាយ​សារ​ឆ្លើយឆ្លង​នេះ​ទេ៖ «»

ទាក់ទង​ផ្លូវ​ច្បាប់​វិញ ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក សុក សំអឿន មាន​ប្រសាសន៍​ថា ច្បាប់​ទូរគមនាគមន៍​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​ហៅ​ទូរស័ព្ទ​ទៅ​ភាគី​មួយ​ទៀត​ថត​សំឡេង​ភាគី​មួយ​ទៀត​បាន​ឡើយ បើ​មិន​មាន​ការ​ព្រមព្រៀង​របស់​ភាគី​មួយ​ទៀត។ ចំពោះ​ការ​បញ្ចេញ​សំឡេង​ឆ្លើយឆ្លង​តាម​ទូរស័ព្ទ​វិញ លោក​ថា​ជា​រឿង​ខុស​ច្បាប់ បើ​ភាគី​មួយ​ទៀត​មិន​ព្រមព្រៀង៖ «»

ការ​លួច​ថត​សំឡេង និង​បញ្ចេញ​សារ​ឆ្លើយឆ្លង​របស់​បុគ្គល​ឯកជន កំពុង​ក្លាយ​ជា​ជំងឺ​សង្គម​ថ្មី​មួយ​ទៀត​នៅ​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ចាប់​តាំង​ពី​មាន​ការ​ទម្លាយ​សារ​ឆ្លើយឆ្លង​បុគ្គល​ឯកជន​រយៈពេល​ជិត ១​ឆ្នាំ​នេះ​មក គេ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្តិ​បាន​ម្នាក់​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយសារ​ការ​បញ្ចេញ​សារ​ឆ្លើយឆ្លង​ជា​បន្តបន្ទាប់​នេះ បាន​ធ្វើ​ឲ្យ​លោក កឹម សុខា មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ទៀត ត្រូវ​បាន​តុលាការ​កាត់​ទោស និង​រហូត​មក​ទល់​ពេល​នេះ អ្នក​ខ្លះ​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles