គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសនៅយប់ថ្ងៃទី៥ ខែមីនា ថា ក្នុងរយៈពេល ៣ថ្ងៃនៃកាលបរិច្ឆេទទទួលពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នេះ មានគណបក្សនយោបាយសរុបចំនួន១២ ដែលបានដាក់ពាក្យសុំចុះបញ្ជីបេក្ខជនរបស់ខ្លួន ខណៈចំនួនគណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានដល់ទៅ ៤៥គណបក្ស។
គណបក្សទាំង១២ ដែលបានដាក់ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិនេះ គិតត្រឹមថ្ងៃទី៥ មីនា ដែលជាថ្ងៃបញ្ចប់នៃការទទួលពាក្យនេះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែររួបរួមជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សអំណាចខ្មែរ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។ ក្នុងនោះ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ តែប៉ុណ្ណោះដែលមានបេក្ខជនឈរឈ្មោះនៅគ្រប់ឃុំ-សង្កាត់ចំនួន ១.៦៤៦ នៅទូទាំង ២៥រាជធានី-ខេត្ត។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា កត់សម្គាល់ថា ដំណើរការដាក់ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិនេះមានភាពល្អប្រសើរ ប៉ុន្តែមានភាពរអាក់រអួលតិចតួចប៉ុណ្ណោះនៅតាមគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត៖ «មិនច្រើនទេ! តាមឃុំខ្លះប្រហែលជាមានការមិនទាន់យល់ច្បាស់អំពីការណែនាំរបស់ គ.ជ.ប ពីរបៀបនៃការទទួលពាក្យដែលគណបក្សគេដាក់បេក្ខជនហ្នឹង គឺថាមានការទារលក្ខខណ្ឌផ្សេងៗ ដែលអាចលើសពីលក្ខខណ្ឌដែល គ.ជ.ប ណែនាំ ដែលធ្វើឲ្យមានគណបក្សខ្លះមិនសប្បាយចិត្ត ប៉ុន្តែជាទូទៅវាមានការដោះស្រាយ»។
លោក គល់ បញ្ញា វាយតម្លៃថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិនេះ ហាក់មានភាពល្អប្រសើរជាងអាណត្តិមុន ដោយសារមានគណបក្សនយោបាយច្រើនជាងមុនបានដាក់ពាក្យចូលរួមប្រកួតប្រជែង។ លោកបន្តថា អាណត្តិនេះអាចនឹងមិនមានឃុំ-សង្កាត់ណាមួយដែលមានតែគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះតែឯងដូចអាណត្តិមុនៗនោះទេ ដោយសារអាណត្តិនេះ គណបក្សសង្គ្រោះជាតិ បានត្រៀមដាក់បេក្ខជនរបស់ខ្លួនឲ្យបានគ្រប់ឃុំ-សង្កាត់។
តាមប្រតិទិនរបស់ គ.ជ.ប គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត នឹងពិនិត្យសម្រេចលើពាក្យសុំចុះបញ្ជីបេក្ខជនគណបក្សនយោបាយនីមួយៗនៅត្រឹមថ្ងៃទី១២ ខែមីនា ខាងមុខ ហើយគណបក្សណាដែលគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតរកឃើញថា ពាក្យសុំចុះបញ្ជីមានកំហុស គណបក្សនោះមានពេល ៥ថ្ងៃដើម្បីកែតម្រូវ៕