តុលាការកំពូល នឹងប្រកាសសាលដីកាបណ្ដឹងសុំនៅក្រៅឃុំរបស់មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ៤រូប និងមន្ត្រី គ.ជ.ប ១រូប នៅថ្ងៃទី១៣ មីនា បន្ទាប់ពីជំនុំជម្រះនៅព្រឹកថ្ងៃទី៦ ខែមីនា។
កាលពីថ្ងៃទី២៧ កុម្ភៈ តុលាការនេះ បានពន្យារពេលសវនាការជំនុំជម្រះម្ដងមកហើយ លើករណីសុំនៅក្រៅឃុំនេះ ដោយសារតែការឆ្លើយឆ្លងលិខិតរដ្ឋបាលយឺតយ៉ាវ។
ដោយឡែក សាលាឧទ្ធរណ៍កាលពីថ្ងៃទី២៣ ខែកុម្ភៈ ក៏បានសម្រេចច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់អ្នកទាំង ៥នាក់ហើយ ដោយសំអាងហេតុថា បារម្ភខ្លាចរត់គេចខ្លួន និងស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេតនៅឡើយ។
សកម្មជនសិទ្ធិមនុស្សអាដហុក ទាំង ៤រូប មានលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន ក្រោមបទចោទសូកប៉ាន់សាក្សីតាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ហើយមន្ត្រី គ.ជ.ប លោក នី ចរិយា ជាប់ចោទពីបទសមគំនិតក្នុងករណីដូចគ្នានេះដែរ កាលពីដើមខែឧសភា ឆ្នាំ២០១៦។ អ្នកទាំង ៥នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចោទប្រកាន់កាលពីខែមេសា ឆ្នាំ២០១៦ ពាក់ព័ន្ធរឿងក្ដីដ៏ចម្រូងចម្រាសជាមួយអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...