ក្រុមយុវជននៃសមាគមនិស្សិតបញ្ញវន្តខ្មែរ និងយុវជនមហានគរ បន្តបេសកកម្ម ១០០រាត្រី ដែលជារបស់បណ្ឌិត កែម ឡី ចូលដល់រាត្រីទី១៦។ យុវជនអះអាងថាជាសិស្សរបស់លោក នឹងបន្តបេសកកម្មនេះរហូតដល់គោលដៅ។
ក្រុមយុវជននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ រួមទាំងយុវជនមហានគរ បន្តបេសកកម្ម ១០០រាត្រីរបស់បណ្ឌិត កែម ឡី ក្នុងការស្វែងរកព័ត៌មានអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋកម្ពុជា និងបញ្ហាព្រំដែន។
យុវជននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ គឺលោក មួង សូនី ថ្លែងថា បេសកកម្មនេះជាបេសកកម្មសំខាន់បន្តពីរាត្រីទី១៥ ដែលបណ្ឌិត កែម ឡី បានធ្វើកាលពីលោកនៅមានជីវិត៖ «បន្តពីដំណើរការដែលគាត់ខំធ្វើ ដើម្បីប្រទេសជាតិហ្នឹង។ រឿងមួយទៀត គឺដោយសារតែពួកខ្ញុំបានចងក្រងសៀវភៅលោកគ្រូ កែម ឡី ចងក្រងគំនិតស្នាដៃរបស់គាត់ហ្នឹងទុកជាឯកសារ ដែលធ្វើចុងក្រោយហ្នឹង គឺយើងបានលក់ជាថវិកា ហើយថវិកាហ្នឹងក៏យើងបានសន្យាជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែរថា កាលណាយើងលក់សៀវភៅបានលុយ គឺយើងយកថវិកាហ្នឹង ទៅបន្តធ្វើបេសកកម្ម ១០០រាត្រី និងរឿងកោះ។ ប៉ុន្តែដោយហេតុថា កន្លងមកមានយុវជនមួយចំនួនក្នុងមានអ្នកនយោបាយខ្លះដែរ ប្រកាសថានឹងបន្តបេសកកម្ម ១០០រាត្រីតាមបណ្ឌិត កែម ឡី ហ្នឹង មិនទាន់ធ្វើ។ អ៊ីចឹងយើងយកថវិកាពីការលក់សៀវភៅហ្នឹង ហើយនិងការសន្យាដែរ ក៏បន្តបេសកកម្មយុទ្ធនាការ ១០០រាត្រី និងរឿងកោះហ្នឹងទៅ»។
បណ្ឌិត កែម ឡី ធ្លាប់បានចុះទៅតាមមូលដ្ឋាននានាបានចំនួន ១៥រាត្រី ដើម្បីស្វែងយល់អំពីស្ថានភាពជីវភាពរស់នៅរបស់ពលរដ្ឋ ពិនិត្យមើលបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច និងបញ្ហាព្រំដែន ហើយវិភាគអំពីបញ្ហាទាំងនោះសម្រាប់ពលរដ្ឋកម្ពុជា ទាំងមូល។ លោកត្រូវបានឃាតកដែលអះអាងថា ឈ្មោះ ជួប សម្លាប់ បាញ់សម្លាប់លោកកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ក្រោយមរណភាពបណ្ឌិត កែម ឡី មានយុវជន និងអ្នកនយោបាយខ្លះសន្យាថា នឹងបន្តបេសកកម្ម ១០០រាត្រីរបស់លោក។
ក្នុងបេសកកម្មរាត្រីទី១៦ បន្តពីបណ្ឌិត កែម ឡី លោក មួង សូនី ឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមយុវជនរបស់លោក បានចុះសិក្សា និងសម្ភាសផ្ទាល់អំពីជីវភាពរបស់ពលរដ្ឋនៅតាមមូលដ្ឋាននៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ និងប៉ៃលិន។ ក្រុមយុវជនទាំងនេះរកឃើញថា ពលរដ្ឋកម្ពុជា នៅតំបន់ព្រំដែនទាំងនោះមានជីវភាពលំបាក គ្មានការអភិវឌ្ឍ ប្រព័ន្ធទឹក និងសេវាសាធារណៈខ្វះខាត ដែលជាកង្វះការលើកទឹកចិត្តពលរដ្ឋរស់នៅតាមព្រំដែននោះ។ យុវជនជាច្រើនចេញទៅធ្វើកម្មករខ្វះជំនាញនៅប្រទេសថៃ។
ក្រៅពីតំបន់ព្រំដែន ក្រុមយុវជនរបស់លោក មួង សូនី ក៏បានសិក្សាស្រាវជ្រាវពីស្ថានភាពអ្នករស់នៅតាមបឹងទន្លេសាបដែរ ទាំងពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍វៀតណាម ដែលទាក់ទងនឹងបញ្ហានេសាទ និងហានិភ័យសម្រាប់ប្រទេសកម្ពុជា។ ការស្រាវជ្រាវរកឃើញថា បញ្ហាបរិស្ថានទឹកទន្លេសាប ដែលប្រើប្រាស់ដាំស្ល ទទួលទាន ងូត មានភាពកខ្វក់ មានជំងឺ។ យុវជន សូនី ប្រៀបធៀបថា ពលរដ្ឋខ្មែរប្រឈមបញ្ហាគ្មានមុខរបរទៅនេសាទឆ្ងាយពីផ្ទះ។ រីឯជនជាតិវៀតណាម រស់នៅទីនោះកើនឡើង ប្រើឧបករណ៍ទំនើបខុសច្បាប់ ធ្វើឲ្យផលត្រីធ្លាក់ចុះខ្លាំង៖ «អ៊ីចឹងទៅបានជាខ្ញុំយល់ឃើញថា ការបន្តបេសកកម្មនេះវាជារឿងសំខាន់ និងចាំបាច់មែនទែនសម្រាប់ប្រទេសជាតិយើង។ បើសិនជាយើងអត់ធ្វើទេ តើនរណានឹងមកសិក្សាបញ្ហាប្រទេសជាតិយើងហ្នឹង ដូចជាថ្មីៗ ខ្ញុំចុះរាត្រីទី១៦ អ៊ីចឹង បើខ្ញុំអត់ទៅទេ គឺខ្ញុំអត់ដឹងថា យួន ហ្នឹងមានគម្រោងលេបត្របាក់យកប្រទេសកម្ពុជា ក្នុងរយៈពេល ២០ឆ្នាំទៀតទេ។ ឧទាហរណ៍ដូចជានៅក្នុងបឹងទន្លេសាប ដែលខ្ញុំចុះទៅថ្មីៗនេះ គឺមានវៀតណាម ជាង ១ម៉ឺននាក់ នៅក្នុងរាត្រីទី១៦ ដែលចុះហ្នឹង។ យើងឃើញថា ពួកគាត់ហ្នឹងមានវប្បធម៌ មានសាលារៀនខ្លួនឯង មានការឧបត្ថម្ភពីរដ្ឋាភិបាលរបស់ខ្លួន មានសិទ្ធិបោះឆ្នោតមានមេភូមិជាជនជាតិវៀតណាម ទៀត»។
លោកបញ្ជាក់បន្ថែមទៀតថា ការបន្តបេសកកម្ម ១០០រាត្រីនេះ គឺជាបន្តដំណើររបស់បណ្ឌិត កែម ឡី ដែលបានផ្ដួចផ្ដើមគំនិតស្វែងយល់ពីបញ្ហាជាច្រើននៅក្នុងសង្គមកម្ពុជា ទាំងបញ្ហានយោបាយ សេដ្ឋកិច្ច និងជនអន្តោប្រវេសន៍ បញ្ហាព្រំដែន និងកោះ ដែលនៅលាក់លៀម។ លោកមានបំណងប្រមូលព័ត៌មានទាំងនេះចងក្រងជាសៀវភៅ ដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងជាសាធារណៈដែលទាក់ទងនឹងអភិបាលកិច្ច និងយុត្តិធម៌សង្គម។
សៀវភៅកម្រងទស្សនៈសង្គម និងនយោបាយរបស់បណ្ឌិត កែម ឡី ដែលចងក្រងដោយក្រុមយុវជននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងយុវជនមហានគរ សរសេរថា ក្នុងបេសកកម្មស្រាវជ្រាវ ១០០រាត្រី បណ្ឌិត កែម ឡី បានទៅស្នាក់នៅតាមផ្ទះអ្នកភូមិនៅតាមព្រំដែនវៀតណាម តាមកោះខ្លះក្នុងឈូងសមុទ្រថៃ ភូមិខ្មែរក្រោមនៅវៀតណាមខាងត្បូង និងភូមិខ្មែរសុរិន្ទនៅប្រទេសថៃ៕