មន្ត្រីក្រសួងទេសចរណ៍ ធ្លាប់ប៉ាន់ប្រមាណថា ចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាកម្ពុជា ឆ្នាំ២០១៧ អាចនឹងកើនឡើងលើសពី ៥លាននាក់ ហើយភាគច្រើនសំដៅទៅទស្សនាប្រាសាទបុរាណភ្នំបាខែង និងអង្គរវត្ត។ ស្របគ្នានឹងកំណើនភ្ញៀវទេសចរដែលធ្វើឲ្យប្រាក់ចំណូលជាតិក៏កើនឡើងដែរនោះ ក្រុមអ្នកជំនាញផ្នែកការពារ និងថែរក្សាប្រាសាទបុរាណ ក៏គិតទៅដល់ការធ្វើឲ្យប៉ះពាល់ចំពោះនិរន្តរភាពរបស់ប្រាសាទបុរាណទាំងនោះដែរ។
តើមានវិធីបែបណាដើម្បីឲ្យបានចំណូលជាតិក៏កាន់តែច្រើនពីវិស័យទេសចរណ៍ ប៉ុន្តែកុំឲ្យមានការប៉ះពាល់ទៅដល់ប្រាសាទបុរាណនានានោះ?
អាជ្ញាធរអប្សរាទទួលបន្ទុកការពារ និងថែរក្សាប្រាសាទបុរាណនៅខេត្តសៀមរាប បានដឹងថា បច្ចុប្បន្ននេះក្នុងចំណោមភ្ញៀវទេសចរបរទេសដែលមកទស្សនាប្រាសាទបុរាណ គឺបាននាំគ្នាសម្រុកទៅមើលប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែង ច្រើនជាងគេ។
ទាំងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ និងមន្ត្រីអាជ្ញាធរអប្សរា ឲ្យដឹងថា យ៉ាងហោចណាស់ក៏មានភ្ញៀវទេសចរចម្រុះជាតិសាសន៍ដែលទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែង ចំនួនពី ១.៥០០នាក់ទៅ ៣.០០០នាក់ដែរក្នុងមួយថ្ងៃៗ។ ដោយសារមើលឃើញថា ចំនួនភ្ញៀវទេសចរទៅទស្សនាប្រាសាទទាំងពីរនេះច្រើនជាងគេ ក្រុមអ្នកអភិរក្សមានការព្រួយបារម្ភចំពោះការគំរាមកំហែងដល់ប្រាសាទបុរាណ ដោយសារតែចំនួនអ្នកទេសចរច្រើនលើសលប់ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់និរន្តរភាពរបស់ប្រាសាទ។
សព្វថ្ងៃនេះ នៅប្រាសាទភ្នំបាខែង គឺឈប់អនុញ្ញាតឲ្យភ្ញៀវទេសចរឡើងទៅទស្សនានៅលើកំពូលដោយសេរីទៀតហើយ គឺមានន័យថា ចំនួនភ្ញៀវទេសចរដែលឡើងទៅទស្សនាត្រូវមានចំនួនកំណត់ត្រឹមត្រូវ។
ប្រធានភ្នាក់ងារគ្រប់គ្រងទេសចរណ៍របស់អាជ្ញាធរអប្សរា ប្រចាំនៅប្រាសាទភ្នំបាខែង គឺលោក ភឿន សោភ័ណ។ លោកមានប្រសាសន៍កាលពីល្ងាចថ្ងៃទី៤ ខែមីនា ថា បច្ចុប្បន្នអាជ្ញាធរអប្សរាបានកំណត់ឲ្យភ្ញៀវទេសចរចំនួនតែ ៣០០នាក់ទេដែលឡើងទៅលើកំពូលប្រាសាទភ្នំបាខែង ក្នុងពេលទស្សនាម្ដងៗ។ ចំណែកឯភ្ញៀវទេសចរដទៃទៀតដែលចង់ឡើងទៅទស្សនានៅកំពូលប្រាសាទភ្នំបាខែងដែរ គឺត្រូវរង់ចាំដល់ពេលដែលអ្នកឡើងមុនៗចុះមកវិញ ទើបអាចអនុញ្ញាតឲ្យអ្នកថ្មីឡើងបន្តទៀតបាន គឺផ្លាស់ប្ដូរគ្នា។
ប្រធានភ្នាក់ងារគ្រប់គ្រងទេសចរណ៍ដដែល បញ្ជាក់ឲ្យដឹងពីមូលហេតុជាច្រើនដែលអាជ្ញាធរអប្សរាបានកំណត់ចំនួនភ្ញៀវឲ្យឡើងទៅទស្សនាប្រាសាទភ្នំបាខែងដូចនេះ៖ «ក្នុងការកំណត់នេះ អាជ្ញាធរអប្សរារៀបចំឡើងដើម្បីការពារប្រាសាទ។ បើសិនជាយើងអនុញ្ញាតឲ្យភ្ញៀវឡើងទស្សនាលើប្រាសាទច្រើនពេក គឺវាប៉ះពាល់ដល់ប្រាសាទ និងរំខានដល់ការអភិរក្សផងដែរ»។
ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៣រសៀល រហូតទៅដល់ម៉ោង ៥ល្ងាច ភ្ញៀវទេសចរចម្រុះជាតិសាសន៍តែងនាំគ្នាឡើងទៅលើកំពូលភ្នំបាខែង។
កម្លាំងរបស់អាជ្ញាធរអប្សរាបានរាយបណ្ដាក់គ្នាពិនិត្យសំបុត្រ និងរាប់ចំនួនភ្ញៀវទេសចរដែលឡើងទៅលើកំពូលភ្នំបាខែង ចាប់តាំងតែពីជើងភ្នំរហូតទៅដល់ជើងជណ្ដើរនៃប្រាសាទបុរាណ។ នៅឯជើងជណ្ដើរនៃប្រាសាទភ្នំបាខែង គឺមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ១ពាន់នាក់ដែលឈរតម្រង់ជួរ ដើម្បីរង់ចាំឡើងទៅទស្សនានៅលើកំពូលភ្នំ។
តើប្រាសាទភ្នំបាខែង មានមន្តស្នេហ៍អ្វី បានជាទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ឲ្យចង់ឡើងទៅទស្សនារហូតដល់ថ្នាក់នាំគ្នាឈរតម្រង់ជួរចាំវេនដូច្នេះ?
មគ្គុទ្ទេសក៍ជនជាតិខ្មែរនិយាយភាសាអង់គ្លេសម្នាក់ ដែលតែងនាំភ្ញៀវទេសចរឡើងទៅទស្សនាប្រាសាទភ្នំបាខែង លោក សុវណ្ណ មានប្រសាសន៍ថា ប្រាសាទភ្នំបាខែង គឺជាប្រាសាទដ៏មានចំណាស់ជាងគេនៅក្នុងចំណោមប្រាសាទទាំងឡាយរបស់អតីតរាជធានីអង្គរ។ លោកយល់ថា ភ្ញៀវទេសចរដែលចូលចិត្តឡើងទៅមើលប្រាសាទភ្នំបាខែង គឺដោយសារតែភាពទាក់ទាញច្រើនយ៉ាង ដូចជាទេសភាពនៅពេលព្រះអាទិត្យរៀបលិច ព្រមទាំងអ្នកទេសចរអាចមើលឃើញទេសភាពជាច្រើននៅជុំវិញទីក្រុងអង្គរយ៉ាងច្បាស់ផង៖ «អ្វីដែលស្អាតបំផុត គឺទេសភាពថ្ងៃលិចនៅទីនេះផ្ទាល់តែម្ដង។ យើងក៏អាចនិយាយថា ប្រាសាទនៅទីនេះវាក៏ជាប្រាសាទដែលមានអាយុចាស់ជាងគេដែរ ដោយសារតែប្រាសាទនេះកសាងមុនគេនៅក្នុងរាជព្រះបាទយសោវរ្ម័ន»។
ទោះជាយ៉ាងណា ភ្ញៀវទេសចរបរទេសខ្លះបង្ហាញឲ្យដឹងពីការឡើងទៅទស្សនាប្រាសាទភ្នំបាខែងនេះផ្សេងៗពីគ្នា ដោយអ្នកខ្លះថាដោយសារតែក្រុមហ៊ុនទេសចរណ៍បានលក់កញ្ចប់មកឲ្យពួកគេដូច្នេះ ឯអ្នកខ្លះទៀតថា គេឡើងទៅលើកំពូលភ្នំបាខែង ពីព្រោះតែចង់ឃើញប្រាសាទបុរាណបែបព្រហ្មញ្ញដ៏អស្ចារ្យ។
អ្នកទេសចរជនជាតិអាល្លឺម៉ង់ ម្នាក់ដែលសុំមិនប្រាប់ឈ្មោះ មានប្រសាសន៍ថា គាត់បានអានសៀវភៅស្ដីពីប្រាសាទភ្នំបាខែងនេះយូរហើយ។ គោលបំណងដែលគាត់ឡើងភ្នំបាខែង មិនមែនមើលថ្ងៃរៀបលិចទេ គឺចង់ឃើញប្រាសាទបុរាណដែលគាត់បានអានក្នុងសៀវភៅនោះ៖ «ខ្ញុំសង្ឃឹមថានឹងឃើញប្រាសាទបុរាណដ៏ស្រស់ស្អាតនៅពេលនេះ។ ខ្ញុំបានធ្វើដំណើរជុំវិញប្រទេសអាស៊ានខ្លះ ដូចជាវៀតណាម ហើយពេលនេះខ្ញុំបានមកដល់ខេត្តសៀមរាប រយៈពេល ២ថ្ងៃហើយ សង្ឃឹមថានេះជាលើកចុងក្រោយនៃជីវិត ដែលខ្ញុំបានមកមើលប្រាសាទភ្នំបាខែង»។
ភ្នំបាខែង មានកម្ពស់ ៦៥ម៉ែត្រ ដែលទីនោះមានប្រាសាទបុរាណកំពូលចំនួន ១០៩ តំណាងឲ្យភ្នំកៃលាស សម្រាប់ឧទ្ទិសថ្វាយព្រះសិវៈ ដែលជាអាទិទេពនៃព្រហ្មញ្ញសាសនា។ ប្រាសាទនេះកសាងដោយអតីតព្រះមហាក្សត្រព្រះនាមយសោវរ្ម័ន នៅចន្លោះចុងសតវត្សទី៩ និងដើមសតវត្សទី១០ នៃគ្រិស្តសករាជ។
មគ្គទេសក៍ទេសចរណ៍ជនជាតិខ្មែរនិយាយភាសាថៃ លោក រ៉េត សាមុត អធិប្បាយថា ភាពទាក់ទាញរបស់ប្រាសាទភ្នំបាខែងយ៉ាងសំខាន់ គឺមើលព្រះអាទិត្យរៀបលិច ពីព្រោះនៅក្នុងចំណោមប្រាសាទបុរាណទាំងអស់ដែលនៅក្នុងខេត្តសៀមរាប មិនមានប្រាសាទណាអាចបង្ហាញទិដ្ឋភាពពេលព្រះអាទិត្យរៀបលិចស្អាតជាងប្រាសាទភ្នំបាខែងទេ ព្រមទាំងភាពពិសេសជាច្រើនទៀត អាចឲ្យអ្នកទេសចរគយគន់ឃើញទេសភាពនៃអតីតរាជធានីអង្គរនៅលើផ្ទៃដីជាង ៤០០គីឡូម៉ែត្រក្រឡាបានយ៉ាងច្បាស់ដោយផ្ទាល់ភ្នែក៖ «ទី២ គឺបរទេសចូលចិត្តកីឡា កាលណាគេឡើងភ្នំបាខែង គឺធ្វើឲ្យគេមានសុខភាពល្អ។ ចំណែកទី៣ គឺមើលឃើញភ្នំគូលែន ដ៏វែងអន្លាយ មើលឃើញប្រាសាទអង្គរវត្តពីលើ គឺច្បាស់ស្អាតតែម្ដង»។
មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា លោក ឡុង កុសល ឲ្យដឹងថា ចាប់តាំងតែពីអំឡុងខែកញ្ញា ឆ្នាំ២០១១ អាជ្ញាធរអប្សរាបានចេញសេចក្តីប្រកាសឲ្យអនុវត្តទៅលើការកំណត់ចំនួនភ្ញៀវទេសចរដែលឡើងទៅទស្សនាប្រាសាទបុរាណនៅភ្នំបាខែង និងនៅបាកាន ដែលជាកំពូលកណ្ដាលរបស់ប្រាសាទអង្គរវត្ត។ ការបញ្ញត្តិកំណត់ចំនួនភ្ញៀវទេសចរឲ្យទៅទស្សនាប្រាសាទទាំងពីរនេះ ដោយសារតែជារៀងរាល់ថ្ងៃ មានអ្នកទេសចរចន្លោះពី ១.៥០០នាក់ទៅ ៣.០០០នាក់ តែងនាំគ្នាទៅទស្សនាក្នុងមួយថ្ងៃៗ ដែលចំនួននេះច្រើនពេកគួរឲ្យព្រួយបារម្ភដល់ការបែកបាក់របស់ប្រាសាទបុរាណ៕