មន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងថា គណបក្សមិនចាប់អារម្មណ៍នឹងការបែកធ្លាយសារសំឡេងសម្ងាត់រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានគណបក្សរបស់ខ្លួននោះទេ។ ការអះអាងនេះ ថ្វីបើលោក ហ៊ុន សែន បានផ្ដាំផ្ញើតាមរយៈសារព័ត៌មានជិតស្និទ្ធនឹងរដ្ឋាភិបាល មកកាន់អាស៊ីសេរីថា សំឡេងសម្ងាត់រវាងលោក និងលោក កឹម សុខា គឺពិត ១០០% ហើយលោកក៏ហ៊ានបបួលលោក កឹម សុខា ទៅស្បថដើម្បីបញ្ជាក់ការពិតដែរ ប្រសិនប្រធានបក្សប្រឆាំងថ្មីនេះមិនទទួលស្គាល់។
ខ្សែអាត់សំឡេងមានរយៈពេលប្រហែល ២១នាទី រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានថ្មីនៃគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលម្ចាស់ទំព័រហ្វេសប៊ុក (facebook) ឈ្មោះ សីហា ចេញផ្សាយជាសាធារណៈ និងអះអាងថាជាសារសន្ទនាគ្នាតាមទូរស័ព្ទដៃកើតឡើងតាំងពីចុងខែ៩ ឆ្នាំ២០១៦ ដើម្បីបញ្ចុះបញ្ចូលឲ្យលោក កឹម សុខា វាយប្រហារឲ្យចំឈ្មោះអតីតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី កុំប្រើប្រាស់ពាក្យវាយប្រហារមកលើលោក ហ៊ុន សែន កាលអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនោះ ត្រូវបានមន្ត្រីគណបក្សសង្គ្រោះជាតិ ចាត់ទុកថាមិនមែនជារឿងថ្មីគួរឲ្យចាប់អារម្មណ៍ និងព្រួយបារម្ភសម្រាប់គណបក្សឡើយ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី៥ មីនា ថា គណបក្សរបស់លោកកំពុងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីឈានទៅដល់ការបោះឆ្នោតនាពេលខាងមុខ ហើយគណបក្សក៏មិនយកចិត្តទុកដាក់ចំពោះការបែកធ្លាយខ្សែអាត់សំឡេងរវាងលោក ហ៊ុន សែន និងលោក កឹម សុខា នោះទេ។ លោក យឹម សុវណ្ណ ក៏មិនបកស្រាយថា ខ្សែអាត់សំឡេងរវាងលោក ហ៊ុន សែន និងលោក កឹម សុខា ជាការពិត ឬយ៉ាងណានោះដែរ ដោយលោកជំរុញឲ្យទៅសួរម្ចាស់ផេកហ្វេសប៊ុកដែលបង្ហោះសំឡេងសន្ទនាសម្ងាត់នោះ៖ «មិនបានយកចិត្តទុកដាក់រឿងហ្នឹងផង។ យើងខំប្រឹងធ្វើយ៉ាងម៉េចដើម្បីឈានទៅរកការបោះឆ្នោតនាពេលខាងមុខ»។
ការអះអាងពីមន្ត្រីគណបក្សសង្គ្រោះជាតិ នេះ ក្រោយពីព័ត៌មានហ្វ្រេសញូវ (Fresh News) ដែលស្និទ្ធនឹងរដ្ឋាភិបាល បានចុះផ្សាយកាលពីព្រឹកថ្ងៃទី៥ មីនា ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដាំផ្ញើមកកាន់វិទ្យុអាស៊ីសេរីថា អ្វីដែលម្ចាស់ផេកហ្វេសប៊ុកឈ្មោះ សីហា ចុះផ្សព្វផ្សាយអំពីសំឡេងឆ្លើយឆ្លងរបស់លោក និងលោក កឹម សុខា គឺពិតប្រាកដមែន ហើយលោក ហ៊ុន សែន ក៏បន្តថា ចាប់តាំងពីមានការចរចានោះមក លោក កឹម សុខា បានធ្វើតាមការណែនាំរបស់លោក ទាំងការទៅចុះឈ្មោះ និងការចេញសេចក្ដីថ្លែងការណ៍នានារបស់លោក កឹម សុខា។
ប៉ុន្តែមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក គង់ ចំរើន ថ្លែងប្រាប់អាស៊ីសេរីថា លោកមិនបានកាន់រឿងបែកធ្លាយសំឡេងសម្ងាត់នេះទេ ហើយក៏មិនអាចធ្វើការអត្ថាធិប្បាយដើម្បីបញ្ជាក់ការពិតដែរ។
រីឯមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់ថា លោកមិនបានចាប់អារម្មណ៍នឹងរឿងបែកធ្លាយសារសំឡេងសម្ងាត់របស់លោក ហ៊ុន សែន និងលោក កឹម សុខា ឡើយ ព្រោះមិនជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាល។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលក៏មិនចាត់វិធានការតាមផ្លូវច្បាប់ដើម្បីរកមុខអ្នកបង្ហោះសារសំឡេងសម្ងាត់របស់ប្រមុខរដ្ឋាភិបាលនោះទេ ព្រោះជារឿងបុគ្គល និងទុកឲ្យបុគ្គលជាអ្នកសម្រេច៖ «អាស្រ័យទៅលើគេ ថាគេចាប់អារម្មណ៍ ឬមិនចាប់អារម្មណ៍។ គេចាប់អារម្មណ៍ អាហ្នឹងគេចាត់វិធានការតាមច្បាប់»។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខ្សែអាត់ថតកិច្ចសន្ទនានោះ សំឡេងរបស់លោកនាយករដ្ឋមន្ត្រីឮច្បាស់ហាក់ដូចជាថតចេញពីមាត់ផ្ទាល់ ឯសំឡេងរបស់លោក កឹម សុខា ឮមិនសូវច្បាស់ហាក់ថតចេញពីទូរស័ព្ទ។
កាលពីល្ងាចថ្ងៃទី៤ មីនា នៅក្នុងការបែកធ្លាយសំឡេងដែលបង្ហោះដោយផេកហ្វេសប៊ុកឈ្មោះ សីហា គឺលោក ហ៊ុន សែន បាននិយាយណែនាំឲ្យលោក កឹម សុខា ប្រើឋានៈជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ចេញមុខទាត់ចោលតាមរយៈហ្វេសប៊ុក ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ថាមិនអាចយកជាការបានទេ។ លោក ហ៊ុន សែន ប្រាប់លោក កឹម សុខា ទៀតថា លោកមិនអាចអត់ឱនឲ្យលោក សម រង្ស៊ី ដែលប្រមាថធ្វើឲ្យប៉ះពាល់ប្រពន្ធ និងកូនៗរបស់លោក ទៅជាប់ពាក់ព័ន្ធនឹងអតីតមេដឹកនាំវៀតណាម បាននោះដែរ។ លោក ហ៊ុន សែន ក៏ធានាថា ប្រសិនបើលោក កឹម សុខា ធ្វើតាមអ្វីដែលលោកបានប្រាប់ គឺលោក កឹម សុខា អាចឈប់ឃុំខ្លួនឯងនៅក្នុងបក្ស និងអាចចេញក្រៅដើម្បីទៅចុះឈ្មោះបោះឆ្នោត និងទៅផ្ទះវិញបានធម្មតា ហើយក៏គ្មាននរណាម្នាក់ហ៊ានទៅចាប់ខ្លួនរបស់លោក កឹម សុខា ដោយគ្មានបញ្ជាពីលោកដែរ។
ផ្ទុយទៅវិញ លោក ហ៊ុន សែន ព្រមានថា ប្រសិនបើលោក កឹម សុខា នៅតែភ្ជាប់ខ្លួនជាមួយលោក សម រង្ស៊ី នោះ លោក កឹម សុខា ក៏ជួបគ្រោះថ្នាក់ដែរ ហើយទោះជាសហរដ្ឋអាមេរិកលើកទ័ពចូលស្រុកខ្មែរ ក៏លោក ហ៊ុន សែន មិនញញើតសាកល្បងតតាំងដែរ។ បន្ថែមពីលើនេះ លោក ហ៊ុន សែន ក៏បញ្ជាក់ថា លោកក៏មិនខ្លាចឲ្យប្រទេសមួយនេះវិលទៅរកភ្នក់ភ្លើងសង្គ្រាមស៊ីវិលឡើងវិញ ដើម្បីលេងមួយចានកម្ចាត់ឲ្យអស់តែម្ដង។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលជាផ្ទាំងស៊ីបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាតួឯកសំខាន់មួយក្នុងរឿងរ៉ាវបែកធ្លាយកិច្ចសន្ទនានេះ បានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកនៅល្ងាចថ្ងៃទី៥ មីនា អំពាវនាវកុំឲ្យវាយតម្លៃចំពោះឯកសារលាយលក្ខណ៍អក្សរ ឬសំឡេងទាំងនោះ។ ក្រៅពីនេះ លោក សម រង្ស៊ី បន្តថា តាមពិត គណបក្សសង្គ្រោះជាតិ នៅតែរឹងមាំដដែល ហើយគ្រប់កាលៈទេសៈ។ លោកបញ្ជាក់ទៀតថា ទោះជាមានតំណែង ឬគ្មានតំណែងក្នុងបក្សក៏ដោយ លោក កឹម សុខា និងរូបលោក នៅតែជាមនុស្សតែមួយ និងជាដៃគូស្លាប់រស់ដើម្បីសង្គ្រោះជាតិ។ ប្រហែលជាក្នុងការឆ្លើយតបដោយចំពោះទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក សម រង្ស៊ី លើកឡើងថា ដោយសាររកវិធីមិនបានដើម្បីឲ្យគណបក្សសង្គ្រោះជាតិ ចុះខ្សោយ ទើបមានការប្រើល្បិចកាន់តែថោកទាប តែនៅទីបញ្ចប់ ត្រូវតែចាញ់គណបក្សសង្គ្រោះជាតិ។
អាស៊ីសេរី មិនអាចសុំការបកស្រាយផ្ទាល់ពីលោក កឹម សុខា បានទេ ដោយទូរស័ព្ទលោកមិនអាចទាក់ទងបាន។ ប៉ុន្តែលោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃទី៥ មីនា ថា គណបក្សសង្គ្រោះជាតិ កើតឡើងពីការរួបរួមគ្នា ហើយអ្វីៗគណបក្សតែងតែរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាសម្រេច ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ៕