Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​ហូរ​ចូល​គ្រឿង​ញៀន​នៅ​តំបន់​ដាច់ស្រយាល​ខែត្រ​ស្ទឹងត្រែង

$
0
0

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ សម្ដែង​ក្តី​បារម្ភ​ពី​ការ​កើន​ឡើង​អ្នក​ជួញដូរ និង​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន បាន​រាលដាល​ស្ទើរ​គ្រប់​តំបន់ ទាំង​ទីប្រជុំជន និង​ជនបទ​ក្នុង​ខែត្រ​ស្ទឹងត្រែង និង​ខែត្រ​ក្រចេះ ខណៈ​ឈ្មួញ​បាន​ចរាចរណ៍​ក្នុង​ទីផ្សារ​ងងឹត​តាម​ច្រក​របៀង ទាំង​ផ្លូវ​គោក និង​ផ្លូវ​ទឹក ឆ្លង​កាត់​ច្រក​ព្រំដែន​កម្ពុជា-ឡាវ។

ក្តី​បារម្ភ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ស្នងការដ្ឋាន​នគរបាល​ខែត្រ​ស្ទឹងត្រែង បើក​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ ដែល​ត្រូវ​បុរស​ជនជាតិ​ឡាវ នាំ​ចូល​មក​កម្ពុជា នៅ​ចំណុច​ច្រក​ព្រំដែន​កម្ពុជា-ឡាវ ហើយ​រឹបអូស​បាន​គ្រឿង​ញៀន​មេតំហ្វេតាមីន ឬ​ម៉ា​ទឹកកក​ចំនួន ៥​គីឡូក្រាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ មីនា។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​សមត្ថភាព​ត្រួត​ពិនិត្យ​តាម​ច្រក​ព្រំដែន​ឲ្យ​មាន​ប្រសិទ្ធភាព។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ មីនា ថា គ្រឿង​ញៀន​បាន​នាំ​ចូល​មក​កម្ពុជា តាម​ច្រក​ព្រំដែន​ច្រើន​កន្លែង​នៅ​ខែត្រ​ស្ទឹងត្រែង ព្រោះ​ខែត្រ​នេះ​សម្បូរ​ដោយ​ព្រៃ​ភ្នំ និង​ទន្លេ​ដែល​អ្នក​ជួញដូរ​ងាយ​ស្រួល​ឆ្លង​កាត់ និង​រត់​ពន្ធ។ ហើយ​ច្រក​របៀង​សំខាន់ៗ​ដែល​អ្នក​ជួញដូរ​រត់​ពន្ធ​ឆ្លង​ដែន​មាន​ជាង ១០​កន្លែង​ផ្សេង​ទៀត។ លោក​ចាត់​ទុក​ខែត្រ​ស្ទឹងត្រែង គឺ​ជា​ច្រក​សេដ្ឋកិច្ច​ទីផ្សារ​ផ្លូវ​ងងឹត ដែល​ក្រុម​ឈ្មួញ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​កាត់ ហេតុ​នេះ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រក​មធ្យោបាយ​ពង្រឹង​ត្រួត​ពិនិត្យ​ព្រំដែន​តឹងរ៉ឹង និង​បន្ថែម​ល្បឿន​បង្កើត​ប្រព័ន្ធ​រាយការណ៍​ឲ្យ​សមត្ថកិច្ច ទាក់ទិន​ការ​ប្រើប្រាស់​គ្រឿង​ញៀន និង​ការ​ជួញដូរ៖ «បង្ក្រាប​ហ្នឹង​យើង​មិន​ដឹង​ថា ចំនួន​នៃ​ការ​បង្ក្រាប និង​ចំនួន​នៃ​ការ​ជួញដូរ តើ​វា​ស៊ី​គ្នា​អត់? ឬ​មួយ​ក៏​សមត្ថកិច្ច​មិន​ដឹង​ចូល ១០​ករណី ដោយឡែក​សមត្ថកិច្ច​ដឹង​ចាប់​បាន​តែ​មួយ​ទៅ​ពីរ​ករណី​អ៊ីចឹង ៧ ទៅ ៨​ករណី​ហូរ​ចូល​ដោយ​សមត្ថកិច្ច​មិន​ដឹង​វា អា​ហ្នឹង​ហើយ​ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​យើង​ខ្លាំង​មែន​ទែន»

កាល​ពី​ថ្ងៃ​ទី​៤ មីនា នគរបាល​នៃ​ស្នងការដ្ឋាន​ខែត្រ​ស្ទឹងត្រែង បាន​ឃាត់​ខ្លួន​ជនជាតិ​ឡាវ ម្នាក់​នៅ​ចំណុច​ព្រំដែន​កម្ពុជា-ឡាវ រឹបអូស​គ្រឿង​ញៀន​ប្រភេទ​មេតំហ្វេតាមីន (ម៉ា​ទឹកកក) ៥​គីឡូក្រាម និង​បាន​បញ្ជូន​ជន​សង្ស័យ​ទៅ​សាលា​ដំបូង​ខែត្រ​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​៥ មីនា។ ប្រតិបត្តិការ​នេះ សមត្ថកិច្ច​នៅ​បន្ត​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ ហើយ​ពុំ​ទាន់​បង្ហាញ​តម្រុយ​អ្នក​ពាក់ព័ន្ធ​នៅ​ឡើយ​ទេ។

របាយការណ៍​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា ចាប់​ពី​ដើម​ឆ្នាំ​២០១៧ រហូត​ដល់​ដើម​ខែ​មីនា នេះ នគរបាល​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​បាន ១៧​ករណី និង​ឃាត់​ខ្លួន​ជន​សង្ស័យ​បញ្ជូន​ទៅ​តុលាការ​បាន ១៧​នាក់។

ស្នងការ​រង​ទទួល​បន្ទុក​បង្ក្រាប​គ្រឿង​ញៀន លោក សាន់ និមល ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​កំពុង​ប្រឹងប្រែង​អនុវត្ត​វិធានការ ៥​យ៉ាង រួម​មាន​វិធានការ​ផ្សព្វផ្សាយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ជ្រាប​ពី​ផល​ប៉ះពាល់ និង​គ្រោះថ្នាក់​នៃ​គ្រឿង​ញៀន។ ទី​២ វិធានការ​រដ្ឋបាល​បង្គាប់​ឲ្យ​ផ្ទះ​សំណាក់ សណ្ឋាគារ ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត ជាដើម ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​ផ្តល់​ព័ត៌មាន​បញ្ហា​គ្រឿង​ញៀន។ ទី​៣ ត្រូវ​រឹត​បន្តឹង​គ្រប់គ្រង​មុខ​សញ្ញា​អ្នក​ជួញដូរ ដើម្បី​ឈាន​ដល់​ការ​បង្ក្រាប​ឲ្យ​ទាន់​ពេលវេលា។ ទី​៤ ព្យាបាល​នីតិសម្បទា និង​ទី​៥ គឺ​សហប្រតិបត្តិការ​អន្តរជាតិ ឬ​ហៅ​កាត់​ថា BLO ត្រូវ​សហការ​ជាមួយ​ភាគី​ឡាវ ដើម្បី​ផ្តល់​ព័ត៌មាន​ពី​សកម្មភាព​គ្រឿង​ញៀន​ឆ្លង​ដែន៖ «យើង​សហការ​ជាមួយ BLO ឡាវ ដើម្បី​សហការ​ផ្តល់​ព័ត៌មាន​ទៅ​លើ​មុខ​សញ្ញា​ដែល​ធ្វើ​សកម្មភាព​យក​គ្រឿង​ញៀន​ឆ្លង​ដែន។ យើង​ត្រូវ​រឹត​បន្តឹង​ក្នុង​ការ​បង្ក្រាប​ហ្នឹង ដើម្បី​ឲ្យ​មាន​ភាព​ជោគជ័យ​នា​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន»

ចំណែក​នៅ​ខែត្រ​ក្រចេះ មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក (ADHOC) ខែត្រ​ក្រចេះ លោក ប៊ី វ៉ាន់នី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ មីនា ថា បច្ចុប្បន្ន​គ្រឿង​ញៀន​កំពុង​រាលដាល​គ្រប់​តំបន់​នៅ​ខែត្រ​ក្រចេះ និង​ជ្រាប​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច។ លោក​ថា តាម​សាលារៀន វត្ត​អារាម និង​ជនបទ​ដាច់ស្រយាល ក៏​ជា​ទិសដៅ​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ដែរ។ លោក​កត់​សម្គាល់​ថា សមត្ថកិច្ច​នៅ​ខែត្រ​ក្រចេះ ភាគច្រើន បង្ក្រាប​បាន​តែ​អ្នក​ប្រើប្រាស់ ដោយឡែក​អ្នក​ជួញដូរ លោក​កម្រ​ឃើញ​សមត្ថកិច្ច​បង្ក្រាប​បាន​ជា​ដុំ​កំភួន​ឡើយ៖ «ទោះ​បី​ជា​នៅ​តំបន់​ដាច់ស្រយាល​កន្លែង​ដែល​ជនជាតិ​ដើម​ភាគតិច​រស់នៅ ក៏​មាន​កន្លែង​ថ្នាំ​ញៀន​ដែរ។ គ្រឿង​ញៀន​ជា​បញ្ហា​ធំ​ណាស់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​បណ្ដាល​ឲ្យ​មាន​បទល្មើស ដូចជា​លួច​ប្លន់​ធ្វើ​ឲ្យ​មាន​បញ្ហា​សង្គម ជាច្រើន»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ផ្តល់​ទស្សនៈ​ថា បើ​ចង់​ឲ្យ​កម្ពុជា គេច​ផុត​ពី​សុបិន​អាក្រក់​នៃ​ការ​ចែកចាយ​គ្រឿង​ញៀន​បែប​នេះ ត្រូវ​រក​មធ្យោបាយ​ដើម្បី​កម្ទេច​មេ​ខ្លោង និង​ត្រូវ​ពង្រឹង​ប្រព័ន្ធ​តុលាការ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា មាន​តម្រុយ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ប្រព័ន្ធ​តុលាការ សមត្ថកិច្ច​រាជ​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ជា​បន្ទាន់ ដោយ​ប្រឆាំង​ជន​ស៊ី​សំណូក​ទាក់ទង​គ្រឿង​ញៀន។ លោក​មើល​ឃើញ​ថា គ្រឿង​ញៀន គឺ​ជា​មូលហេតុ​នាំ​ឲ្យ​មាន​វិបត្តិ​សង្គម​៣ រួម​មាន​បាត់បង់​កម្លាំង​ពលកម្ម​ផលិត បាត់បង់​ស្មារតី​ប្រយោជន៍​សេដ្ឋកិច្ច ប៉ះពាល់​សុវត្ថិភាព​រយៈពេល​វែង ជាពិសេស​ប៉ះពាល់​ដល់​ការ​រីក​ចម្រើន​របស់​ស្ត្រី​ជាដើម៖ «ដោយសារ​តែ​យើង​មាន​ចំណុច​ខ្វះខាត​ដែល​គេ​ហៅ​ថា ការ​រៀបចំ និង​ការ​ត្រួត​ពិនិត្យ​នៅ​តាម​ព្រំដែន ជាពិសេស​ដូចជា​ព្រំដែន​គោក និង​ព្រំដែន​ទឹក​ហ្នឹង​ក៏​នៅ​មាន​បញ្ហា និង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​ក៏​មាន​អំពើ​ពុក​រលួយ ដែល​នាំ​ឲ្យ​និទ្ទណ្ឌភាព​អាច​កើត​ឡើង​ចំពោះ​ឈ្មួញ​ជួញដូរ​គ្រឿង​ញៀន»

តួលេខ​កាល​ពី​ឆ្នាំ​២០១៦ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ឲ្យ​ដឹង​ថា អ្នក​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​មាន​ប្រហែល ២​ម៉ឺន ២​ពាន់​នាក់។ ចំនួន​នេះ គឺ​មាន​ជាង ៤០​ភាគរយ​ជា​អ្នក​ជាប់​ឃុំ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន។ លើស​ពី​នេះ អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០១៦ កើន​ឡើង​ជាង ២​ពាន់​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥។

របាយការណ៍​ក្នុង​ឆ្នាំ​២០១៥ របស់​អង្គការ​ខាណា (Khana) បាន​បង្ហាញ​ពី​តួលេខ​ប៉ាន់​ប្រមាណ​រក​ឃើញ​ថា ប្រជាជន​កម្ពុជា ចំនួន ១៣​ម៉ឺន​នាក់​ប្រើប្រាស់​គ្រឿង​ញៀន​តាម​រយៈ​ការ​ចាក់​សឺរ៉ាំង និង​ផ្ទាល់ ក្នុង​នោះ​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ ១.៣០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles