ប្រជាពលរដ្ឋមានជម្លោះដីធ្លីក្នុងខណ្ឌជ្រោយចង្វារ គ្រោងលើកគ្នាតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមីនា ដើម្បីសុំដំណោះស្រាយដីធ្លី ក្រោយពីសាលារាជធានីភ្នំពេញយកដីរបស់ពួកគាត់ ហើយបានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនឈ្មោះ អូ.ស៊ី.អាយ.ស៊ី (OCIC) ធ្វើការអភិវឌ្ឍបង្កើតជាទីក្រុងរណប។ អង្គការការងារពិសេសសិទ្ធិលំនៅឋាន ស្នើឲ្យភាគីពាក់ព័ន្ធអង្គុយតុចរចាស្វែងរកដំណោះស្រាយដោយសន្តិវិធី។
គម្រោងលើកគ្នាតវ៉ានេះ បន្ទាប់ពីសាលារាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងថា នឹងបែងចែកដីរបស់ពួកគាត់ជាបីផ្នែក ដោយភាគីពលរដ្ឋម្ចាស់ដីទទួលបានដីត្រឹម ១០% រីឯក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ទទួលបាន ៤០% និងសាលាក្រុងទទួលបាន ៥០%។
តំណាងប្រជាពលរដ្ឋ លោក ជា សុផាត ថ្លែងថា ការគ្រោងលើកគ្នាតវ៉ានេះ គឺដើម្បីប្រឆាំងនឹងសេចក្តីជូនដំណឹងរបស់សាលាក្រុងផង និងសុំដំណោះស្រាយផង ព្រោះពួកគាត់មិនពេញចិត្តចំពោះដំណោះស្រាយរបស់សាលាក្រុងនេះឡើយ៖ «»។
តំណាងរូបនេះបញ្ជាក់ថា អ្វីដែលពលរដ្ឋរងផលប៉ះពាល់ចង់បាន គឺអំពាវនាវឲ្យសាលារាជធានីភ្នំពេញ ដោះស្រាយមានបីចំណុច គឺទី១ ពលរដ្ឋជាម្ចាស់ដីចង់បានដីចំនួន ៦៥% មកវិញ ហើយពួកគាត់សុខចិត្តចូលរួមបរិច្ចាគដីចំនួន ៣៥% ឲ្យសាលាក្រុងដើម្បីយកទៅអភិវឌ្ឍទីក្រុងរណប។ ទីពីរ សាលាក្រុងត្រូវតែឆ្វៀលដីទុកឲ្យពលរដ្ឋ ប្រសិនបើការអភិវឌ្ឍធ្វើឲ្យប៉ះពាល់លំនៅឋាន។ រីឯទី៣ ពលរដ្ឋសុខចិត្តលះបង់ដីទាំងស្រុងសម្រាប់អភិវឌ្ឍ តែត្រូវគិតគូរតាមទីផ្សារនៃតម្លៃដីជាក់ស្ដែងឲ្យពួកគាត់។
អភិបាលរងសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា ការតវ៉ា គឺជាសិទ្ធិរបស់ពួកគាត់ ប៉ុន្តែសាលារាជធានីភ្នំពេញនៅតែរក្សាគោលការណ៍ដោះស្រាយ ដោយឲ្យពលរដ្ឋទទួលសំណង ១០ភាគរយនៃផ្ទៃដីដែលបានកាន់កាប់ដដែល ដើម្បីយកដីតំបន់នោះធ្វើការអភិវឌ្ឍ៖ «»។
លោក មាន ចាន់យ៉ាដា បន្តថា ពលរដ្ឋដែលអះអាងថាជាម្ចាស់ដី គួរតែមកធ្វើការដោះស្រាយជាមួយគណៈកម្មការដោះស្រាយផលប៉ះពាល់ ដោយមិនចាំបាច់ដើរតវ៉ាសុំដំណោះស្រាយនោះទេ។
រីឯនាយកប្រតិបត្តិនៃអង្គការការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ថ្លែងថា ប្រសិនបើការដោះស្រាយនោះសម្រេចតែពីខាងអាជ្ញាធររដ្ឋ ឬក៏តែពីខាងក្រុមហ៊ុន ចំណែកម្ចាស់ដីគ្មានសិទ្ធិសម្រេចអ្វីនោះ គឺមិនអាចដោះស្រាយបានទេ។ ដូច្នេះ វានឹងបណ្ដាលឲ្យមានការតវ៉ារ៉ាំរ៉ៃដូចនៅតំបន់បឹងកក់ដែរ។ លោកបន្តថា ភាគីពាក់ព័ន្ធទាំងអស់ គួរតែជួបជជែកចរចាគ្នាដើម្បីរកចំណុចប្រសព្វណាមួយ ដើម្បីឲ្យភាគីទាំងអស់ឈ្នះៗទាំងអស់គ្នា៖ «»។
ទីក្រុងរណបជ្រោយចង្វារ មានទីតាំងស្ថិតនៅខាងឆ្វេងស្ពានជ្រោយចង្វារ គឺគ្រោងចំណាយទឹកប្រាក់ប្រមាណ ១.៦០០លានដុល្លារសហរដ្ឋអាមេរិក លើទំហំដី ៣៨៧ហិកតារ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនវិនិយោគទុន អូ.ស៊ី.អាយ.ស៊ី ដែលផ្តល់ហិរញ្ញប្បទានដោយធនាគារកាណាឌីយ៉ា (Canadia)៕