ប្រជាពលរដ្ឋរស់នៅក្នុងឃុំមួយចំនួននៃស្រុកឈូក ខេត្តកំពត អំពាវនាវឲ្យក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ចុះមកសិក្សា និងឈានដល់ការដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនឯកជនមួយ ដែលទទួលបានដីសម្បទានពីរដ្ឋ ប៉ុន្តែទុកដីទំនេរចោលមិនឃើញមានការអភិវឌ្ឍ។ មន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា គណៈកម្មការអន្តរក្រសួងកំពុងចុះសិក្សា និងវាយតម្លៃសកម្មភាពរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងអស់នៅទូទាំងប្រទេស ហើយបើរកឃើញថា ក្រុមហ៊ុនណាមិនអនុវត្តតាមកិច្ចសន្យា ឬតាមច្បាប់ដែលមានចែងទេនោះ ពួកគេនឹងប្រឈមនឹងការដកហូតយកដីសម្បទានមកវិញ។
ប្រជាពលរដ្ឋរស់នៅឃុំចំនួនបីនៃស្រុកឈូក ខេត្តកំពត ស្នើសុំឲ្យប្រមុខរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍ដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនឯកជនមួយឈ្មោះ ហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) Co., Ltd) ដែលគ្រប់គ្រងដោយអ្នកស្រី ចាន់ សុធា សមាជិកសភាពាណិជ្ជកម្មកម្ពុជា។
ក្រុមពលរដ្ឋបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ និងកិច្ចសន្យា ដូចជាកាប់ឈើក្នុងតំបន់ដីសម្បទានលក់អស់គ្មានសល់ ទន្ទ្រានដីបន្ថែម រំលោភបំពានដីប្រជាពលរដ្ឋ និងដីសហគមន៍ ដុតផ្ទះ និងឈូសផ្ទះប្រជាពលរដ្ឋអស់ជិត ១០០ខ្នង។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានឈូសបំផ្លាញផលដំណាំកសិកម្មរបស់ពលរដ្ឋអស់រាប់ពាន់ហិកតារ ហើយថែមទាំងដាក់កុងត្រូលយកលុយពីពលរដ្ឋ ដែលដឹកឧស ឬដឹកអនុផលកាត់តាមតំបន់ដីសម្បទានរបស់ក្រុមហ៊ុនទៀតផង ជាពិសេសគឺក្រុមហ៊ុនបានទុកដីទំនេរចោលមិនធ្វើការអភិវឌ្ឍ ឬដាំដុះដំណាំអ្វីនោះឡើយ៖ «»។
ក្រុមពលរដ្ឋបញ្ជាក់ថា ក្រុមហ៊ុន ហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) Co., Ltd.) ឬដែលពួកគាត់និយមហៅថា ក្រុមហ៊ុន ចាន់ សុធា ចាប់ផ្តើមមានវត្តមាននៅក្នុងមូលដ្ឋានរបស់ពួកគាត់នៅឆ្នាំ២០០៥ ហើយផ្ដើមឈូសឆាយប៉ះពាល់ដីធ្លី និងផ្ទះសម្បែងពលរដ្ឋតាំងពីពេលនោះមក។
ក្រុមពលរដ្ឋអះអាងថា សកម្មភាពរបស់ក្រុមហ៊ុនបានប៉ះពាល់ដល់ពលរដ្ឋរាប់រយគ្រួសាររស់នៅក្នុងភូមិមួយចំនួន នៃឃុំត្រពាំងភ្លាំង ឃុំតាកែន និងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
អាស៊ីសេរី បានព្យាយាមទាក់ទងតំណាងក្រុមហ៊ុន ហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) Co., Ltd.) ជាច្រើនលើក ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ។
ក្រុមហ៊ុន ហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) Co., Ltd.) បានចុះកិច្ចសន្យាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីខែមេសា ឆ្នាំ២០០៥ ដោយទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួន ១ម៉ឺនហិកតារ នៅស្រុកឈូក ខេត្តកំពត សម្រាប់ការដាំដុះដំណាំកសិឧស្សាហកម្ម និងចិញ្ចឹមសត្វ។ កិច្ចសន្យានេះមានរយៈពេល ៧០ឆ្នាំ ហើយផែនការប្រើប្រាស់ដីរបស់ក្រុមហ៊ុនមានរយៈពេល ១០ឆ្នាំ។
ទោះបីជាយ៉ាងណា ក្រុមពលរដ្ឋអះអាងថា រយៈពេលជាង ១០ឆ្នាំមកនេះ ក្រុមហ៊ុនមិនបានធ្វើការអភិវឌ្ឍអ្វីលើដីនោះទេ ហើយថ្មីៗនេះក្រុមហ៊ុនបានជួលដីបន្តទៅឲ្យក្រុមហ៊ុនចិន ទៅវិញ ដើម្បីដាំដំណាំស្វាយចន្ទី៖ «»។
សមាជិកក្រុមជំនួយការនៃលេខាធិការដ្ឋានដីសម្បទានសេដ្ឋកិច្ច លោក សៀ រ៉ា បញ្ជាក់ប្រាប់អាស៊ីសេរី ថា ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋ មិនអាចផ្ទេរ ឬជួលដីទាំងនោះទៅឲ្យក្រុមហ៊ុនដទៃឡើយ ប៉ុន្តែអាចស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីទ្រទ្រង់សកម្មភាពវិនិយោគកុំឲ្យក្ស័យធន។ លោកបន្តថា លេខាធិការដ្ឋានដីសម្បទានសេដ្ឋកិច្ចដែលមានសមាសភាពចម្រុះពីអន្តរក្រសួង កំពុងសិក្សា និងវាយតម្លៃសកម្មភាពរបស់ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ហើយបើរកឃើញថា ក្រុមហ៊ុនណាប្រព្រឹត្តផ្ទុយនឹងគោលការណ៍ច្បាប់នោះ លេខាធិការដ្ឋានដីសម្បទានសេដ្ឋកិច្ចនឹងផ្ញើរបាយការណ៍ទៅថ្នាក់ដឹកនាំរដ្ឋាភិបាល ដើម្បីដកហូតដីពីក្រុមហ៊ុនទាំងនោះវិញ៖ «»។
ក្រុមហ៊ុន ហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) Co., Ltd.) ជាក្រុមហ៊ុនទីពីរហើយបន្ទាប់ពីក្រុមហ៊ុន វើលដ៍ ទ្រីស្តារ អ៊ិនធើថេនមិន (World Tristar Entertainment Co., Ltd) ដែលប្រជាពលរដ្ឋនៅស្រុកឈូក ខេត្តកំពត ចោទថាទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួនរាប់ពាន់ហិកតារ តែមិនមានសកម្មភាពអភិវឌ្ឍន៍លើដីទាំងនោះឡើយ ហើយដែលប្រជាពលរដ្ឋស្នើឲ្យរដ្ឋដកហូតដីពីក្រុមហ៊ុនទាំងពីរយកមកចែកជូនពលរដ្ឋវិញ។
មន្ត្រីអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិដីធ្លី និងធនធានធម្មជាតិ លោក ប៉ែន បុណ្ណារ៍ ដែលតាមដានករណីនេះ បញ្ជាក់ថា ដីភាគច្រើនដែលក្រុមហ៊ុនទទួលបាន ត្រូវទុកទំនេរចោល ដោយគ្មានការអភិវឌ្ឍ។ លោកស្នើឲ្យស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ គួរតែចុះស៊ើបអង្កេតករណីនេះដោយយកចិត្តទុកដាក់ ដើម្បីរកដំណោះស្រាយជូនពលរដ្ឋ។ លោកថា ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅតំបន់នោះខ្វះដីបង្កបង្កើនផល ដូច្នេះរដ្ឋាភិបាលគួរតែគិតគូរដកហូតដីទាំងនោះមកវិញ ដើម្បីផ្តល់ជាសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋវិញ៖ «»។
ច្បាប់ភូមិបាលឆ្នាំ២០០១ ត្រង់មាត្រា៦២ ចែងថា រាល់សម្បទានដីសម្រាប់ដំណាំឧស្សាហកម្មត្រូវចាប់ផ្ដើមធ្វើអាជីវកម្មក្នុងរយៈពេល ១២ខែ បន្ទាប់ពីការផ្តល់សម្បទាន បើមិនដូច្នោះទេ នឹងត្រូវទុកជាមោឃ។ ចំណែកប្រកាសអន្តរក្រសួងរបស់ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន វិញ បញ្ជាក់ថា ក្រសួងកសិកម្ម ឬក្រសួងបរិស្ថាន នឹងធ្វើការណែនាំដល់ក្រុមហ៊ុនវិនិយោគដែលមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនដូចមានចែងក្នុងកិច្ចសន្យា ឬគោលការណ៍បច្ចេកទេស និងច្បាប់នានា។ ក្នុងករណីដែលក្រុមហ៊ុននៅតែមិនអនុវត្តតាមទៀតនោះ ក្រសួងកសិកម្ម ឬក្រសួងបរិស្ថាន នឹងលើកសំណើទៅរាជរដ្ឋាភិបាល ដើម្បីលុបចោលគម្រោងវិនិយោគអភិវឌ្ឍន៍នោះ៕