Clik here to view.

មន្ត្រីគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យបណ្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី សុំរាប់សន្លឹកឆ្នោតឡើងវិញនៅសង្កាត់ និងឃុំចំនួនពីរនៅខេត្តរតនគិរី ក្រោមហេតុផលថាមានភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោត។ ចំណែកមន្ត្រីរៀបចំការបោះឆ្នោត ចាត់ទុកពាក្យបណ្ដឹងនោះថាហួសអាជ្ញាយុកាល។
មន្ត្រីរៀបចំការបោះឆ្នោតខេត្តរតនគិរី ចាត់ទុកពាក្យបណ្ដឹងរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ ថាផ្លោះសិទ្ធិគ្មានសុពលភាពអាចប្ដឹងតវ៉ាបានឡើយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីគណបក្សសង្គ្រោះជាតិ កាលពីរសៀលថ្ងៃទី៩ ខែមិថុនា បានដាក់ពាក្យបណ្ដឹងនេះទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅឃុំចាអ៊ុង ស្រុកអូរជុំ និងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី លោក ប៉ែន ឈុនឌី បញ្ជាក់នៅថ្ងៃទី១០ ខែមិថុនា ថា បណ្ដឹងតវ៉ានេះហួសរយៈពេលបីថ្ងៃចាប់ពីថ្ងៃបិទបញ្ចប់កំណត់ហេតុបូកសរុបលទ្ធផលបោះឆ្នោតនៅឃុំទាំងពីរ ដែលធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា៖ «គេបូកសរុបនៅភូមិសាស្ត្រហ្នឹង គេបិទតាំងពីថ្ងៃ៥ គេរាប់បីថ្ងៃទៅ គឺផុតថ្ងៃ៩ ចប់ហើយ មិនអាចប្ដឹងទៅណាបានទៀតទេ»។
លទ្ធផលបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបិទផ្សាយតាមឃុំ-សង្កាត់នៅខេត្តរតនគិរី ឲ្យដឹងថា នៅឃុំចាអ៊ុង គណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោតគាំទ្រ ៩០១សំឡេង គណបក្សសង្គ្រោះជាតិ ទទួលបាន ១០២សំឡេង និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបាន ៤៦សំឡេង។ ដោយឡែកសន្លឹកឆ្នោតបានការសរុបចំនួន ១០.៤៩សំឡេង សន្លឹកឆ្នោតមិនបានការ ៥៨សំឡេង។
ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តរតនគិរី លោក រ៉ាន់ សាយលឿត បញ្ជាក់ថា ភ្នាក់ងារសង្កេតការណ៍គណបក្សសង្គ្រោះជាតិ បានរាយការណ៍ថាមានភាពមិនប្រក្រតីនៅពេលរាប់សន្លឹកឆ្នោត ដូចជាពន្យារពេលពីរថ្ងៃនៃការផ្តល់ទម្រង់ ១១០២ ឬទម្រង់រាប់សន្លឹកឆ្នោតទៅឲ្យភ្នាក់ងារសង្កេតការណ៍បំពេញ មានការគូសលុបតួលេខសន្លឹកឆ្នោតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ រួមទាំងភាពមិនប្រក្រតីនៃការិយាល័យបោះឆ្នោតខ្លះមានប្រជាពលរដ្ឋមកបោះឆ្នោតតិចតួច។ លោកថា មន្ត្រីរៀបចំការបោះឆ្នោតបានទទួលពាក្យបណ្ដឹង ប៉ុន្តែបានចារបញ្ជាក់ថា បណ្ដឹងនោះហួសអាជ្ញាយុកាល៖ «ដាក់ចូលប៉ិច គេសរសេរមកវិញថាហួសពេលហើយ ហួសពេលកំណត់»។
ទាក់ទិនករណីនេះ លេខាគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) ប្រចាំខេត្តរតនគិរី លោក ជួន ភិនដារ៉ា ទទួលស្គាល់ថា គណៈកម្មការខេត្តរៀបចំការបោះឆ្នោត បដិសេធបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ គឺត្រឹមត្រូវតាមនីតិវិធី។ លោកថា មន្ត្រីគណបក្សសង្គ្រោះជាតិ មិនអាចប្ដឹងតវ៉ាករណីនេះបានទៀតទេ៖ «នីតិវិធីដែលគាត់ប្ដឹង បើយើងពិនិត្យទៅ គ.ជ.ប វិញ វាអស់សិទ្ធិទៅហើយ ចង់និយាយថាវាហួសនីតិវិធីណា! អាហ្នឹងត្រឹមត្រូវរបស់គេ ព្រោះគេចារសំខាន់មើលអង្គហេតុដែរ»។
ចាប់ពីថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ថ្ងៃទី៤ ខែមិថុនា រហូតបច្ចុប្បន្ន គណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី ឲ្យដឹងថា មានពាក្យបណ្ដឹងរបស់គណបក្សនយោបាយចូលរួមបោះឆ្នោតចំនួន ៣ករណី ក្នុងនោះមួយករណីបានសម្របសម្រួលសះជាគ្នា មួយករណីទៀតខុសនីតិវិធីមិនដោះស្រាយ និងបណ្ដឹងចុងក្រោយហួសអាជ្ញាយុកាល៕