
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ថា សំណុំរឿងក្ដីអ្នកថតរូបជនជាតិអូស្ត្រាលី ដែលតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទប្រមូលផ្ដុំព័ត៌មានជាអាទិ៍ នាំឲ្យអន្តរាយដល់ការការពារជាតិ កំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរ។ អ្នកច្បាប់ និងសង្គមស៊ីវិល យល់ថា បើសកម្មភាពថតនៅលើដងផ្លូវ និងមិនមែនជាកន្លែងហាមឃាត់ មិនគួរត្រូវបានចោទប្រកាន់ពីបទនេះឡើយ។
អ្នកថតរូបជនជាតិអូស្ត្រាលី ឈ្មោះ ជេមស៍ រីកឃិតសាន់ (James Ricketson) ដែលត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចោទប្រកាន់ពីបទប្រមូលផ្ដុំព័ត៌មានជាអាទិ៍ នាំឲ្យអន្តរាយដល់ការការពារជាតិ កាលពីថ្ងៃទី៩ មិថុនា ក្រោយលោកបានថតសកម្មភាពហែក្បួននៅថ្ងៃឃោសនាធំថ្ងៃទី២ ខែមិថុនា ក្នុងក្រុងភ្នំពេញ របស់បក្សប្រឆាំង ដោយប្រើកាមេរ៉ាប្រភេទយន្តហោះដ្រូន (Drone) កំពុងស្ថិតនៅមន្ទីរឃុំឃាំង «ម១» ឬពន្ធនាគារព្រៃស។
ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោក សុក សំអឿន ពន្យល់ថា បទចោទប្រមូលផ្ដុំព័ត៌មានជាអាទិ៍នាំឲ្យអន្តរាយដល់ការការពារជាតិ លុះត្រាតែជនបរទេសនោះថតសកម្មភាពនៅទីកន្លែងហាមឃាត់ ដូចជាបន្ទាយទាហាន ឬកន្លែងសម្ងាត់ជាតិ ដែលច្បាប់បានហាមឃាត់៖ «ដ្រូន (Drone) ហ្នឹងលក់ពាសពេញតែផ្សារហ្នឹង។ យើងហាម ហាមតែកន្លែងខ្លះទៅ កងទ័ព កន្លែងអីហ្នឹងទៅ បើគេថត ប្រជាជនថត ថតតែឯកជនគេទេ ទៅចោទគេម៉េចកើត»។
ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក លូ រ៉ាបូ កាលពីថ្ងៃទី៥ មិថុនា បានប្រាប់វិទ្យុសំឡេងប្រជាធិបតេយ្យ (វី.អូ.ឌី) ថា ប៉ូលិសបានឃាត់ខ្លួនលោក ជេមស៍ រីកឃិតសាន់ (Jame Ricketson) នៅសួនមាត់ទន្លេមុខព្រះបរមរាជវាំង ដោយសារប៉ូលិសសង្ស័យថា លោក ជេមស៍ បានចូលមករស់នៅខុសច្បាប់នៅកម្ពុជា។
មន្ត្រីផ្នែកច្បាប់ និងជាអ្នកអង្កេតនៃគណៈកម្មាធិការខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា ក៏ពន្យល់ប្រហាក់ប្រហែលនឹងលោកមេធាវី សុក សំអឿន ដែរ។ លោក យឿង សុធារ៉ា ថាប្រសិនបើលោក ជេមស៍ រីកឃិតសាន់ ជាអ្នកកាសែតទៀតនោះ គាត់គួរតែបានសិទ្ធិពិសេសដែលអាចថតរូប ឬវីដេអូ ហើយមានសិទ្ធិយកស្នាដៃនោះទៅផ្សព្វផ្សាយ ដើម្បីជាប្រយោជន៍ដល់សង្គម៖ «បើសិនជាថតជាសាធារណៈ ដូចឧបមាថាចរាចរណ៍តាមផ្លូវ ខ្វះអីមនុស្សទៅថតចរាចរណ៍តាមផ្លូវស្ដីពីការកកណែនស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញ គេថតដ្រូន (drone) ម៉ាគំនរ។ ខ្ញុំគិតថា មិនជាបញ្ហាអីទេ កុំឲ្យតែមាន យើងទៅថតកន្លែងដែលគេហាមឃាត់។ កន្លែងដែលមានកន្លែងគណបក្សនយោបាយធ្វើការជួបជុំ ឬក៏ដង្ហែក្បួនឃោសនា មិនមែនជាកន្លែងដែលគេហាមឃាត់ទេ តែកុំឲ្យតែសកម្មភាពរបស់គាត់ហ្នឹងទៅបំពានកន្លែងដែលគេហាមឃាត់»។
អ្នកនាំពាក្យរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា មិនបានពន្យល់បន្ថែមថាយ៉ាងណាទេ ក្រៅពីប្រាប់ពីបទចោទថា លោក ជេមស៍ រីកឃិតសាន់ ត្រូវចោទពីបទប្រមូលផ្ដុំព័ត៌មានជាអាទិ៍ដែលនាំឲ្យអន្តរាយដល់ការការពារជាតិ។
ចំណែកអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ វិញប្រាប់ថា លោកមិនអាចពន្យល់អំពីនីតិវិធី ឬប្រាប់បានពីកន្លែងថតណាមួយដែលលោក ជេមស៍ ត្រូវបានចោទប្រកាន់ឡើយ។ លោកគ្រាន់តែឲ្យដឹងថា សំណុំរឿងស្ថិតក្នុងដំណាក់កាលស៊ើបសួរ។
មាត្រា៤៤៦ នៃក្រមព្រហ្មទណ្ឌ ចែងថា បទប្រមូលផ្ដុំព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ ជាអំពើទទួល ឬប្រមូលផ្ដុំដើម្បីផ្ដល់ព័ត៌មានទៅឲ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ។ បទនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំទៅ ១០ឆ្នាំ។
លោកមេធាវី សុក សំអឿន បញ្ជាក់ថា បើចង់ហាមឃាត់ ឬមានចំណាត់ការចំពោះអ្នកបង្ហោះដ្រូននៅតាមទីសាធារណៈទូទៅ ទាល់តែមានច្បាប់ស្ដីពីបង្ហោះដ្រូន។ លោកថា ការបង្ហោះដ្រូន មិនខុសគ្នាពីការបង្ហោះអេឡេកូ (យន្តហោះបញ្ជា) នោះទេ ប្រសិនបើអេឡេកូបំពាក់កាមេរ៉ា ក៏អាចថតបានដូចដ្រូនដែរ។
កាលពីថ្ងៃទី២ មិថុនា មុនមានការបង្ហោះដ្រូនរបស់លោក ជេមស៍ ក្នុងការឃោសនាហែបក្សរបស់បក្សប្រឆាំងនោះ គណបក្សកាន់អំណាចវិញ នៅក្នុងពិធីជួបជុំ និងហែក្បួនឃោសនាធំ ដែលដឹកនាំដោយលោក ហ៊ុន សែន គណបក្សនេះបានប្រើឧទ្ធម្ភាគចក្រហោះពីលើក្បួនដង្ហែធំក្នុងក្រុងភ្នំពេញ៕