Quantcast
Viewing all articles
Browse latest Browse all 11174

ថ្នាក់​ដឹកនាំ​សហជីព​និង​កម្មករ​រោងចក្រ​សៅលែន​១១​រូប​បាន​ចូល​ធ្វើការ​វិញ

Image may be NSFW.
Clik here to view.

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) ប្រតិកម្ម​ចំពោះ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ថា បាន​ចោទ​ប្រកាន់​រោងចក្រ​សៅលែន (Southland Cambodia Co., Ltd.) ដោយ​គ្មាន មូលដ្ឋាន​ច្បាស់លាស់ និង​ទាមទារ​ឲ្យ​សហជីព​ផ្ដល់​ភស្តុតាង​ចំពោះ​ការ​ចោទ ប្រកាន់។ ការ​ប្រតិកម្ម នេះ​បន្ទាប់​ពី សម្ព័ន្ធ​សហជីព​ចេញ​សេចក្ដី​ថ្លែងការណ៍​ចោទ​ប្រកាន់​រោងចក្រ​ពី​បទ​រើសអើង​សហជីព និង​ស្នើ​ឲ្យ​ក្រសួង​ការងារ និង​អង្គការ​ពលកម្ម​អន្តរជាតិ​ខាង​ការងារ រួម​ទាំង​អ្នក​បញ្ជា​ទិញ ឲ្យ​អន្តរាគមន៍​ដាក់​សម្ពាធ​រោងចក្រ​ដែល​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព ១០​នាក់ ដោយសារ​ធ្វើ​កូដកម្ម​សុំ​ឈប់​សម្រាក​បន្ថែម​នៅ​ថ្ងៃ​បោះឆ្នោត។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បដិសេធ​ថា ការ​ព្យួរ​ការងារ​កម្មករ​ចំនួន ១០​នាក់​ដោយ​រោងចក្រ​សៅលែន មិន​មែន​ជា​ការ​រើសអើង​សហជីព​ឡើយ ប៉ុន្តែ​ជា​ការ​អនុវត្ត​វិធានការ​វិន័យ​របស់​និយោជក​ចំពោះ​កម្មករ​ដែល​អាច​ប្រព្រឹត្ត​កំហុស​ធ្ងន់​ដោយសារ​សកម្មភាព​ញុះញង់​កម្មករ​តវ៉ា។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ឆ្លើយ​តប និង​បំភ្លឺ​ទៅ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ថ្ងៃ​ទី​៩ មិថុនា ថា ដោយសារ​កម្មករ​ទាំង ១០​នាក់ បាន​ធ្វើ​សកម្មភាព​ដើរ​បិទ​ភ្លើង ញុះញង់​កម្មករ​មិន​ឲ្យ​ធ្វើ​ការ​ដើម្បី​ចូល​រួម​ធ្វើ​កូដកម្ម​កាល​ពី​ថ្ងៃ​ទី​២ មិថុនា ទាមទារ​រោងចក្រ​ផ្ដល់​ការ​ឈប់​សម្រាក​បន្ថែម​ចំនួន​ពីរ​ថ្ងៃ​មុន និង​ក្រោយ​ថ្ងៃ​បោះឆ្នោត គឺ​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​៥ មិថុនា ហើយ​សុំ​ផ្លាស់ប្ដូរ​ថ្ងៃ​ឈប់​សម្រាក​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​សម្ដេច​ម៉ែ ដែល​នឹង​លើក​ទៅ​ឈប់​នៅ​ថ្ងៃ​ទី​១៩ មិថុនា និង​សុំ​ឲ្យ​រោងចក្រ​គិត​លុយ​ចំនួន ៥០%។ ដូច្នេះ​សមាគម​រោងចក្រ​កាត់ដេរ សន្និដ្ឋាន​ថា មិន​មែន​ជា​ករណី​រើសអើង​សហជីព​ប្រឆាំង​នឹង​ការ​បង្កើត​សហជីព​ឡើយ ប៉ុន្តែ​ជា​ការ​អនុវត្ត​សិទ្ធិ​របស់​និយោជក​ក្នុង​ការ​ព្យួរ​កិច្ច​សន្យា​របស់​ថ្នាក់​ដឹកនាំ​សហជីព ប្រសិន​បើ​រក​ឃើញ​មាន​កំហុស​ធ្ងន់​ដើម្បី​រង់ចាំ​អនុញ្ញាត​លើ​ការ​បញ្ឈប់​ជា​មុន​ពី​អធិការកិច្ច​ការងារ និង​ស្នើ​ឲ្យ​ក្រសួង​ការងារ​ចាត់វិធានការ​ចំពោះ​សហជីព​ណា​ដែល​មិន​គោរព​ច្បាប់។

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មាន​ប្រសាសន៍​ថា ជីម៉ាក់ ធ្វើ​នេះ​មិន​ខុស​នោះ​ទេ ព្រោះ​ជា​សមាគម​រោងចក្រ​ដែល​ត្រូវ​មាន​និន្នាការ​ខាង​និយោជក​ដែល​ត្រូវ​តែ​ការពារ​សមាជិក​ខ្លួន។ ប៉ុន្តែ​លោក​យល់​ថា សមាគម​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ​គឺ​ជា​ចេតនា​មួយ​មិន​បាន​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​វិវាទ​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា លោក ប៉ាវ ស៊ីណា បញ្ជាក់​ថា ក្រសួង​ការងារ​ដែល​បាន​អន្តរាគមន៍​ដល់​ថ្នាក់​ដឹកនាំ​សហជីព ១០​រូប និង​កម្មករ​មួយ​រូប​បាន​ចូល​ធ្វើការ​វិញ​ហើយ នៅ​ថ្ងៃ​ទី​១០ មិថុនា៖ «ខ្ញុំ​មិន​គាំទ្រ​ចំពោះ​សកម្មភាព​ទាំង​ឡាយ​ណា​ជា​ការ​ធ្វើ​ខុស​ទេ។ ប៉ុន្តែ​កម្មករ​មិន​បាន​ប្រព្រឹត្ត​កំហុស​ទេ ព្រោះ​បញ្ហា​នេះ​វា​មាន​ការ​រើសអើង​យ៉ាង​ពិត​ប្រាកដ ព្រោះ​ថា គាត់​បាន​ព្យាយាម​ចងក្រង​ការ​ចុះ​បញ្ជី​ក្នុង​រោងចក្រ​នេះ តាំង​ពី​ចុង​ឆ្នាំ​២០១៥ តែ​អត់​ទាន់​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​នៅ​ឡើយ​ទេ ដោយសារ​រោងចក្រ​តែង​ប្រើប្រាស់​រូបភាព​ផ្សេងៗ​ក្នុង​ការ​ទប់ស្កាត់​ការ​ចុះ​បញ្ជី»

លោក ប៉ាវ ស៊ីណា ក៏​បាន​រង​បណ្ដឹង​ពី​រោងចក្រ​នេះ ចំនួន ២​បណ្ដឹង​ដែរ។ កាល​ពី​ឆ្នាំ​២០១៣ រោងចក្រ​នេះ​បាន​ប្ដឹង​លោក​ពី​បទ ញុះញង់ កម្មករ​ឲ្យ​មាន​កូដកម្ម​ខុស​ច្បាប់ និង​ឆ្នាំ​២០១៦ ប្ដឹង​ពី​បទ​ក្លែង​បន្លំ​លិខិត​ស្នាម និង​ផ្ដល់​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ឈ្មោះ​បេក្ខជន​សហជីព​ទៅ​រោងចក្រ​ខុស​អក្ខរាវិរុទ្ធ ដែល​បញ្ហា​នេះ​លោក​យល់​ថា ជា​ចេតនា​របស់​រោងចក្រ​មិន​ចង់​ឲ្យ​សហជីព​ចុះ​បញ្ជី។

ដើម​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ផ្ទុះ​តវ៉ា​របស់​កម្មករ​កាល​ពី​ថ្ងៃ​ទី​២ មិថុនា គឺ​បន្ទាប់​ពី​ភាគី​រោងចក្រ​សៅលែន មិន​ព្រម​អនុញ្ញាត​ឲ្យ​ពួកគេ​ដែល​ជា​កម្មករ​បាន​ឈប់​សម្រាក​មុន​និង​ក្រោយ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ គឺ​នៅ​ថ្ងៃ​ទី​៤ មិថុនា និង​ថែម​ទាំង​គំរាម​កាត់​ប្រាក់ខែ​របស់​កម្មករ​ ប្រសិន​បើ​ពួកគេ​មិន​អាច​វិល​ត្រឡប់​ពី​បោះឆ្នោត​នៅ​ឯ​ស្រុក​កំណើត និង​ចូល​បំពេញ​ការងារ​ទាន់​ពេល។ បន្ទាប់​ពី​កម្មករ បាន​វិល​ត្រឡប់​មក​ពី​បោះឆ្នោត​ពួកគេ​បាន​នាំគ្នា​តវ៉ា​បន្ត​ទៀត​នៅ​ថ្ងៃ​ទី​៦ មិថុនា ទាមទារ​ឲ្យ​ភាគី​រោងចក្រ​កុំ​កាត់​ប្រាក់​ឈ្នួល​ពួកគេ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​ទៅ​បោះឆ្នោត។ ក្រោយ​មក​ភាគី​រោងចក្រ និង​សហជីព​ខ្មែរ ក៏​បាន​សម្រេច​កិច្ច​ព្រមព្រៀង​មួយ ដើម្បី​ឲ្យ​កម្មករ​ចូល​ធ្វើការ​ធម្មតា​នៅ​ថ្ងៃ​ទី​៧ មិថុនា ប៉ុន្តែ​ថ្ងៃ​ដដែល​ស្រាប់​តែ​ភាគី​រោងចក្រ​ចេញ​លិខិត​ព្យួរ​ការងារ​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ចំនួន ១០​នាក់ ដោយ​ចោទ​ថា ញុះញង់​កម្មករ។

ថ្វី​បើ​យ៉ាង​នេះ​ក្ដី ជីម៉ាក់ ក៏​បាន​សង្កត់​ធ្ងន់​នៅ​ក្នុង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ដែរ​ថា សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​នៅ​ក្នុង​រោងចក្រ​សៅលែន ស្ថិត​នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ជា​សហជីព​ដែល​ពុំ​មាន​បញ្ជី​ការ​នៅ​ឡើយ ដែល​មាន​ន័យ​ថា សកម្មភាព​ដែល​បាន​ធ្វើ​ឡើង​ក្នុង​រោងចក្រ​មិន​ស្រប​តាម​ច្បាប់​ស្ដីពី​សហជីព​ទេ។

សំណុំ​រឿង​នេះ ត្រូវ​បាន​មន្ត្រី​ក្រសួង​ការងារ​ចេញ​លិខិត​កោះ​ហៅ​ភាគី​រោងចក្រ​សៅលែន ដើម្បី​ទៅ​ពិភាក្សា​ដោះស្រាយ​ជុំវិញ​ការ​តវ៉ា​របស់​កម្មករ​ក្នុង​រោងចក្រ​នេះ នៅ​ថ្ងៃ​ចន្ទ ទី​១២ ខែ​មិថុនា ខាង​មុខ នៅ​ឯ​ទីស្ដីការ​ក្រសួង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles