Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្ត​រតនគិរី​មិន​ចាត់​ការ​បណ្ដឹង​របស់​អ្នក​សង្កេតការណ៍​បក្ស​ប្រជាជន

$
0
0

គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្ត​រតនគិរី កោះ​ហៅ​អ្នក​សង្កេតការណ៍​បោះឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ មក​ឆ្លើយ​បំភ្លឺ​ទាក់ទិន​ពាក្យ​ប្ដឹង​ចោទ​ប្រកាន់​រឿង​រំខាន​ការិយាល័យ​បោះឆ្នោត។ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​សង្កាត់​បឹងកន្សែង បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្ត​ដោះស្រាយ​បន្ត កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា។

មន្ត្រី​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី សម្រេច​មិន​ចាត់ការ​លើ​បណ្ដឹង​របស់​អ្នក​សង្កេតការណ៍​បោះឆ្នោត​បក្ស​ប្រជាជន​កម្ពុជា ដែល​ប្ដឹង​ចោទ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​បក្ស​សង្គ្រោះ​ជាតិ ពី​បទ​រំខាន​ការ​បោះឆ្នោត​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា បន្ទាប់​ពី​មន្ត្រី​សេវាកម្ម​ច្បាប់​បាន​កោះហៅ​ភាគី​ចុង​ចោទ និង​ដើម​ចោទ​ឲ្យ​ឆ្លើយ​បំភ្លឺ​ពី​ករណី​ចោទ​ប្រកាន់​នេះ។

អនុ​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី លោក ធូ រុង បញ្ជាក់​ថា មន្ត្រី​សេវាកម្ម​ច្បាប់​រក​មិន​ឃើញ​អង្គហេតុ​ជាក់លាក់​ដែល​ដើម​បណ្ដឹង​ប្ដឹង​ចោទ មាន​ចែង​ក្នុង​បទបញ្ជា និង​នីតិវិធី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នោះ​ឡើយ។ លោក​ថា បាន​ធ្វើ​កំណត់ហេតុ​ឆ្លើយ​បំភ្លឺ​របស់​ភាគី​ទាំង​ពីរ ហើយ​សម្រេច​បញ្ចប់​នីតិវិធី​ដោះស្រាយ​បណ្ដឹង​នេះ៖ «បើ​មាន​ចែង​ក្នុង​នីតិវិធី​ជំពូក​ណា​មួយ​យើង​នឹង​បើក​សវនាការ តែ​វា​អត់​មាន​ចំណុច​ហ្នឹង»

​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​បឹងកន្សែង សម្រេច​បញ្ជូន​ពាក្យ​ប្ដឹង​របស់​ដើម​ចោទ​គឺ​លោក គឹម បូរ៉ាន់ ភ្នាក់ងារ​សង្កេតការណ៍​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ប្ដឹង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ថា បាន​យក​បាយ​ចូល​ទៅ​ឲ្យ​អ្នកសង្កេតការណ៍​បោះឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការិយាល័យ​បោះឆ្នោត​លេខ ០០៥៨ ដោយ​គ្មាន​ការអនុញ្ញាត ជា​ហេតុ​ធ្វើ​ឲ្យ​រំខាន​ក្រុម​ការងារ​បោះឆ្នោត។

ករណី​នេះ គណៈកម្មការ​រៀបចំ​បោះឆ្នោត​សង្កាត់​បឹងកន្សែង កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា មិន​អាច​សម្របសម្រួល​ឲ្យ​ភាគី​ទាំង​ពី​សះ​ជា​គ្នា​បាន បើ​ទោះ​បី​​ភាគី​ចុង​ចោទ​សារភាព​ថា មិន​មាន​ចេតនា​រំខាន​​ការិយាល័យ​បោះឆ្នោត​នោះ​ទេ ហើយ​សុំ​ឲ្យ​ដើម​ចោទ​អនុគ្រោះ​ចំពោះ​បញ្ហា​នេះ​ក្ដី។

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ លោក ស ជ្រឿន បញ្ជាក់​សា​ជា​ថ្មី​ថា លោក​យក​អាហារ​ទៅ​ឲ្យ​អ្នក​​​សង្កេតការណ៍​បោះឆ្នោត​ និង​មិន​បាន​រំខាន​អ្វី​នោះ​ទេ។ លោក​ថា ការ​សម្រេច​របស់​គណៈកម្មការ​បោះឆ្នោត​ខេត្ត​បាន​ផ្ដល់​យុត្តិធម៌​ចំពោះ​រូប​លោក៖ «កន្លែង​ខ្ញុំ​បាន​ធ្វើ​គឺ​ខ្ញុំ​សារភាព​ជូន​គាត់​ត្រង់​គ្មាន​កាឡៃ​ពាក្យ អ៊ីចឹង​គណៈកម្មការ​ហ្នឹង​គាត់​កាត់​​ត្រឹមត្រូវ​ល្អ»

​ចំណែក​ដើម​ចោទ លោក គឹម បូរ៉ាន់ បញ្ជាក់​ថា គោលបំណង​របស់​លោក​ដែល​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ គឺ​ដោយ​យល់​ឃើញ​ថា បេក្ខជន​បក្ស​ប្រឆាំង​ចូល​ទៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​គឺ​ជា​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះឆ្នោត។ លោក​ថា ក្នុង​ឋានៈ​ជា​ភ្នាក់ងារ​សង្កេតការណ៍​បោះ​ឆ្នោត​លោក​ត្រូវតែ​ដាក់​ពាក្យ​ប្ដឹង​ចៀសវាង​ការ​បង្ក​បរិយាកាស​មិន​ល្អ​ក្នុង​ថ្ងៃ​បោះឆ្នោត៖ «ចូល​ទៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​ខ្ញុំ​គិត​ថា ជា​ទង្វើ​ខុស​ច្បាប់ បើ​ធ្វើ​បែប​ហ្នឹង​មិន​ខុស​ច្បាប់ អា​ហ្នឹង​ជា​សិទ្ធិ គ.ជ.ប គាត់​សម្រេច​ទៅ»

​លទ្ធផល​បឋម​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​ឈ្នះ​ចំនួន ៤៨​ឃុំ-​សង្កាត់ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឃុំ-​សង្កាត់​ចំនួន​ពីរ​ក្នុង​អាណត្តិ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ ​ទើប​កន្លង​ទៅ​នេះ។ ដោយ​ឡែក​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​មិថុនា គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​រតនគិរី បាន​ដាក់​ពាក្យ​បណ្ដឹង​សុំ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​នៅ​ឃុំ-​សង្កាត់​ចំនួន​ពីរ គឺ​សង្កាត់​បឹងកន្សែង និង​ឃុំ​ចាអ៊ុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles