Clik here to view.

អង្គការជនពិការកម្ពុជា រកឃើញថា ជនពិការនៅតែជួបការលំបាកក្នុងពេលបោះឆ្នោត។ ចំណែកអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា គ.ជ.ប នឹងយកបញ្ហារបស់ជនពិការយកទៅដោះស្រាយជាមួយអ្នកពាក់ព័ន្ធដើម្បីជួយសម្រួលការលំបាករបស់ជនពិការពេលបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។
ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីប៉ុន្មានថ្ងៃមុន។ អង្គការជនពិការកម្ពុជា សម្រេចធ្វើសន្និសីទកាសែតបង្ហាញពីការលំបាករបស់ជនពិការនៅថ្ងៃទី៩ ខែមិថុនា ដើម្បីផ្សព្វផ្សាយទៅ គ.ជ.ប និងអ្នកពាក់ព័ន្ធបានដឹងរឿងនេះ។
ប្រធានអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន ឲ្យដឹងថា បញ្ហាដែលជនពិការជួបប្រទះ គឺ ការមិនផ្ដល់តម្លៃជនពិការក្នុងពេលឈររង់ចាំហិបឆ្នោតខ្ពស់ បន្ទប់សម្ងាត់តូចចង្អៀត និងជនពិការគថ្លង់មិនទាន់ទទួលព័ត៌មានត្រឹមត្រូវក្នុងដំណើរការនៃការបោះឆ្នោតជាដើម។ លោកបន្តថា នៅសប្ដាហ៍ក្រោយអង្គការជនពិការនឹងរៀបចំរបាយការណ៍ស្ដីពីបញ្ហារបស់ជនពិការ ដាក់ទៅក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន គ.ជ.ប ម្ចាស់ជំនួយ និងអង្គការពាក់ព័ន្ធដើម្បីជួយដល់ជនពិការ៖ «អ៊ីចឹងការជួយរបស់គាត់នេះ (គ.ជ.ប) យើងអាចទទួលយកបានពី ៥០ ទៅ ៦០ភាគរយ ប៉ុន្តែយើងទាមទារឲ្យ គ.ជ.ប យកចិត្តទុកដាក់ជាងនេះថែមទៀត»។
ក្នុងច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការចែងថា ជនពិការទាំងអស់ត្រូវបានធានាការចូលរួមក្នុងវិស័យនយោបាយ។ ជនពិការជើងម្នាក់ លោក មាន វិបុលរតន ប្រាប់ថា កាលពីបោះឆ្នោត ការធ្វើដំណើរចុះឡើងមិនមែនជាបញ្ហាទេ ប៉ុន្តែលោកជួបបញ្ហាហិបឆ្នោតខ្ពស់ពេកដែលមិនអាចឲ្យលោកអាចយកសន្លឹករបស់ខ្លួនទៅក្នុងហិបឆ្នោតដោយខ្លួនឯង។ លោកថា ទោះលោកជនពិការ ប៉ុន្តែលោកមានសិទ្ធិពេញលេញក្នុងឆាកនយោបាយ ឬសិទ្ធិបោះឆ្នោត ដូច្នេះបញ្ហាហិបឆ្នោតខ្ពស់ គឺជាឧបសគ្គក្នុងបោះឆ្នោតរបស់លោក៖ «ជនពិការម្នាក់សន្លឹកឆ្នោតមួយសន្លឹក ដូច្នេះខ្ញុំមានសិទ្ធិពេញលេញក្នុងសង្គម ហើយការបោះឆ្នោតហ្នឹងសង្ឃឹមថា ខ្ញុំនឹងអាចចូលរួមបានយ៉ាងពេញលេញ»។
ក្នុងចំណោមអ្នកបានចុះឈ្មោះបោះឆ្នោតជិត ៨លាននាក់ គ.ជ.ប បង្ហាញថា ពលរដ្ឋជាង ៨៩ភាគរយបានទៅចុះឈ្មោះបោះឆ្នោត។ ទាំង គ.ជ.ប និងអង្គការជនពិការ មិនទាន់បង្ហាញតួលេខនៃចំនួនជនពិការដែលទៅបោះឆ្នោតកាលពីថ្ងៃទី៤ ខែមិថុនា។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ទទួលស្គាល់បញ្ហាប្រឈមរបស់ជនពិការដែលជួបការលំបាកក្នុងពេលបោះឆ្នោត ប៉ុន្តែលោកថា បញ្ហាកើតឡើងតិចតួចប៉ុណ្ណោះ។ ទោះយ៉ាងនេះក្តី លោកថា គ.ជ.ប នឹងលើកបញ្ហារបស់ជនពិការលើកដាក់លើតុដើម្បីដោះស្រាយថែមទៀត៖ «នេះជាសារដើម្បីឲ្យ គ.ជ.ប ធ្វើយ៉ាងយកចិត្តទុកដាក់ដល់ជនពិការបន្ថែមទៀត»។
ប្រធានអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន យល់ថា បើបញ្ហារបស់ជនពិការដែលជួបប្រទះក្នុងការបោះឆ្នោតឆ្នាំ២០១៧ នេះ ត្រូវបានអ្នកពាក់ព័ន្ធយកមកគិតគូរដើម្បីដោះស្រាយការបោះឆ្នោតជាតិឆ្នាំ២០១៨ ការប្រឈមរបស់ជនពិការនឹងត្រូវកាត់បន្ថយ ឬសង្គមទាំងមូលនឹងផ្ដល់អាទិភាពដល់ជនពិការក្នុងដំណើរការនៃការបោះឆ្នោត៕