
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានប្រាប់អាស៊ីសេរី នៅថ្ងៃទី៩ មិថុនា ថា គណបក្សប្រឆាំងបានប្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តមួយចំនួន អំពីសន្លឹងឆ្នោតលំអៀងដែលតម្រូវឲ្យផ្ទៀងផ្ទាត់ការរាប់សន្លឹកឆ្នោតឡើងវិញ។
លោក អេង ឆៃអ៊ាង បន្តថា គណបក្សប្រឆាំងកំពុងរង់ចាំការសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តទាំងនោះ ដោយសារឃុំខ្លះគណបក្សសង្គ្រោះជាតិ ចាញ់គណបក្សប្រជាជនកម្ពុជា តិចជាង ០,៥%៖ «នៅសៀមរាប មាន ២ឃុំ ឃុំមួយខុសមួយសំឡេង និងឃុំមួយទៀត ខុស ៤សំឡេង។ នៅកំពង់ធំ មានឃុំមួយខុសមួយសំឡេង។ ខេត្តកណ្ដាល មាន ១សង្កាត់ ខុស ៣សំឡេង។ នៅបន្ទាយមានជ័យ ឃុំមួយខុសមួយសំឡេង។ នៅត្បូងឃ្មុំ មាន ២ឃុំ គឺឃុំមួយខុស ៧សំឡេង ឃុំមួយទៀតខុស ១០ សំឡេង ហើយនៅព្រៃវែង មានមួយឃុំ ដែលខុស ៨សំឡេង។ និយាយឲ្យចំទៅគឺឃុំដែលលទ្ធផលបោះឆ្នោតបណ្ដោះអាសន្នមានភាពលំអៀង តិចជាង ០,៥% ដែលកំណត់ដោយច្បាប់»។
លោក អេង ឆៃអ៊ាង អះអាងថា តាមច្បាប់របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប. ប្រសិនបើមានគណបក្សណាប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤នេះ ប្ដឹងឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ដោយសារសន្លឹកឆ្នោតនោះមានភាពលំអៀង ដែលគណៈកម្មការរៀបចំការបោះឆ្នោត ខេត្ត ឬហៅកាត់ ថា PEC ត្រូវរៀបចំឲ្យមានការផ្ទៀងផ្ទាត់ និងរាប់សន្លឹកឆ្នោតឡើងវិញ។
អាស៊ីសេរី នៅមិនអាចទាក់ទងPEC នៅខេត្តទាំងនោះបាននៅឡើយទេ ដើម្បីសួរបញ្ជាក់ពីការសម្រេចចិត្តនោះ៕