Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សំណុំរឿង​លោក ខៀវ សំផន និង នួន ជា នឹង​បិទ​បញ្ចប់​នៅ​ចុង​ខែ​មិថុនា

$
0
0

សាលាក្តី​ខ្មែរ​ក្រហម នឹង​បើក​សវនាការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្ទាល់​មាត់​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​លើ​សំណុំរឿង ០០២/០២ ប្រឆាំង​នឹង​លោក ខៀវ សំផន និង នួន ជា ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៧។

សហ​មេធាវី​នាំមុខ​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី នឹង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្ទាល់​មាត់​មួយថ្ងៃ​ដំបូង បន្ទាប់​មក​ដល់​វេន​ខាង​សហ​ព្រះរាជអាជ្ញា។ ចុង​ក្រោយ​គេ គឺ​ខាង​ក្រុម​មេធាវី​ការពារ​ក្តី​របស់​លោក ខៀវ សំផន និង នួន ជា។

​ក្នុង​សំណុំ​រឿង ០០២/០២ លោក ខៀវ សំផន និង នួន ជា ជាប់​ចោទ​ពី​បទ​អំពើ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម ការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​ការ​រំលោភ​សេពសន្ថវៈ ការ​បោ​សម្អាត​ផ្ទៃក្នុង មន្ទីរ​សន្តិសុខ ស​-២១ មន្ទីរ​សន្តិសុខ​ក្រាំងតាចាន់ មន្ទីរ​សន្តិសុខ​អូរកន្សែង និង​មន្ទីរ​សន្តិសុខ​ភ្នំក្រោល ការ​កំណត់​គោលដៅ​មក​លើ​អតីតមន្ត្រី​របប​សាធារណរដ្ឋ​ខ្មែរ និង​បទឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​នៅ​ការដ្ឋាន​សាងសង់​ទំនប់ ១ មករា ការដ្ឋាន​សាងសង់​ព្រលានយន្តហោះ កំពង់ឆ្នាំង និង​ការដ្ឋាន​លើក​ទំនប់​ត្រពាំងថ្ម និង​សហករណ៍​ត្រាំកក់។

​រហូត​មក​ដល់​ពេល​នេះ សាលាក្ដី​ខ្មែរក្រហម​បើក​ដំណើរការ​កាត់ក្ដី​អស់​រយៈពេល​ជាង ១១​ឆ្នាំ​ហើយ និង​ចំណាយ​ថវិកា​អស់ ៣០០​លាន​ដុល្លារ​អាមេរិក។ ជា​លទ្ធផល សាលាក្ដី​នេះ​បាន​កាត់​ទោស​ឲ្យ​អតីត​មេ​គុក​ទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុង​សំណុំរឿង ០០១ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ពីរ​រូប គឺ​លោក ខៀវ សំផន និង នួន ជា ក្នុង​សំណុំរឿង ០០២/០២ នេះ ក៏​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ផង​ដែរ។

ចំណែក​ការ​ស៊ើប​អង្កេត​លើ​សំណុំរឿង​ពីរ​ផ្សេង​ទៀត គឺ​សំណុំរឿង ០០៣ ដែល​មាន​ជន​ត្រូវ​ចោទ មាស មុត និង​សំណុំរឿង ០០៤ ដែល​មាន​ជន​ត្រូវ​ចោទ អោ អាន និង យឹម ទិត្យ ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៦។ ប៉ុន្តែ​នីតិវិធី​បន្ត​ក្នុង​សំណុំរឿង​ទាំង​ពីរ​នេះ នៅ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ លើកលែងតែ​ករណី​អតីត​កម្មាភិបាល​ខ្មែរក្រហម អ្នកស្រី អ៊ឹម ចែម ដែល​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​សំណុំរឿង ០០៤/០១ ត្រូវ​បាន​សាលាក្តី​សម្រេច​លើកលែង​ការ​ចោទប្រកាន់​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles