
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ ថា នីតិវិធីដែលតុលាការក្រុងភ្នំពេញ ចេញសាលក្រមសម្រេចឃុំខ្លួនលោកបណ្ដោះអាសន្ន គឺខុសច្បាប់ទាំងស្រុង។ លោកថ្លែងបែបនេះនៅពេលតុលាការកំពូលបើកសវនាការបណ្ដឹងទាស់ក្នុងសំណុំរឿងរបស់លោកនៅព្រឹកថ្ងៃទី៩ ខែមិថុនា។ ចំណែកមេធាវីដើមបណ្ដឹង តំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញថា នីតិវិធីរបស់តុលាការគឺធ្វើឡើងត្រឹមត្រូវតាមច្បាប់ និងតាមការស្នើសុំពីមេធាវីដើមបណ្ដឹងឲ្យពន្លឿននីតិវិធីនោះឲ្យបានឆាប់។ ទោះជាយ៉ាងណាក៏ដោយ តុលាការកំពូលនឹងប្រកាសសាលដីកាលើរឿងនេះនៅចុងខែមិថុនា។
ថ្លែងនៅពីមុខក្រុមប្រឹក្សាជំនុំជម្រះក្នុងបន្ទប់សវនាការនៃតុលាការកំពូល និងនៅពីមុខមេធាវីទាំងដើមបណ្ដឹង និងការពារក្ដីឲ្យខ្លួន លោក គឹម សុខ ស្នើសុំតុលាការកំពូលចេញសាលដីកាបដិសេធមួយដើម្បីច្រានចោលសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលដីការបស់សាលាឧទ្ធរណ៍ ដែលសម្រេចបន្តឃុំខ្លួនលោកបណ្ដោះអាសន្នជាង ៤ខែមកនេះថា ធ្វើផ្ទុយពីច្បាប់ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។
អ្នកវិភាគរូបនេះ និយាយដូច្នេះ ដោយលើកពីទិដ្ឋភាពផ្នែកច្បាប់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ត្រង់មាត្រា ២០៣ ថា ជាគោលការណ៍ជនត្រូវចោទត្រូវតែមានសេរីភាព។ ក្នុងករណីពិសេស ជនត្រូវចោទអាចត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងលក្ខខណ្ឌដែលមានចែងក្នុងច្បាប់។ ចំណែកមាត្រា ២០៤ ចែងថា ការឃុំខ្លួនបណ្ដោះអាសន្ន អាចអនុវត្តបានតែក្នុងករណីចោទប្រកាន់ពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលច្បាប់កំណត់ផ្ដន្ទាទោសដាក់ពន្ធនាគារស្មើ ឬលើសពី ១ឆ្នាំ។
លោក គឹម សុខ ត្រូវបានតំណាងអយ្យការនៃតុលាការក្រុងភ្នំពេញ លោក សៀង សុខ ចោទប្រកាន់តាមបណ្ដឹងមេធាវីតំណាងដោយអាណត្តិរបស់លោក ហ៊ុន សែន គឺលោក គី តិច រួចលោក រស់ ពិសិដ្ឋ ជាចៅក្រមស៊ើបសួរចេញដីកាឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៧ ខែកុម្ភៈ។ មកដល់ពេលនេះ ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ បានបញ្ចប់ការស៊ើបអង្កេតលើសំណុំរឿងនេះហើយ កាលពីអំឡុងខែមេសា ដើម្បីរង់ចាំថ្ងៃបើកសវនាការលើអង្គសេចក្ដី។
តុលាការក្រុងភ្នំពេញ សម្រេចចេញដីកាចោទប្រកាន់ និងចាប់ខ្លួន ក្រោយពីទទួលការព្រមានពីលោក ហ៊ុន សែន។ ប្រធានគណបក្សប្រជាជនកម្ពុជា ចោទប្រកាន់ថា លោក គឹម សុខ និយាយខុសពីការពិត កាលពីថ្ងៃទី១៣ ខែកុម្ភៈ ដែលហ៊ានចោទប្រកាន់ថា រដ្ឋាភិបាលបានរៀបចំជាប្រព័ន្ធក្នុងការសម្លាប់មនុស្ស ក្នុងនោះមានលោកបណ្ឌិត កែម ឡី ផង។
លោក ជូង ជូងី ជាមេធាវីការពារក្ដីឲ្យលោក គឹម សុខ លើកឡើងក្នុងបន្ទប់សវនាការតុលាការកំពូលថា មានមូលហេតុបីដែលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ អាចសម្រេចឃុំខ្លួនកូនក្ដីលោកតាមមាត្រា២០៥។ មូលហេតុទាំងនោះមាន ទី១ គឺដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឲ្យកើតជាថ្មី ទី២ ដើម្បីរក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី ហើយនិងទី៣ ដើម្បីធានារក្សាសណ្ដាប់ធ្នាប់សាធារណៈ កុំឲ្យមានការច្របូកច្របល់ដែលបណ្ដាលមកពីបទល្មើស។
ម្យ៉ាងទៀត លោក ជូង ជូងី ថា រយៈពេលទុកឲ្យកុនក្ដីលោក គឺមានពេលត្រឹមតែ ៤ថ្ងៃ ក្រោយតុលាការទទួលពាក្យបណ្ដឹងពីលោក គី តិច នោះជារយៈពេលខ្លីដែលលោក គឹម សុខ មិនអាចរកមេធាវីមកការពារក្ដីបាន។
លោកមេធាវី ជូង ជូងី ថា មូលហេតុទាំងបីនេះ ធ្វើឡើងហាក់ដូចជាកូនក្ដីលោកមានទោសលើសពី ១ឆ្នាំរួចជាស្រេច។ មេធាវីរូបនេះថា ក្រោយពីលោក គឹម សុខ និយាយជាមួយអាស៊ីសេរី គ្មានឃើញភាពចលាចលណាមួយកើតឡើងដោយសារតែការនិយាយរបស់កូនក្ដីលោកនោះទេ។
ទោះបីជាមានការលើកឡើងទាំងលោក ជូង ជូងី និងលោក គឹម សុខ យ៉ាងណាក្ដី លោក គី តិច ជាមេធាវីដើមបណ្ដឹងតំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ក្រោយពីលោក គឹម សុខនិយាយជាមួយវិទ្យុអាស៊ីសេរី ពិតជាមានចលាចល។
លោក គី តិច លើកឡើងថា លោក គឹម សុខ ដើរចេញពីវត្តចាស់ មកតុលាការក្រុងភ្នំពេញ ដោយប្រមូលមនុស្សរាប់រយនាក់ ធ្វើឲ្យស្ទះចរាចរណ៍ ហើយមិនបានចូលខ្លួនបំភ្លឺនៅតុលាការក្រុងភ្នំពេញ តាមពេលកំណត់នោះទេ។ បន្ថែមលើសនេះ លោក គី តិច ថា ការនិយាយរបស់លោក គឹម សុខ គឺមានភាពលម្អៀងទៅរកបក្សប្រឆាំង ហើយនិយាយទម្លាក់កំហុសឲ្យបក្សកាន់អំណាច។ ការនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយបែបនោះ គឺធ្វើឲ្យខូចកិត្តិយសដល់គណបក្សប្រជាជនកម្ពុជា នឹងជាហេតុដែលប្រធានគណបក្សកាន់អំណាច តម្រូវឲ្យលោកដាក់ពាក្យប្ដឹងលោក គឹម សុខ។
ចំណែកព្រះរាជអាជ្ញារងនៃតុលាការកំពូល លោក ឈួន ចន្ថា នៅតែស្នើឲ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ និងស្របតាមនីតិវិធី។ក្រោយពីស្ដាប់ភាគីទាំងសងខាងលើកឡើងពីអំណះអំណាង ឬសេចក្ដីសំអាងហេតុហើយ ប្រធានចៅក្រមជំនុំជម្រះ លោក ឃឹម ពុន នឹងប្រកាសសាលដីកាលើបណ្ដឹងសាទុក្ខរបស់លោកមេធាវី ជូង ជូងី ប្ដឹងសុំប្រឆាំងនឹងសាលក្រមសាលាដំបូង និងសេចក្ដីសម្រេចសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៣ មិថុនា ឆ្នាំ២០១៧៕