Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​ក្រសួង​ការងារ​គ្រោង​ចុះ​ដោះស្រាយ​បញ្ហា​របស់​កម្មករ​រោងចក្រ​សៅឡែនដ៍​នៅ​ថ្ងៃ​១២ មិថុនា

$
0
0

មន្ត្រី​ក្រសួង​ការងារ​បាន​ចេញ​លិខិត​កោះហៅ​ភាគី​រោងចក្រ​សៅឡែនដ៍ (Southland Cambodia Co., Ltd.) ដើម្បី​ទៅ​ពិភាក្សា​ដោះស្រាយ​គ្នា​ជុំវិញ​ការ​តវ៉ា​របស់​កម្មករ​ក្នុង​រោងចក្រ​នេះ នៅ​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​មិថុនា ខាង​មុខ។ ការ​សម្រេច​ចេញ​លិខិត​កោះហៅ​ភាគី​ថៅកែ​រោងចក្រ​នេះ បន្ទាប់​ពី​តំណាង​ក្រសួង​ការងារ​ដែល​ចុះ​ទៅ​ពិភាក្សា​ជាមួយ​ថៅកែ​រោងចក្រ មិន​អាច​ស្វែង​រក​ដំណោះស្រាយ​បាន។

ក្រោយ​ពី​ចូល​ទៅ​ក្នុង​រោងចក្រ​ដើម្បី​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​ថៅកែ​រោងចក្រ​សៅឡែនដ៍ អស់​រយៈពេល​មួយ​សន្ទុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មិថុនា ពុំ​អាច​ស្វែង​រក​ដំណោះស្រាយ​ណា​មួយ​ជូន​កម្មករ​រាប់​រយ​នាក់ ដែល​ឈរ​ជើង​តវ៉ា​នៅ​ខាង​ក្រៅ​រោងចក្រ អនុ​ការិយាល័យ​អន្តរាគមន៍​ទី​៣ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ផន ម៉ៃ បាន​សម្រេច​ត្រឡប់​ទៅ​ក្រសួង​វិញ​ភ្លាមៗ ដើម្បី​សរសេរ​លិខិត​អញ្ជើញ​ថៅកែ​រោងចក្រ ទៅ​ពិភាក្សា​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​ច័ន្ទ ទី​១២ មិថុនា នៅ​ឯ​​ទីស្ដីការ​ក្រសួង​ការងារ​វិញ​ម្ដង។

មន្ត្រី​ក្រសួង​ការងារ រូប​នេះ​បញ្ជាក់​ថា មូលហេតុ​ដែល​ការ​ពិភាក្សា​របស់​លោក​ជាមួយ​ថៅកែ​រោងចក្រ​មិន​ត្រូវរ៉ូវ​គ្នា ដោយសារ​ភាគី​រោងចក្រ​ប្រកាន់​ជំហរ​ថា មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ៖ «បើ​ខ្ញុំ​នៅ​តែ​ព្យាយាម វា​នាំ​តែ​ខាត​ពេល​របស់​បងប្អូន​កម្មករ អ៊ីចឹង​ខ្ញុំ​មាន​តែ​ដក​ឃ្លា ដើម្បី​ដាក់​លិខិត​អញ្ជើញ​ឱ្យ​គាត់​ជួប​ជាមួយ​ឯកឧត្ដម​អគ្គ»

​កម្មករ​សៅឡែនដ៍ រាប់​រយ​នាក់ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា បាន​នាំ​គ្នា​ដាក់​ញត្តិ​ស្នើ​សុំ​​កិច្ច​អន្តរាគមន៍​ទៅ​ក្រសួង​ការងារ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​សហជីព​ចលនា​កម្មករ​ចំនួន ១០​នាក់ និង​កម្មករ​ម្នាក់​បាន​ចូល​ធ្វើ​ការងារ​វិញ ក្រោយ​ពី​ភាគី​រោងចក្រ​ចោទ​ប្រកាន់​ពួកគេ​ថា ញុះញង់​កម្មករ និង​សម្រេច​ព្យួរ​ការងារ​ពួកគេ។

​រឿងរ៉ាវ​តវ៉ា​ចំពោះ​រោងចក្រ​សៅឡែនដ៍​នេះ បាន​ផ្ទុះ​ឡើង​តាំង​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា គឺ​មុន​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ បន្ទាប់​ពី​ភាគី​រោងចក្រ​សម្រេច​ឱ្យ​កម្មករ​ឈប់​សម្រាក​បាន​មួយ​ថ្ងៃ​ប៉ុណ្ណោះ គឺ​ចំ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​មិថុនា ដើម្បី​ឱ្យ​កម្មករ​នាំ​គ្នា​ទៅ​បោះឆ្នោត​នៅ​ឯ​​ស្រុក​កំណើត។

មក​ដល់​ថ្ងៃ​ទី​៦ ខែ​មិថុនា បន្ទាប់​ពី​វិល​ត្រឡប់​ពី​បោះឆ្នោត​នៅ​ឯ​ស្រុក​កំណើត​វិញ កម្មករ​ក៏​នាំគ្នា​តវ៉ា​ម្ដង​ទៀត​នៅ​ខាង​មុខ​រោងចក្រ ដើម្បី​ស្នើ​សុំ​ឱ្យ​ភាគី​រោងចក្រ​កាត់​ថ្ងៃ​ដែល​ពួកគេ​ឈប់​សម្រាក​ចំនួន​ពីរ​បន្ថែម គឺ​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​៥ ខែ​មិថុនា ចូល​ទៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​មួយ​ថ្ងៃ និង​សល់​មួយ​ថ្ងៃ​ទៀត កាត់​ប្រាក់​ឈ្នួល​ពួកគេ​តែ ៥០​ភាគរយ​បាន​ហើយ។

ពាក់​ព័ន្ធ​នឹង​ការ​ទៅ​បោះឆ្នោត​របស់​កម្មករ​ដែល​នាំ​ឱ្យ​ថៅកែ​រោងចក្រ​សម្រេច​កាត់​ប្រាក់​ឈ្នួល​នេះ ត្រូវ​បាន​អនុ​ការិយាល័យ​អន្តរាគមន៍​ទី​៣ នៃ​ក្រសួង​ការងារ លោក ផន ម៉ៃ បាន​បកស្រាយ​ថា ក្រសួង​ការងារ បាន​ចេញ​សេចក្ដី​ប្រកាស​រួច​ហើយ​ដើម្បី​ឱ្យ​រោងចក្រ​នានា ធ្វើ​យ៉ាង​ណា​ជួយ​សម្រួល​ដល់​កម្មករ​របស់​ខ្លួន​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។

​ដោយឡែក​ចំពោះ​ការ​ពន្យារ​ពេល​ជួប​គ្នា​រវាង​ភាគី​ក្រសួង​ការងារ ជាមួយ​រោងចក្រ​នៅ​ពេល​នេះ ត្រូវ​បាន​លោក ឡាញ់ ភិរម្យ ប្រធាន​សហជីព​ចលនា​កម្មករ​ប្រចាំ​រោងចក្រ​សៅឡែនដ៍ និង​ដែល​ជា​អ្នក​ត្រូវ​រោងចក្រ​ព្យួរ​ការងារ​ផង​នោះ បាន​ចាត់​ទុក​ថា ជា​លេស​របស់​រោងចក្រ​ប៉ុណ្ណោះ ដែល​ចង់​ឱ្យ​កម្មករ​នាំគ្នា​ចូល​ធ្វើ​ការងារ​វិញ ហើយ​បន្ទាប់​មក​រោងចក្រ​មិន​ចង់​ដោះស្រាយ​ចំពោះ​ការ​ទាមទារ​របស់​កម្មករ​នៅ​ពេល​នេះ៖ «បើ​និយាយ​ទៅ មិន​មែន​ត្រឹម​ថ្ងៃ​នេះ​ទេ ដែល​ក្រុមហ៊ុន​យក​លេស គឺ​គាត់​យក​លេស​តាំង​ពី​ថ្ងៃ​សុក្រ​មក​ម្ល៉េះ ដើម្បី​ដោះស្រាយ​បង្ហាញ​ការពិត»

ចំណែក​ក្រុម​កម្មករ​ដែល​ចេញ​តវ៉ា បាន​នាំ​គ្នា​លើក​ឡើង​ថា ក្នុង​ចំណោម​កម្មករ​ជិត ២​ពាន់​នាក់ ដែល​បម្រើ​ការងារ​ឱ្យ​រោងចក្រ​សៅឡែនដ៍ សព្វថ្ងៃ គឺ​មាន​កម្មករ​តែ ៣០​ភាគរយ​ប៉ុណ្ណោះ ដែល​បាន​ចូល​ធ្វើ​ការងារ​ធម្មតា​វិញ​ក្នុង​រោងចក្រ ហើយ​មិន​ចេញ​តវ៉ា​ដូច​កម្មករ​ដទៃ​ទៀត ប៉ុន្តែ​អ្នក​ដែល​ព្រម​ចូល​ធ្វើ​ការងារ​ទាំង​នោះ ភាគច្រើន​ត្រូវ​បាន​ភាគី​រោងចក្រ​បង្ខិតបង្ខំ​ប៉ុណ្ណោះ។

​ចំណែក​កម្មការិនី​ឈ្មោះ នៅ ដារី ដែល​បម្រើ​ការងារ​ឱ្យ​រោងចក្រ​សៅឡែនដ៍ អស់​រយៈ ៩​ឆ្នាំ ហាក់​មិន​សូវ​សង្ឃឹម​ថា រឿងរ៉ាវ​ចម្រូងចម្រាស​ជាមួយ​រោងចក្រ​ពេល​នេះ អាច​ដោះស្រាយ​ចេញ​ឡើយ ដោយសារ​កញ្ញា​ចោទ​ថា ទាំង​ភាគី​រោងចក្រ និង​សហជីព​រដ្ឋាភិបាល​នៅ​ក្នុង​រោងចក្រ គឺ​ជា​បក្សពួក​តែ​មួយ ហើយ​កន្លង​មក ពួកគេ​មិន​សូវ​ខ្វល់ខ្វាយ​ចំពោះ​ភាព​លំបាក​របស់​កម្មករ​ឡើយ៖ «រោងចក្រ​យើង​ពិបាក​ដោះស្រាយ​ណាស់ និយាយ​ទៅ រោងចក្រ​ខាង​ក្នុង​ថៅកែ​រោងចក្រ និង​សហជីព គឺ​ជា​បក្សពួក​តែមួយ»

​ទាំង​សហជីព​ចលនា​កម្មករ និង​កម្មករ ក៏​ចង់​ឱ្យ​ក្រសួង​ការងារ នៅ​ពេល​ជួប​ពិភាក្សា​ជាមួយ​ថៅកែ​រោងចក្រ​ម្ដង​ទៀត ត្រូវ​លើក​យក​រឿង​មួយ​ចំនួន​ទៀត​ដូច​ការ​បង្ខិតបង្ខំ និង​ការ​ជេរ​ប្រមាថ​កម្មករ នៅ​ពេល​ដែល​ក្រុម​កម្មករ​មិន​អាច​បំពេញ​ការងារ​គ្រប់​ចំនួន​តាម​ការ​ចង់​បាន​របស់​រោងចក្រ ព្រម​ទាំង​លើក​យក​បញ្ហា​អនាម័យ​នៅ​ក្នុង​រោងចក្រ​ផង​ដែរ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles