Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​មួយ​ចំនួន​រំពឹង​ថា​ចៅ​សង្កាត់​ជាប់​ឆ្នោត​ថ្មី​អាច​ដោះស្រាយ​បញ្ហា​ពួកគាត់​បាន

Image may be NSFW.
Clik here to view.

ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ មួយ​ចំនួន​រំពឹង​ថា បេក្ខជន​ដែល​ពួកគាត់​បាន​សម្រេច​បោះឆ្នោត​ឱ្យ​ធ្វើ​ជា​ចៅសង្កាត់​ក្នុង​អាណត្តិ​ថ្មី គឺ​ជា​ចៅសង្កាត់​ដែល​អាច​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​បាន និង​ត្រូវ​ផ្ដល់​សេវា​ដោយ​មិន​គិត​បក្សពួក និង​គ្មាន​អំពើ​ពុករលួយ​ជាដើម។ ការ​លើក​ឡើង​នេះ ស្រប​ពេល​ពួកគាត់​សរសើរ​ដល់​ការ​រៀបចំ​ការ​បោះឆ្នោត​លើក​ចុង​ក្រោយ​នេះ ថា​ធ្វើ​ឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ បាន​ប្រសើរ​ជាង​ពេល​កន្លង​មក។

ថ្វីត្បិត​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ មួយ​ចំនួន​ពោល​សរសើរ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ថា​បាន​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ ហាក់​មាន​ភាព​យុត្តិធម៌ សេរី និង​ត្រឹមត្រូវ ច្រើន​ជាង​អាណត្តិ​កន្លង​មក​ក្ដី ប៉ុន្តែ​ពួកគាត់​ហាក់​នៅ​មិន​ពេញ​ចិត្ត​ចំពោះ​ភាព​យឺតយ៉ាវ​របស់ គ.ជ.ប ដែល​មិន​អាច​ប្រកាស​លទ្ធផល​បោះឆ្នោត​បឋម​ឱ្យ​បាន​លឿន​ដូច​ការ​គ្រោង​ទុក។

ស្រប​ពេល​មាន​ភាព​អន្ទះសា​ចង់​ដឹង​អំពី​លទ្ធផល​បោះឆ្នោត​ឱ្យ​បាន​ឆាប់ អាជីវករ​រស់​នៅ​ខណ្ឌ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ ម្នាក់ គឺ​លោកស្រី មិត្ត ស៊ីណាត បញ្ជាក់​ថា អ្វី​ដែល​ជំរុញ​ឱ្យ​លោកស្រី​ប្រើ​សិទ្ធិ​ចេញ​ទៅ​បោះឆ្នោត​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ គឺ​ចង់​ឃើញ​សង្កាត់​ដែល​លោកស្រី​កំពុង​រស់​នៅ​មាន​ភាព​ផ្លាស់ប្ដូរ​ល្អ​ប្រសើរ​ជាង​ពេល​កន្លង​មក ទាំង​ការ​អភិវឌ្ឍ ការ​ទប់ស្កាត់​បញ្ហា​អសន្តិសុខ​សង្គម​នានា និង​ការ​ផ្ដល់​សេវា​សាធារណៈ​គ្មាន​អំពើ​ពុករលួយ​ជាដើម៖ «ចង់​ឱ្យ​ចៅ​សង្កាត់​ថ្មី កែប្រែ​ប្រព័ន្ធ​លូ និង​ទប់ស្កាត់​ឱ្យ​បាន​ចំពោះ​ក្មេង​ញៀន​គ្រឿងញៀន​ផង»

​លោកស្រី​បន្ថែម​ថា នៅ​ពេល​ត្រូវ​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ លោកស្រី​តែងតែ​ត្រូវ​បង់​ប្រាក់​ក្រោម​តុ ឬ​សូកប៉ាន់ ទើប​ការ​ផ្ដល់​សេវា​សាធារណៈ​នោះ មាន​ភាព​លឿន​ទាន់​ចិត្ត​បាន៖ «កុំ​ឱ្យ​ឃើញ​តែ​លុយ ហើយ​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ។ ជួនកាល​ត្រូវ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​លឿន ត្រូវ​បង់លុយ ៥០​ដុល្លារ ហើយ​បើ​ចាំ​ទុក​ធ្វើ​តាម​ដំណើរ​វិញ គឺ​ភាព​យឺតយ៉ាវ»

​អាជីវករ​ដដែល​នេះ​បញ្ជាក់​ថា នៅ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ឃុំ-​សង្កាត់ បញ្ចប់​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា លោកស្រី​សង្កេត​ឃើញ​ថា ហាក់​មិន​មាន​បញ្ហា​គួរ​ឱ្យ​ព្រួយបារម្ភ​ដូច​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣ ឡើយ ប៉ុន្តែ​លោកស្រី​ថា អំឡុង​ពេល​បោះឆ្នោត​លើក​នេះ គ្រាន់តែ​មិន​សូវ​ឃើញ​មាន​មនុស្ស​ចេញ​ដើរ​តាម​ទី​សាធារណៈ​ច្រើន​ដូច​ថ្ងៃ​ធម្មតា​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ស្ទឹងមានជ័យ ម្នាក់​ទៀត គឺ​លោក រ័ត្ន រុន ក៏​ចាប់​អារម្មណ៍​ថា ការ​រៀបចំ​ការ​បោះឆ្នោត​ធ្វើ​ឡើង​ត្រឹមត្រូវ និង​យុត្តិធម៌​បាន​ប្រសើរ​ជាង​អាណត្តិ​មុនៗ ដូច្នោះ​ហើយ​ទើប​ធ្វើ​ឱ្យ​គណបក្ស​នយោបាយ​មាន​អាសនៈ​នៅ​សភា​ចំនួន​ពីរ ហាក់​ទទួល​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ប្រកៀកប្រកិត​គ្នា។ លោក​បន្ថែម​ថា អ្វី​ដែល​ជា​បំណង​ប្រាថ្នា​របស់​លោក​គឺ​ចង់​ឃើញ​ប្រជាជន​ខ្មែរ​គ្រប់​និន្នាការ​គណបក្ស​នយោបាយ​ទាំង​អស់​ចេះ​រស់នៅ​ជាមួយ​គ្នា​ដោយ​សុខ​សន្តិភាព​បន្ត​ទៀត និង​មិន​ត្រូវ​ប្រកាន់​រើសអើង​គ្នា​ដោយសារ​រឿង​នយោបាយ​ឡើយ៖ «ចង់​ឱ្យ​រៀបចំ​ស្រុក​ប្រទេស​ឱ្យ​បាន​រីកចម្រើន កុំ​ឱ្យ​មាន​ចោរ កុំ​ឱ្យ​មាន​ថ្នាំញៀន ល្បែងស៊ីសង ជាពិសេស​ត្រូវ​មាន​អព្យាក្រឹត និង​យុត្តិធម៌»

​លោក​បញ្ជាក់​ទៀត​ថា ថ្វី​ត្បិត​លោក​មិន​សូវ​ស្គាល់​បេក្ខជន​ដែល​លោក​សម្រេច​ចិត្ត​បោះឆ្នោត​ឱ្យ​ធ្វើ​ជា​ចៅ​សង្កាត់​ថ្មី​យ៉ាង​ណា​ក្ដី ប៉ុន្តែ​លោក​ទុក​ចិត្ត​ថា ចៅសង្កាត់​រូប​នោះ​នឹង​អាច​យក​ចិត្ត​ទុក​ដាក់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​របស់​លោក​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពេល​មុន៖ «បេក្ខជន​ដែល​ខ្ញុំ​បោះឆ្នោត​ប្រហែល​គាត់​អាច​ធ្វើ​ឱ្យ​ស្រុក​ភូមិ​មាន​ភាព​រីកចម្រើន​ជាង​មុន»

​ចំណែក​អតីត​កម្មករ​លើ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ​ជាង ១០​ឆ្នាំ​ម្នាក់ និង​កំពុង​ធ្វើជា​អ្នក​លាងចាន​មួយ​កន្លែង​នៅ​សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក លោក ប៉ាន់ ផាន់ បញ្ជាក់​ថា លោក​ពុំ​បាន​ទៅ​ប្រើ​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​ចៅសង្កាត់​ដែល​លោក​ពេញ​ចិត្ត​ឡើយ ដោយសារ​លោក​ពុំ​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ។ លោក​អះអាង​ថា លោក​គឺ​ជា​កូន​កំព្រា​ឪពុកម្ដាយ​តាំង​ពី​កុមារ​មក និង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពត ក្ដី ប៉ុន្តែ​លោក​ចង់​បោះឆ្នោត​នៅ​រាជធានី​ភ្នំពេញ៖ «ចង់​ធ្វើ​មិន​ដឹង​ធ្វើ​ម៉េច​ឱ្យ​បាន បើ​និយាយ​ឱ្យ​ត្រង់ គេ​ត្រូវ​ការ​ថ្លៃ​ទឹក​តែ ហើយ​យើង​កំពុង​ខ្វះខាត​ផង»

​ដោយ​ឡែក ពលរដ្ឋ​រស់​នៅ​ភ្នំពេញ ខ្លះ​ទៀត ក៏​បញ្ជាក់​ថា ពួកគាត់​មិន​បាន​បោះឆ្នោត​នៅ​ភ្នំពេញ ទេ ព្រោះ​ត្រូវ​ត្រឡប់​ទៅ​បោះឆ្នោត​នៅ​ស្រុក​កំណើត​វិញ។

​ស្រប​ពេល​កម្ពុជា នឹង​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ស្នើ​ឱ្យ​រដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ជួយ​សម្រួល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​គ្រប់​អាយុ​ទាំង​អស់ បូករួម​ទាំង​អ្នក​ចំណាកស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស អាច​មក​បោះឆ្នោត​​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​ខាង​មុខ​វិញ​បាន៖ «សូម​ឱ្យ​បងប្អូន​នៅ​ក្រៅ​ប្រទេស​ទាំង​អស់ ត្រូវ​នាំ​គ្នា​ត្រឡប់​វិញ ដើម្បី​ចូល​រួម​បោះឆ្នោត​ថ្នាក់​ជាតិ​ទាំង​អស់​គ្នា កុំ​ឱ្យ​មាន​ការ​បាក់​ទឹកចិត្ត ព្រោះ​មានតែ​ប្រជាជន​គឺ​ជា​កម្លាំង​សាមគ្គី អាច​ឈ្នះ​អ្វីៗ​គ្រប់​យ៉ាង»

​ការ​ស្នើ​ពី​ពលរដ្ឋ​នេះ ស្រប​ពេល​តួលេខ​ពី គ.ជ.ប បង្ហាញ​ថា ពលរដ្ឋ​ទូទាំង​ប្រទេស​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ មាន​ជិត ៩០​ភាគរយ (៨៩,៥២%) នៃ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​សរុប​ជិត ៨​លាន​នាក់ (៧.៨៦៥.០៣៣)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles