Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជីវករ​និង​ជាង​ចម្លាក់​ឈើ​នៅ​ខេត្ត​ពោធិ៍សាត់​កំពុង​ជួប​បញ្ហា​ទីផ្សារ

$
0
0

អាជីវករ និង​ជាង​ចម្លាក់​ឈើ​នៅ​ស្រុក​ភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់ កំពុង​ជួប​ប្រទះ​បញ្ហា​ទីផ្សារ។ ពួក​គេ​ថា ចម្លាក់​ឈើ​មិន​សូវ​លក់​ដាច់ និង​ត្រូវ​បង្ខំ​ចិត្ត​លក់​ចេញ​ក្នុង​តម្លៃ​ថោក​ដែល​ខាត​ថ្លៃ​ដើម បណ្ដាល​ឲ្យ​ពួក​គេ​ជំពាក់​បំណុល​ធនាគារ​កាន់​តែ​ច្រើន។ បញ្ហា​ទីផ្សារ​នេះ កើត​មាន​តាំង​ពី​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៧ រហូត​មក​ដល់​បច្ចុប្បន្ន តម្លៃ​ទីផ្សារ​លក់​ចេញ​មិន​ទាន់​ងើប​វិញ​នៅ​ឡើយ។

ភ្នំក្រវ៉ាញ គឺ​ជា​ស្រុក​មួយ​របស់​ខេត្ត​ពោធិ៍សាត់ សម្បូរ​ទៅ​ដោយ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ បើ​ធៀប​នឹង​បណ្ដា​ស្រុក​ដទៃ​នៃ​ខេត្ត​នេះ។ កសិករ​នៅ​អាច​រក​គល់​ឈើ​ធ្នង់ បេង និង​ប្រភេទ​ឈើ​ខ្លឹម​ផ្សេង​ទៀត​ពី​លើ​ភ្នំ​ដែល​សេសសល់​ពី​ភ្លើង​ឆេះ និង​ឈ្មួញ​កាប់​បំផ្លាញ ទៅ​កែច្នៃ។

នៅ​ទី​រួម​ស្រុក​ភ្នំក្រវ៉ាញ និង​នៅ​អម​សងខាង​ផ្លូវ​ឆ្ពោះ​ទៅ​ទី​រួម​ខេត្ត មាន​ផ្ទះ​លក់ ឬ​កែច្នៃ​ឈើ​មិន​តិច​ជាង ១០០​គ្រួសារ​ឡើយ។

កំពុង​អង្គុយ​រៀបចំ​ហូប​ពង​ទា​កូន​នៅ​ក្នុង​រោង​កែច្នៃ​ឈើ​មួយ​កន្លែង ក្រោយ​ជញ្ជូន​ឈើ​រូប​កូន​ដំរី​ដែល​ទើប​ច្នៃ​រួច​ដាក់​ចូល​ម្លប់ លោក វ៉ែន សុប៊ុនធារ មាន​ប្រសាសន៍​ថា សព្វថ្ងៃ​រូប​លោក និង​កម្មករ ៧​នាក់ បាន​ឆ្លាក់​ឈើ​ចេញ​ជា​រូប​កូន​ដំរី រូប​អ្នកតា​ចិន និង​វត្ថុ​ដាក់​តាំង​តាម​ផ្ទះ បាន​ច្រើន​គួរសម។ ប៉ុន្តែ​លោក​ចំណាយ​ដើមទុន​កាន់​តែ​ច្រើន​លើ​កម្មករ និង​ទិញ​ឈើ​កាន់​តែ​ថ្លៃ ខណៈ​ទីផ្សារ​មាន​បញ្ហា​នេះ៖ «រូប​លក់​អត់​សូវ​បាន​តម្លៃ ហើយ​ឈើ​យើង​កាន់​តែ​ក្រ។ ដល់​លក់​អត់​បាន​ថ្លៃ​អ៊ីចឹង​ទៅ ជីវភាព​របស់​ពួក​ខ្ញុំ​ត្រូវខ្សត់​ខ្សោយ​តាម​ហ្នឹង បើ​លក់​បាន​ថ្លៃ​ទៅ ជីវភាព​របស់​ពួក​ខ្ញុំ​ជា​អ្នក​ឆ្លាក់​រូប​អាច​មានជីវភាព​គ្រាន់​បើ​ជាង​ហ្នឹង​បន្តិច»

លោក សុប៊ុនធារ បញ្ជាក់​ថា ចម្លាក់​ឈើ​គ្រប់​ប្រភេទ​លក់​លែង​សូវ​ដាច់ ឬ​បង្ខំ​ចិត្ត​លក់​ខាត​ប្រហែល ២០% ដើម្បី​បង្វិល​លុយ​បង់​ធនាគារ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​អាជីវករ និង​ជាង​ចម្លាក់​ក្នុង​ភូមិ​ដែល​មាន​ដើមទុន​តិច និង​អ្នក​ខ្លះ​ជំពាក់​លុយ​គេ​ក្រោយ​ខ្ចី​មក​ធ្វើ​ដើម​ទិញ​ម៉ាស៊ីន​កែច្នៃ​ឈើ និង​ជួល​កម្មករ​នោះ ចាប់​ផ្ដើម​ធ្លាក់​ខ្លួន​ទៅ​ស៊ី​ឈ្នួល​គាស់​ដំឡូង​គេ និង​ខ្លះ​ត្រូវ​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិត​ខាង។

ចំណែក​អាជីវករ​ម្នាក់​នៅ​ឃុំ​លាជ ស្រុក​ភ្នំក្រវ៉ាញ លោក ទេស នាថ ឲ្យ​ដឹង​ថា ការ​លក់​ដូរ​ចម្លាក់​ឈើ​របស់​គ្រួសារ​លោក គឺ​ពឹង​លើ​ដើម​ផ្ទាល់​ខ្លួន​ជាង ៣​ពាន់​ដុល្លារ និង​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បន្ថែម​ចំនួន ២​ពាន់​ដុល្លារ។ លុយ​ប្រហែល ៥​ពាន់​ដុល្លារ ត្រូវ​បង្វិល​រហូត ទើប​ពីរ ឬ​បី​ខែ​មក​នេះ​លោក​ត្រូវ​លក់​ខាត​ច្រើន ដើម្បី​មាន​លុយ​បង្វិល។ លោក​ថា បើ​បញ្ហា​នេះ​នៅ​តែ​អូស​បន្លាយ មិន​ដឹង​ថា​មុខ​របរ​របស់​លោក​ត្រូវ​បិទ​ទ្វារ​ពេល​ណា​នោះ​ទេ៖ «នៅ​ឃុំ​លា អ្នក​ដែល​មាន​មុខ​របរ​នេះ​ប្រហែល​ជា ១០០​គ្រួសារ​យ៉ាង​តូច ហើយ​ស្ថានភាព​ដូច​គ្នា​ទាំងអស់ ឮ​សូរ​រអ៊ូរទាំ​ដូច​គ្នា។ ពេល​មាន​ទីផ្សារ ខ្ញុំ​ពិបាក​នឹង​បូក​លុយ​ដែរ ព្រោះ​គេ​ទិញ​ចូល​ទៅចូល​មក​ពិបាក​គិត ប៉ុន្តែ​អាច​ដឹង​ថា​យើង​អាច​រក​លុយ​សង​ធនាគារ​ទាន់ ហើយ​សល់​បាន​ចាយ​ខ្លះ។ ខ្ញុំ​សំណូមពរ​ដល់​ស្ថាប័ន​ក្នុង​ប្រទេស​កម្ពុជា ជួយ​រក​ទីផ្សារ​ឲ្យ​ប្រជារាស្ត្រ​យើង​ផ្នែក​លក់​ចម្លាក់​រូប​ឲ្យ​មាន​ទីផ្សារ​ផង​បាទ»

ទាំង​អាជីវករ និង​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ទទួល​ស្គាល់​ថា គុណភាព​ឈើ​ដែល​ត្រូវ​យក​ទៅ​កែច្នៃ​ជា​គ្រឿង​លំអ និង​វត្ថុ​សម្រាប់​គោរព​បូជា​នោះ មិន​សូវ​ល្អ​ទេ ដោយសារ​ឈើ​ភាគច្រើន​ជា​បំណែក​ឈើ​បាក់​បែក ភ្លើង​ឆេះ និង​ខ្លះ​ជា​ឫស​កប់​ដី។ ប៉ុន្តែ​ប្រភេទ​ឈើ​ល្អ​ដែល​កម្រ​រក​បាន​នោះ ត្រូវ​គេ​កែច្នៃ​យ៉ាង​ផ្ចិតផ្ចង់​ទៅ​ជា​រូប​ផ្សេងៗ​ដែល​មាន​តម្លៃ​ចន្លោះ​ពី ៣០០​ដុល្លារ​ទៅ​ជាង ១​ពាន់​ដុល្លារ​តាម​ទំហំ​រូប​ដែល​ផលិត​នោះ។

អ្នក​ស្រុក​ភ្នំក្រវ៉ាញ រាប់​រយ​គ្រួសារ កំពុង​ប្រកប​មុខ​របរ​នេះ​បន្ថែម​លើ​ការងារ​ស្រែ​ចម្ការ។ តែ​មាន​អាជីវករ​ខ្លះ​ពឹង​ផ្អែក​មុខ​របរ​នេះ​ទាំងស្រុង​តែ​ម្ដង ទើប​ធ្វើ​ឲ្យ​ជីវភាព​ពួក​គេ​ធ្លាក់​ចុះ​ពេល​មាន​បញ្ហា​ទីផ្សារ។

ជំទប់​ទី​១ ឃុំ​ព្រងិល ស្រុក​ភ្នំក្រវ៉ាញ លោក ដួង វិបុល ទទួល​ស្គាល់​ថា អ្នក​ប្រកប​មុខ​របរ​ចម្លាក់​ឈើ​មាន​ហានិភ័យ​ខ្ពស់ ព្រោះ​មុន​នឹង​បើក​មុខ​របរ​នេះ​បាន អាជីវករ ឬ​កសិករ​ត្រូវ​ខ្ចី​លុយ​គេ​រាប់​ពាន់​ដុល្លារ​ដើម្បី​ធ្វើ​ដើមទុន។ ដោយឡែក​នៅ​ឃុំ​ព្រងិល របស់​លោក មាន​អ្នក​ប្រកប​មុខ​របរ​នេះ​ប្រមាណ ៣០​គ្រួសារ​ប៉ុណ្ណោះ ប៉ុន្តែ​ពួក​គេ​ភាគច្រើន​កំពុង​ជំពាក់​បំណុល​គេ​ដោយសារ​អាជីវកម្ម​នេះ៖ «ខេត្ត​ណា​ក៏​មក​ទិញ​គាត់​ដែរ​ទាក់ទង​ថ្ម​ចម្លាក់​រូប​ព្រះ​រូប​អី​ណាលោក ជិន ជេដ្ឋា៖ ប៉ុន្តែ​ចំពោះ​ចម្លាក់​ឈើ​យ៉ាង​ម៉េច​ដែរ? ចម្លាក់​ឈើ​ធ្វើ​បាន​ហើយ ទីផ្សារ​អត់​ទាន់​មាន ហើយ​លទ្ធភាព​ឃុំ​មិន​អាច​រក​ទីផ្សារ​ឲ្យ​គាត់​បាន​ទេ។ ជីវភាព​របស់​អ្នក​ខ្លះរក​ស៊ី​ទៅ​មិន​រីក​ចម្រើន​ទៅ បែរ​ជា​ធ្លាក់​ថយ​ក្រោយអ្នក​ខ្លះធ្វើ​យូរៗទៅ​បានផ្ទះ​សម្បែង បាត់​ដី ដោយសារ​លក់​ដូរ (លក់​សង​គេ)»

លោក ដួង វិបុល ថា​អាជ្ញាធរ​ធ្លាប់​ចុះ​ប្រាប់​ក្រុម​ជាង​ចម្លាក់​ឲ្យ​ពង្រឹង​គុណភាព និង​សោភ័ណភាព​រូប​ចម្លាក់​ដែល​បាន​កែច្នៃ ដើម្បី​លក់​បាន​ថ្លៃ។ ប៉ុន្តែ​ទីផ្សារ​លក់​ចេញ អាជ្ញាធរ​មិន​អាច​ជួយ​ដោះស្រាយ​អ្វី​បាន​ឡើយ។ ដូច្នេះ អាជីវករ ឬ​ជាង​ចម្លាក់​គ្រប់​រូប​ត្រូវ​បន្ត​រក​ម៉ូយ​លក់​ចេញ​ដោយ​ខ្លួន​ឯង ខណៈ​ដែល​ពលរដ្ឋ​ក្នុង​ឃុំ​របស់​លោក​ដែល​ប្រកប​មុខ​របរ​នេះ កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ទីផ្សារ​នេះ​ដែរ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ពោធិ៍សាត់ អ្នកស្រី ឃឹម សៀងគាង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​ទីផ្សារ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ដោយ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ។

ចំណែក​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ វិញ ឲ្យ​ដឹង​ថា មន្ទីរ​កំពុង​ពង្រឹង​លើ​ផ្នែក​រចនាបថ​នៃ​ចម្លាក់​ឈើ​ទាំងអស់​នោះ ដោយ​បាន​អញ្ជើញ​ជាង​ចម្លាក់​ឈើ​ទាំងអស់​ឲ្យ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​មួយ ទាក់ទង​នឹង​រចនាបថ​ចម្លាក់​ឈើ។ គោល​បំណង​នៃ​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺ​ចង់​បែងចែក​រចនាបថ​បែប​ខ្មែរ និង​បរទេស​ឲ្យ​បាន​ដាច់​ស្រឡះ​ពី​គ្នា ដើម្បី​ងាយស្រួល​អភិរក្ស ឬ​គ្រប់គ្រង​ទៅ​ថ្ងៃ​អនាគត។

ប្រធាន​ស្ដីទី​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្ត​ពោធិ៍សាត់ លោក រស់ សំណាង បញ្ជាក់​ថា រោង​សិប្បកម្ម​កែច្នៃ​ឈើ​ដោយ​មិន​រាប់​បញ្ចូល​រោង​អាជីវកម្ម​តូចៗ​ដែល​កែច្នៃ​ផង និង​លក់​ដូរ​ផង​នោះ មាន​ប្រហែល ២០​រោង​សិប្បកម្ម​ប៉ុណ្ណោះ។ លោក​ថា មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ពាក់ព័ន្ធ​តែ​បញ្ហា​រចនាបថ​ទេ ចំណែក​ឈើ​ដែល​ជា​វត្ថុ​ធាតុ​ដើម​កែច្នៃ និង​បញ្ហា​ទីផ្សារ​វិញ លោក​មិន​ដឹង​ឡើយ៖ «សិប្បកម្ម​នីមួយ​មាន​លក្ខណៈ​សម្គាល់​របស់​ខ្លួន ស្រួល​កុំ​ឲ្យ​ថា​ច្របូកច្របល់​គ្នា អត់​ដឹង​ថា​រូប​ចម្លាក់​ខុស​ខ្នាត ឬ​ស្អី​ហ្នឹង មិន​ដឹង​ចេញ​ពី​សិប្បកម្ម​មួយ​ណា»

ចម្លាក់​ឈើ និង​ចម្លាក់​ថ្មកែវ គឺ​ជា​មុខ​របរ​សំខាន់​មួយ​សម្រាប់​ពលរដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់។ បន្ទាប់​ពី​ថ្មកែវ​មិន​ទាន់​កែច្នៃ​កាន់​តែ​ខ្សត់ ឬ​មាន​តម្លៃ​ថ្លៃ វត្តមាន​ចម្លាក់​ឈើ​ចាប់​ផ្ដើម​មាន​ព្រោងព្រាត​នៅ​ស្រុក​ភ្នំក្រវ៉ាញ និង​ស្រុក​ក្រគរ។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា អាជីវករ ឬ​ជាង​ចម្លាក់​ដែល​អាច​នៅ​បន្ត​អាជីវកម្ម​របស់​ខ្លួន​បាន​ដល់​សព្វថ្ងៃ ភាគច្រើន​មាន​ដើមទុន​ច្រើន​គួរសម និង​មាន​ច្រក​អាច​លក់​ចេញ​ច្រើន។

ក្រុម​អាជីវករ និង​ជាង​ចម្លាក់​ឈើ​មិន​បាន​ដឹង​ពី​មូលហេតុ ឬ​បញ្ហា​ប្រឈម​ផ្នែក​ទីផ្សារ​នេះ​ច្បាស់លាស់​នោះ​ទេ។ ប៉ុន្តែ​ពួក​គេ​ខ្លះ​សង្ស័យ​ថា អាច​បណ្ដាល​មក​ពី​កត្តា​សេដ្ឋកិច្ច ចម្លាក់​ឈើ​កាន់​តែ​មាន​ច្រើន ម្យ៉ាង​ទៀត​អាច​បណ្ដាល​មក​ពី​ស្ថានការណ៍​នយោបាយ​ដែល​គេ​មើល​ឃើញ​ថា​អាច​នឹង​មាន​ភាព​រកាំរកូស​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles