Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​ថា​វត្តមាន​វិនិយោគិន​ចិន​នា​ខេត្ត​ព្រះសីហនុ​មិន​ចំណេញ​ដល់​ពលរដ្ឋ​ទេ

$
0
0

ប្រតិបត្តិករ​បម្រើ​វិស័យ​ទេសចរណ៍​នា​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​អ្នក​វិនិយោគទុន​ជនជាតិ​ចិន និង​ភ្ញៀវ​ទេសចរ​ចិន បង្ហាញ​វត្តមាន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​នា​មូលដ្ឋាន​នេះ។ អ្នក​វិនិយោគទុន​ចិន ភាគច្រើន​ហ៊ាន​ជួល​សំណង់​អគារ​ធំៗ​ឲ្យ​តម្លៃ​ខ្ពស់ រៀបចំ​ធ្វើ​ផ្ទះ​សំណាក់ សណ្ឋាគារ កាស៊ីណូ និង​ក្លឹប​កម្សាន្ត​ធំៗ​បើក​ធ្វើ​អាជីវកម្ម។

ប្រតិបត្តិករ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា ភាគច្រើន​នៃ​អ្នក​វិនិយោគទុន​ចិន ដែល​ចូល​មក​ដល់​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ ពួក​គេ​បាន​ចាប់​យក​ជំនួញ​លើ​វិស័យ​ឧស្សាហកម្ម រោងចក្រ សណ្ឋាគារ កាស៊ីណូ ក្លឹប​កម្សាន្ត និង​ភោជនីយដ្ឋាន ជាដើម។ ភ្ញៀវ​ទេសចរ​ចិន ដែល​ធ្វើ​ដំណើរ​មក​ខេត្ត​ព្រះសីហនុ ជា​អតិថិជន​គាំទ្រ​ការ​ធ្វើ​ជំនួញ​របស់​ពួក​គេ​ទាំងនោះ។

អ្នក​ប្រកប​អាជីវកម្ម​ជួល​សំណង់​អគារ ឬ​លក់​អចលនទ្រព្យ​មួយ​ចំនួន ឲ្យ​ដឹង​ថា អ្នក​វិនិយោគ​ជនជាតិ​ចិន បាន​ស្វែងរក​ជួល​សំណង់​អគារ​ធំៗ មាន​ផ្ទះ​សំណាក់ សណ្ឋាគារ​ប្រណិតៗ និង​ក្លឹប​កម្សាន្ត​នានា​ក្នុង​តម្លៃ​ខ្ពស់​សម្រាប់​ការ​ស្នាក់នៅ និង​ធ្វើ​អាជីវកម្ម​សណ្ឋាគារ និង​កាស៊ីណូ ជាដើម។ ហើយ​ថ្មីៗ​នេះ អ្នក​វិនិយោគទុន​ជនជាតិ​ចិន ទាំងនោះ បាន​បន្ត​ជួល​ក្លឹប​ខារ៉ាអូខេ​កំពុង​បើក​ដំណើរការ​រាល់​ថ្ងៃ ដើម្បី​កែច្នៃ​ធ្វើ​ជា​កាស៊ីណូ សណ្ឋាគារ និង​ក្លឹប​កម្សាន្ត​តាម​ស្តង់ដារ​ប្រទេស​ចិន ជំនួស​វិញ។

រាល់​ថ្ងៃ​នេះ ទោះ​យប់ ឬ​ថ្ងៃ ឃើញ​មាន​ភ្ញៀវ​ជនជាតិ​ចិន តែង​បាន​បង្ហាញ​វត្តមាន​ច្រើន​កុះករ​នៅ​តាម​ផ្លូវ​សាធារណៈ កាស៊ីណូ ក្លឹប​កម្សាន្ត ផ្សារ​ទំនើប និង​តាម​ភោជនីយដ្ឋាន​នានា ដែល​ភាគច្រើន​មាន​ម្ចាស់​ជា​ជនជាតិ​ចិន បើក​ធ្វើ​អាជីវកម្ម ហើយ​អតិថិជន​របស់​គេ​គឺ​ជា​ជនជាតិ​ចិន គ្នា​ឯង។

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា វត្តមាន​អ្នក​វិនិយោគទុន​ចិន គឺ​មិន​មាន​ផល​ប្រយោជន៍​ច្រើន ឬ​មិន​បាន​ចម្រើន​ដល់​ការ​រក​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ ឬ​ប្រតិបត្តិករ​បម្រើ​វិស័យ​ទេសចរណ៍​តូចតាច​នា​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​ទេ។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា វត្តមាន​អ្នក​វិនិយោគទុន​ចិន ទាំងនោះ ពួក​គេ​បាន​មក​រកស៊ី និង​វេច​លុយ​ត្រឡប់​ទៅ​កាន់​ស្រុក​គេ​វិញ ដែល​ខុស​ប្លែក​ពី​ភ្ញៀវ​ទេសចរ​មក​ពី​សហគមន៍​អឺរ៉ុប ហើយ​បាន​យក​លុយ​មក​ចាយ​នៅ​ស្រុក​ខ្មែរ និង​បាន​ចំណេញ​ដល់​អាជីវករ ឬ​ប្រជាពលរដ្ឋ​មាន​របរ​ខ្នាត​តូច​នា​មូលដ្ឋាន សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។

អ្នកស្រី​បន្ត​ថា វត្តមាន​អ្នក​វិនិយោគទុន​ចិន មក​កម្ពុជា ឬ​មក​ធ្វើ​វិនិយោគ​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​ទទួល​ផល​ប្រយោជន៍​ភាគច្រើន​តែ​ទៅ​លើ​ម្ចាស់ ឬ​អ្នក​មាន​សំណង់​អគារ​ធំៗ មាន​ផ្ទះ​សំណាក់ សណ្ឋាគារ និង​ក្លឹប​កម្សាន្ត សម្រាប់​ដាក់​ជួល​ឲ្យ​ចិន តែ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ប្រតិបត្តិករ​ទេសចរ ឬ​អាជីវករ​ប្រកប​របរ​តូចតាច មិន​ទទួល​បាន​ផល​ប្រយោជន៍​ពី​វត្តមាន​អ្នក​ជំនួញ​ចិន និង​ភ្ញៀវ​ទេសចរ​ចិន មក​វិនិយោគ ឬ​មក​ទេសចរណ៍​នា​ខេត្ត​ព្រះសីហនុ នោះ​ទេ៖ «»

អ្នក​ឃ្លាំ​មើល​សង្គម និង​អាណាព្យាបាល បាន​កត់​សម្គាល់​ថា ភ្ញៀវ​ជនជាតិ​ចិន ភាគច្រើន​មក​ទេសចរណ៍​នៅ​ខែត្រ​ព្រះសីហនុ ពួក​គេ​ហាក់​បង្ហាញ​អត្តចរិត​កោងកាច ឬ​មាន​ចរិត​ជា​អ្នក​លេង មាន​បក្សពួក​ដូច​ក្រុម​បង​តូច​បង​ធំ ជាដើម។

អ្នកស្រី ជៀប សុធារី បាន​កត់​សម្គាល់​ថា ការ​បើកបរ​របស់​ជន​បរទេស ពិសេស​ជនជាតិ​ចិន តែង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​អ្នក​ធ្វើ​ដំណើរ​ជា​ជនជាតិ​ខ្មែរ​ស្ទើរ​រាល់​ថ្ងៃ ប៉ុន្តែ​ជនជាតិ​ចិន ដែល​បង្ក​ល្មើស​ទាំងនោះ ភាគច្រើន​មាន​បុគ្គល​ជា​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ជាដើម បាន​សម្របសម្រួល​នៅ​ពេល​ជនជាតិ​ចិន ទាំងនោះ បើកបរ​បុក​អ្នក​ដំណើរ ឬ​គ្រោះថ្នាក់​ចរាចរណ៍​អ្វី​មួយ​កើត​ឡើង​នៅ​តាម​ផ្លូវ​សាធារណៈ ជាដើម។

ប្រតិបត្តិករ​ទេសចរ និង​អាណាព្យាបាល​ភាគច្រើន​មិន​ពេញ​ចិត្ត​ចំពោះ​ឥរិយាបថ​បើកបរ​របស់​ជនជាតិ​ចិន ដែល​ការ​បើកបរ​របស់​ពួក​គេ​នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង​ភាគច្រើន បើកបរ​ក្នុង​ក្រុង​ល្បឿន​លឿន និង​មិន​គោរព​ច្បាប់​ចរាចរណ៍​ទេ។

អាណាព្យាបាល​សំណូមពរ​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជួយ​ចេញ​បទបញ្ជា ឬ​មាន​វិធានការ​ទប់ស្កាត់​អ្នក​បើកបរ​រថយន្ត​ជនជាតិ​ចិន ដែល​មាន​សិទ្ធិ​បើកបរ​រថយន្ត​ដោយ​ខ្លួន​ឯង​ក្នុង​ល្បឿន​លឿន មាន​អាការ​ស្រវឹង មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ឬ​ភ្លើង​សញ្ញា​បញ្ជា​ចរាចរណ៍ បង្ក​ភាព​អនាធិបតេយ្យ​តាម​ផ្លូវ​សាធារណៈ និង​បង្ក​គ្រោះថ្នាក់​ស្ទើរ​ជា​រៀង​រាល់​យប់​ថ្ងៃ​កន្លង​មក​នេះ​ឲ្យ​បាន​ឆាប់​ផង។

ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ លោក អ៊ី សុខា ទទួល​បន្ទុក​ចរាចរណ៍​ផ្លូវ​គោក បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​មិន​ព្រងើយ​កន្តើយ​លើ​ការងារ​ចុះ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​តាម​គោលដៅ​នានា​នោះ​ទេ។ លោក​ថា គ្រប់​ជន​បរទេស និង​ជនជាតិ​ខ្មែរ​ជាដើម គឺ​រាល់​ការ​បើកបរ​ត្រូវ​មាន​ប័ណ្ណ​បើកបរ​ឲ្យ​បាន​ទាំងអស់​គ្នា ហើយ​ករណី​ជនជាតិ​ចិន ដែល​បើកបរ​ដោយ​ខ្លួន​ឯង​នេះ សមត្ថកិច្ច​នឹង​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ជា​បន្ត​ទៀត​នា​ថ្ងៃ​ខាង​មុខ៖ «»

អាណាព្យាបាល​ចោទ​ថា រាល់​ថ្ងៃ​នេះ សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ពិសេស​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ហាក់​គ្មាន​ចំណាត់ការ​ទៅ​លើ​អ្នក​បើកបរ​ជនជាតិ​ចិន ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ មាន​ពេល​ខ្លះ​ឃើញ​បុគ្គល​ជា​មន្ត្រី​នគរបាល​មាន​តួនាទី​ខ្ពស់​មួយ​ចំនួន តែង​បាន​ចេញ​មុខ​ជួយ​សម្របសម្រួល ឬ​កាង​បទល្មើស​ផ្សេងៗ​ជួយ​សម្រួល​ដល់​ជនជាតិ​ចិន ពេល​ពួក​គេ​បង្ក​បទល្មើស​អ្វី​មួយ ឬ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ជាដើម។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា ទទួល​ស្គាល់​ថា បច្ចុប្បន្ន ទាំង​អ្នក​វិនិយោគទុន និង​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន បាន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ ឬ​អ្នក​វិនិយោគទុន​មក​ពី​បរទេស មាន​ដូចជា រុស្ស៊ី អាមេរិក វៀតណាម និង​មក​ពី​ប្រទេស​អង់គ្លេស ជាដើម។

ទោះ​យ៉ាង​ណា លោក តាំង សុចិត្រគ្រឹស្នា មិន​ទាន់​មាន​តួលេខ​នៃ​ចំនួន​ជនជាតិ​ចិន ឬ​អ្នក​វិនិយោគទុន​ចិន ដែល​ចូល​មក​ដល់​ខេត្ត​ព្រះសីហនុ ទាំង​ទេសចរណ៍ និង​មក​វិនិយោគ មាន​ចំនួន​ប៉ុន្មាន​នាក់ ឬ​ប៉ុន្មាន​ក្រុមហ៊ុន​ឲ្យ​ពិត​ប្រាកដ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា អ្នក​វិនិយោគទុន​ចិន ភាគច្រើន គឺ​ចាប់​យក​វិស័យ​សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន និង​ក្លឹប​កម្សាន្ត សម្រាប់​ការ​ធ្វើ​ជំនួញ​របស់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles