Quantcast
Viewing all articles
Browse latest Browse all 11174

បក្ស​ប្រឆាំង​ប្ដឹង​ឲ្យ​បោះឆ្នោត​និង​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​នៅ​ឃុំ​ខ្លះ​ក្នុង​ខេត្ត​បន្ទាយមានជ័យ

Image may be NSFW.
Clik here to view.

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​នេះ ស្នើ​ឲ្យ​សើរើ​សន្លឹកឆ្នោត​ចំនួន​មួយ​ឃុំ នៅ​ឃុំ​គំរូ និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើង​វិញ​មួយ​ឃុំ​ទៀត​នៅ​ស្រុក​ថ្មពួក។ មន្ត្រី​បក្ស​ប្រឆាំង ស្នើ​បោះឆ្នោត​ឡើង​វិញ​នេះ បន្ទាប់​ពី​រក​ឃើញ​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត ដែល​ធ្វើ​ឲ្យ​គណបក្ស​នេះ​បាត់បង់​សំឡេង​ឆ្នោត។

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​បន្ទាយមានជ័យ អះអាង​ថា ប្រសិន​បើ​ពិនិត្យ​សន្លឹកឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ និង​បោះឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ឃុំ​ចំនួន​ពីរ​នោះ គណបក្ស​របស់​ខ្លួន​នឹង​ឈ្នះ​បាន​ជា​មេ​ឃុំ​បន្ថែម​ទៀត​ជា​ពុំខាន។

ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ លោក សោ ចាន់ដេត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ មិថុនា ថា នៅ​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​ក្នុង​ឃុំ​គំរូ ស្រុក​ថ្មពួក មាន​សន្លឹកឆ្នោត​មិន​បាន​ការ​ជាង ៤០​សន្លឹក ហើយ​សំឡេង​ឆ្នោត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចាញ់​តែ ៣​សំឡេង​ទេ។ ចំណែក​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក វិញ លោក​អះអាង​ថា គណៈកម្មការ​ប្រចាំ​ការិយាល័យ​បោះឆ្នោត​នៅ​ភូមិ​ក្បាលក្របី បិទ​ការិយាល័យ​បោះឆ្នោត​នៅ​ម៉ោង ១២​ថ្ងៃ​ត្រង់ ដែល​អ្នក​បោះឆ្នោត​មិន​ទាន់​ទៅ​បោះឆ្នោត​អស់​នៅ​ឡើយ។

លោក​ប្ដឹង​ករណី​ទាំងនេះ​ដើម្បី​ស្នើ​ឲ្យ​បោះឆ្នោត​នៅ​ភូមិ​ក្បាលក្របី ឃុំ​បន្ទាយឆ្មារ ឡើង​វិញ៖ «យើង​បាន​ដាក់​ពាក្យ​បណ្ដឹង​រួច​ហើយ​នៅ​គណៈកម្មការ​បោះឆ្នោត​ឃុំ និង​ខេត្ត ហើយ​បើ​មិន​បាន​ជោគជ័យ យើង​នឹង​ប្ដឹង​ទៅ​ថ្នាក់​ជាតិ​ទៀត។ យើង​មិន​បាន​ប្ដឹង​ភ្លាមៗ​ដោយសារ​ពេល​នោះ​មាន​ភ្លៀង​ខ្លាំង​ពេក ហើយ​ក្រុម​ការងារ​របស់​យើង​ចុះ​ទៅ​មិន​ទាន់ ទើប​ព្រឹក​ឡើង​បាន​ជា​យើង​ដាក់​ពាក្យ​ប្ដឹង​តែ​ម្ដង»

ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បន្ទាយមានជ័យ លោក ហ៊ី គឹមសេង ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​បិទ​ការិយាល័យ​បោះឆ្នោត​នៅ​ក្នុង​ឃុំ​បន្ទាយឆ្មារ នៅ​ម៉ោង ១២​ថ្ងៃ​ត្រង់​ប្រាកដ​មែន ប៉ុន្តែ​លោក​អះអាង​ថា មូលហេតុ​ដែល​បិទ ដោយសារ​ពុំ​មាន​មនុស្ស​មក​បោះឆ្នោត ហើយ​ម្យ៉ាង​ទៀត មាន​ការ​ឯកភាព​ពី​អ្នក​សង្កេតការណ៍​ប្រចាំ​នៅ​ការិយាល័យ​បោះឆ្នោត​ត្រឹមត្រូវ៖ «ការងារ​នេះ​ចាំ​មើល​យើង​ស្រាវជ្រាវ​បន្ត​ទៀត​ឲ្យ​បាន​ច្បាស់លាស់​សិន យើង​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​នៅ​ឡើយ​ទេ ព្រោះ​តាម​កំណត់​ហេតុ​ដែល​គេ​ផ្ញើ​មក​ឲ្យ​ខ្ញុំ គឺ​អត់​មាន​មនុស្ស​នៅ​សល់​ក្នុង​ការិយាល័យ​បោះឆ្នោត​ទេ»

លទ្ធផល​បឋម​ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ មួយ​នេះ​មាន ៦៥​ឃុំ-សង្កាត់ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ជា​មេ​ឃុំ ៥៤​ឃុំ-សង្កាត់ គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​បាន ១០​ឃុំ-សង្កាត់ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈ្នះ​បាន​តំណែង​ជា​មេ​ឃុំ​មួយ គឺ​ឃុំ​ថ្មពួក នៅ​ស្រុក​ថ្មពួក។

លោក ហ៊ី គឹមសេង អះអាង​ទៀត​ថា មាន​ពាក្យ​បណ្ដឹង​ជាច្រើន​ករណី​ដែល​លោក​ទទួល​បាន គឺ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ភាគច្រើន​ប្ដឹង​ស្នើ​ឲ្យ​ពិនិត្យ​សន្លឹកឆ្នោត​ឡើង​វិញ ចំណែក​គណបក្ស​ផ្សេង​ទៀត ពុំ​មាន​បណ្ដឹង​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles