ប្រធានសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវ នៅខែត្រស្ទឹងត្រែង អំពាវនាវឲ្យសាធារណជនគាំទ្រសម្ភារប្រើប្រាស់បែបប្រពៃណីខ្មែរ ដែលផលិតពីផ្លែដូង ដើម្បីកាត់បន្ថយការបោះចោលជាកាកសំណល់សំរាម និងលើកកម្ពស់បរិស្ថាន។ សហគមន៍បានយកចម្រៀកឈើ និងផ្លែដូងទុំដែលគេបោះចោលតាមទីសាធារណៈ មកផលិតជាវត្ថុមានប្រយោជន៍ ដើម្បីបម្រើឲ្យសេចក្តីត្រូវការរបស់មនុស្ស។
ប្រធានសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវ នៅខែត្រស្ទឹងត្រែង ដែលផ្ដើមគំនិតយកផ្លែដូងទុំដែលគេច្រើនបោះចោលជាសំរាម មកផលិតជាសម្ភារបែបប្រពៃណីសម្រាប់ប្រើប្រាស់ក្នុងសហគមន៍ និងលក់ចេញក្រៅ ជាពិសេសដើម្បីត្រៀមតាំងលក់ក្នុងពិធីបុណ្យទន្លេ ដែលនឹងប្រារព្ធនៅចុងខែមីនា ខាងមុខ នៅខែត្រស្ទឹងត្រែង។ សម្ភារដែលសហគមន៍ផលិតមានដូចជា ប៉ាន់តែ ពែង និមិត្តសញ្ញាខែត្រស្ទឹងត្រែង និងចម្លាក់ព្រះកេសព្រហ្មរចនាបថខ្មែរ។
ប្រធានសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវ គឺលោក ឡុង លីប៉ូ រៀបរាប់នៅថ្ងៃទី១ មីនា ថា លោកបានផ្ដើមគំនិតកែច្នៃសំរាមឲ្យទៅជាវត្ថុមានតម្លៃ និងជួយកាត់បន្ថយការបោះចោលសំរាមនៅទីសាធារណៈ ជាពិសេសដើម្បីរកចំណូលផ្គត់ផ្គង់ការសិក្សារបស់សហគមន៍ផង។ លោកថា បើទោះបីជាការផលិតមានភាពសាំញ៉ាំបន្តិចមែន ដោយសារតែទម្រង់ផ្លែដូងខុសគ្នា ដូច្នេះក្រុមផលិតត្រូវធ្វើតាមទម្រង់ផ្លែដូងធម្មជាតិផ្សេងៗគ្នា៖ «សំរាមពាសវាលពាសកាលដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ ដែលប៉ះពាល់ដល់បញ្ហាបរិស្ថាន ដែលបងបានគិតរកអ្វីមួយដើម្បីកែច្នៃសំរាមឲ្យក្លាយទៅជារបស់មានប្រយោជន៍ ហើយជួយកាត់បន្ថយការបោះចោលផង ហើយគំនិតនេះកើតដោយឯង ហើយពុំដែលដឹងថាពីណាមានធ្វើនោះទេ»។
លោក ឡូង លីប៉ូ បន្ថែមថា សហគមន៍ចាប់ផ្តើមផលិតសម្ភារប្រើប្រាស់ទាំងនេះបានជាង ៣ខែ ក្នុងនោះកុមារក្រីក្រមកសិក្សានៅសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវ បានជួយបេះផ្លែដូង ខាត់ និងសម្អាតសម្ភារ។ លោកថា ជនជាតិអូទ្រីស ចូលនិវត្តន៍ បានឧបត្ថម្ភម៉ាស៊ីនផលិតសម្ភារទាំងនោះ។ លោកបញ្ជាក់ថា តាមការគ្រោងទុក សម្ភារដែលផលិតបានមួយផ្នែកសម្រាប់ទ្រទ្រង់ថ្លៃចំណាយរដ្ឋបាលរបស់សិស្សនៅសហគមន៍។ លោកបន្ថែមថា បើទោះបីជាផលិតផលដែលសហគមន៍ផលិតបានគ្មានទីផ្សារគាំទ្រផលិតក្តី ក៏សហគមន៍រីករាយនឹងបង្កើតវាឡើង ដើម្បីប្រែក្លាយសំរាមឲ្យជាវត្ថុមានប្រយោជន៍បម្រើឲ្យតម្រូវការរបស់មនុស្ស៖ «ការធ្វើនេះដោយការហ្មត់ចត់ណាស់ ពុំមែនស្រួលទេ តាំងពីយើងឡើងបេះដូង ដល់កាប់សម្បកដូង ហើយយើងអារវាហើយយើងនឹងខួងយកសាច់ដូងចេញ ហើយត្រូវការហាលវារយៈពេល ៣ ទៅ ៤ថ្ងៃដើម្បីឲ្យវាជាប់ កុំឲ្យប្រេះ»។
ប៉ាន់តែមួយ និងពែងតែមួយឈុត សហគមន៍លក់ក្នុងតម្លៃ ៤ម៉ឺនរៀល ឬស្មើ ១០ដុល្លារអាមេរិក ហើយរូបនិមិត្តសញ្ញាខែត្រស្ទឹងត្រែង មួយលក់តម្លៃ ១០ដុល្លារ។ ចំណែករូបចម្លាក់ព្រះកេសព្រហ្ម សហគមន៍លក់មួយតម្លៃ ៤០ដុល្លារ។
លោក ឡុង លីប៉ូ គឺជាស្ថាបនិកបង្កើតសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវ តាំងពីឆ្នាំ២០០៦ ហើយលោកបានចំណាយធនធានផ្ទាល់ខ្លួនទ្រទ្រង់សហគមន៍នេះឲ្យបដិសន្ធិឡើងរយៈពេល ៣ឆ្នាំ រហូតដល់ឆ្នាំ២០០៩ មានអង្គការ Children planet មានប្រភពពីប្រទេសអូទ្រីស បានផ្តល់ជំនួយបន្ថែមឲ្យសហគមន៍ដំណើរការដល់សព្វថ្ងៃ។ សហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវ មានបេសកកម្មផ្ដោតសំខាន់បណ្តុះបណ្តាលកុមារក្រីក្រ និងកុមារកំព្រា ឲ្យមានឱកាសទទួលបានការអប់រំភាសាអង់គ្លេសមិនគិតថ្លៃ ព្រមទាំងផ្តល់អាហារពេលព្រឹក និងថ្ងៃត្រង់ដល់កុមារ។
អង្គការ Children planet មានប្រភពពីប្រទេសអូទ្រីស បានផ្តល់ជំនួយដល់សហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវក្នុងមួយឆ្នាំ ៥ម៉ឺនដុល្លារ ហើយប្រាក់ទាំងនោះសម្រាប់ទ្រទ្រង់ប្រាក់ខែគ្រូបង្រៀន ផ្គត់ផ្គង់សម្ភារសិក្សា ផ្តល់អាហារហូបចុកដល់កុមារ ជាដើម។
យុវសិស្សដែលកំពុងសិក្សានៅសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវ លោក ហេង លីហុង ឲ្យដឹងនៅថ្ងៃទី១ មីនា ថា សហគមន៍បានជំរុញឲ្យកុមារនៅមូលដ្ឋានខិតខំរៀនសូត្រ និងឧបត្ថម្ភសម្ភារសិក្សា ផ្តល់ការសិក្សាដោយមិនគិតថ្លៃ ព្រមទាំងផ្តល់អាហារពេលព្រឹក និងថ្ងៃត្រង់ផង ហើយពេលទំនេរលោកតែងតែមកជួយការងារសហគមន៍ ដូចជាសម្អាតបរិស្ថាន ជួយដុះខាត់សម្ភារសហគមន៍ និងបេះផ្លែដូង៖ «ខ្ញុំមករៀននៅទីនេះ ព្រោះជីវភាពគ្រួសារខ្ញុំមានការលំបាក ហើយខ្ញុំនឹងរៀនឲ្យបានធ្វើការងារសមរម្យ ដើម្បីជួយជីវភាពគ្រួសាររបស់ខ្ញុំ»។
បច្ចុប្បន្ន សិស្សដែលសិក្សានៅសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវមានចំនួន ២៥០នាក់ និងមានគ្រូបង្រៀន ៥នាក់ ហើយសិស្សភាគច្រើនជាកុមារកំព្រា និងជាកុមារក្រីក្រ។ យុវសិស្សទាំងនោះមួយចំនួនមកពីស្រុកថាឡាបរិវ៉ាត់ និងក្រុងស្ទឹងត្រែង។
គ្រូបង្រៀននៅសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវ អ្នកស្រី សឿង ធីតា កត់សម្គាល់ថា កុមារក្រីក្រ និងកុមារកំព្រានៅជនបទ គឺជាអ្នកប្រឈមខ្លាំងមិនសូវមានឱកាសទទួលបានការបណ្តុះបណ្តាលក្រៅម៉ោងរដ្ឋនោះទេ ដោយសារជីវភាពខ្វះខាត។ បញ្ហានេះ សហគមន៍មានទិសដៅផ្តល់ឱកាសឲ្យពួកគេទទួលបានការសិក្សាភាសាអង់គ្លេសមិនគិតថ្លៃ ដើម្បីរួមចំណែកពង្រឹងធនធានមនុស្ស និងអភិវឌ្ឍវិស័យអប់រំជាមួយរាជរដ្ឋាភិបាល៖ «សំខាន់ គឺយើងចង់ជួយកុមារដែលក្រីក្រ ដែលគាត់ពុំមានលទ្ធភាពរៀននៅសាលាឯកជន ហើយយើងផ្ដោតសំខាន់ទៅលើភាសាអង់គ្លេស។ ក្មេងដែលមករៀន គាត់មិនចាំបាច់បង់ប្រាក់ទេ ហើយយើងមានអាហារពេលព្រឹក និងពេលថ្ងៃសម្រាប់គាត់ទៀត»។
បច្ចុប្បន្ន សហគមន៍ពុំទាន់ទទួលបានប្រាក់ចំណូលដោយការលក់សម្ភារជាដុំកំភួនឡើយ ដោយសារតែគ្មានទីផ្សារ ហើយសហគមន៍អាចផលិតប៉ាន់តែចាប់ពី ៣ប៉ាន់ ទៅ ៥ប៉ាន់ក្នុងមួយថ្ងៃ៕