Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ដី​ព្រៃ​កោងកាង​រាប់​ពាន់​ហិកតារ​នា​ខេត្ត​ព្រះសីហនុ​រង​ការ​ចាក់​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន

$
0
0

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម និង​ប្រជា​នេសាទ​ខេត្ត​ព្រះសីហនុ បន្ត​ព្រួយ​បារម្ភ​ពី​ដី​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ កំពុង​ត្រូវ​គេ​បំផ្លាញ​រាន​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន​ទៅ​លើ​តំបន់​ដី​ព្រៃ​លិច​ទឹក​មាន​វិសាលភាព​រាប់​ពាន់​ហិកតារ នា​មូលដ្ឋាន​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់។

ការ​ព្រួយ​បារម្ភ​នេះ បាន​កើត​មាន​ជា​ថ្មី​ទៀត ព្រោះ​រាល់​ថ្ងៃ​នេះ​មាន​រថយន្ត​ដឹក​ដី​ធំៗ និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង បាន​ដឹក​ដី​ចាក់​លុប​តំបន់​ព្រៃ​កោងកាង​ទាំងនោះ​ដោយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់​ទេ។

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មាន​របរ​ជា​អ្នក​នេសាទ​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ អះអាង​ថា ដី​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​រាប់​ពាន់​ហិកតារ មាន​ទីតាំង​នៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ នឹង​ត្រូវ​គេ​បំផ្លាញ​រលាយ​ហិនហោច។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី សំណូមពរ​ដល់​ថ្នាក់​ដឹកនាំ​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល ព្រោះ​រាល់​ថ្ងៃ​នេះ​មាន​រថយន្ត​ដឹក​ដី​ធុន​ធំ​ជាច្រើន​គ្រឿង បាន​សម្រុក​ដឹក​ដី​ចាក់​លុប​ដី​ព្រៃ​លិច​ទឹក​នៅ​ភូមិ​ព្រែកទាល់ យ៉ាង​អនាធិបតេយ្យ និង​គ្មាន​អាជ្ញាធរ​ទប់ស្កាត់​ទេ។ អ្នកស្រី សុធារី ក៏​ស្នើ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា និង​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ជួយ​បញ្ជូន​មន្ត្រី​ស្អាតស្អំ​ចុះ​ពិនិត្យ​សកម្មភាព​ចាក់​ដី​លុប​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង​រាប់​ពាន់​ហិកតារ​នៅ​មូលដ្ឋាន​ឃុំ​ទឹកថ្លា ដើម្បី​សង្គ្រោះ​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​នា​មូលដ្ឋាន​នេះ​ឲ្យ​បាន​គង់វង្ស។

អ្នកស្រី សុធារី បន្ត​ថា រាល់​ថ្ងៃ​នេះ ឈ្មួញ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន បាន​បន្ត​មាន​មហិច្ឆតា​រំលោភ​ដី​បរិវេណ​ព្រៃ​លិច​ទឹក​នៅ​តាម​តំបន់​ឆ្នេរ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​ឯកជន​មាន​តាម​រយៈ​រូបភាព​ស្រប​ច្បាប់ និង​ខុស​ច្បាប់ ព្រោះ​មាន​មន្ត្រី​ខ្លះ​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ជួយ​សម្រួល​ឈាន​ដល់​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ប្លង់​ប្រព័ន្ធ ជូន​បុគ្គល​ឯកជន​មួយ​ចំនួន​នោះ​ថែម​ទៀត៖ «យើង​ឃើញ​ថា សមត្ថកិច្ច​ពាក់ព័ន្ធ និង​តុលាការ​នា​ពេល​កន្លង​មក នៅ​ពេល​មាន​បទល្មើស​ព្រហ្មទណ្ឌ​កើត​ឡើង អាជ្ញាធរ និង​តុលាការ គឺ​បាន​សហការ​គ្នា​ធ្វើ​ការងារ​នេះ​យ៉ាង​សស្រាក់សស្រាំ។ ចុះ​ហេតុ​អ្វី​បាន​ជា​សកម្មភាព​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​បាន​កើត​ឡើង ដោយ​មាន​សកម្មភាព​ជា​សាធារណៈ ចុះ​ហេតុ​អ្វី​បាន​ជា​ជន​ប្រព្រឹត្តិ​បទល្មើស និង​អាជ្ញាធរ​ឃុបឃិត​ពាក់ព័ន្ធ មិន​ខ្លាច​ញញើត​ច្បាប់​បែប​នេះ​ទៅ​វិញ»

មន្ត្រី​សមាគម​អាដហុក អ្នកស្រី សុធារី ចាត់​ទុក​សកម្មភាព​របស់​ឈ្មួញ​ដឹក​ដី​ចាក់​លុប​ព្រៃ​កោងកាង​អនាធិបតេយ្យ ដោយ​គ្មាន​មន្ត្រី​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ហាមឃាត់ គឺ​បាន​អនុវត្ត​ផ្ទុយ ឬ​ផ្គើន​ទៅ​នឹង​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ដាក់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​មាន​ក្រសួង​ដែនដី និង​ក្រសួង​កសិកម្ម ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ខេត្ត​ជាប់​សមុទ្រ​ទាំង ៤ មាន​ខេត្ត​ព្រះសីហនុ ជាដើម ឲ្យ​ថែ​រក្សា​ការពារ​ដី​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង​ឲ្យ​បាន​គង់វង្ស។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធ ក៏​បង្ហាញ​ការ​ហួស​ចិត្ត​កាល​បើ​ឃើញ​សកម្មភាព​របស់​ឈ្មួញ ឬ​មន្ត្រី​មាន​អំណាច​ខ្លះ អាច​ចាក់​លុប​ព្រៃ​កោងកាង​ដែល​មាន​ដើម​ដុះ​ល្អៗ និង​មាន​កម្ពស់​បួន​ប្រាំ​ម៉ែត្រ​នៅ​ឃុំ​ទឹកថ្លា ប៉ុន្តែ​បែរ​ជា​មន្ត្រី​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ បាន​ឃុបឃិត​គ្នា​បំផ្លាញ​ព្រៃ​លិច​ទឹក​ចោល​ទេ។

អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ បញ្ចេញ​ទស្សនៈ​ថា ដី​ព្រៃ​កោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ ទោះ​ក្រោម​រូបភាព​ណា​ក៏ដោយ មិន​គួរ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជួយ​សម្រួល​ឯកសារ​ច្បាប់ ឬ​អនុញ្ញាត​ច្បាប់​ជូន​បុគ្គល​ឯកជន ឬ​ក្រុមហ៊ុន​ឲ្យ​មក​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​លើ​ដី​ព្រៃ​លិច​ទឹក ឲ្យ​រលាយ​ហិនហោច​នោះ​ទេ៖ «ខ្ញុំ​សំណូមពរ​ដល់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម គឺ​ឯកឧត្តម វេង សាខុន និង​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជួយ​ចាប់​បញ្ជូន​អ្នក​ជំនាញការ ឬ​ក៏​ក្រុម​អធិការកិច្ច​មក​ត្រួត​ពិនិត្យ​នូវ​ការ​អនុវត្ត​តាម​ខ្លឹមសារ​ស្ដីពី​ការ​ការពារ​ព្រៃ​កោងកាង​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ផង។ បើ​មិន​ដូច្នេះ​ទេ ដី​ព្រៃ​កោងកាង ដី​បឹង​អូរ​ធម្មជាតិ និង​ដី​តំបន់​ឆ្នេរ​ជាដើម នឹង​ត្រូវ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក និង​ធនធាន​ធម្មជាតិ​ដែល​ជា​សម្បត្តិ​រដ្ឋ ត្រូវ​រលាយ​ហិនហោច និង​គ្រប់គ្រង​ដោយ​ឯកជន​ជា​ពុំ​ខាន»

មន្ត្រី​អង្គការ​លីកាដូ លោក ប៊ួន ណារិទ្ធ ស្នើ​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ឲ្យ​កោះ​អញ្ជើញ​មន្ត្រី​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ចេញ​ប្លង់​កម្មសិទ្ធិ ឬ​អនុញ្ញាត​ច្បាប់​ទៅ​ឲ្យ​បុគ្គល​ឯកជន​ទៅ​លើ​តំបន់​ដី​ព្រៃ​លិច​ទឹក ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ ដើម្បី​ឈាន​ដល់​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​បើ​រក​ឃើញ​កំហុស​ឆ្គង។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម លោក នេន ចំរើន មាន​ប្រសាសន៍​ថា ទើប​ទទួល​បាន​ព័ត៌មាន​នៃ​សកម្មភាព​ចាក់​លុប​ដី​ព្រៃ​កោងកាង​នា​មូលដ្ឋាន​ភូមិ​ព្រែកទាល់ ឃុំ​ទឹកថ្លា នឹង​ត្រៀម​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ​ជាក់ស្តែង​ដល់​ទីតាំង​មាន​សកម្មភាព​ប្រើ​គ្រឿងចក្រ​ចាក់​លុប​ព្រៃ​កោងកាង ដើម្បី​រាយការណ៍​ជូន​ថ្នាក់​លើ​ជួយ​មាន​វិធានការ​បន្ត៖ «ចាំ​ខ្ញុំ​ទៅ​ពិនិត្យ​មើល​ជាក់ស្តែង​សិន ព្រោះ​ម្ចាស់​ចាក់​ដី​ចាក់​លុប​ព្រៃ​កោងកាង​នៅ​ភូមិ​ព្រែកទាល់ នោះ បាន​និយាយ​ថា ម្តង​មាន​ច្បាប់​អនុញ្ញាត​ពី​ថ្នាក់​ស្រុក ម្តង​ថា​មាន​ច្បាប់​អនុញ្ញាត​នៅ​ថ្នាក់​ឃុំ ប៉ុន្តែ​មិន​ដឹង​រឿង​ពិត​យ៉ាង​ណា​ទេ ចាំ​ខ្ញុំ​ទៅ​ពិនិត្យ​ជាក់ស្តែង​សិន»

អភិបាល​ស្រុក​ព្រៃនប់ លោក ទិត្យ វុទ្ធី ថ្លែង​តាម​ទូរស័ព្ទ​ថា មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នៃ​សកម្មភាព​ដឹក​ដី​ចាក់​លុប​ព្រៃ​កោងកាង​មាន​ទីតាំង​នៅ​ភូមិ​ព្រែកទាល់ ឃុំ​ទឹកថ្លា ត្រូវ​បុគ្គល​រូប​ណា ឬ​មាន​ឈ្មោះ​អ្វី​ជា​អ្នក​ដឹក​ដី​ចាក់​លុប​ព្រៃ​កោងកាង​នេះ​ទេ ដោយ​និយាយ​ខ្លី​ថា នឹង​សួរ​នាំ​ទៅ​អាជ្ញាធរ​ឃុំ​ឲ្យ​ច្បាស់​ជា​មុន​សិន ទើប​សុំ​ផ្តល់​ព័ត៌មាន​ជា​ក្រោយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦ តាម​រយៈ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ជម្រាប​ជូន​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លើ​ករណី​របាយការណ៍​ស្ដីពី​ស្ថានភាព​ព្រៃ​កោងកាង​នៅ​តាម​តំបន់​ឆ្នេរ​នៃ​ប្រទេស​កម្ពុជា ដោយ​ផ្តល់​មតិ​សំខាន់​ទៅ​លើ​ចំណុច​ទី​២ គឺ​និរាករណ៍ ឬ​ដក​ហូត​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​អចលនវត្ថុ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ដី​របស់​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អាជ្ញាធរ​ដែនដី​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ មាន​ខេត្ត​កំពត ខេត្ត​កែប ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ដែល​មាន​ការ​ពាក់ព័ន្ធ​ដី​ព្រៃ​កោងកាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles