មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បើកពិនិត្យព្យាបាលជំងឺភ្នែកជូនពលរដ្ឋមិនគិតថ្លៃរយៈពេល ២ថ្ងៃ ដើម្បីអបអរទិវាបុណ្យសិទ្ធិនារី ៨ មីនា និងអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមកទទួលសេវានេះឲ្យទាន់ពេល។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានកត់សម្គាល់ថា ក្រោយពីរដ្ឋាភិបាលធ្វើកំណែទម្រង់វិស័យសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តែងបង្កើតឲ្យមានកម្មវិធីមនុស្សធម៌បើកកម្មវិធីពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋខ្វះលទ្ធភាពព្យាបាលជំងឺ ឬពលរដ្ឋក្រីក្រជាបន្តបន្ទាប់។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោកវេជ្ជបណ្ឌិត សេង ណុង មានប្រសាសន៍ថា កម្មវិធី «សុខភាពភ្នែកសម្រាប់ស្ត្រីគ្រប់គ្នា» នេះ នឹងបើកទទួលពិនិត្យព្យាបាលជំងឺភ្នែកដោយមិនយកថវិកាពីប្រជាពលរដ្ឋរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។
លោកវេជ្ជបណ្ឌិត សេង ណុង អំពាវនាវដល់ប្រជាពលរដ្ឋទូទៅដែលមានជំងឺភ្នែក មានដូចជាភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែនជាដើម ត្រូវមកឲ្យក្រុមគ្រូពេទ្យជំនាញពិនិត្យព្យាបាលជូនដោយមិនគិតថ្លៃ តាមពេលម៉ោងធ្វើការងាររដ្ឋនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឲ្យបានទាន់ពេលកំណត់៖ «អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាភ្នែក សូមអញ្ជើញមកទទួលសេវាពិនិត្យព្យាបាលភ្នែកដោយមិនគិតថ្លៃ។ ម្យ៉ាងកុំឲ្យមានផលវិបាកសម្រាប់ថ្ងៃក្រោយដូចយើងដឹងស្រាប់ហើយ បើកាលណាមនុស្សយើងម្នាក់មានបញ្ហាសុខភាពភ្នែក ឬជំងឺភ្នែក គឺមានផលវិបាកសម្រាប់គ្រួសារនីមួយៗជាខ្លាំង តាំងពីអ្នកថែទាំ និងប៉ះពាល់ដល់ការរកចំណូលចិញ្ចឹមគ្រួសារជាដើម។ សុខភាព គឺភ្នែកសំខាន់ណាស់ ដូចយើងទាំងអស់គ្នាតែងប្រៀបប្រដូចវត្ថុ ឬមនុស្សជាទីស្រឡាញ់ទៅនឹងកែវភ្នែកដែរ។ ដូច្នេះកែវភ្នែកសំខាន់ណាស់ ស្នើឲ្យប្រជាពលរដ្ឋគ្រប់ៗរូបដែលមានបញ្ហាភ្នែក ត្រូវចាប់អារម្មណ៍ ហើយត្រូវមកចូលរួមពិនិត្យព្យាបាលឲ្យបានទាន់ពេលវេលា»។
ប្រជាពលរដ្ឋមានជីវភាពក្រីក្រមួយចំនួនដែលធ្លាប់មករកសេវាពិនិត្យព្យាបាលភ្នែកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បង្ហាញការគាំទ្រថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលបានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តនេះ និងក្រុមគ្រូពេទ្យជំនាញ បង្កើតកម្មវិធីមនុស្សធម៌ពិនិត្យព្យាបាលជំងឺជូនពលរដ្ឋក្រីក្រ និងមិនយកលុយជាបន្តបន្ទាប់មកនេះ។
ពួកគេសំណូមពរដល់ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ពិសេសលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ឲ្យបន្តបង្កើតកម្មវិធីមនុស្សធម៌បើកពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋឲ្យបានញឹកញាប់ អាច ១ខែម្តង ឬយ៉ាងហោចឲ្យបាន ៣ខែម្តង ដើម្បីជួយកាត់បន្ថយការចំណាយទៅលើសេវាព្យាបាលជំងឺរបស់ប្រជាពលរដ្ឋក្រីក្រ ហើយខ្វះលទ្ធភាពចំណាយទៅលើសេវាព្យាបាលជំងឺ។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី គាំទ្រសកម្មភាពជាវិជ្ជមានរបស់ប្រធានមន្ទីរពេទ្យ និងបុគ្គលិកពេទ្យជំនាញគ្រប់ផ្នែក កំពុងបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបំពេញវិជ្ជាជីវៈមានការទទួលខុសត្រូវខ្ពស់ និងមានការគាំទ្រពីប្រជាពលរដ្ឋជាបន្តបន្ទាប់។
អ្នកឃ្លាំមើលសង្គមរូបនេះគាំទ្រកម្មវិធីមនុស្សធម៌បើកពិនិត្យព្យាបាលជំងឺជូនពលរដ្ឋមិនគិតលុយ ដែលមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានអនុវត្តកន្លងមក ជាពិសេសការបង្កើតកម្មវិធីពិនិត្យព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋមិនគិតលុយ ដើម្បីអបអរទិវាសិទ្ធិនារី ៨ មីនា ឆ្នាំនេះ។
អ្នកស្រី សុធារី ទទួលស្គាល់ថា ការធ្វើកំណែទម្រង់វិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាលអាណត្តិនេះ នាំឲ្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានការដឹកនាំទៅរកផ្លូវត្រូវ និងមន្ទីរពេទ្យមានការរីកចម្រើននេះ៖ «យើងសង្កេតឃើញថា មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នេះ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីសុខាភិបាល ហើយបានស្វាគមន៍ចំពោះប្រជាពលរដ្ឋទូទៅយ៉ាងកក់ក្តៅ ពិសេសប្រជាពលរដ្ឋក្រីក្រដែលទៅរកសេវាពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ ដោយពលរដ្ឋក្រីក្រទាំងនោះបានមកទទួលសេវាព្យាបាលមានលក្ខណៈល្អប្រសើរជាងមុន។ ជាងនេះក៏មានការយកចិត្តទុកដាក់ច្រើនជាងមុនដែរពីសំណាក់មន្ត្រីក្រុមគ្រូពេទ្យជំនាញ និងបុគ្គលិកទាំងអស់ ព្រមទាំងប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដូចគ្នាដែរ គឺតែងតែត្រួតពិនិត្យទៅលើសហការីរបស់ខ្លួនក្នុងការបំពេញតួនាទី ធ្វើយ៉ាងណាដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋទៅលើការថែទាំសុខភាពនេះឲ្យបានទាំងបរិមាណ និងគុណភាព»។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោកវេជ្ជបណ្ឌិត សេង ណុង ឲ្យដឹងថា ការបង្កើតកម្មវិធីពិនិត្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋមិនយកថវិកា ដើម្បីអបអរទិវាបុណ្យសិទ្ធិនារី ៨ មីនា ឆ្នាំ២០១៧ នេះ វាជាការអនុវត្តស្របតាមកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល ដាក់ឲ្យមន្ទីរពេទ្យបង្អែកខេត្តនេះអនុវត្ត ដោយមានកិច្ចសហការជាមួយអង្គការដៃគូ៕