Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សកម្មជន​បក្ស​ប្រឆាំង​មិន​ពេញ​ចិត្ត​ការ​ជ្រើសរើស​បេក្ខជន​ឃុំ​សូយោង​ខេត្ត​កំពង់ធំ

$
0
0

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​សូយោង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ចោទ​ប្រកាន់​មន្ត្រី​គណបក្ស​នេះ​ថា​ជ្រើសរើស​បេក្ខជន​ឃុំ​គ្មាន​តម្លាភាព និង​មិន​បាន​គោរព​តាម​នីតិវិធី​ផ្ទៃ​ក្នុង។ បន្ថែម​ពី​នេះ ថែម​ទាំង​ចោទ​ប្រកាន់​ថា បក្ខពួក​និយម​ថែម​ទៀត​ផង។ ប្រធាន​ប្រតិបត្តិ​ស្រុក​បារាយណ៍ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ និង​លើក​ឡើង​ថា ការ​តវ៉ា​របស់​បេក្ខជន​រូប​នោះ គឺ​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ទៀត​ផង។

ពលរដ្ឋ​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ជំហរ​ថា​នឹង​តវ៉ា​ចំពោះ​ការ​រៀបចំ​បេក្ខជន​ឃុំ​សូយោង ដែល​បាន​ជ្រើសរើស​កន្លង​មក រហូត​ដល់​មាន​ដំណោះស្រាយ។

ការ​បញ្ជាក់​ជំហរ​បែប​នេះ បន្ទាប់​ពី​លោក​រក​ឃើញ​ថា ការ​ជ្រើសរើស​បេក្ខជន​ឃុំ គឺ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ដូចជា​គ្មាន​តម្លាភាព និង​បក្ខពួក​និយម។ ម្យ៉ាង​គឺ​ក្រោយ​ពេល​សកម្មជន​រូប​នេះ​មិន​បាន​ជាប់​ឈ្មោះ​ក្នុង​ការ​ជ្រើសរើស​បេក្ខជន​ឃុំ​នៅ​លេខ​រៀង​ដែល​ល្អ។

សកម្មជន និង​ជា​បេក្ខជន​ឃុំ​សូយោង លោក អ៊ុក វិន្ទោ លើក​ឡើង​ថា គណៈកម្មការ​ចំពោះ​កិច្ច​របស់​គណបក្ស​បាន​សម្រេច​ជ្រើសរើស​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​នេះ គឺ​មាន​ចំនួន ៥​រូប ប៉ុន្តែ​មិន​មាន​រូប​លោក​ឡើយ ក្រោម​ហេតុផល​ថា លោក​មិន​មែន​ជា​អ្នក​តស៊ូ​ចាស់។ លើស​ពី​នេះ លោក​រក​ឃើញ​ថា អ្នក​ចូល​ថ្មី ឬ​ចូល​ប្រឡូក​ការងារ​បក្ស​ប្រហាក់​ប្រហែល​នឹង​លោក​ដែរ ប៉ុន្តែ​គេ​មាន​ឈ្មោះ​ក្នុង​ការ​ជ្រើសរើស​នោះ។ ដោយ​អាក់អន់​ស្រពន់​ចិត្ត​ក្នុង​រឿង​នេះ លោក​បាន​ស្នើសុំ​ឲ្យ​ថ្នាក់​ស្រុក និង​ថ្នាក់​ខេត្ត​ជួយ​សម្របសម្រួល ដើម្បី​ធានា​ឲ្យ​បាន​តាម​លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌ ប៉ុន្តែ​ថ្នាក់​លើ​មិន​បាន​ដោះស្រាយ​ជូន​លោក​ឡើយ៖ «គណៈកម្មការ​ចំពោះ​កិច្ច​គាត់​មិន​បាន​ផ្គូផ្គង​ទេ គឺ​គាត់​ប្រកាស​យក​តែ​ម្តង។ គឺ​គាត់​ប្រកាស​បេក្ខភាព​ទាំង ៥​រូប​នោះ​តែ​ម្តង ដោយ​ប្រាំ​រូប​នោះ​គឺ​មិន​មាន​រូប​ខ្ញុំ​ទេ»

សកម្មជន​ដែល​អះអាង​ថា​ខ្លួន​បាន​ប្រឡូក​ជាមួយ​គណបក្ស​ប្រឆាំង​ប្រមាណ ២​ឆ្នាំ​រូប​នេះ នឹង​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បន្ត​ទៀត ទោះ​បី​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ប្រកាស​ទទួល​ចុះ​បញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​កាល​ពី​ថ្ងៃ​ទី​៣ មីនា ក៏ដោយ។

ឆ្លើយតប​បញ្ហា​នេះ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​បារាយណ៍ លោក កត សុភាព មាន​ប្រសាសន៍​ថា នីតិវិធី​ជ្រើសរើស​បេក្ខជន​ឃុំ​សូយោង ដើម្បី​ត្រៀម​សម្រាប់​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឃុំ​នៅ​ឆ្នាំ​២០១៧ គឺ​រៀបចំ​ឡើង​ដោយ​ត្រឹមត្រូវ ហើយ​លោក អ៊ុក វិន្ទោ ក៏​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​ផ្គូផ្គង​ពេល​នោះ​ដែរ។ លោក​បន្ត​ថា បេក្ខជន​រូប​នេះ​មិន​មែន​ជា​សកម្មជន​បក្ស​របស់​ខ្លួន​ឡើយ គ្រាន់​តែ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណោះ ហើយ​ការ​ជំទាស់​ពេល​នេះ គឺ​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង៖ «ឯកសារ​ដែល​ខ្ញុំ​មាន​អវត្តមាន​របស់​គាត់ ខ្ញុំ​មាន​ទាំងអស់។ ការ​ផ្គូផ្គង​របស់​គេ​គឺ​ត្រឹមត្រូវ ហើយ​លទ្ធផល​ដែល​គាត់​ដាក់​ពាក្យ​ទៅ​នេះ ដាក់​ពាក្យ​ទៅ​នោះ​គេ​មិន​រក​ឲ្យ​គាត់ គឺ​ដោយសារ​គាត់​រក​រឿង​មិន​សម​ហេតុ​សម​ផល»

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​បារាយណ៍ ដដែល​បញ្ជាក់​ថា ការ​សម្រេច​ជ្រើសរើស​បេក្ខភាព​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឃុំ គឺ​ធ្វើ​ឡើង​តាំង​ពី​ចុង​ឆ្នាំ​២០១៦ ហើយ​ទើប​តែ​មាន​ការ​ជំទាស់​ថ្មីៗ​នេះ។ លោក​ថា ឈ្មោះ​បេក្ខភាព​បោះឆ្នោត​ឃុំ​ក៏​បាន​បញ្ជូន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​រួច​រាល់​ហើយ ដូច្នេះ​ការ​ប្ដឹង​ជំទាស់​ពី​សំណាក់​បេក្ខជន​រូប​នោះ គឺ​មិន​អាច​ទៅ​រួច​ទេ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​កំណត់​យក​ថ្ងៃ​ទី​៣ មីនា ជា​ថ្ងៃ​ដំបូង​នៃ​ការ​ចុះ​បញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​នៅ​តាម​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ ឬ​សង្កាត់ ១.៦៤៦ នៅ​ទូទាំង​ប្រទេស។

ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ការ​ប្រកួត​ប្រជែង​ផ្ទៃក្នុង​តែងតែ​មាន​ទំនាស់ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មាន​យន្តការ​ច្បាស់លាស់​បី​ដំណាក់កាល។ ដំណាក់កាល​ទី​១ បេក្ខជន​ត្រូវ​ដាក់​ពាក្យ​សុំ​ឈរ​ឈ្មោះ​ដោយ​មាន​ការ​ជជែក​គ្នា​នៅ​ថ្នាក់​មូលដ្ឋាន។ ទី​២ បើ​មាន​បញ្ហា មន្ត្រី​គណបក្ស​ត្រូវ​ចុះ​ណែនាំ និង​សម្របសម្រួល ហើយ​ដំណាក់កាល​ទី​៣ បើ​នៅ​តែ​មាន​បញ្ហា បេក្ខជន​ត្រូវ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ជ្រើសរើស​ដោយ​ផ្ទាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles